"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ការឆ្លុះបញ្ចាំងអំពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង តាមរយៈដំណើរទស្សនកិច្ចរបស់យុវជន

តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង​​ បាន​និង​កំពុង​ក្លាយ​ទៅជា​ទីតាំងសម្រាប់​ទស្សនកិច្ច​បែប​សិក្សារៀនសូត្រ និង​ឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅចន្លោះពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​រយៈ

កាលចុង​ក្រោយ​នៃចលនាខ្មែរក្រហម​នៅ​អន្លង់វែងនៅ​ត្រឹមឆ្នាំ​១៩៩៨។​​ នៅ​ក្នុង​ខែសីហា ឆ្នាំ​២០២២ យុវជន ទៀង សៀងហៃ ស្ថិតក្នុង​ចំណោម​​យុវជនចំនួន​១៤​នាក់​ នៃ​​វិទ្យាល័យ ​ហ៊ុន ​សែន​ត្រពាំង​ប្រាសាទ ដែលបាន​ចូល​រួម​ដំណើរ​ទស្សនកិច្ចសិក្សាមកកាន់​អន្លង់​វែង​ ​​ស្ដីអំពី​ សន្តិភាព និង​សិទ្ធិមនុស្ស ​ដែល​​រៀប​ចំឡើង​ដោយមជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​នៃមជ្ឈមណ្ឌលឯសារ​កម្ពុជា។

ក្រុមយុវជនមកពីវិទ្យាល័យ ហ៊ុន សែនត្រពាំងប្រាសាទទស្សនកិច្ចសារមន្ទីរអតីតផ្ទះតាម៉ុក។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

យុវជនវ័យ​១៩ឆ្នាំរូបនេះ បាន​ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សារ​មន្ទីរអតីតផ្ទះតាម៉ុក អតីតផ្ទះប្រជុំ​តាម៉ុកបច្ចុប្បន្នគឺជាមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង, ទីតាំងបូជាសព ប៉ុល ពត គឺជាអតីតនាយករដ្ឋមន្ត្រីក្នុង​របបកម្ពុជាប្រជាធិបតេយ្យ។ នៅពេលដែល​ឃើញ​និង​ស្តាប់​មគ្គុទ្ទេសក៍ធ្វើបទបង្ហាញ​ទាក់ទងនឹង​ទីតាំងនីមួយៗ ទៀង សៀងហៃ ​ចាប់ផ្តើម​នឹកឃើញ​​​ដល់ការរៀបរាប់​​ប្រាប់​​របស់​ឪពុក​និង​ម្ដាយរបស់ខ្លួន​ ​ដែល​ធ្លាប់ជាសមាជិកម្នាក់របស់​ចលនា​​ខ្មែរក្រហមដែរ​។

សៀងហៃ​ និយាយថា ម្ដាយរបស់​ខ្ញុំ​ឈ្មោះ​ ផៃ ធឿង​ ​មានទីកន្លែង​​កំណើត​នៅ​ខេត្តកំពង់​ធំ​។ ​ពី​មុន ​គាត់​ធ្លាប់​ជា​អតីត​កង​នារី​ដឹក​ជញ្ជូនគ្រាប់​ និង​ថ្នាំពេទ្យ​យក​ទៅឲ្យ​កង​ទ័ព​នៅ​​សមរភូមិ​​​។ ម្ដាយ​របស់ខ្ញុំ​តែង​និយាយ​​​ប្រាប់​ខ្ញុំថា ​ជីវិត​នៅ​ក្នុង​សម័យ​សង្គ្រាម​គឺ​លំបាក​ណាស់​ និងធ្វើ​ការគ្មាន​ពេលសម្រាក​ឡើយ​។​​ ​​ខ្មែរក្រហម​បាន​បិទ​សិទ្ធិ​គ្រប់​យ៉ាង​ សូម្បី​តែ​ការ​រៀប​ការ​ក៏​ត្រូវបាន​​ខ្មែរក្រហម​ចាប់​បង្ខំ​ដែរ។ ម្ដាយ​និង​ឪពុក​ខ្ញុំ ​បាន​រៀប​ការ​​ជាមួយ​គ្នា​ទាំង​មិន​បាន​ស្រឡាញ់​គ្នា​។ គ្មាននរណា​ម្នាក់​ហ៊ាន​តវ៉ា​ឡើយ ​ព្រោះ​ខ្លាច​អង្គការ​យ​ក​ទៅ​សម្លាប់ចោល​​។ ការ​រៀបការនេះ​មាន​ច្រើន​​​គូហើយ​គូ​នីមួយៗត្រូវ​ឈរតម្រង់​ជួរ​ដោយ​បែរ​មុខ​រកគ្នា។ បន្ទាប់​មក ចាប់​ដៃ​គ្នានិង​ប្តេជ្ញា​​​នៅ​​ចំពោះ​មុខ​អង្គការខ្មែរក្រហម។  រីឯ​ឪពុក​ខ្ញុំវិញ​ឈ្មោះ ទោង​ ផែន​ ​មាន​ទីកន្លែង​កំណើត​នៅ​ខេត្ត​មណ្ឌលគិរី​។ ​គាត់គឺជាយោធា​ខ្មែរក្រហមដែល​​​ពិការជើង​ដោយ​សារ​ផ្ទុះ​គ្រាប់​មីនក្នុង​អំឡុងពេល​ធ្វើ​សង្គ្រាម​​។​ បន្ទាប់ពី​​ការ​តស៊ូ​​អស់​ជាច្រើន​​ឆ្នាំ​ គឺ​គ្មាន​សេស​សល់​អ្វីទាល់​​សោះ ក្រៅ​ពីការ​ចង​ចាំដ៏ឈឺ​ចាប់​ និង​របួស​ស្នា​មនៅ​ជាប់​នឹង​ខ្លួន​។​

ក្រុមយុវជនមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទទស្សនកិច្ចទីតាំងបូជាសព ប៉ុល ពត។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយ​ពីដំណើរទស្សនកិច្ច និង​ការ​នឹកឃើញឡើងវិញនូវរឿងរ៉ាវទាំងអស់នោះ ទៀង សៀងហៃ ​ចាប់ផ្តើម​មាន​ទស្សនពីរផ្សេងគ្នា។ ​ដំបូងយុវជនរូបនេះបាន​ត្រឹម​និយាយអំពី​ការ​សោក​ស្ដាយ និ​ងការ​ចងចាំដ៏សោកសង្រេងចំពោះអ្វីដែល​ប្រវត្តិសាស្ត្រ​បាន​បន្សល់ទុក។ ប៉ុន្តែ ខ្លួន​ក៏​​នៅ​មាន​​​មោទកភាព​ចំពោះ​ឪពុក​ខ្លួន និង​អតីត​កង​​កម្លាំង​យោ​ធា​ខ្មែរក្រហម​ផ្សេង​ទៀត​ដែល​បាន​តស៊ូ​​លះ​បង់​គ្រប់​យ៉ាង​ក្នុង​ការ​ចូលរួម​តស៊ូ​ការពារ​ទឹក​ដី។ ជាចុងក្រោយ យុវជន​រូបនេះយល់ឃើញ​​ថា​ អ្នកបម្រើការ​ឲ្យ​ខ្មែរក្រហម​មិនសុទ្ធសឹងតែ​​អាក្រក់​ទាំង​អស់​នោះ​ទេ អ្វី​ដែល​អាក្រក់​គឺការ​ដឹក​នាំរបស់​មេ​ដឹកនាំនៃ​របបនោះ​ទេ ​ដែល​ធ្វើ​ឲ្យប្រទេស​កម្ពុជា​ត្រូវ​ធ្លាក់​ក្នុង​​ភាព​លំបាក​វេទនា​។

អត្ថបទ ៖ ហ៊ាន​ ពិសី អ្នកស្រាវជ្រាវមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា