"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សមរភូមិផ្លូវច្បាប់ចុងក្រោយបង្អស់នៅក្នុងការកាត់សេចក្តីនៃ អំពើប្រល័យពូជសាសន៍នៅកម្ពុជា

ដំណើរការ​​​នៃការកាត់សេចក្តី​ចុងក្រោយបង្អស់​លើ​ ខៀវ សំផន អតីត​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របបកម្ពុជា​ប្រជា​ធិប​តេយ្យ​ បាន​​បិទបញ្ចប់ ​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០២១។ ដំណើរការ​តុលាការ​នេះ​គឺ​ចំណុចរបត់​សំខាន់​មួយសម្រាប់​ប្រវត្តិ​សាស្ត្រ​របស់យើង។ ខណៈដែល​ការ​ពិតខ្លះ​ត្រូវ​បាន​រកឃើញ សន្តិភាព​ក៏​ចាប់ផ្តើម​ចាក់​ឬស​ជ្រៅ​ថែម​ទៀត។

ចាប់តាំងពី​​ឆ្នាំ​២០០៦​មកម្ល៉េះ ដំណើរការ​របស់តុលាការ​​បាន​បង្កឲ្យ​មាន​​ប្រតិកម្ម​យ៉ាងច្រើន​​នៅ​ក្នុង​ចំណោម​ប្រជា​ជន​​​កម្ពុជា។ កាល​ពីដើមឡើយ ប្រជា​ជន​កម្ពុជាជាច្រើនបាន​បង្ហាញ​ចេញនូវការ​ខកចិត្ត​ដែល​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មួយចំនួន​តូច​ប៉ុណ្ណោះ​នឹង​ត្រូវ​នាំយកទៅជំនុំ​ជម្រះទោស និង​ការ​ដាក់ទោសទណ្ឌ​យ៉ាងស្រាល​ទៅលើ​ កាំង ហ្កិច​អ៊ាវ ហៅ ឌុច នៅ​ឯអង្គជំនុំ​ជម្រះ​សាលាដំបូង (ក្រោយមក ឌុច ត្រូវ​បាន​​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​សាលាកំពូល)។ តែទោះជាយ៉ាងណាក៏ដោយ ការ​ដែល​បាន​ឃើញពីការ​បិទ​បញ្ចប់​​ដំណើរការ​នៃ​ការ​ស្វែង​រក​យុត្តិធម៌​អស់​ជាងមួយទសវត្សរ៍កន្លងមកនេះ ហាក់ទទួល​បាន​នូវ​ភាពរសាយចិត្ត​ច្រើន។

បើ​ទោះ​ជាមាន​ការ​ពន្យាពេល​ផ្សេងៗ​នៅ​ក្នុង​ដំណើរ​ការ​តុលាការក៏ដោយ បទ​ចោទប្រកាន់​​របស់​អង្គជំនុំ​ជម្រះ​វិសា​ម​ញ្ញា​​​ក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវ​បាន​ស្គាល់ជាទូទៅថាជា​ តុលាការខ្មែរក្រហម ​បាន​ទាញចំណាប់អារម្មណ៍​របស់​ប្រ​ជា​​ជនកម្ពុជា។ អស់រយៈពេលជាច្រើន​ឆ្នាំ​​នៃ​ការតស៊ូ​ក្នុង​សមរភូមិផ្លូវច្បាប់ ប្រជាជន​កម្ពុជា​ក៏បាន​ចាប់អារម្មណ៍​ចំពោះ​​​ភាពអយុត្តិធម៌​នៃការរស់នៅ​របស់​អតីតមេដឹកនាំជាន់ខ្ពស់​ខ្មែរក្រហម​ ដែលទទួលខុសត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​កម្ម​​​ដែលប្រព្រឹត្ត​​ឡើងនៅ​ក្នុងរយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅ​ក្នុង​បន្ទប់ឃុំខ្លួន​បណ្តោះ​អាសន្ន​របស់​តុលាការ​ខ្មែរក្រហម។ សាធារណ​ជន​​មាន​ភាពអាក់អន់ស្រពន់ចិត្ត​ដោយសារ​តែ​ការ​រៀប​ចំ​យ៉ាង​សមរម្យ​របស់​តុលាការ ខណៈដែលអតីតមេដឹកនាំខ្មែរក្រហម​​ទាំងនោះ​ធ្លាប់​បាន​បដិសេធសិទ្ធិរស់រាន​មាន​ជីវិតរបស់​ជន​រង​គ្រោះ​ជាច្រើន​នាក់ ក្នុង​អំឡុង​របប​គ្រប់គ្រងរបស់ខ្លួន។ ​ប្រជាជន​កម្ពុជា​បាន​រិះគន់​ពីការ​រៀបចំ​យ៉ាង​សមរម្យ​នេះ​សម្រាប់​អតីត​មេដឹកនាំខ្មែរក្រហម ដោយរាប់បញ្ចូល​ទាំង​​បន្ទប់ស្នាក់​នៅ​បំពាក់ម៉ាស៊ីនត្រជាក់ ​ការ​ពិនិត្យសុខភាព​​ជា​ទៀងទាត់​ និង​ការ​​ទទួល​បាន​វ៉ាក់សំាង​កូវីដ​១៩ ខណៈដែល​អ្នករស់រានមាន​ជីវិត​ពីរបបខ្មែរក្រហម​ខ្លះ​​នៅរង់ចាំ​ការ​ទទួល​​បាន​វ៉ាក់​សាំង​​​​ប្រឆាំ​ង​នឹង​មេរោគរាតត្បាតនេះ។  តែទោះយ៉ាងណា ទាំងអស់នេះ​គឺជាបទដ្ឋាន​មូលដ្ឋាន​​របស់​តុលាការ​​ជាតិ​​និង​​អន្តរជាតិ​មួយនេះ ដែល​ការ​រៀបចំ​ដ៏សមរម្យ​​ត្រូវ​បាន​ផ្តល់​ជូន​ដើម្បី​ធានាបាន​ថា ភាគី​នៅ​ក្នុងសំណុំ​រឿង​ក្តី​មាន​​កាយ​សម្បទា​និង​ស្មារតី​ពេញលេញ​ក្នុង​ការ​បង្ហាញវត្តមាន​​ដើម្បីស្តាប់ និង​ឆ្លើយតបចំពោះ​បទ​ចោទប្រកាន់​ទាំង​ឡាយ​​ប្រឆាំង​​មកលើខ្លួន។

ខៀវ សំផន ដែលជាមេដឹកនាំ​ខ្មែរក្រហម​វ័យចំណាស់និង​ជា​សម្ព័ន្ធមិត្ត​ដ៏ឥតងាករេ​របស់ ប៉ុល ពត បាន​លៃលក​ប្រើប្រាស់វេទិកា​របស់​តុលាការ​ខ្មែរក្រហម​នេះ​ដើម្បីការពារ​ទង្វើរបស់ខ្លួន និង​របបខ្មែរក្រហម​ លុះដល់​ដង្ហើម​ចុង​ក្រោយ​​​នៃ​ជីវិត​របស់ខ្លួន។ ខៀវ សំផន នៅតែមិន​ផ្លាស់ប្តូរ និង​មិនមាន​វិប្បដិសារីចំពោះការ​បាត់​បង់​អាយុជីវិត​​របស់​ប្រជាជន​កម្ពុជា​ជិត​ពីរលាននាក់ ឬ​ស្ថានភាពរស់នៅ​ដ៏លំបាក​របស់ប្រជាជន​កម្ពុជា នៅ​ក្រោម​គោល​នយោ​បាយ​​​ប្រល័យ​ពូជសាសន៍របស់របបខ្លួនឡើយ។ ជាជំនួសវិញ ខៀវ សំផន នៅតែទទូចថា គោលនយោបាយ​របស់​ខ្លួន​​មាន​តម្លៃ​ដែលបម្រើ​ប្រយោជន៍របស់ប្រទេសជាតិ។ ហម សឿន ដែលមាន​វ័យ​៦៨​ឆ្នាំ និង​បាន​រស់នៅ​ក្នុង​ស្រុក​អន្លង់​វែង​ចាប់តាំង​​​ពីដើមឆ្នាំ​២០០០មកម៉្លេះ និង ពេជ សារេន ដែលមាន​វ័យ​៦៧​ឆ្នាំ​ និង​ជា​អតីតទាហាន​ខ្មែរក្រហម​នៅ​ក្នុងអតីតតំបន់​តស៊ូចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​នៅ​អន្លង់វែង បាន​ចែករំលែក​ទស្សនៈរបស់ខ្លួន​ថា យុត្តិធម៌​គួរ​ជា​ទី​ទុកចិត្ត​បានគួរតែមាន​តុល្យភាព​ជាមួយ​អង្គហេតុ​ពិត​​ក្នុង​អំឡុង​នៃ​ការ​កាន់​តំណែង​ជា​ប្រធាន​គណៈប្រធាន​រដ្ឋ​របស់ ខៀវ សំផន​ ផង។ តាម​ពិត​ទៅ សឿម គាំទ្រ​សិទ្ធិ​សម្តែង​មតិ​យោបល់​របស់ ខៀវ សំផន ហើយ​ជឿជាក់​ថា មិន​មែន​​គ្រប់​គោលនយោបាយ​របស់​ ខៀវ សំផន សុទ្ធ​សឹង​តែ​ជា​កំហុសនោះទេ។

បើ​ទោះជា​មាន​ទស្សនៈដទៃពីគ្នា​ក៏ដោយទាក់ទង​នឹង​​លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ ដំណើរការដ៏សមស្រប និង​យុត្តិធម៌​គួរ​តែ​កេរដំណែលដ៏មាន​សារសំខាន់​របស់តុលាការ​ខ្មែរក្រហម។ ដំណើរការ​តុលាការ​នេះ​បាន​បង្រៀន​ប្រទេស​យើង​អំពី​សារប្រយោជន៍​នៃភាពស្មើគ្នា​ចំពោះមុខច្បាប់ ដើម្បីបង្កើតបាននូវ​សន្តិភាព។ ការកាត់ទោស​គឺជា​សញ្ញាណ​ដែល​បង្ហាញ​ថា បទឧក្រិដ្ឋកម្មអំពើប្រល័យ​ពូជសាសន៍មិន​អាច​គេចផុត​ពីការ​ដាក់ទោសទណ្ឌឡើយ។ ​ការ​កាត់ទោស​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា​ទទួល​បាន​នូវការ​គោរព​ពីសំណាក់ប្រជាជាតិ​ដទៃទៀតដែរ ដែល​បង្ហាញ​ថាប្រទេស​កម្ពុជា​​បាន​ផ្តល់អាទិភាពខ្ពស់​ក្នុង​ដំណើរ​កាត់ទោស ដើម្បី​ធ្វើ​ជា​គន្លឹះ​ក្នុង​ការ​កសាង​សន្តិភាព​ និង​ការ​ផ្សះផ្សា​ប្រកបដោយ​ចីរភាព។ ជាចុងក្រោយ ដំណើរការ​នៃការ​កាត់ទោស​នេះ​ក៏ជា​ជំហាន​ច្បាស់លាស់ និង​ប្រកប​ដោយ​អត្ថន័យ​កំណត់​សម្រាប់​ការ​បែងចែក​ឲ្យ​ដាច់ស្រឡះពីគ្នា រវាង​អតីតមេដឹកនាំកំពូលរបស់ខ្មែរក្រហម​ និង​អ្នករស់រានមាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ ដែលក្នុង​នោះ​រាប់បញ្ចូលទាំង​អតីតសមាជិកខ្មែរក្រហមគ្រប់លំដាប់ថ្នាក់ផង។

លី សុខឃាង នាយក មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដារ៉ារដ្ឋ មេត្តា

ដារ៉ារដ្ឋ មេត្តា

អ្នកសរសេរ ទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthmeta.d@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៦៩៨ ៣៣៣ គេហទំព័រ ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ