នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា និង មន្ទីរពេទ្យ Inter Care បានប្រគល់សម្ភារបរិក្ខារពេទ្យ ជូនដល់មន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងព័ទជើងគោក នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងកម្មវិធីប្រគល់សម្ភារបរិក្ខារពេទ្យនេះ ក៏មានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធា និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៩០នាក់។ គោលបំណងក្នុងការប្រគល់សម្ភារបរិក្ខារពេទ្យទៅដល់មន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ គឺដើម្បីចូលរួមចំណែកថែទាំសុខភាពរបស់កងកទ័ពដែលកំពុងប្រចាំការនៅតាមអង្គភាព ប្រជាជនក្នុងសហគមន៍ និងជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យចាស់ជរា ហើយកំពុងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។ នៅក្នុងឱកាសនោះដែរ លោក រស់ សំពៅ តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានចែកអាវយឺត និងថង់យាម ជូនតា យាយ អ៊ំ ពូ មីង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកគ្រូអ្នកគ្រូ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
នៅចុងបញ្ចប់នៃកម្មវិធីឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ ឡើងសម្តែងការអរគុណ និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់មន្ទីរពេទ្យ Inter Care និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជួយឧបត្ថម្ភនូវសម្ភារបរិក្ខារពេទ្យសម្រាប់មន្ទីរពេទ្យនៃកងពលតូចថ្មើរជើងលេខ៣១។
បន្ទាប់ពីចប់កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅទស្សនាអគារសហគមន៍ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដែលសាងសង់ឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់ប្រជាជននៅក្នុងសហគមន៍ ពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកជួបជុំគ្នាដើម្បីប្រជុំពិភាក្សាទាក់ទងនឹងបញ្ហាសុខភាព និងនិយាយរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម។
អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា