ចន្លោះពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបាន ចែករទេះរុញចំនួន៥គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានជំងឺឡើងជាតិអាស៊ីត ឈឺចង្កេះ, ជំងឺសន្លាក់ និងវ័យចាស់ជរាពិបាកក្នុងការធ្វើដំណើរ ដែលស្ថិតនៅក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ការចែករទេះរុញនេះ ក៏មានការចូលរួមពីចៅសង្កាត់តាកោ និងសមាជិកសង្កាត់ដើម្បីចុះទៅជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមផ្ទះរៀងៗខ្លួន ។
គោលបំណងនៃការចែករទេះរុញ គឺដើម្បីជួយសម្រួលដល់ការរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូចជា ការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងជាមួយញាតិជិតខាង ឬចូលរួមនៅក្នុងកិច្ចការងារផ្សេងៗ ព្រមទាំងការបន្តការចែករំលែកការចងចំាពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ។ ការផ្តល់ជូនរទេះរុញនេះនឹងធ្វើឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានសុខភាពកាន់តែប្រសើរជាងមុន និងកាត់បន្ថយជំងឺបាក់ទឹកចិត្ត។ មួយវិញទៀត គឺជួយសម្រាលបន្ទុកមួយផ្នែកដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងការចំណាយថវិកាគ្រួសារទិញរទេះរុញ។ ក្នុងឱកាសនោះ អាជ្ញាធរភូមិ និងសង្កាត់បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដែលបានផ្ដល់រទេះរុញជូនប្រជាជននៅក្នុងភូមិ សង្កាត់របស់គាត់ ក៏ដូចជាផ្ដល់ឱកាសឲ្យជនដែលមានពិការភាពបានចូលរួមក្នុងកិច្ចការក្នុងមូលដ្ឋាន។ បន្ថែមលើនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានទទួលរទេះរុញ ក៏បានបង្ហាញពីអារម្មណ៍រំភើបរីករាយ
និងចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ នួន យ៉ុន ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិខ្នយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំពិតជាសប្បាយចិតខ្លាំងណាស់ដែលបានទទួលរទេះនេះ ព្រោះតាំងពីខ្ញុំធ្លាក់ខ្លួនឈឺមកគឺមិនដែលបានចេញទៅណាទេ។ ការឈឺចង្កេះរបស់ខ្ញុំអាចបណ្ដាលមកពីការធ្វើការងារធ្ងន់ៗនៅក្នុងសម័យខ្មែរក្រហម។ ខ្ញុំចាប់ផ្ដើមឈឺចង្កេះប្រហែល១០ឆ្នាំមុន និងបានទៅព្យាបាលនៅភ្នំពេញម្ដងដែរ ប៉ុន្តែដោយសារតែជីវភាពគ្រួសារខ្វះខាត មានកូនច្រើន ហើយត្រូវធ្វើដំណើរឆ្ងាយ ទើបខ្ញុំមិនបានទៅព្យាបាលបន្តទៀត។ នៅពេលដែលជាតិអាស៊ីតនៅក្នុងខ្លួនរបស់ខ្ញុំឡើង គឺធ្វើឲ្យខ្ញុំឈឺខ្លាំង ហើយកូនៗរបស់ខ្ញុំត្រូវចំណាយថវិកាទៅទិញថ្នាំនៅទីរួមខេត្តព្រៃវែងឲ្យខ្ញុំលេប ប៉ុន្តែប្រសិនបើកូនខ្ញុំមិនមានថវិកាគ្រប់គ្រាន់ទេ គឺទ្រាំឈឺបែបនេះ។ ខ្ញុំសូមជូនពរឲ្យក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងទទួលជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អទាំងអស់គ្នា។
ខ្ញុំឈ្មោះ ជុំ ចុន ភេទប្រុស អាយុ៨៧ឆ្នាំ រស់នៅភូមិគោកត្រុំខ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលពីឆ្នាំ២០២០ ខ្ញុំបានជួបហេតុការណ៍មួយដែលបណ្តាលឲ្យខ្ញុំមិនអាចដើរទៅណាមកណាបានដោយខ្លួនឯងទៀត ។ កាលនោះខ្ញុំត្រូវបានស្ត្រីម្នាក់ ដែលមានអាយុប្រហែល៥០ឆ្នាំជាង បានដាក់អន្ទាក់ខ្ញុំឲ្យដួលកង់នៅខ្លោងទ្វារក្នុងវត្ត។ ខ្ញុំបានបោកខ្លួនទៅនឹងដីរួចក៏បានសន្លប់។ ខ្ញុំត្រូវបានបងប្អូនយកមកសម្រាកនៅផ្ទះ និងអញ្ជើញគ្រូពេទ្យឲ្យមកព្យាបាលខ្ញុំ។ បន្ទាប់ពីខ្ញុំបានដឹងខ្លួន ខ្ញុំក៏បានធ្លាក់ខ្លួនពិការ។ ខ្ញុំបានខ្ចីរទេះរុញពីក្មួយខ្ញុំមកជិះ។ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានយករទេះរុញមកប្រគល់ជូនខ្ញុំ។ ខ្ញុំនឹងជិះរទេះរុញនេះជារៀងរាល់ថ្ងៃ ព្រមទាំងយករទេះរុញចាស់ទៅប្រគល់ឲ្យក្មួយរបស់ខ្ញុំវិញ។
ខ្ញុំឈ្មោះ គិត លាប ភេទស្រី អាយុ៨៤ឆ្នាំ ខ្ញុំរស់នៅភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហម អង្គការបានប្រើខ្ញុំឱ្យធ្វើការហួសកម្លាំង រួមមាន ស្ទូងដក រែកដី និងលើកភ្លឺស្រែ។ ចំណែកការហូបអាហារវិញគឺខ្ញុំហូបតែបបរតិចតួចប៉ុណ្ណោះ។ ខ្ញុំគិតថា ការឈឺសន្លាក់របស់ខ្ញុំសព្វថ្ងៃនេះគឺបណ្ដាលមកពីការធ្វើការងារធ្ងន់ៗរបស់ខ្ញុំនៅក្នុងសម័យខ្មែរក្រហម។ ខ្ញុំចាប់ផ្ដើមឈឺសន្លាក់ជាង១០ឆ្នាំមកហើយ ប៉ុន្តែដំបូងគឺខ្ញុំអាចដើរបាន។ ក្នុងរយៈពេល៣ខែចុងក្រោយនេះគឺខ្ញុំមិនអាចដើរបានទេ សូម្បីតែងើបឡើងដោយខ្លួនឯងក៏មិនបានដែរ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានប្រគល់រទេះរុញឲ្យខ្ញុំ។ ខ្ញុំអាចឲ្យកូនលើកដាក់ក្នុងរទេះរុញខ្ញុំទៅលេងៗជុំវិញផ្ទះ ឬក៏ទៅកន្លែងផ្សេងៗ។ នៅពេលដែលខ្ញុំបានអង្គុយលើរទេះរុញនេះគឺស្រួលខ្លួនព្រោះមានកន្លែងផ្អែកនៅខាងក្រោយដោយមិនសូវប្រើកម្លាំងទប់ខ្លួន។ ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងជូនពរឲ្យក្រុមការងារជោគជ័យគ្រប់ភារកិច្ច។
ខ្ញុំឈ្មោះ អ៊ិត យ៉ុង ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិត្នោតទ្រេត សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានជំងឺមួយដែលធ្វើឲ្យខ្ញុំទន់ជើង ហើយមិនអាចដើរបានស្រួល ព្រមទាំងមានជំងឺរលាកព្រះ។ នៅឆ្នាំ១៩៩៧ កំឡុងពេលដែលខ្ញុំចេញទៅឃ្វាលក្របីនៅខាងក្រោយផ្ទះ ស្រាប់តែងងឹតមុខ ហើយដួលសន្លប់។ បន្ទាប់ពីខ្ញុំដឹងខ្លួន ខ្ញុំមិនអាចងើបមកអង្គុយបានឡើយ ហើយសឹងតែមិនស្គាល់កូនចៅទៀតផង។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ទើបខ្ញុំបានធូរស្រាលជាងមុន ប៉ុន្តែជើងរបស់ខ្ញុំគឺមិនអាចដូចដើមឡើយ។ ខ្ញុំបានត្រឹមតែអង្គុយនៅមួយកន្លែង។ ខ្ញុំចង់ទៅណាមកណា ទាល់តែមានកូនក្មួយនៅចាំជួយ។ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំទទួលបាននូវរទេះរុញដ៏ថ្មីស្រឡាងនេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលបាននាំយករទេះរុញមកប្រគល់ជូនខ្ញុំ។ ខ្ញុំនឹងជិះរុញនេះទៅមើលគេមើលឯង, មើលបាល់ទាត់ និងចេញទៅលេងផ្ទះបងប្អូន ឬអ្នកជិតខាងនៅជិតៗនេះ។ ឥឡូវនេះ ខ្ញុំមិនទាន់ស្ទាត់ក្នុងការជិះរទេះរុញទេ ប៉ុន្តែខ្ញុំនឹងព្យាយាមជិះវាជារៀងរាល់ថ្ងៃ។
អត្ថបទ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា