"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

កូប ហ្វាទីម៉ះ៖ របបខ្មែរក្រហមធ្វើឲ្យខ្ញុំក្លាយជាកូនកំព្រា និងជាស្រ្តីមេម៉ាយ

«ខ្ញុំមិនចោលកីតម្បាញសូត្រទេ ព្រោះនេះជាការងារដែលខ្ញុំស្រឡាញ់ ចូលចិត្តតាំងពីអាយុ១៣ឆ្នាំ ហើយវាជាផ្នែកមួយដែលអាចឲ្យខ្ញុំរកប្រាក់ឲ្យកូនខ្ញុំរៀនសូត្រក្លាយជាគ្រូពេទ្យមួយរូបនៅក្នុងភូមិ» នេះគឺជាការលើក

ឡើងរបស់ស្រ្ដីជនជាតិចាមម្នាក់។ គាត់រៀបរាប់បន្តថា «ខ្ញុំឈ្មោះ កូប ហ្វាទីម៉ះ ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅក្នុងឃុំដដែល។ សព្វថ្ងៃខ្ញុំប្រកបមុខរបរត្បាញសំពត់សូត្រដូចម្ដាយរបស់ខ្ញុំដែរ។ ឪពុកខ្ញុំឈ្មោះ កូប គឺជាអ្នកនេសាទត្រី។ ឪពុកម្តាយរបស់ខ្ញុំស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារការអត់ឃ្លាន។

កូប ហ្វាទីម៉ះ នៅផ្ទះរបស់គាត់ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ខែកក្កដា ឆ្នាំ២០២២។ (ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំរៀបការជាមួយប្តីឈ្មោះ អះម៉ាត់ ប្រហែលជាឆ្នាំ១៩៧៣ ហើយកាលនោះខ្ញុំគឺជាកូនក្រមុំស្លៀកសំពត់សូត្រគោមផ្កាកន្ទេល ពណ៌បៃតងយ៉ាងស្រស់ស្អាត។ នៅឆ្នាំ១៩៧៤ ខ្ញុំសម្រាលបានកូនប្រុសម្នាក់ ។ នៅឆ្នាំ១៩៧៥ កូនរបស់ខ្ញុំទើបតែចេះវារ ខ្មែរក្រហមក៏ជម្លៀសគ្រួសារខ្ញុំនិងអ្នកភូមិឯទៀតតាមរថភ្លើងទៅកាន់ខេត្តបាត់ដំបង។ គ្រួសារខ្ញុំចុះនៅចំណុចភូមិក្បាលថ្នល់ ស្រុកសង្កែ ខេត្តបាត់ដំបង។ មូលហេតុដែលនាំឲ្យមានការជម្លៀសគឺយោធាខ្មែរក្រហមប្រាប់ថា នាំអ្នកភូមិឲ្យទៅរស់នៅប្រទេសម៉ាឡេស៊ី ទើប អ្នកទាំងអស់គ្នាចាកចេញពីភូមិ។ រថភ្លើងបរមកដល់ខេត្តបាត់ដំបងភ្លាម កម្មាភិបាលខ្មែរក្រហមចាត់តាំងឲ្យប្រជាជនចុះធ្វើស្រែ និងដកស្ទូង។ ចំណែកប្តីខ្ញុំត្រូវចុះទៅភ្ជួរស្រែ។ ក្រោយមកមិនទាន់បានមួយឆ្នាំ ស្រាប់តែឪពុកម្តាយខ្ញុំធ្លាក់ខ្លួនឈឺ និងស្លាប់ដោយសារការអត់ឃ្លាន។ មួយខែក្រោយមកទៀត ប្ដីខ្ញុំដួលសន្លប់បាត់ស្មារតីបន្ទាប់ពីត្រឡប់មកពីភ្ជួរស្រែ រួចបញ្ជូនទៅពេទ្យស្រុក។ ពេទ្យបានចាក់ថ្នាំមួយម្ជុលឲ្យគាត់ហើយគាត់ក៏ស្លាប់ទៅ។ ខ្ញុំគិតថាពេទ្យមានចេតនាចាក់ថ្នាំសម្លាប់ប្ដីខ្ញុំ ឬម្យ៉ាងទៀតមកពីពេទ្យទាំងនោះមិនមានចំណេះដឹងច្បាស់លាស់។ ការបាត់បង់ឪពុកម្តាយនិងប្តីរបស់ខ្ញុំមិនធ្វើឲ្យខ្ញុំខូចចិត្តឬយំសោកតទៀតឡើយ ព្រោះខ្ញុំគិតថាពួកគាត់បានសុខហើយ ពួកគាត់លែងវេទនា និងរស់នៅក្នុងរបបដល់ខ្មៅងងឹតទាំងអត់ឃ្លានដូចខ្ញុំឡើយ។ ខ្ញុំត្រូវប្រឹងរស់ ដើម្បីមើលថែកូនប្រុស និងប្អូនៗ។ ពេលថ្ងៃខ្ញុំប្រឹងធ្វើការ ពេលយប់ខ្ញុំចេញទៅលួចស្រូវ និងពោតមកស្ងោរឲ្យកូននិងប្អូនៗហូប។ ពេលខ្លះខ្ញុំលួចបាន ពេលខ្លះក៏លួចមិនបាន។ របបខ្មែរក្រហមធ្វើឲ្យខ្ញុំក្លាយជាកូនកំព្រា និងជាស្រ្តីមេម៉ាយមកដល់សព្វថ្ងៃ។

នៅដើមឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូលមក និងបានឮសំឡេងបំផ្ទុះគ្រាប់បែក។ ពេលនោះខ្ញុំនិងប្រជាជនឯទៀតកំពុងទូលកណ្ដាប់សូ្រវយកទៅដាក់នៅទីលានបោកបែនធម្មតា ប៉ុន្តែកងកម្លាំងវៀតណាមដេញឲ្យអ្នកភូមិនិងខ្ញុំនាំគ្នារត់ចូលទៅក្នុងទីរួមខេត្តបាត់ដំបងវិញ។ ការធ្វើដំណើរទៅទីក្រុងបាត់ដំបង គ្រួសារខ្ញុំលំបាកជាងអ្នកផ្សេងទៀត ដោយសារប្អូនប្រុសខ្ញុំម្នាក់ស្វិតជើង ហេតុនេះពិបាកក្នុងការធ្វើដំណើរ។ ដើម្បីឲ្យទាន់គ្រួសារឯទៀត ខ្ញុំមានតែឲ្យប្អូនចុះទៅក្នុងប្រឡាយស្របជាមួយផ្លូវ រួចហែលរហូតទាល់តែមានរទេះគោណាដែលខ្ញុំអាចសុំឲ្យប្អូនខ្ញុំជិះជាមួយបាន។ ខ្ញុំអាណិតប្អូនខ្ញុំណាស់ ប៉ុន្តែមិនអាចជួយគាត់បាន ព្រោះខ្ញុំគ្មានកម្លាំងសែង។ មកដល់ទីរួមក្រុងបាត់ដំបង ខ្ញុំរៀបចំកន្លែងស្នាក់នៅ ហើយបានជួបបងប្អូន និងពូមីងមួយចំនួន។ នៅពេលរស់នៅជុំគ្នាក្នុងក្រុងបាត់ដំបង យើងទទួលដំណឹងថាជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ អាចបញ្ជូនជនភៀសខ្លួនខ្មែរឲ្យទៅកាន់ប្រទេសអាមេរិក ម៉ាឡេស៊ី និងអូស្រ្តាលី។ គ្រួសារខ្ញុំនិងអ្នកភូមិផ្សេងទៀតបានធ្វើដំណើរបន្តទៅកាន់ជំរំដែលមានឈ្មោះថា ណងចាន់។ នៅជំរំណងចាន់ ខ្ញុំបានទទួលរបបអាហារបរិភោគគ្រប់គ្រាន់ ហើយរស់នៅក្នុងជំរំបានរយៈពេលកន្លះខែ។ ប៉ុន្តែក្រោយមក ខាងប្រទេសថៃដឹកយើងមកចោលនៅលើភ្នំដងរែក។ បន្ទាប់ពីរួចជីវិតពីភ្នំដងរែក គ្រួសារខ្ញុំធ្វើដំណើរដោយថ្មើរជើងរយៈពេលជាងមួយខែទម្រាំបានមកដល់ស្រុកកំណើត។ ពេលមកដល់ស្រុកកំណើតខ្ញុំចាប់ផ្ដើម យកចំណេះដឹងពីម្តាយរបស់ខ្ញុំមកប្រើប្រាស់ ដោយដំបូងខ្ញុំដើរទៅសុំចិននៅផ្សារដើម្បីស៊ីឈ្នួលចាក់មងទាំងថ្ងៃទាំងយប់ ព្រោះខ្ញុំចង់សន្សំលុយទុកសង់ផ្ទះ និងទិញសម្ភារផ្សេងៗ។

ប្រហែលឆ្នាំ១៩៨៦ បងប្អូនខ្មែរនៅខាងព្រៃល្វា ជួលខ្ញុំឲ្យត្បាញសំពត់សូត្រ ព្រមទាំងផ្ដល់ជាគ្រឿងតម្បាញទាំងស្រុង។ ខ្ញុំសម្រេចចិត្តត្បាញឡើងវិញ ព្រោះវាជាការងារដែលខ្ញុំស្រឡាញ់តាំងពីអាយុ១៣ឆ្នាំ។ ខ្ញុំចាប់ផ្ដើមចងគោមដែលខ្ញុំស្រឡាញ់ពីមុន ដូចជា គោកផ្កាកន្ទេល គោមជណ្ដើរបារាំង គោមក្ងោកសម័យ គោមដបតែ គោមសំរោង និងគោមខុងមិញជាដើម។ សម្រាប់ការជ្រលក់ពណ៌គឺមានតែ ពណ៌លឿង ខ្មៅ ក្រហម បៃតង និង ខៀវ។ ពណ៌បៃតង និង ខៀវ គឺពេញនិយមណាស់ចំពោះកូនក្រមុំថ្ងៃរៀបការ។ ខ្ញុំត្បាញសព្វថ្ងៃនេះ គឺដើម្បីជាការថែរក្សាប្រពៃណី ចំណេះជំនាញដែលដូនតាបន្សល់ទុក។ ខ្ញុំត្បាញក៏ចាក់ទុកជាចលនាហាត់ប្រាណមួយដែរ។ ខ្ញុំសង្ឃឹមថាទីផ្សារសូត្រ និងងើបឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩បាត់ផុតរលត់ទៅ។

អត្ថបទ ៖ មីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា