"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

កិច្ចសម្ភាសន៍ជាមួយ លោក ឆាំង យុ លើកិច្ចខិតខំប្រឹងប្រែងថ្មីដើម្បីផ្សះផ្សាការឈឺចាប់នៃអំពើប្រល័យពូជសាសន៍

ថ្មីៗនេះ លោកបានទទួលហិរញ្ញប្បទាន ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំនៅរាជធានីភ្នំពេញ សម្រាប់អនុវត្តន៍គម្រោងរបស់លោក មានឈ្មោះថា ការលើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ​​ក្រហម។

ឆាំង យុ និង អ៊ឹម ចែម ថតនៅប្រាសាទព្រះវិហារ ( ជី ទេរិទ្ធ / មជ្ឈមណ្ឌលឯកសារកម្ពុជា)

សំណួរទី១

តើហេតុអ្វីបានជាហិរញ្ញប្បទាននេះពិសេសសម្រាប់លោក?

ជាដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះពររបស់ ព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ លើកិច្ចខិតខំប្រឹងប្រែងនេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងមហាផ្ទៃ ​ដែលតែងតែជួយគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចាប់តាំងពីឆ្នាំ​១៩៩៥។

មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលទាក់ទងជាមួយនឹងសុខភាពសាធារណៈ និង​បន្តអនុវត្តន៍ ការពារ និង ៣ កុំ ដែលជាសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់​ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ដែលបានអនុគ្រោះ​ពន្ធឲ្យ​នាំចូល​រថយន្តសុខភាពចល័តខ្នាតតូចដើម្បីគាំទ្រសកម្មភាពនៃគម្រោងនេះ។

ខ្ញុំមានសេចក្ដីសោមនុស្សរីករាយ ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំនៅរាជធានីភ្នំពេញដែលនឹងផ្ដល់ការគាំទ្រដ៏សំខាន់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

លោក ឆាំង យុ៖ ហេតុអ្វីបានជាហរិញ្ញប្បទាននេះពិសេសម្រាប់រូបខ្ញុំ? ហិរញ្ញប្បទាននេះរួមបញ្ចូល សិស្សនិស្សិតដែលជាអ្នកស្ម័គ្រចំនួន៥០០នាក់ ផ្ដល់សេវាកម្មស្ម័គ្រចិត្តទូទាំងប្រទេសសម្រាប់ជួយគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមភូមិដ្ឋាន និងជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលឯកជននៅក្នុងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះនឹងផ្ដល់ឱកាសដល់យុវវ័យដើម្បីបង្ហាញអំពីភាពជាអ្នកដឹកនាំ​ ស្វែងរកការពិតដោយខ្លួនឯងផ្ទាល់ និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រទេសជាតិកម្ពុជា។ ទន្ទឹម​នឹងនេះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលបាន​ឱកាស​ចែក​រំលែក​រឿងរ៉ាវដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមទៅយុវវ័យជំនាន់ក្រោយដើម្បីធ្វើឲ្យប្រាកដថាយើងទាំងអស់គ្នាចងចាំរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមជារៀងរហូត។ ជារួម គម្រោង​នេះ​ ​រំលេចនូវ​ចរិក មនុស្សធម៌របស់យើង ​ និង​ពង្រឹងបន្ថែមនូវស្មារតី ​មិនងាយ​ទ្រុឌ​ទ្រោម​របស់​ប្រជាជន​កម្ពុជា។

អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម អ៊ុក អ៊ន និង អ្នកស្ម័គ្រចិត្តកម្ពុជា ស កែវពេជ្រចិន្តា (ផាត ពន្លក/ មជ្ឈមណ្ឌលឯកសារកម្ពុជា)

សំណួរទី២
តើលោកអាចកំណត់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយវិធីណា?
លោកឆាំងយុ៖អំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំបានបំផ្លាញមនុស្សធម៌របស់ប្រជាជន។ មជ្ឈមណ្ឌលឯកសារកម្ពុជា មានគោលដៅស្ដារឡើងវិញនូវអំពើមនុស្សធម៌នៃប្រជាជនទាំងអស់ មិនមែនត្រឹមតែជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែគឺរួមបញ្ចូលទាំងជនដែលបានប្រព្រឹត្តអំពើឃោរឃៅ។ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្ដល់ការគាំទ្រ និងសេវាកម្មដល់ប្រជាជនកម្ពុជាឲ្យច្រើនតាមអ្វីដែលអាចធ្វើបាន ដោយផ្អែកលើការជឿជាក់ថាប្រជាជនកម្ពុជាទាំងអស់ ដែលធ្លាប់បានរស់នៅក្នុងរបបខ្មែរក្រហមទទួលការរងទុក្ខវេទនាដូចគ្នា។

 បើនិយាយអំពីតួលេខ គឺមានអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍មានចំនួនជាង ៥លាន នាក់ ​ (៥,១៤៣,៣៨៦ នាក់ ចាប់ពីអាយុ៥០ឆ្នាំ និងលើសពី៥០ឆ្នាំ) ស្មើរនឹង ៣៣.១៦ ភាគរយ នៃប្រជាជនសរុប ក្នុង១៩៦ស្រុក ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៧។ បច្ចុប្បន្ននេះប្រជាជនដែលមានអាយុចាប់ពី ៥០ឆ្នាំ ឬច្រើនជាង៥០ឆ្នាំ យ៉ាងហោចណាស់ជាក្មេងដែលមានអាយុ ៨ឆ្នាំ ទៅ១០ឆ្នាំ នៅពេលដែលខ្មែរក្រហមដួលរលំនៅក្នុងឆ្នាំ១៩៧៩។ គាត់គឺជាក្រុមមនុស្សដែលនៅចងចាំរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមនិងជាក្រុមមនុស្សដែលមានរឿងរ៉ាវសម្រាប់ចែករំលែកជាមួយយុវវ័យបច្ចុប្បន្ននេះ។

ទោះបីជាការងាររបស់មជ្ឈមណ្ឌល​ឯកសារកម្ពុជា  ផ្ដោតសំខាន់លើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី៥០ឆ្នាំ និងលើសពី៥០ឆ្នាំ យ៉ាងណាក៏ដោយ យើងបានដឹងថានៅមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនទៀតដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។ ដោយសារតែអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់ដែលមានអាយុចាប់ពី៤០ឆ្នាំ គឺជាទារកនៅឡើយនៅពេលដែលរបបខ្មែរក្រហមត្រូវបានដួលរលំក្នុងឆ្នាំ១៩៧៩ យើងមិនរំពឹងថាគាត់មានការចងចាំដោយផ្ទាល់ណាមួយដែលមិនអាចបំភ្លេចបានហើយនិងអាចចែករំលែករឿងរ៉ាវរបស់គាត់ជាមួយយុវវ័យបច្ចុប្បន្ននេះបានទេ។ ទោះ​បីជានៅក្នុងកាលៈទេសៈដូចនេះយ៉ាងណាក្ដី មជ្ឈមណ្ឌល​ឯកសារកម្ពុជានឹងផ្ដល់ការគាំទ្រ​ ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី៤០ឆ្នាំ​ ទាំងនោះក្នុងការពិនិត្យសុខភាព ប្រសិនបើគាត់មានបញ្ហាសុខភាពទ្រុឌទ្រោម។

 

ដារ៉ារដ្ឋ មេត្តា

ដារ៉ារដ្ឋ មេត្តា

អ្នកសរសេរ ទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthmeta.d@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៦៩៨ ៣៣៣ គេហទំព័រ ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ