នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំទស្សនកិច្ចសិក្សាស្ដីពី «សន្ដិភាព និង សិទ្ធិមនុស្ស» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន២០នាក់ មកពីវិទ្យាល័យស្រែណូយ។ ទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណងឲ្យសិស្សានុសិស្សបានចូលរួមទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តផ្ទាល់ដែលនៅសេសសល់ពីរបបខ្មែរក្រហម ក៏ដូចជាការឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្រ្តកាលពី២៦ឆ្នាំមុន ដែលសង្គ្រាមស៊ីវិលនៅតែបន្តកើតមាននៅតំបន់អន្លង់វែង។ លើសពីនេះ ទស្សនកិច្ចសិក្សានៅថ្ងៃនេះ នឹងជួយលើកកម្ពស់តម្លៃនៃសន្ដិភាព ការផ្សះផ្សា និងការអភិវឌ្ឍន៍សហគមន៍អន្លង់វែង។
នៅវេលាម៉ោង៨៖៣០នាទីព្រឹក សិស្សានុសិស្សបានធ្វើដំណើរមកដល់ការិយាល័យលើខ្នងភ្នំដងរែក ដែលជាអតីតផ្ទះប្រជុំរបស់ តាម៉ុក ហើយក្លាយជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងពេលបច្ចុប្បន្ន។ សិស្សានុសិស្សទាំងនោះមានទឹកមុខសប្បាយរីករាយ ពេលឃើញក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រង់ចាំទទួលស្វាគមន៍។
ជាកិច្ចចាប់ផ្ដើម បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រួមទាំងក្រុមការងារ បានធ្វើការណែនាំខ្លួនដល់សិស្សានុសិស្ស។ បន្ទាប់មក បណ្ឌិត លី សុខឃាង ធ្វើការសម្របសម្រួល និងធ្វើបទបង្ហាញទៅកាន់សិស្សានុសិស្ស ដោយផ្ដោតសំខាន់លើកិច្ចការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែលបានធ្វើកន្លងមក ជាពិសេសបានលើកយកបរិបទប្រវត្ដិសាស្រ្ដជុំវិញការកកើតរបបខ្មែរក្រហម សោកនាដកម្មក្រោមអំពើឃោរឃៅ និងការបិទបញ្ចប់នូវទំព័រប្រវត្ដិសាស្រ្ដនៃអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជាមកបង្ហាញ។ នៅក្នុងឱកាសនោះដែរ «ប្លង់គោលស្រុកអន្លង់វែង» ក៏ត្រូវបានបញ្ចាំងជូនដល់សិស្សានុសិស្សទស្សនា និងឈ្វេងយល់អំពីការអភិវឌ្ឍន៍សហគមន៍អន្លង់វែងទៅជាទីក្រុងសន្តិភាព ការបង្កើតជីវិតថ្មី និងភាពរុងរឿងនៅតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម។
កម្មវិធីបន្ទាប់ បណ្ឌិត លី សុខឃាង ចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «ខ្មែរបាត់បង់តន្ត្រីរ៉ក» រួមទាំងកុនឯកសារមន្ទីរសន្តិសុខស-២១ ដល់សិស្សានុសិស្សបានទស្សនា។ សិស្សានុសិស្សមួយចំនួនមានភាពរន្ធត់ នៅពេលបានឃើញសាកសពហើមស្អុយជាប់ដោយខ្នោះដៃជើងនៅក្នុងមន្ទីរស-២១ នៅក្នុងខ្សែភាពយន្តឯកសារ ដែលបង្ហាញដល់យុវជនឲ្យឃើញពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហមមកលើប្រជាជនខ្មែរ។ នៅក្នុងឱកាសនោះ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានចែកសៀវភៅទស្សនាវដ្ដី ស្វែងរកការពិត(លេខពិសេស) ជូនសិស្សានុសិស្ស សម្រាប់អាននិងសិក្សារៀនសូត្រ។ បន្ទាប់មកទៀត សិស្សានុសិស្សក៏បន្តដំណើរទៅកាន់ទីតាំងប្រវត្ដិសាស្រ្ដសំខាន់ៗមួយចំនួនដូចជា ទីតាំងបូជាសព ប៉ុល ពត, ទីតាំងបូជាសព សុន សេន និងក្រុមគ្រួសារ, កន្លែងលាក់ខ្លួន ប៉ុល ពត, ចេតិយ តាម៉ុក និងសារមន្ទីរ តាម៉ុក។
គួររំឭកថា «ដំណើរទស្សនកិច្ចសិក្សាស្ដីពី សន្តិភាព និងសិទ្ធិមនុស្ស» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងទៅលើប្រវត្ដិសាស្រ្ដដល់យុវជន ការកសាងសន្ដិភាព និងការផ្សះផ្សា។ ក្នុងនោះក៏មានការចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាមកកាន់តំបន់ប្រវត្តិសាស្រ្តតស៊ូចុងក្រោយរបស់ខ្មែរក្រហម ពី ឯកអគ្គរដ្ឋទូតតាមបណ្ដាប្រទេសនៃសមាជិកអាស៊ាន រួមមាន ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក, ឯកអគ្គរដ្ឋទូត ហ្វីលីពីន, ឯកអគ្គរដ្ឋទូត សិង្ហបុរី, ឯកអគ្គរដ្ឋទូត អូស្រា្តលី, រួមទាំងឧត្តមសេនីយ៍ឯក ចន សាន់ដឺសុន និងភរិយា ក្នុងនោះក៏មាន សាស្រ្តចារ្យ សុង ហូកាង នៃប្រទេសកូរ៉េ ដែរ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សិស្សវិទ្យាល័យស្រែណូយបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ រាជ គន្ធា ភេទស្រី អាយុ១៩ឆ្នាំ មកពីវិទ្យាល័យស្រែណូយ។ ខ្ញុំមានអារម្មណ៍ត្រេកអរណាស់ដែលមានឱកាសបានចូលរួមក្នុងដំណើរទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តនៅអន្លង់វែង។ គោលបំណងដែលខ្ញុំចង់មក គឺសិក្សាឈ្វេងយល់ទីតាំងប្រវត្តិសាស្រ្តផ្ទាល់ភ្នែក និងការពង្រឹងការយល់ដឹងផ្នែកប្រវត្តិសាស្រ្តបន្ថែម។ ចំពោះការធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្រ្តនីមួយៗខ្ញុំយល់ឃើញថា ខ្ញុំពិតជាបានសិក្សារៀនសូត្រច្រើនអំពីដើមហេតុនៃការមកតាំងទីលំនៅចុងក្រោយរបស់ខ្មែរក្រហម នៅតំបន់អន្លង់វែង។ ខ្ញុំឃើញពីលក្ខណៈពិសេស និងខ្លឹមសារដែលសរសេរបង្ហាញទីតាំងប្រវត្តិសាស្រ្តនីមួយៗបានកាន់តែច្បាស់។ ទីតាំងទាំងអស់ខ្ញុំចាប់អារម្មណ៍ទៅលើទីតាំងផ្ទះលាក់ខ្លួនរបស់ ប៉ុល ពត ជាងគេ ដោយសារ ប៉ុល ពត អាចរកទីតាំងលាក់ខ្លួនបានយ៉ាងល្អដោយគ្មានអ្នកណាងាយរកឃើញ។ ក្រៅពីនេះ ខ្ញុំបានឈ្វេងយល់និងស្គាល់ តាម៉ុក បានកាន់តែច្បាស់ ព្រមទាំងបានស្គាល់ពីផ្ទះរស់នៅរបស់គាត់កាលពីជំនាន់សង្គ្រាម។ នៅពេលខ្ញុំបានមកដល់ទីតាំងផ្ទាល់ ខ្ញុំអាចស្រមៃឃើញពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងទីតាំងនីមួយៗ។ ជាចុងក្រោយ ខ្ញុំសូមអរគុណទៅដល់ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលតែងតែផ្ដល់ឱកាសដល់សិស្សានុសិស្សអាចសិក្សារៀនសូត្រពីទីតាំងប្រវត្តិសាស្រ្តនៅក្នុងស្រុកអន្លង់វែង។
ខ្ញុំឈ្មោះ រី ចន្ទ្រា ភេទប្រុស អាយុ២១ឆ្នាំ មកពីវិទ្យាល័យស្រែណូយ។ ការចូលរួមក្នុងដំណើរទស្សនកិច្ចនៅថ្ងៃនេះ ធ្វើឲ្យខ្ញុំបានយល់ដឹងកាន់តែច្រើនអំពីប្រវត្តិសាស្រ្តដ៏ជូរចត់ ដូចជា ខ្ញុំបានស្គាល់ឈ្មោះមេដឹកនាំក្នុងរបបខ្មែរក្រហមរួមមាន ប៉ុល ពត, តាម៉ុក, នួន ជា និង ខៀវ សំផន។ ខ្ញុំបានដឹងពីទីកន្លែងស្លាប់របស់ ប៉ុល ពត, សុន សេន និងគ្រួសារ។ ការធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្រ្តនីមួយៗខ្ញុំចាប់អារម្មណ៍ទៅលើសារមន្ទីរផ្ទះ តាម៉ុក ជាងគេ ដោយសារនៅទីនោះមានសំណង់ផ្ទះទាំងបួន ហើយត្រូវបានថែរក្សាទុករហូតមកដល់បច្ចុប្បន្ននេះ។ សំណង់ទាំងនេះបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបានឃើញដោយផ្ទាល់។ ខ្ញុំមិនចង់ឲ្យកើតមានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជាទៀតទេ។ ខ្ញុំចង់ឲ្យប្រទេសកម្ពុជាស្ថិតនៅក្នុងសន្តិភាពជារៀងរហូត។ ដូច្នេះហើយ ទើបខ្ញុំខិតខំរៀនសូត្រ ដើម្បីចូលរួមការអភិវឌ្ឍន៍សង្គមជាតិ។
ខ្ញុំឈ្មោះ សុខ លីណា ភេទស្រី អាយុ១៨ឆ្នាំ មកពីវិទ្យាល័យស្រែណូយ។ ដំណើរទស្សនកិច្ចនៅថ្ងៃនេះ គឺជាលើកទីមួយសម្រាប់ខ្ញុំ ហើយខ្ញុំទទួលបាននូវបទពិសោធន៍ថ្មីៗ និងយល់ដឹងពីប្រវត្តិសាស្រ្តដែលមាននៅក្នុងស្រុកអន្លង់វែង។ ជាក់ស្ដែង ពីមុនមកខ្ញុំធ្លាប់តែរៀនតាមសៀវភៅ និងឮចាស់ៗនិយាយប្រាប់តៗគ្នាថានៅក្នុងសម័យនោះមានការលំបាកខ្លាំង ប៉ុន្តែមិនដែលបានជួបផ្ទាល់ និងឃើញពីរូបភាព ព្រមទាំងទីតាំងទាំងនេះផ្ទាល់ទេ។ ខ្ញុំបានមកជួបនិងឃើញផ្ទាល់ពីទីតាំងរស់នៅរបស់មេដឹកនាំខ្មែរក្រហម។ ខ្ញុំបានឃើញទីតាំងបូជាសាកសព ប៉ុល ពត ដែលជាមេខ្លោងធំក្នុងរបបខ្មែរក្រហម និងឃើញចេតិយ តាម៉ុក នៅក្នុងវត្តស្រះឈូក រួមទាំងផ្ទះស្នាក់នៅរបស់ តាម៉ុក។
ខ្ញុំឈ្មោះ ស៊ា ស្រីនីន ភេទស្រី អាយុ២០ឆ្នាំមកពីវិទ្យាល័យស្រែណូយ។ ខ្ញុំមានអារម្មណ៍រំភើប និងរីករាយដែលបានមកទស្សនាទីតាំងប្រវត្តិសាស្រ្តផ្ទាល់ រួមទាំងបានសិក្សារៀនសូត្របន្ថែមពីប្រវត្តិសាស្រ្តកាលពីជំនាន់ខ្មែរក្រហម។ ការចូលរួមទស្សនកិច្ចសិក្សានៅថ្ងៃនេះធ្វើឲ្យខ្ញុំបានស្គាល់ពីទីតាំង បូជាសព ប៉ុល ពត ទីតាំងបូជាសព សុន សេន និងគ្រួសារ និងទីតាំងចេតិយ តាម៉ុក។ ខ្ញុំចាប់អារម្មណ៍លើសារមន្ទីរផ្ទះតាម៉ុក ដោយសារនៅទីនោះមានភាពលេចធ្លោជាងគេ និងមានរូបគំនូរប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ រួមទាំងរូបគំនូរផែនទីប្រទេសកម្ពុជា។ ទីតាំងពិសេសមួយទៀត គឺទីតាំងផ្ទះលាក់ខ្លួនរបស់ប៉ុល ពត ដែលជាទីតាំងមួយដ៏កម្រនៅក្នុងសម័យសង្គ្រាម។ ពេលទស្សនាខ្សែភាពយន្តឯកសារ មន្ទីរសន្តិសុខស-២១ ខ្ញុំចាប់អារម្មណ៍ទៅលើរូបភាពអ្នកទោសដេកស្លាប់ដោយមានវះពោះ និងជាប់ច្រវាក់ ធ្វើឲ្យខ្ញុំមានភាពតក់ស្លុត និងភ័យខ្លាចពីទិដ្ឋភាពនៅក្នុងគុកទួលស្លែង។
អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា