មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់រទេះរុញ និង កាសជំនួយត្រចៀកជូនដល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំក្រពើពីរ និងឃុំប្រម៉ោយ

ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានផ្ដល់រទេះរុញចំនួន៣គ្រឿង និងកាសជំនួសត្រចៀកចំនួន២គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥នាក់ រស់នៅឃុំក្រពើពីរ និង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។  គួរបញ្ជាក់ថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលទទួលរទេះរុញ និង កាសជំនួយត្រចៀកនាពេលនេះ គឺសុទ្ធតែធ្លាប់ទទួលបានសេវាពិនិត្យសុខភាពជាបឋម និងប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យសុខភាពពីគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ការចែកជូនរទេះរុញ និង កាសជំនួយត្រចៀកខាងលើ ក៏មានការចូលរួមសហការ និងទទួលស្វាគមន៍ពីអាជ្ញាធរមូលដ្ឋានភូមិឃុំ ដោយបានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលប្រជាជនក្នុងភូមិរបស់ខ្លួនទទួលបានរទេះរុញ ដើម្បីធ្វើដំណើរទៅបុណ្យ ឬស្តាប់លោកទេសនានៅវត្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

នៅក្នុងឱកាសនោះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលទទួលបានរទេះរុញ និងកាសជំនួយត្រចៀកបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

១) ខ្ញុំឈ្មោះ សូ លន ភេទស្រី អាយុ៧០ឆ្នាំ កើតនៅភូមិត្រពាំងទន្លេ ឃុំកំពុងឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់កាសជំនួយត្រចៀកមកដល់ខ្ញុំ។ កាសជំនួយត្រចៀកនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះអាចជួយឱ្យខ្ញុំស្ដាប់ឮខ្លាំងច្បាស់ជាងមុន និងជួយឱ្យខ្ញុំងាយស្រួលក្នុងការទំនាក់ទំនងជាមួយបងប្អូនក្រុមគ្រួសារ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលតែងតែយកចិត្តទុកដាក់លើបង្ហាញសុខភាពរបស់ខ្ញុំ ព្រមទាំងផ្ដល់កាសជំនួយត្រចៀកដល់រូបខ្ញុំ។

២) ខ្ញុំឈ្មោះ ប៉ន ធឿន ភេទប្រុស អាយុ៧១ឆ្នាំ  កើតនៅភូមិព្រៃជ្រេស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលក្រុមការងាររមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ផ្ដល់រទេះរុញចំនួន១គ្រឿងដល់ខ្ញុំដែលជាជនពិការ។ រទេះរុញនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងជិះរទេះរុញចេញទៅលេងខាងក្រៅផ្ទះដោយខ្លួនឯងនៅក្បែរៗផ្ទះ និងមើលទេសភាពដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ។ ខ្ញុំក៏អាចប្រាស្រ័យទាក់ទងជាមួយញាតិមិត្តបងប្អូនក្នុងភូមិ។ ពិសេសមួយទៀត ក្រុមគ្រួសារខ្ញុំមិនសូវពិបាកមើលថែគ្រា ឬលើកខ្ញុំដូចមុនទៀតហើយ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលបានជូនរទេះរុញដល់រូបខ្ញុំ ប្រៀបដូចជាផ្ដល់ជើងថ្មីឱ្យខ្ញុំបានដើរម្ដងទៀត។ ខ្ញុំសូមជូនពរឱ្យក្រុមការងារទាំងអស់មានសុខភាពល្អ និងសំណូមពរឲ្យមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបន្តចែករទេះរុញជូនដល់ប្រជាជនជាបន្តបន្ទាប់ទៀត។

៣) ខ្ញុំឈ្មោះ សេក រី ភេទស្រី អាយុ៦៧ឆ្នាំ កើតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះមកសួរសុខទុក្ខអំពីបញ្ហាសុខភាព និងរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមរបស់ខ្ញុំដំបូង ខ្ញុំពិតជាមានអារម្មណ៍រីករាយ ព្រោះខ្ញុំចង់ចែករំលែករឿងរ៉ាវរបស់ខ្ញុំទាំងអស់ដល់កូនចៅជំនាន់ក្រោយ ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សយកទៅស្រាវជ្រាវ និងឈ្វេងយល់បន្ថែម។ ខ្ញុំកាន់តែសប្បាយរីករាយ ពេលដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែករទេះរុញឱ្យខ្ញុំដើម្បីជិះដោយខ្លួនឯង ដោយមិនចាំបាច់ពឹងកូន និងប្តី។

៤) ខ្ញុំឈ្មោះ តំ ឡន ភេទប្រុស អាយុ៧២ឆ្នាំ កើតនៅភូមិក្រាំងថ្កូវ ឃុំព្រះភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មូលហេតុដែលត្រចៀកខ្ញុំស្ដាប់មិនឮ គឺមកពីវ័យចាស់ជរាបូកផ្សំជំងឺប្រចាំកាយរបស់ខ្ញុំមានបញ្ហាត្រចៀក។ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះមកសម្ភាសន៍ខ្ញុំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដែលខ្ញុំបានឆ្លងកាត់។ កាសជំនួយត្រចៀកមួយនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះជួយឱ្យខ្ញុំងាយស្រួលក្នុងការស្ដាប់ច្បាស់ជាងមុន។ ខ្ញុំអាចទំនាក់ទំនងជាមួយកូនចៅ និងញាតិមិត្តជិតខាង។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានផ្ដល់កាសជំនួយត្រចៀកឱ្យខ្ញុំ។

៥) ខ្ញុំឈ្មោះ ចិន បឿន ភេទប្រុស អាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំពិតជាសប្បាយរីករាយ ដែលក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងផ្តល់នូវរទេះរុញមកខ្ញុំ។ រទេះរុញនេះពិតជាមានសារសំខាន់ណាស់ចំពោះខ្ញុំ ព្រោះជួយឱ្យខ្ញុំអាចជិះដោយខ្លួនឯងបាន មិនសូវលំបាកដល់កូនចៅ ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលតែងតែយកចិត្តទុកដាក់ដល់ខ្ញុំ ហើយក៏សូមជូនពរឱ្យក្រុមការងារទាំងអស់ជួបតែសេចក្ដីសុខ និងសម្រេចការងារគ្រប់ៗគ្នា។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»