មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចែករទេះរុញ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព

ចន្លោះពីថ្ងៃទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ចែករទេះរុញចំនួន៥គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅស្រុកទ្រាំង និង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការចែករទេះរុញនេះក៏មានការចូលរួមពីអាជ្ញាធរមូល ដ្ឋានឃុំរនាម ក្នុងស្រុកទាំ្រង និងឃុំលាយបូរ និងឃុំតាភេម ស្រុកត្រាំកក់ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំខាងលើ។ គោលបំណងការចែករទេះរុញនេះ គឺស្របទៅតាមគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរប បខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ តែងតែរៀបចំកម្មវិធីជួបជុំជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីសួរនាំពីស្ថានភាពសុខភាព និងពិនិត្យសុខភាពជាបឋមជូនគាត់។ ក្នុងឱកាសនោះ មជ្ឈ​មណ្ឌលឯក​សារខេត្ត តាកែវ ក៏បានចែករទេះរុញជូនអ្នករស់រស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ ធ្វើឲ្យធូរស្បើយអារម្មណ៍ និងជួយសម្រាលបន្ទុកក្នុងគ្រួសារ។ នេះគឺជាលើកទីបីហើយដែលមជ្ឈមណ្ឌលឯកសារខេត្តតាកែវផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានទទួលបានរទេះរុញ ក៏បានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

១) ខ្ញុំឈ្មោះ ប៉ុន សាមិត្ត ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំមានជំងឺលើសឈាម និងបញ្ហាខួរក្បាល។ ខ្ញុំធ្លាក់ខ្លួនឈឺ​តាំងពីខ្ញុំសន្លប់នៅពេលកំពុងធ្វើការងារជាងផ្ទះឱ្យអ្នកភូមិ។ ក្រោយពីសន្លប់ ដៃជើងរបស់ខ្ញុំកម្រើកលែងបាន។ ខ្ញុំឈឺដើរលែងរួច ប្រហែលជា៣ទៅ៤ឆ្នាំមកហើយ។ ថ្ងៃនេះខ្ញុំទទួលបានរទេះរុញ ធ្វើឲ្យខ្ញុំត្រេកអរ និងសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំសូមជូនពរដល់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ ឱ្យប្រកបតែសេចក្តីសុខចម្រើម។

២) ខ្ញុំឈ្មោះ នួន ម៉ន ភេទប្រុស អាយុ៨៦ឆ្នាំ រស់នៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំសប្បាយខ្លាំងណាស់ ពេលដែលខ្ញុំទទួលបានរទេះរុញនេះ។ រទេះរុញនេះនឹងសម្រួលដល់ការធ្វើដំណើររបស់ខ្ញុំ ដូចជា ជិះទៅវត្ត និងជិះជុំវិញផ្ទះ។

៣) ខ្ញុំឈ្មោះ ចាប ដុំ ភេទប្រុស អាយុ៧៨ឆ្នាំ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំឈឺដើរមិនរួចជាងមួយឆ្នាំកន្លងមកហើយ។ សព្វថ្ងៃខ្ញុំរស់នៅតែពីរនាក់ប្រពន្ធ សូម្បីស្លៀកពាក់ខោអាវ ក៏ខ្ញុំមិនអាចស្លៀកពាក់ដោយខ្លួនឯងបានដែរ គឺទាល់តែប្រពន្ធរបស់ខ្ញុំជួយ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលខ្ញុំទទួលបានរទេះរុញនេះ ព្រោះអាចសម្រួលដល់ការធ្វើដំណើររបស់ខ្ញុំ ជាពិសេសខ្ញុំអាចជិះទៅវត្ត ដោយប្រពន្ធរបស់ខ្ញុំជួយរុញ។ ជាចុងក្រោយ ខ្ញុំអរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ រួមទាំងក្រុមការងារដែលបានផ្តល់រទេះរុញដល់ខ្ញុំ។

៤) ខ្ញុំឈ្មោះ ហ៊ុន អៀច ភេទស្រី អាយុ៧៥ឆ្នាំ បច្ចុប្បន្នខ្ញុំរស់នៅភូមិត្រពាំងកក់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវដែលបានចែករទេះរុញនេះដល់ខ្ញុំ។ ខ្ញុំសូមជូនពរដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវទាំងអស់មានសេចក្ដីសុខចម្រើន។

៥) ខ្ញុំឈ្មោះ ជុំ អិន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ជុំ សុខ និងម្ដាយឈ្មោះ ញិញ ម៉ៅ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ រយៈពេល១០ឆ្នាំមកហើយដែលខ្ញុំមិនអាចដើរទៅណាមកណាបាន ដោយសារខ្ញុំមានជំងឺលើសឈាម។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលទទួលបានរទេះរុញនេះ ព្រោះខ្ញុំមិនធ្លាប់ទទួលបានរទេះរុញនេះពីមុនទេ។ ខ្ញុំអាចជិះរទេះរុញនេះនៅជិតៗផ្ទះ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តតាកែវដែលបានផ្តល់រទេះរុញនេះដល់ខ្ញុំ។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ឱ្យសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម