"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

គម្រោងសូត្រចាមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

គម្រោងសូត្រចាមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតឡើងក្នុងគោលបំណងដើម្បី​រក្សាការចងចាំរបស់ជនជាតិចាមអំពីសូត្រ និងការតម្បាញបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ, លើកកម្ពស់ការយល់ដឹងនិងផ្សព្វផ្សាយ និងរៀបចំផែនការអភិវឌ្ឍន៍នៅពេលអនាគត។ គម្រោ ងនេះនឹងគាំទ្រស្រ្តី និងអ្នករស់នៅក្នុងសហគមន៍បង្កើតជាសិប្បកម្មតម្បាញធុនតូចដោយចាប់ ផ្តើមពីគំនិត កីមួយ និងសូត្រមួយសំពត់។

នៅដំណាក់ដំបូងនៃគម្រោងសូត្រចាមនឹងផ្តោតសំខាន់ៗទៅលើសកម្មភាព ដូចតទៅ គឺ ១) ចុះស្រាវជ្រាវ និងចងក្រងឯកសារ ២) សិក្សាពីសិល្បៈ និងសហគមន៍តម្បាញសូត្រចាម ៣) ធ្វើពិសោធន៍និងរៀបចំការបណ្តុះបណ្តាលសម្រាប់សហគមន៍ ៤) ត្បាញ ៥) ធ្វើការផ្សព្វ​ផ្សាយនិងដាក់តាំងបង្ហាញពីផលិតផលតម្បាញរបស់សហគមន៍ចាម។ គម្រោងស្រាវជ្រាវ សូត្រ​ចាមរបស់មជ្ឈ​មណ្ឌលឯកសារកម្ពុជា ឧបត្ថម្ភដោយប្រទេសតួគី តាមរយ:ទីភ្នាក់ងារ សហប្រតិបត្តិការនិងអភវឌ្ឍន៍របស់ប្រទេសតួគី​ដោយសហការជាមួយ ស្ថានទូតតួគីប្រចាំនៅប្រទេសកម្ពុជា។

នៅចន្លោះថ្ងៃទី១៣ ដល់ ១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមជ្ឈមណ្ឌលឯកសារ កម្ពុជា រួមមាន ស៊ាង ចិន្ដា, ឡុង អូន និង មីន សាណាស់ បានចុះទៅសម្ភាសន៍អ្នករស់រាន មានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិចាម អំពីរឿងរ៉ាវជីវិតដែលបានឆ្លងកាត់របបខ្មែរ ក្រហម និងការប្រកបរបរចិញ្ចឹមគ្រួសារជាមួយការត្បាញសូត្រ ការប្រើសិល្បៈត្បាញគោម ការរចនាម៉ូត និងការប្រើប្រាស់ពណ៌ក្នុងការត្បាញ។

ម៉ាត់ ម៉ៃស្មះ ភេទស្រី អាយុ៧២ឆ្នាំ រស់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀប រាប់ថា «តម្បាញសូត្រចាម អាចឲ្យខ្ញុំចិញ្ចឹមម្តាយ កូន និងក្មួយក្រោយពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩»។

ក្រោយរបបខ្មែរក្រហម គ្រួសារខ្ញុំរស់រានមានជីវិតតែស្រ្តី និងក្មេងៗតែប៉ុណ្ណោះ ហេតុ​នេះ ខ្ញុំនិងម្តាយរបស់ខ្ញុំខិតខំស្វះស្វែងទៅរកត្រីដើម្បីលក់សន្សំលុយទិញកីទុកត្បាញក្រណាត់​សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ ខ្ញុំនៅចាំថា ម្តាយខ្ញុំនិងស្រ្តីចាមក្នុង​ភូមិ សុទ្ធតែមានចំណេះដឹងខាងតម្បាញសូត្រ ហើយនៅតាមផ្ទះនីមួយៗមានកីតម្បាញ​គ្រប់ៗគ្នា។ ចំណែកខ្ញុំមានជំនាញចងគោម និងត្បាញតពីម្ដាយរបស់ខ្ញុំ ហើយម្តាយរបស់ខ្ញុំក៏​ទទួល​ចំណេះដឹងតពីយាយរបស់ខ្ញុំដែរ។

ម្តាយរបស់ខ្ញុំឈ្មោះ ម៉ៃយំ ពេលនៅរស់គាត់ប្រកបរបរតម្បាញ ចំណែកឪពុករបស់ខ្ញុំ​ឈ្មោះ ម៉ាត់ មានមុខរបរជាអ្នកនេសាទ។ កាលពីសម័យមុន ជនជាតិចាមមករស់នៅក្នុង​ប្រទេសកម្ពុជាមានមុខរបរតែពីរប៉ុណ្ណោះ គឺនេសាទ និងតម្បាញ ហើយកូនៗដែលកើតមកត្រូវ​តែមានចំណេះដឹងក្នុងការប្រកបរបរនេះ។ ឪពុករបស់ខ្ញុំបានបង្រៀនបងប្រុស និងប្អូនប្រុសខ្ញុំ​អំពីជំនាញនេសាទត្រី ចំណែកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំនិងបងប្អូនស្រីៗអំពីសិល្បៈចរបាប់, តម្បាញ, ចាក់ផ្កាលើពូក ខ្នើយ ជាដើម។ នៅពេលប្រទេសកម្ពុជាកើតមានសង្រ្គាមជាហូរហែ ប្រពៃណី វប្បធម៌របស់ជនជាតិចាមក៏បាត់បង់បន្តិចម្តងៗ។

ខ្ញុំចេះត្បាញសំពត់សូត្រតាំងពីអាយុ១៣ឆ្នាំ និងកាន់កីតម្បាញរាល់ថ្ងៃ។ នាសម័យ​មុន មុខរបរតម្បាញសូត្រ គឺថ្លៃថ្នូរ ហើយប្រជាជនផ្តល់តម្លៃខ្លាំងណាស់។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានរៀបការជាមួយប្ដីរបស់​ខ្ញុំឈ្មោះ កសឹម ប្រកបមុខរបរនេសាទត្រី។ ក្រោយពីរៀបការរួច ខ្ញុំមានកូនចំនួន៣នាក់។ ខ្ញុំបានមករស់នៅលើទូកនេសាទជាមួយប្ដីរបស់ខ្ញុំ ចំណែកមុខរបរត្បាញសំពត់សូត្ររបស់ខ្ញុំក៏ផ្អាកជាបណ្តោះអាសន្ន។

នៅពេលយោធាខ្មែរក្រហមរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានបំផុសឲ្យជនជាតិចាមនៅក្នុងភូមិកោះសូទិន រៀបចំអីវ៉ាន់ និងត្រៀមធ្វើ​ដំណើរទៅរស់នៅប្រទេសអារ៉ាប់។ ប្រជាជនចាមនៅក្នុងភូមិ រួមទាំងគ្រួសារខ្ញុំ ឪពុកម្ដាយខ្ញុំ​បានចាកចេញពីភូមិកោះសូទិន តាមការចាក់ចែងរបស់កម្មាភិបាលខ្មែរក្រហម។ នៅតាមផ្លូវ យោធាខ្មែរក្រហមបញ្ជាឲ្យគ្រួសារខ្ញុំទុករបរមានតម្លៃ និងលុយកាក់ ព្រោះទៅដល់ទីនោះមិន​ខ្វះ​ខាតឡើយ។ តាមពិត យោធាខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំតាមរថភ្លើងទៅកាន់ភូមិ​រហាលសួង ខេត្តបាត់ដំបង។ រយៈពេលកន្លះឆ្នាំបន្ទាប់ពីការជម្លៀស ឪពុកខ្ញុំបានធ្លាក់ខ្លួនឈឺ​ដោយ​សារការបរិភោគមិនបានគ្រប់គ្រាន់ ហើយស្លាប់នៅទីនោះ។ តមក ប្ដីរបស់ខ្ញុំ និងកូន​ប្រុស​ច្បងរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ និងស្លាប់ដោយសារការអត់ឃ្លានទៀត។ នៅអំឡុងពេល​កូននិងប្ដីរបស់ខ្ញុំស្លាប់ គឺខ្ញុំទើបសម្រាលកូនទី៣បានរយៈពេលមួយខែប៉ុណ្ណោះ។ ទោះបីខ្ញុំនៅ​សរសៃខ្ចីក៏អង្គការមិនឲ្យខ្ញុំឈប់សម្រាកដែរ គឺអង្គការបានចាត់តាំងខ្ញុំទៅគាស់គល់ឈើ និង​ដកស្ទូង។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧​ ខែមករា ឆ្នាំ១៩៧៩ នៅសល់តែខ្ញុំ ម្តាយរបស់ខ្ញុំ និងកូនតូចៗរបស់ខ្ញុំប៉ុណ្ណោះ។ យើងធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ នៅតាមផ្លូវកូនស្រីរបស់ខ្ញុំទាំងពីរកើតជំងឺអុតស្វាយ រីឯម្តាយរបស់ខ្ញុំមានវ័យចំណាស់ពិបាក​ក្នុង​ការ​ធ្វើដំណើរ។ ខ្ញុំបានសុំរថយន្តរបស់កងទ័ពវៀតណាមជិះមកខេត្តកំពង់ចាម។ ពេល​មកដល់ភូមិកំណើត ផ្ទះរបស់ខ្ញុំត្រូវបានខ្មែរក្រហមរុះរើគ្មានសល់ឡើយ។ ខ្ញុំបានក្រាលកន្ទេល​លើដីដើម្បីដេកបណ្តោះអាសន្ន។ ម្តាយរបស់ខ្ញុំ និងខ្ញុំចេញទៅនេសាទ ដើម្បីយកត្រីទៅដូរ​យកសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងរៀបចំសាងសងខ្ទមសម្រាប់ស្នាក់នៅ។

នៅឆ្នាំ១៩៨០ ជនជាតិចាមនៅក្នុងភូមិដែលជីវភាពធូរធារ បាននាំគ្នាទៅទិញសម្ភារ​សម្រាប់​ត្បាញ។ ប៉ុន្តែការត្បាញនោះ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងចែកដល់កូនចៅប៉ុណ្ណោះ គឺមិនទាន់មានការលក់ដូរឡើយ។ ខ្ញុំបានសន្សំប្រាក់រៀបចំធ្វើកីត្បាញ ព្រមទាំងស៊ីឈ្នូល​ត្បាញ​ឲ្យប្រជាជនក្នុងភូមិរហូតដល់ឆ្នាំ២០១៥ ទើបឈប់ ព្រោះគ្មានទីផ្សារ។ ចំពោះគោម​សំពត់សូត្រចាម គឺមានច្រើនម៉ូតណាស់ ដូច្នេះយើងបានបែងចែកវាជាបី គឺ ទី១) គោមវល្លិ៍, ទី២) គោមផ្កា និងផ្លែឈើ និងទី៣) គោមរូបសត្វ។ ចំណែកការជ្រលក់ពណ៌ យើងមិន​អាចសម្គាល់បានច្បាស់លាស់ឡើយ ព្រោះពណ៌សំពត់សូត្រចាមមានភាពខុសគ្នាពីមួយជំនាន់​ទៅមួយជំនាន់ ដូចជាជំនាន់សង្គមចាស់យើងប្រើផ្ទៃពណ៌ក្រហមសុទ្ធ ហើយចំណងគោមគឺ​មាន​ពណ៌ក្រហម លឿង និងបៃតង។ ក្រោយមកទៀត អ្នកត្បាញចាប់ផ្ដើមប្រើផ្ទៃស្រអាប់ៗ ហើយពណ៌ចំណងក៏មានតែពីរពណ៌ដែរ។

ខ្ញុំយល់ថា សំពត់សូត្រចាម ក្បាច់គោមសំពត់ចាម អាចនឹងបាត់បង់នៅពេលខាងមុខ​នេះ ព្រោះសព្វថ្ងៃនេះ ក្មេងស្រីជនជាតិចាមនៅក្នុងភូមិហាក់មិនចាប់អារម្មណ៍នឹងការងារ​តម្បាញដែលជាប្រពៃណីរបស់យើង​ឡើយ។

អត្ថបទ ៖ មីន សាណាស់ បុគ្គលិកគម្រោងសូត្រចាមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា