"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

កម្មវត្ថុនៃអំពើមនុស្សធម៌ក្លែងក្លាយ

សរសេរដោយ លោក ឆាំង យុ

ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២

កាលពីថ្ងៃទី១៦ ខែមិថុនា លោកស្រី មេហ្គេន ហ៊ើស បានស្នើសុំដកខ្លួនចេញពីតំណែងជាសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីតាមរយៈលិខិតរិះគន់ ដែលបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ចំពោះកង្វះខាតផ្នែកធនធានយ៉ាងខ្លាំង និងការយកចិត្តទុកដាក់ជារួមដើម្បីជាផលប្រយោជន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ លោកស្រីបានគូសបញ្ជាក់ពីការបរា​ជ័យជារួមក្នុងការមិនអនុវត្តតាមការសន្យារបស់យើងចំពោះជនរងគ្រោះនៅក្នុងដំណើរការស្វែងរកយុត្តិធម៌សម្រាប់ខ្មែរក្រហម។

បើធៀបទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិពីមុនៗមក សមិទ្ធផលដ៏អស្ចារ្យមួយរបស់ អ.វ.ត.ក គឺ ការទទួលស្គាល់ជនរងគ្រោះនៅក្នុងដំណើរការនីតិវិធី។ ដើមបណ្តឹងរដ្ឋប្បវេណីគឺជាភាគីដែលបង្ហាញថា ខ្លួនបានទទួលរងរបួសផ្លូវកាយ ផ្លូវចិត្ត ឬជាសម្ភារ ដែលកើតឡើងដោយផ្ទាល់ពីឧក្រិដ្ឋកម្មដែលត្រូវបានកាត់ទោសនៅចំពោះមុខ អ.វ.ត.ក។

តុលាការបាន​ទទួល​ស្គាល់ពួកគាត់​ថាជាជនរងគ្រោះ ហើយ​ពួកគាត់ត្រូវ​បាន​គេសន្មត​ថា​មាន​សិទ្ធិ​ជាទូទៅ​ស្រដៀង​គ្នា​នឹង​ការ​កាត់ទោស និង​មេធាវី​ការពារ​ក្តី។

ការបង្កើតឲ្យមានដើមបណ្តឹងរដ្ឋប្បវេណី និងសិទ្ធិចូលរួមរបស់ពួកគាត់ គឺតំណាងឲ្យការសន្យាក្នុងការផ្តល់សិទ្ធិអំណាចដល់ជនរងគ្រោះ។ ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីមួយរូប ជនម្នាក់ត្រូវមានឱកាស ទោះបីជាមានការកម្រិតកំណត់ និងតាមរយៈអ្នកតំណាងស្របច្បាប់ដែលត្រូវបានតែងតាំងរបស់ខ្លួនក៏ដោយ គួរមានសិទ្ធិចូលរួម និងទទួលបានការជូនដំណឹងអំពីដំណើរការយុត្តិធម៌នេះ។ ការផ្តល់សិទ្ធិ​អំណាច​នេះត្រូវបានទទួលស្គាល់ថាជាគោលការណ៍ដ៏សំខាន់មួយនៅក្នុង អ.វ.ត.ក ដោយហេតុថាគេជឿថាការណ៍នេះ នឹងជួយដល់ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងការផ្សះផ្សាជាតិ។

ការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់ អ.វ.ត.ក មានន័យថា ការរងការឈឺចាប់ និងសំឡេងរបស់ពួកគាត់ត្រូវបានទទួលស្គាល់ជារួមក្នុងកម្រិតនៅក្នុងតុលាការ។ ចំណុចសំខាន់ដូចគ្នានេះដែរគឺ សិទ្ធិទទួលបានព័ត៌មានអំពីដំណើរការយុត្តិធម៌មានន័យថា ដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានទទួលស្គាល់ម្នាក់ៗក្នុងនាមជាជនរងគ្រោះ ហើយពួកគាត់អាចប្រើប្រាស់ដំណើរការរបស់ អ.វ.ត.ក ជា
ឱកាសមួយដើម្បីបង្ហាញពីបទពិសោធន៍របស់ខ្លួន ក៏ដូចជាការស្វែងរកការពិតសម្រាប់ជម្រះវិបត្តិផ្លូវចិត្តរបស់ពួកគាត់។

ជនរងគ្រោះភាគច្រើនជាប្រជាជនក្រីក្រ ជនចាស់ជរា និងបានទទួលរងនូវផលប៉ះពាល់ផ្លូវកាយ និងផ្លូវចិត្តមួយចំនួននៅក្នុងរបបខ្មែរក្រហម។ (ឧទាហរណ៍ ជំងឺផ្លូវចិត្ត ឬជំងឺតានតឹងអារម្មណ៍) ដូច្នេះ សិទ្ធិក្នុងការចូលរួម និងទទួលបានព័ត៌មានអំពីដំណើរការយុត្តិធម៌គឺពិតជាមានសារសំខាន់ខ្លាំងណាស់។ ជាការពិត ការបរាជ័យរបស់យើងក្នុងការលើកតម្កើងនូវសិទ្ធិទាំងនេះសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី​នីមួយៗ គឺជាកង្វះ ខាត ឬការត្រួតពិនិត្យមិនបានដិតដល់គួរឲ្យកត់សម្គាល់។

សម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិទាំងអស់យុត្តិធម៌គឺមានអត្ថន័យលើស​ពីការបង្កើត អង្គហេតុដែលបញ្ជាក់អំពីពិរុទ្ធភាព ឬភាពគ្មានទោសកំហុសរបស់ជនល្មើសដែលត្រូវបានចោទប្រកាន់ទៅទៀត ពោលគឺដើម្បីបង្កើតឡើងវិញនូវអធិបតេយ្យភាពសង្គមស៊ីវិលដែលបានយកឈ្នះទៅលើរបបដ៏ព្រៃផ្សៃ និងឧត្តមភាពរបស់មនុស្សជាតិទៅលើភាពអមនុស្សធម៌។ នៅពេលដែលយើងមិនបានបំពេញតាមការសន្យារបស់យើងចំពោះជនរងគ្រោះ យើងមិនត្រឹមតែធ្វើឲ្យថយចុះភាពអាចជឿទុកចិត្តរបស់ស្ថាប័នដែលទទួលបន្ទុកលើកិច្ចការទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានធ្វើឲ្យប៉ះពាល់ដល់ភាពអាចជឿទុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងមូល។

អ.វ.ត.ក គឺជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិដំបូងគេដែលកំពុងព្យាយាមធ្វើការកាត់ទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលផ្តល់ឱកាសឲ្យជនរងគ្រោះចូលរួមដោយផ្ទាល់នៅក្នុងដំណើរការនីតិវិធីកាត់ក្តីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ ប្រសិនបើយើងមិនគោរពតាមការសន្យារបស់យើងចំពោះជនរងគ្រោះទេនោះ យើងច្បាស់ជាគ្មានអ្វីផ្ដល់ជូនជនរងគ្រោះ ក្រៅពីកម្មវត្ថុនៃអំពើមនុស្សធម៌ក្លែងក្លាយនោះទេ។

———

លោក លោក ឆាំង យុ គឺជានាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត និងជាអ្នករស់រានមានជីវិតពី “វាលពិឃាត” របស់ខ្មែរក្រហម។ ក្នុងចំណោមការរួមចំណែកជាច្រើនរបស់លោកចំពោះការពិត និងយុត្តិធម៌ លោកបានផ្តល់សក្ខីកម្មនៅចំពោះមុខសាលាក្តីខ្មែរក្រហម បានបង្កើតកម្មវិធីអប់រំអំពីអំពើរបបប្រល័យពូជសាសន៍ទូទាំងប្រទេស និងបានបង្កើតមជ្ឈមណ្ឌលថ្នាក់ភូមិភាគចំនួនប្រាំនៅទូទាំងប្រទេសកម្ពុជារួមទាំងបណ្ណាល័យ សម្ដេចម៉ែ ដើម្បីជួយសម្រួលដល់ការអប់រំ ការស្រាវជ្រាវ និងការផ្សះផ្សា។

រូបថត ៖ លោក ជី​ ទេរិទ្ធ ប្រធានគម្រោងការចូលរួមរបស់ជនរងគ្រោះ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជួយជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជាបំពេញបែបបទបណ្តឹងនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីរាយការណ៍អំពីអំពើឃោរឃៅដែលបានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រហម។ តាមរយៈការជួយបំពេញទម្រង់បែបបទ ចូលរួមរបស់ជនរងគ្រោះនេះ ជនរងគ្រោះក្នុងរបបខ្មែរក្រហមអាចស្នើសុំចូលរួមយ៉ាងសកម្មក្នុងដំណើរការនីតិវិធីរបស់ អ.វ.ត.ក តាមវិធីបីយ៉ាង៖ ដោយការស្ម័គ្រចិត្តធ្វើជាសាក្សី តាមរយៈការដាក់ពាក្យ បណ្តឹងនិង ដោយការដាក់ពាក្យសុំចូលរួមជា“ជនរងគ្រោះ”នៅក្នុងបណ្តឹងរដ្ឋប្បវេណី។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)