"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

យ៉ាន់ វ៉ាន់ ៖ អ្នកគ្រប់គ្រងកន្លែងធ្វើប្រហុក

ខ្ញុំឈ្មោះ យ៉ាន់ វ៉ាន់ អាយុ៦៦ឆ្នាំ រស់នៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ឪពុកខ្ញុំឈ្មោះ កៅ យ៉ាន់ ធ្លាប់ធ្វើជាជំទប់ទី១ នៅក្នុងសម័យសង្គមរាស្ត្រនិយម និងម្តាយឈ្មោះ ជា យឿន គឺជាកសិករ។ ម្ដាយ

របស់ខ្ញុំស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ និងមិនមានថ្នាំសង្កូវសម្រាប់ព្យាបាល។ ខ្ញុំមានបងប្អូនចំនួន១១នាក់ ក្នុងនោះស្រីចំនួន៦នាក់ហើយសព្វថ្ងៃបងប្អូនរបស់ខ្ញុំនៅរស់រានមានជីវិតតែ៣នាក់ប៉ុណ្ណោះ។

ខ្ញុំចូលរៀនដំបូងនៅអាយុ១៤ឆ្នាំ ជាមួយព្រះសង្ឃនៅវត្តសំរោងវត្ត។ ខ្ញុំរៀនជាមួយក្មេងៗឯទៀត អំពីអក្សរសាស្ត្រខ្មែរ លេខនព្វន្ត បូកដក គុណចែក រួមទាំងចំណោទ។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០។ មកដល់របប លន់ នល់ ខ្ញុំលែងបានរៀនតទៅទៀត ដោយសារនៅក្នុងភូមិចាប់ផ្តើមមានការទម្លាក់គ្រាប់បែក។ ប្រជាជនតែងនាំគ្នារត់ចូលពួនក្នុងលេណដ្ឋាន ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ផ្ទះសម្បែង សត្វពាហនៈ និងមនុស្សមួយចំនួនបានស្លាប់។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលជ័យជម្នះទៅលើរបប លន់ នល់ ទាំងស្រុង ខ្ញុំត្រូវបានអង្គការបញ្ជូនចូលទៅក្នុងកងពិសេសដើម្បីធ្វើការងារជីកប្រឡាយ។ ខ្ញុំជីកព្រែក និងប្រឡាយពីឈើទាល ដល់បឹងខ្ញី។ ក្រៅពីនេះ ខ្ញុំបានជីកប្រឡាយនៅស្រុកកំចាយមារ។

យ៉ាន់ វ៉ាន់ រស់នៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ យ៉ាន់ វ៉ាន់ ផ្ដល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅអំឡុងពេលចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៦ ពេលខ្ញុំត្រឡប់មកដល់ភូមិវិញ អង្គការបានផ្សំផ្គុំ និងរៀបការប្រពន្ធឲ្យខ្ញុំ។ ពិធីរៀបការខ្ញុំរៀបចំធ្វើនៅវត្តជីផុច រួមជាមួយគូផ្សេងទៀតសរុបទាំងអស់ចំនួន១៧០គូ មកពីភូមិទាំង១៨ក្នុងឃុំជីផុច។ ពិធីរៀបការនេះថ្វីត្បិតតែមានច្រើនគូពិតមែន ប៉ុន្តែខ្ញុំសង្កេតឃើញថាមានមនុស្សមិនតិចទេមិនពេញចិត្តទៅនឹងការផ្សំផ្គុំរបស់អង្គការ ព្រោះពុំបានស្រឡាញ់គ្នា និងពុំដែលធ្លាប់ជួបគ្នាពីមុនមក។ អ្នកខ្លះនៅពេលរៀបការរួចក៏រត់ទៅសម្លាប់ខ្លួន រីឯអ្នកខ្លះទៀតទៅពួនយំមិនឲ្យអង្គការដឹងឡើយ។ នៅក្នុងពិធីរៀបការរបស់ខ្ញុំមិនមានខោអាវថ្មីសម្រាប់ស្លៀកពាក់ទេ។ ខោអាវដែលខ្ញុំស្លៀកក្នុងថ្ងៃរៀបការ គឺខោអាវប្រឡាក់សុទ្ធតែភក់។ ខ្ញុំនិងភរិយាបានប្តេជ្ញាចំពោះអង្គការថាយើងនឹងស្រឡាញ់គ្នាអស់មួយជីវិត។ បន្ទាប់ពីរៀបការរួចបានរយៈពេល៣ថ្ងៃ ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមហៅឲ្យទៅរៀនវគ្គនយោបាយ និងត្រៀមចូលបម្រើយោធា។ ការរៀនសូត្រនោះខ្មែរក្រហមបណ្តុះស្មារតីឲ្យក្រុមយោធាមានភាពស្វាហាប់ រឹងមាំ ក្លាហាន និងមិនខ្លាចក្នុងការចូលប្រយុទ្ធនៅសមរភូមិមុខ បើទោះបីជាមានគ្នាតែ៣នាក់ក៏មិនរាថយដែរ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែខ្ញុំមិនដែលបានចូលប្រយុទ្ធនៅក្នុងសមរភូមិឡើយ ព្រោះខ្ញុំត្រូវផ្លាស់មកនៅជិតក្រុងព្រៃវែងដើម្បីមកមើលការខុសត្រូវកន្លែងធ្វើត្រីប្រហុក។ ការមកធ្វើការនៅជិតក្រុងព្រៃវែងនេះ ខ្ញុំមិនដែលមានទំនាស់ជាមួយសមាជិកនៅក្នុងកងឡើយ ខ្ញុំរួសរាយ ខ្ញុំដាក់ខ្លួន និងខិតខំប្រឹងប្រែងធ្វើការងារ។ លើសពីនេះ ខ្ញុំក៏បំពេញចិត្តគណៈស្រុកពាមរក៍ដែលគ្រប់គ្រងនៅទីនោះដែរ។ ជារៀងរាល់ថ្ងៃ ខ្ញុំ យកត្រីធំៗបានពីខាងនេសាទ និងបាយដំណើបទៅជូនគណៈស្រុក។

យ៉ាន់ វ៉ាន់ ទទួលកញ្ចប់អនុស្សាវរីយ៍ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមខែមករា ឆ្នាំ១៩៧៩ គណៈស្រុកពាមរក៍ឲ្យខ្ញុំជិះកប៉ាល់ឆ្ពោះទៅកាន់តំបន់ភាគខាងលិច។ កាលនោះខ្ញុំមិនចង់ទៅទេព្រោះខ្ញុំដឹងថានៅទីនោះមានការលំបាកទាំងការងារ ការហូបចុក និងការស្នាក់នៅ ជាពិសេសបើធ្វើការងារមិនល្អនឹងត្រូវនាំខ្លួនយកទៅសម្លាប់ចោល ដូច្នេះខ្ញុំក៏សុំអនុញ្ញាតពីអង្គការត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ឃុំព្រៃឃ្នេស ស្រុកមេសាង ខ្ញុំបានជួបប្រពន្ធរបស់ខ្ញុំ បន្ទាប់មកយើងនាំគ្នាវិលត្រឡប់មកផ្ទះវិញ។ កាលនោះប្រសិនបើខ្ញុំទៅភាគខាងលិច ប្រហែលជាខ្ញុំស្លាប់បាត់ទៅហើយ ព្រោះប្រជាជនភាគច្រើនដែលទៅរស់នៅតំបន់នោះមិនមានជីវិតរស់នៅច្រើនទេ។ ជាក់ស្តែង ប្រជាជននៅក្នុងភូមិរបស់ខ្ញុំចំនួន៥គ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសទៅតំបន់ភាគខាងលិចបានស្លាប់ស្ទើរទាំងអស់ គឺមានតែម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតដោយសារតែគាត់ធ្វើពុតជាស្លាប់ នៅពេលកម្មាភិបាលខ្មែរក្រហមបានអាករបស់គាត់ទម្លាក់ចូលទៅក្នុងរណ្តៅនៅពេលយប់។

ក្រោយមក ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាមេភូមិឫស្សីសាញ់ ហើយខ្ញុំតែងតែចែករំលែករឿងរ៉ាវដែលខ្ញុំឆ្លងកាត់ទៅក្មេងជំនាន់ក្រោយឲ្យបានដឹង និងយកទៅគិតពិចារណា បើទោះជាក្មេងៗទាំងនោះជឿឬពុំជឿក៏ដោយ។ ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយចេះស្រឡាញ់គ្នា និងកុំយកគំរូតាមការដឹកនាំរបស់ខ្មែរក្រហម ដែលនាំឲ្យមានការកាប់សម្លាប់ និងធ្វើឲ្យបាត់បង់ធនធានមនុស្ស។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា