"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ទីភ្នាក់ងារ​ផ្តល់ជំនួយសហរដ្ឋ​អាមេរិក​ ប្រកាសអំពីហិរញ្ញប្បទាន​ថ្មី ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មានជីវិត​ពីរបប​ខ្មែរក្រហម

នៅថ្ងៃទី​២៣​ ខែ​កញ្ញា ឆ្នាំ​២០២១ ទីភ្នាក់ងារ​ផ្តល់ជំនួយសហរដ្ឋ​អា​មេរិក​ ​ប្រចាំ​នៅព្រះ​រាជា​ណាចក្រ​កម្ពុជា ប្រកាស​អំពី​ហិរញ្ញប្បទាន​បន្ថែមក្នុង​ទំហំ​ទឹក​ប្រាក់​៥លានដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​ តាមរយៈ​គម្រោង​ដែល​មាន​ឈ្មោះថា “ការ​លើក​កម្ពស់​សិទ្ធិ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​​ជីវិត​ពី​របប​ខ្មែរក្រហម​” ដែល​​គ្រប់​គ្រង​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។ ហិរញ្ញ​ប្បទាន​បន្ថែម​នេះ នឹង​ធ្វើ​ឲ្យ​សកម្មភាព​ប្រតិបត្តិការ​មាន​តម្លៃ​សរុបចំនួន ​៦,៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

មជ្ឈមណ្ឌលឯកសារកម្ពុជានឹងចំណាយប្រាក់ ចំនូន៥លានដុល្លារសហរដ្ឋអាមេរិក នៃទឹកប្រាក់សរុបចំនូន ៦លាន៥សែនដុល្លារសហរដ្ឋអាមេរិក ក្នុងជំហានបឋមរបស់ខ្លួននៅក្នុង ឆ្នាំ២០២១ ដើម្បីលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើង​ នូវស្ថានភាពសុខភាព​របស់អ្នករស់រានមានជីវិត​ពីរបបខ្មែរក្រហម។

កម្មវត្ថុនៃការចំណាយនេះ គឺ​​​​ដើម្បីធ្វើឲ្យប្រសើរឡើង​ នូវស្ថានភាពសុខភាព​របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនពិការ ១) ​សំដៅទៅដល់ការលើកកម្ពស់ នៃ​ការយល់ដឹងអំពី​សុខភាពសាធារណៈ និង​ ២)ទទួល​​បានសេវាកម្មសុខភាពសាធារណៈ។ ទន្ទឹមនឹងនេះដែរ មជ្ឈ​​មណ្ឌលឯកសារកម្ពុជា សិក្សាស្រាវជ្រាវ​អំពីស្ថានភាព របស់អ្នករស់រានមានជីវិត​ពីរបបខ្មែរក្រហម និងជនពិការ នៅតាមសហគមន៍ដាច់ស្រយាល សម្រាប់ជាព័ត៌មានមូលដ្ឋាន ក្នុងការរៀបចំជំនួយអភិវឌ្ឍន៍ នាពេលអនាគត ដល់ប្រជាជនក្នុងសហគមន៍ទាំងនេះ។

សកម្មភាពថ្មីនេះ គឺជាកេរដំណែលមួយនៅក្រោយពេលដែលតុលាការបានបញ្ចប់ទៅ ក៏ដូចជា ការចូលរួមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលទាក់ទងជាមួយនឹងសុខភាពសាធារណៈ ហើយនឹង​បន្តអនុវត្ត ការពារ និង ៣ កុំ ដែលជាសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឯកអគ្គរដ្ឋ​ទូតអាមេរិក W. Patrick Murphy បាន​ថ្លែងថា៖ “យើង​មានមោទនភាព ​​ក្នុង​ការ​គាំទ្រ​ដល់គម្រោង​នេះ។ រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ មានសេចក្តី​ប្តេជ្ញា​យូរ​អង្វែង​ក្នុង​ការ​លើកកម្ពស់​សន្តិភាព​និង​ការ​ផ្សះផ្សា​ជាតិ តាមរយៈ​ការចងចាំអំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​” គម្រោង​នេះ​នឹង​ផ្តល់​ជូន​អ្នក​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម​នូវ​ការ​ប្រើប្រាស់​សេវាថែទាំសុខភាព ដែល​សម្រួល​ដល់​​ស្ថាន​ភាព​ជំងឺទូទៅ ក្តី​ព្រួយ​បារម្ភ​ ស្ថាន​ភាព​សង្គមសេដ្ឋកិច្ច និង​បទពិសោធន៍​ពេលឆ្លងកាត់ ​របប​ខ្មែរក្រហម។”

ការងារ​ថ្មី​មួយ​នេះ​នឹង​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ផ្ទាល់អំពី​ស្ថានភាព​សុខុមាលភាព​របស់​អ្នករ​ស់​រាន​មាន​ជីវិតពីរបបខ្មែរក្រហម និង​បន្ទាប់​មក ធ្វើការប្រែក្លាយលទ្ធផលរកឃើញឲ្យ ​ទៅជា​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹងរបស់ សាធារណៈ។​ គម្រោង​នេះ​នឹង​ធ្វើ​ប្រតិបត្តិការ​នានា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព សុខុមាលភាព​និង​ភាពសុខ​ស្រួល ​របស់​អ្នក​រស់​រាន​មាន​ជីវិតពី​របប​ខ្មែរក្រហម​នៅទូទាំង​ប្រទេស។

អ្នកស្រី សូ ហ្វារីណា នាយិការង មជ្ឈមណ្ឌលឯកសារ​កម្ពុជា និងជាអ្នក​គ្រប់គ្រងគម្រោងនេះ​ រំពឹងថា​៖ ការទទួលបានសេវាកម្មថែទាំសុខភាព និងសង្គមកិច្ចមួយចំនួន សម្រាប់អ្នករស់រានមានជីវិតពី របបខ្មែរក្រហម​ ជាពិសេសក្រុមជនជាតិភាគតិច ដែលរស់នៅតាមតំបន់ដាច់ស្រយាល នាកាលៈទេសៈដ៏លំបាកក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩​​ សព្វថ្ងៃនេះ គឺជាការ​សំខាន់​ខ្លាំង​ណាស់។

លោក​ ឆាំង យុ​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌលឯកសារ​កម្ពុជា​បាន​លើកឡើងថា “សោកនាដកម្ម និង​ភាពអយុត្តិធម៌​ ដែល​ប្រជាជន​កម្ពុជា​ទទួល​រង​នៅក្នុង​របប​ខ្មែរក្រហម​ មានទំហំ​មហាសាល​ដែល​គ្មាន​អ្វី​អាចជំនួស​ឬ​​ប៉ះប៉ូវជូន​អ្នក​ទាំងអស់​បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ច​ខិត​ខំប្រឹង​ប្រែងមួយនេះ​ គឺជា​ជំហាន​ឆ្ពោះ​ទៅសម្រេច​បាន​ការ​ថែទាំ​​ និង​គាំ​ពារ​ដល់​អ្នក​រស់​រាន​មាន​ជីវិត​ពីរ​បបប្រល័យពូជសាសន៍ខ្មែរក្រហម​” ហិរញ្ញប្បទានពិសេស នេះ រួម​បញ្ចូល​នូវ​អ្នក​ស្ម័គ្រចិត្ត​ប្រកប​ដោយ​ភាព​មោះមុត​ចំនួន​៥០០​នាក់​ ដែល​បំពេញ​ការ​ងារ​នៅទូទាំង​ប្រទេស​ ក្នុង​ការ​ជួយ​នាំ​​អ្នក​រស់​រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម​នៅក្នុង​ភូមិ​ឋាន​របស់​ខ្លួន​ទៅ​មន្ទី​រសុខភាព​ក្នុង​សហគមន៍។ តាម​រយៈការងារស្ម័គ្រ​ចិត្ត​នេះ យុវជន​-យុវនារី ទទួល​បាន​ឱកាស​បង្ហាញ​ចេញ​នូវ​ភាព​ជាអ្នក​ដឹកនាំ ​រួមជាមួយ​នឹង​ការបំពេញការងារ​​ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន  ដើម្បី​គាំពារ​ដល់​អ្នក​រស់​រាន​មានជីវិត​ពីរបប​ខ្មែរ​ក្រហម ក៏ដូចជា​ចំពោះ​ប្រជាជាតិ​កម្ពុជា។ ទន្ទឹម​នឹងនេះ អ្នក​រស់​រាន​មានជីវិតពីរបប​ខ្មែរក្រហម​​ទទួលបាន​ឱកាស​ចែក​រំលែក​រឿងរ៉ាវ​ឆ្លងកាត់​ផ្ទាល់​ខ្លួន​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម​ ទៅកាន់​ក្មេង​ជំនាន់ក្រោយ​​ ដើម្បី​ធានាថា​យើង​នៅតែចងចាំ ពេល​វេលា​ដ៏លំបាក​យ៉ាង​ខ្លាំង​មួយ​នោះ។ ជារួម គម្រោង​នេះ​នឹង​រំលេចនូវ​ចរិក មនុស្សធម៌របស់យើង ​ និង​ពង្រឹងបន្ថែមនូវស្មារតី ​មិនងាយ​ទ្រុឌ​ទ្រោម​របស់​ប្រជាជន​កម្ពុជា។​”

ឧទាហរណ៍ខ្លះ​ៗ​នៃ​ផែនការសកម្មភាព​ថ្មី​ទាំង នេះ រួមមាន ការបង្កើត​ជា​អាហារូបករណ៍ក្នុង​ចំនួន​​កំណត់សម្រាប់សិស្ស​ ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ សុខភាព​ផ្លូវចិត្ត សុខភាព​សាធារណៈ និងសុខភាពបឋម។ សកម្មភាព​ខាង​លើថែមទាំងផ្តើម​ ផងដែរ នូវ ​សកម្មភាព​ស្ម័គ្រចិត្ត​ប្រតិបត្តិ​ដោយ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ ដែល​គាំពារ​ដល់​អ្នក​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម។

ក្រុម​ការងារ​មជ្ឈមណ្ឌលឯកសារកម្ពុជារួមមាន វេជ្ជបណ្ឌិត ដេមី រេយស៍ និង គឹម សុវណ្ណដានី បានចុះសួរសុខទុក្ខតាមមូលដ្ឋាន និងផ្តល់សេវាថែទាំសុខភាពបឋម ជូនដល់អតីតអ្នកដាក់ពាក្យបណ្តឹង ដើមបណ្តឹងរដ្ឋប្បវេណី​របស់សាលាក្តីខ្មែរក្រហម នៅឯវត្តលលកសថ្មី ស្ថិតក្នុងខេត្តពោធិ៍សាត់ និងបណ្តាខេត្តដទៃទៀត ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ ការចុះសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមមូលដ្ឋាន គឺជាផ្នែកមួយ នៃការផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលឈានទៅដល់ការចំណាយទឹកប្រាក់​ ៥លានដុល្លារសហរដ្ឋអាមេរិកក្នុង​ឆ្នាំ​២០២១នេះ ដើម្បីសិក្សាអំពីស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយផ្តោតលើការអប់រំ ពិគ្រោះយោបល់អំពីបញ្ហាសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា និងតាមរយៈការប្រើប្រាស់រថយន្តសុខភាពចល័តខ្នាតតូច ដែល​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានអនុគ្រោះ​ពន្ធឲ្យ​នាំចូល​រថយន្តនេះ។

មជ្ឈមណ្ឌលឯកសារកម្ពុជា​ សង្ឃឹមថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាចបន្តចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់មនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជា និងនៅលើពិភពលោក។ ការចែករំលែកបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហម គឺជាការគាំទ្រ​ដល់ការអប់រំ​​​ពីអំពើប្រល័យពូជសាសន៍នៅ​កម្ពុជា ​ដើម្បីទប់ស្កាត់នូវអំពើឧក្រិដ្ឋកម្មអមនុស្សធម៌នានា មិនឲ្យកើតឡើង​ជាថ្មីម្តងទៀតនៅក្នុង​ប្រទេស ​និង​ក្នុង​តំបន់​ថែម​ទៀតផង។

តាមរយៈការសិក្សាស្រាវជ្រាវជាបឋមបានឃើញថា​ មួយចំនូននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងចំណោម២០០០នាក់​ តែងពើបប្រទះនូវជំងឺ​ប្រហាក់ប្រហែលគ្នា ចំនូន៥ប្រភេទរួមមាន៖ ១)ជំងឺលើសឈាម ២)ជំងឺបេះដូង ៣)ជំងឺទឹកនោមផ្អែម ៤)ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺរបេងសួត និង​ ៥)ជំងឺមហារីកសុដន។​

នៅក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី ៧ខែមករា ឆ្នាំ១៩៧៩ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់បានខិតខំកសាងប្រទេសពីបាតដៃទទេរហូតមកដល់សព្វថ្ងៃនេះ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍បន្ថែមថា៖ «ទំហំនៃការបាត់បង់របស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហមគឺធំធេងណាស់ ដែលគ្មានអ្វីក្នុងលោកនេះ អាចមកជំនួសឬសំណងបានឡើយ។ ការងារខាងលើនេះ គឺជាការខិតខំទៅតាមសមត្ថភាពដែលយើងអាចធ្វើបាន ដល់អ្នកដែលបានស្លាប់ទៅ​ និងអ្នកដែលកំពុងរស់នៅក្នុងវ័យជរា​ ឬពិការ ហើយមានជីវភាពលំបាកឯតំបន់ដាច់ស្រយាលមួយចំនួន»។

មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមចំណែកលើកិច្ចការនេះដើម្បីធ្វើយ៉ាងណាឲ្យ​​​វិស័យសុខភាពសាធារណៈ​ នៅក្នុងប្រទេសកម្ពុជាមានភាពកាន់តែប្រសើរឡើង និងជាទីទុកចិត្តដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។

អត្ថបទដោយ៖ សោម ប៊ុនថន

រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

 

អ៊ុន សុដាវី

អ៊ុន សុដាវី

អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជា អ៊ីម៉ែល៖ truthsodavy.u@dccam.org ទូរសព្ទ៖ +៨៥៥ (0) ៧៨ ៩១០ ៧០៧ គេហទំព័រ៖ www.dccam.org

សោម ប៊ុនថន
និពន្ធនាយក នៃទស្សនាវដ្តីស្វែងរកការពិត
ទូរសព្ទ៖ +៨៥៥ (០) ១២ ៩៩៦ ៧៥០
អ៊ីម៉ែល៖ truthbunthorn.s@dccam.org
©២០២១ រក្សាសិទ្ធិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា

រាល់មតិយោបល់ផ្សេងៗ សូមផ្ញើសារអេឡិត្រូនិចមកកាន់យើងខ្ញុំ