មជ្ឈមណ្ឌលឯកសារខេត្តតាកែវរៀបចំវេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រៀបចំវេទិកាថ្នាក់រៀនមួយ ដើម្បីពិភាក្សាពីចម្ងល់ផ្សេងៗទាក់ទងនឹងប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សថ្នាក់ទី១២ ចំនួន៣០នាក់មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។ គោលបំណងនៃការបង្កើតវេទិកាពិភាក្សានេះដើម្បីដោះស្រាយចម្ងល់ផ្សេងៗរបស់សិស្សានុសិស្សទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និងផ្តល់នូវចំណេះដឹងថ្មីៗអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។

បន្ទាប់ពីសិស្សានុសិស្សធ្វើដំណើរមកដល់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក៏មានការទទួលស្វាគមន៍ពីបុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវយ៉ាងរាក់ទាក់។ បន្តមកទៀត ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវក៏បង្ហាញផ្ទាំងរូបភាពដែលដាក់តាំងបង្ហាញនៅខាងមុខ និងខាងក្នុងការិយាល័យមជ្ឈ​មណ្ឌលឯកសារខេត្តតាកែវដល់សិស្ស។ នៅឱកាសនោះដែរ សិស្សអានសៀវភៅដែលតម្កល់នៅបណ្ណាល័យមានចំណងជើងថា «រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម» ដែលទើបតែបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងសៀវភៅអប់រំអំពីសុខភាព ដែលបោះពុម្ពដោយគម្រោង «ការលើកកម្ពស់សិទ្ធិនិងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ ក្រោយពីអានសៀវភៅ និងទស្សនារូបភាពព្យួរនៅតាមជញ្ជាំង សិស្សនាំគ្នាចូលទៅអង្គុយនៅក្នុងថ្នាក់រៀន ដោយសិស្សទទួលទស្សនាវដ្ដីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវ លេខពិសេស ឆ្នាំ២០២៤ ម្នាក់មួយក្បាល ទុកសម្រាប់អាន។

ខណៈនោះ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចាប់ផ្ដើមណែនាំខ្លួនទៅកាន់សិស្សានុសិស្ស និងបានសួរសំណួរទៅកាន់សិស្សានុសិស្សទាក់ទងរបស់ខ្មែរក្រហម(១៩៧៥-១៩៧៩)។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី លើកយកចំណុចខ្វះខាតដែលសិស្សពុំបានដឹងពីមុនមកធ្វើការបកស្រាយពន្យល់នៅក្នុងកម្មវិធីវេទិកាពិភាក្សានេះ និងលើកយកដំណើរការកាត់ទោសមេដឹកនាំខ្មែរនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមប្រាប់ដល់សិស្ស និងលើកឡើងអំពីយុត្តិធម៌សម្រាប់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

នៅចុងបញ្ចប់វេទិកាថ្នាក់រៀន លោក ផេង ពង្សរ៉ាស៊ី ប្រាប់ពីពាក្យគន្លឹះទាក់ទងនឹងប្រវត្តិសាស្រ្ត ដល់សិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងសម័យប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។

បន្ទាប់មក សិស្សដែលបានចូលរួមវេទិកាថ្នាក់រៀនបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

ខ្ញុំឈ្មោះ ប៊ុន សុគន្ធ ភេទស្រី អាយុ១៨ឆ្នាំគឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។ បន្ទាប់ពីខ្ញុំចូលរួមវេទិកាថ្នាក់រៀនរួចមក ខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះខ្ញុំមានឱកាសទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ទទួលបានដឹងពីមុន។ ខ្ញុំយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។  វេទិកាថ្នាក់រៀននេះពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខ។ មួយវិញទៀត យុវជនជំនាន់ក្រោយគួរតែចងចាំពីប្រវត្តិសាស្ត្ររបស់ជាតិ។ ខ្ញុំមានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងដល់លោកយាយលោកតាដែលឆ្លងកាត់ និងស្លាប់ក្នុងរបបខ្មែរក្រហម។

ខ្ញុំឈ្មោះ តុង នីតា ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។ វេទិកាថ្នាក់រៀននេះ ធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងជាងមុនទាក់ទងនឹងប្រវត្តិសាស្រ្តរបបខ្មែរក្រហមដែលប្រើឱ្យប្រជាជនធ្វើការងារហួសកម្លាំង និងរស់នៅក្រោមការគៀបសង្កត់។ ខ្ញុំបានដឹងតាមរយៈលោកតា ដែល ឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ ខ្ញុំនៅចាំបានខ្លះៗពេលលោកតានិយាយប្រាប់ខ្ញុំថា ខ្មែរក្រហមបានជម្លៀសគាត់ចេញពីទីក្រុងភ្នំពេញ បង្ខំគាត់ឱ្យធ្វើកាងារហួសកម្លាំង។ ពេលនោះយាយខ្ញុំ និងបងប្អូនរបស់លោកតាខ្ញុំត្រូវស្លាប់ក្នុងរបបខ្មែរក្រហម។  ដើម្បីទប់ស្កាត់របបខ្មែរក្រហម ខ្ញុំគិតថាគួរតែបណ្ដុះបណ្ដាលធនធានមនុស្សឱ្យបានច្រើន ហើយយុវជនទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានចេះដឹង។ យើងត្រូវលុបបំបាត់អំពើហិង្សា និងអសន្តិសុខក្នុងសង្គម។

ខ្ញុំឈ្មោះ ចក់ ប៊ុនថុង ភេទប្រុស អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។ ខ្ញុំទទួលបានចំណេះដឹងអំពីការកើតឡើងនៃរបបខ្មែរក្រហម និងការសម្លាប់ប្រជាជន កាធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការងារហួសកម្លាំង និងការបំបិទសិទ្ធិសេរីភាពក្នុងការរស់នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម កុមារមិនទទួលបានការអប់រំ ព្រោះមិនមានសាលារៀន ចំណែកវត្តអារាម និងមន្ទីរពេទ្យត្រូវបានបំផ្លាញស្ទើរទាំងអស់។ ខ្មែរក្រហមបង្ខំឱ្យប្រជាជន និងក្មេងៗធ្វើការងារហួសកម្លាំង។ សម្រាប់ខ្ញុំដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យកើតឡើងម្ដងទៀត យើងត្រូវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃសង្គ្រាមដើម្បីឱ្យប្រជាជនបានដឹង។

ខ្ញុំឈ្មោះ សែត ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។   ការចូលរួមវេទិកាថ្នាក់រៀន ធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ ការចូលរួមវេទិកាថ្នាក់រៀនពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ខ្ញុំ និងមិត្តភក្ដិផ្សេងទៀត ដើម្បីបានយល់ដឹងពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាបានកាន់តែច្បាស់។ ខ្ញុំចង់ ឱ្យមានវេទិកាថ្នាក់រៀន ឬសកម្មភាពបែបនេះនៅលើកក្រោយៗទៀត ដើម្បីបង្ហាញឱ្យយុវជនជំនាន់ក្រោយយល់ដឹងពីប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាបានកាន់ទូលំទូលាយជាងមុន។

ខ្ញុំឈ្មោះ ទេព សីហា ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។ ពីមុនខ្ញុំមិនសូវជាចាប់អារម្មណ៍ប្រវត្តិសាស្រ្តប៉ុន្មានទេ ពេលដែលរៀនប្រវត្តិសាស្រ្តដែលស្មុគស្មាញច្រើន ប៉ុន្តែពេលខ្ញុំមកទីនេះ និងបានរៀនពីប្រវត្តិសាស្រ្តខ្មែរក្រហមធ្វើឱ្យខ្ញុំចាប់ចិត្តរៀនបន្ត។ យើងត្រូវតែយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម ដើម្បីទទួលបានចំណេះដឹង។

ខ្ញុំឈ្មោះ ស្រៀន ចាន់នីត ភេទប្រុស អាយុ១៨ឆ្នាំគឺជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ។ ក្រោយពេលខ្ញុំបានចូលរួមវេទិកាថ្នាក់រៀន ធ្វើឱ្យខ្ញុំបានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលមានភាពជូរចត់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមិនចង់ឱ្យរបបខ្មែរក្រហមនេះកើតឡើងម្ដងទៀតទេ ព្រោះរបបនេះបានធ្វើបាបប្រជាជន។

អត្ថបទ ៖ សន ផីជីង អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖