"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ចាប គឹមណា ៖ កងនារីក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ចាប គឹមណា អាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ចាប ឃីត និងម្តាយឈ្មោះ សេង សំ ។ បងប្អូនបង្កើតរបស់ខ្ញុំមាន

ចំនួន១០នាក់។ សព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ ដោយសារក្រោយរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្អូនបង្កើតរបស់ខ្ញុំប្រាំនាក់ បានចូលធ្វើកងទ័ពខ្មែរក្រហមតាមការស្នើសុំរបស់ប្រធានភូមិ ហើយចាប់តាំងពីចេញពីផ្ទះទៅធ្វើទ័ព ប្អូនរបស់ខ្ញុំទាំងប្រាំនាក់មិនដែលឃើញវិលត្រឡប់មកផ្ទះវិញរហូតមកទល់សព្វថ្ងៃនេះ។ ខ្ញុំមិនដឹងថាប្អូនរបស់ខ្ញុំនៅឯណានិងស្លាប់ឬរស់នោះទេ។

ចាប គឹមណា អាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំឃើញមានប្រជាជនថ្មីជាច្រើន បានមកដល់ភូមិរបស់ខ្ញុំ។ ខ្ញុំមិនហ៊ានសួរនាំអ្នកទាំងនោះទេ ព្រោះខ្លាចខ្មែរក្រហមយកខ្ញុំទៅសម្លាប់ចោល។ ទាំងប្រជាជនមូលដ្ឋាន និងប្រជាជនដែលជម្លៀសមកថ្មី គឺត្រូវកម្មាភិបាលខ្មែរក្រហមប្រើឲ្យធ្វើការដូចៗគ្នា។ កាលនោះ ប្រជាជនទាំងអស់ត្រូវបានកម្មាភិបាលខ្មែរក្រហមបែងចែកឲ្យនៅតាមកងរៀងៗខ្លួន រួមមាន  កងនារី, កងយុវជន, កងកុមារ, កងមេម៉ាយ និងកងបុរស។ កងយុវជន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យរែកដីដំបូកដាក់តាមវាលស្រែ។ កងកុមារត្រូវបានខ្មែរក្រហមឲ្យដើររើសអាចម៍គោដាក់ស្រែ។ ខ្ញុំធ្វើការនៅក្នុងកងនារី មានភារកិច្ចរែកដីនិងជីកប្រឡាយ។ ខ្ញុំមិនដែលទទួលអាហារហូបចុកគ្រប់គ្រាន់ឡើយ ហើយខ្ញុំមានតែសម្លៀកបំពាក់មួយសម្រាប់ប៉ុណ្ណោះ។

ចាប គឹមណា ទទួលប្រអប់អនុស្សាវរីយ៍ពីក្រុមនិស្សិតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកវាយខ្មែរក្រហម ខ្ញុំនិងកងនារីទាំងអស់នាំគ្នារត់ឡើងភ្នំ។ ខ្ញុំបានបែកគ្នាជាមួយឪពុកម្តាយ និងបងប្អូនទាំងអស់។ ប្រហែលមួយខែក្រោយមក ទើបខ្ញុំ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ នៅតាមផ្លូវមកកាន់ស្រុកកំណើត កងទ័ពវៀតណាមបាន ឲ្យអង្ករ និងរបស់របរខ្លះទៀតសម្រាប់ដោះស្រាយពេលធ្វើដំណើរមកផ្ទះ។ មកដល់ភូមិកំណើត ខ្ញុំប្រកបរបរធ្វើស្រែចម្ការនៅលើដីស្រែដែលរដ្ឋអំណាចបែងចែកឲ្យ។ នៅឆ្នាំ១៩៧៩ដដែល ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំគឺជាទាហានកម្ពុជាក្រោមឈ្មោះ កន សារិន។ កាលនោះខ្ញុំអាយុ២៧ឆ្នាំហើយ។

សព្វថ្ងៃ ខ្ញុំមានកូន៩នាក់។ កូនៗរបស់ខ្ញុំមានប្តីប្រពន្ធអស់ហើយ ហើយខ្ញុំក៏មិនពិបាករត់លូន ឬខំធ្វើស្រែដូចពីមុនទៀតទេ ព្រោះមានកូនប្រុសស្រីចិញ្ចឹម។ ពេលខ្លះខ្ញុំបាននិយាយរឿងរ៉ាវដែលខ្ញុំធ្លាប់ឆ្លងកាត់ពីសម័យខ្មែរក្រហមប្រាប់ទៅកូន។ ពេលស្តាប់រឿងរ៉ាវទាំងនោះហើយ កូនរបស់ខ្ញុំមានអារម្មណ៍អាណិតខ្ញុំជាខ្លាំង។ កូនខ្លះយំពេលស្តាប់ឮប្រវត្តិរបស់ខ្ញុំ។ សព្វថ្ងៃនេះ ខ្ញុំនិងប្តីគិតតែធ្វើបុណ្យទាន សន្សំកុសល ដើម្បីបន់ស្រន់កុំឲ្យកើតក្នុងរបបដូចខ្មែរក្រហមទៀត។

អត្ថបទ ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា