"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

សោម គង់ ៖ កងមនុស្សចាស់

សោម គង់ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ បច្ចុប្បន្ននៅរស់៣នាក់។ កាលពីកុមារ ខ្ញុំចូលរៀននៅសា​លាវត្តត្រពាំងធំ ត្រឹមថ្នាក់ទី៧ក៏ឈប់រៀន ហើយមកជួយការងារឪពុកម្តាយ។

ខ្ញុំរៀបការនៅអំឡុងពេលកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារ មានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក និងទម្លាក់គ្រាប់ណាប៉ាល់ មកលើភូមិរបស់ខ្ញុំ។ ផ្ទះរបស់ខ្ញុំត្រូវឆេះអស់គ្មានសល់ ដោយសារតែគ្រាប់ណាប៉ាល់។ ផ្ទះអ្នកភូមិជាច្រើនខ្នងទៀតក៏ឆេះដូចគ្នាដែរ ប៉ុន្តែមិនមានមនុស្សស្លាប់ឡើយ។ ចាប់តាំងពីថ្ងៃរដ្ឋប្រហារមក ប្រជាជនមិនហ៊ានរស់នៅក្នុងផ្ទះទេ ព្រោះប្រជាជនដឹងថានឹងមានការទម្លាក់គ្រាប់បែកកើតឡើង។ ប្រជាជននាំគ្នារត់ចូលទៅលាក់ខ្លួននៅក្នុងត្រង់សេ (លេណ​ដ្ឋាន) ស្ទើររៀងរាល់ថ្ងៃ។ ស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់នោះ ក្រុមចលនាបដិវត្តន៍ខ្មែរក្រហមបានហៅប្រជាជទៅប្រជុំជាញឹកញាប់ ដើម្បីបញ្ចុះបញ្ចូលប្រជាជនឲ្យចូលរួមជាមួយក្រុមរបស់ខ្លួនប្រឆាំងនឹងរបប លន់ នល់។

សោម គង់ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំមិនបានចូលប្រជុំជាមួយខ្មែរក្រហម​​ទេ ហើយក៏មិនបានស្ម័គ្រចិត្តចូលបម្រើខ្មែរក្រហ​មដែរ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំឃើញខ្មែរក្រហមជម្លៀសប្រជាជនថ្មីជាច្រើនគ្រួសារឲ្យមករស់នៅក្នុងភូមិត្រពាំងឈូក។ ប្រជាជនថ្មីទាំងនោះ មិនត្រូវបានអនុញ្ញាតឲ្យរស់នៅលាយឡំជាមួយនឹងប្រជាជនមូលដ្ឋានឡើយ ប៉ុន្តែអាចធ្វើការងារជាមួយប្រជាជនមូលដ្ឋានបាន។ ខ្ញុំត្រូវកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានចាត់តាំងឲ្យធ្វើការនៅក្នុងកងតាៗ ប៉ុន្តែនៅពេលនោះក៏មានប្រជាជនវ័យកណ្តាល និងយុវជនក្នុងកងនោះដែរ។ កិច្ចការងាររបស់ខ្ញុំនៅក្នុងកងតាតា គឺធ្វើស្រែ ចម្ការ ភ្ជួររាស់ រែកដី និងកាប់ដី។

សោម គង់ ទទួលប្រអប់អនុស្សាវរីយ៍ពីអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៨ ខ្ញុំ និងប្រជាជនមូលដ្ឋានមួយចំនួនទៀតដែលរស់នៅក្នុងឃុំត្រពាំងធំខាងត្បូង ត្រូវបានកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានឈ្មោះ ម៉េន ផ្លាស់ឲ្យទៅរស់នៅភូមិភាគបូព៌ា ក្នុងខេត្តកំពង់ចាម។ ម៉េន មិនបានប្រាប់ខ្ញុំថាទៅធ្វើអ្វីនៅនោះឡើយ។ ពេលនោះ ខ្ញុំរួមជាមួយប្រពន្ធ និង កូនមួយនាក់ទៀត បានស្នាក់នៅតែក្នុងផ្ទះដែលអង្គការចែកឲ្យ ដោយមិនទាន់ទទួលការចាត់តាំងការងារពីអង្គការឡើយ។ មិនយូរប៉ុន្មាន ក៏កើតមានព្រឹត្តិការណ៍វាយប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងកងទ័ពវៀតណាម។ ខ្ញុំនិងគ្រួសារ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ពេលចូលមកដល់ស្រុកកំណើត ផ្ទះនិងដីរបស់ខ្ញុំត្រូវអ្នកភូមិផ្សេងទៀតយកធ្វើជាកម្មសិទ្ធិ ដូច្នេះខ្ញុំនិងគ្រួសារត្រូវបង្ខំចិត្តទៅរកទីតាំងថ្មីដើម្បីរស់នៅ ហើយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងរត់ម៉ូតូឌុបដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

អត្ថបទ ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា