មជ្ឈមណ្ឌលឯកសារកម្ពុជាចុះពិនិត្យសុខភាពបឋម និងចែករទេះរុញ រួមទាំងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាចំនួន១៩១នាក់ ក្នុងឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានចែករទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នកដែលមានពិការភាពដែរ។

ជាកិច្ចចាប់ផ្ដើមមេឃុំអបួនលើ លោក ហាន សុខន បានមានប្រសាសន៍បើកវេទិកា និងស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រជាជនដែលបានមកចូលរួមក្នុង «វេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាព» ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោកបន្តថា ការពិនិត្យសុខភាពមានសារសំខាន់ណាស់ ព្រោះអាចឲ្យយើងដឹងពីវិធីការពារជំងឺកាចសាហាវផ្សេងៗ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកមេឃុំ បានផ្តាំផ្ញើដល់អ្នកដែលបានចូលរួមវេទិកានេះសូមជួយផ្សព្វផ្សាយបន្តដល់សាច់ញាតិ និងអ្នកជិតខាងក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀត ដើម្បីឲ្យគាត់ដឹងពីវិធីថែទាំសុខភាពឲ្យកាន់តែច្រើនឡើង។ ជាទីបញ្ចប់ លោកមេឃុំ បានផ្តាំផ្ញើដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមត្រូវចេះថែរក្សាសុខភាព ហូបអាហារដែលមានជីវជាតិ និងសម្រាកឲ្យបានគ្រប់គ្រាន់ ព្រមទាំងចេះធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។

បន្ទាប់មកលោក ព្រំ ផល្លា និពន្ធនាយក ឌឹញូវ (D-News) ដែលផ្សព្វផ្សាយរឿងរ៉ាវរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់នូវការចាប់អារម្មណ៍ចំពោះការថែទាំសុខភាពដោយលោកសង្កត់ធ្ងន់ថា ការពិនិត្យសុខភាពមានសារសំខាន់ណាស់ជាពិសេសមនុស្សចាស់។ លោកបន្តថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែល​មកពិនិត្យសុខភាពនៅថ្ងៃនេះគឺធ្លាប់បានចូលរួមផ្តល់បទសម្ភាសន៍អំឡុងឆ្នាំ២០២១ កន្លងទៅ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់អ្នកស្ម័គ្រ​កម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីអាចឲ្យអ្នកស្ម័គ្រចិត្តកត់ត្រាប្រវត្តិរឿងរ៉ាវពីរបបខ្មែរក្រហមទុកជាឯកសារ សម្រាប់ក្មេងៗជំនាន់ក្រោយបានសិក្សាស្រាវ​ជ្រាវបន្តទៀត។

តមកវេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ មានប្រសាសន៍ក្នុងវេទិកាអប់រំពីសុខភាពបន្ទាប់ពីពិនិត្យជំងឺបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា ការពិនិត្យសុខភាពមានសារសំខាន់បំផុតសម្រាប់អ្នកជំងឺ។ ការពិនិត្យរកឃើញជំងឺទាន់ពេលវេលា គឺជាជំនួយដើម្បីអាចឲ្យគ្រូពេទ្យមានលទ្ធភាពព្យាបាលអ្នកជំងឺឲ្យបានជោគជ័យ ត្រឹមត្រូវ និងមិនយឺតពេល។ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន បន្ថែមថា អ្នកជំងឺដែលមានសម្ពាធឈាមលើសត្រូវតាមដានសម្ពាធឈាមឲ្យបានញឹកញាប់ដើម្បីដឹងពីសម្ពាធឈាមខ្លួនឯង ងាយស្រួលគ្រប់គ្រង និងត្រូវលេបថ្នាំជាប្រចាំទោះបីសម្ពាធឈាមបានចុះក៏ដោយ។ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន ក៏បានផ្តាំផ្ញើ យាយ តា អ៊ំ ពូ មីង ទាំងអស់ត្រូវពិសាអាហារដែលមានរសជាតិសាប ឬអាហារដែលមានរសជាតិប្រៃល្មមចៀសវាងអាហារដែលមានរសជាតិប្រៃ និងផ្អែមខ្លាំង។ រសជាតិផ្អែម និងប្រៃខ្លាំង អាចនាំឲ្យ យាយ តា អ៊ំ ពូ មីង ប្រឈមមុខនឹងជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ទឹកនោមប្រៃ និងជំងឺផ្សេងៗទៀត។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ គឺជាកម្មវិធីពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៧០នាក់ បន្ថែមទៀតពីវេជ្ជបណ្ឌិតចំនួនបីរូប គឺ វេជ្ជបណ្ឌិត ឡាវ ហាវ៉ាន វេជ្ជបណ្ឌិត ឡុង ដារ៉ា វេជ្ជបណ្ឌិត កែវ គឹមសួ ព្រមទាំងគិលាននុបដ្ឋាយិកាចំនួនបីរូបគឺ អ្នកគ្រូពេទ្យ អ៊ូ បញ្ញា អ្នកគ្រូពេទ្យ ថន ម៉ារី និងអ្នកគ្រូពេទ្យ នឿន សុខរ៉េន នៃមន្ទីរពេទ្យខេវីត្បូងឃ្មុំ។ បន្ទាប់ពីវេទិកាពិនិត្យសុខភាព គឺមានវេទិកាអប់រំពីសារសំខាន់នៃការថែទំាសុខភាព។

នៅក្នុងឱកាសនោះ វេជ្ជបណ្ឌិត ឡុង ដារ៉ា បានមានប្រសាសន៍នៅក្នុងវេទិកាអប់រំអំពីសុខភាពថា ប្រភេទជំងឺនៅថ្ងៃនេះរួមមានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែកមានចំនួនច្រើនជាងប្រភេទជំងឺដទៃដូចទៅនឹងថ្ងៃទី១ដែរ។ បន្ទាប់មកគឺជំងឺឈឺសន្លាក់ដៃជើង និងជំងឺបន្ទាប់បន្សំផ្សេងៗទៀត។ វេជ្ជបណ្ឌិត ឡុង ដារ៉ា បន្តថា ជំងឺលើសសម្ពាធឈាមគឺបណ្តាលមកពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមកពិនិត្យសុខភាព គឺភាគច្រើននិយមចូលចិត្តហូបប្រៃដោយមិនដឹងខ្លួន​ ដូចជា ការហូបផ្អក ប្រហុក និងត្រីងៀត ជាដើម ហើយនៅស្ទើរតែគ្រប់ផ្ទះមានពាងសម្រាប់ផ្ទុកអាហារផ្អាប់ទំាងអស់នេះ។ វេជ្ជបណ្ឌិត ឡុង ដារ៉ា បន្តថា យោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោកបង្ហាញថា មនុស្សម្នាក់ត្រូវការអំបិលប្រហែល១ស្លាបព្រាកាហ្វេ និងស្ករប្រហែល៥ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ជាអាហាររូបត្ថម្ភដែលត្រឹមត្រូវសម្រាប់សុខភាពរូបរាងកាយ។ វេជ្ជបណ្ឌិត ឡុង ដារ៉ា បន្ថែមថា សម្ពាធឈាមដែលត្រឹមត្រូវសម្រាប់មនុស្សទូទៅគឺ១៤ និងកម្រិតស្ករគឺចន្លោះពី ៩០-១២០ (សម្រាប់ការពិនិត្យដែលមិនទាន់ទទួលទានអាហារ) កម្រិតលើសពីនេះគឺជារោគសញ្ញា ឬជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។ ពេលពិនិត្យឃើញកម្រិតដូចខាងលើ គ្រូពេទ្យ នឹងណាត់អ្នកជំងឺជួបដើម្បីពិនិត្យម្តងទៀត ប្រសិនបើកម្រិតស្ករ និងសម្ពាធឈាមដូចឬលើសពីលើកទី១ គ្រូពេទ្យនឹងណែនាំអ្នកជំងឺឲ្យលេបថ្នាំ។ សូមបញ្ជាក់ថា ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ គឺអ្នកជំងឺត្រូវលេបថ្នាំដើម្បីរក្សាកម្រិតស្ករ និងកម្រិតឈាមកុំឲ្យប្រែប្រួលខ្លាំងប៉ុណ្ណោះ ហើយត្រូវលេបថ្នាំពេញមួយជីវិត។

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដែលថ្ងៃចុងក្រោយនៃវេទិកាពិនិត្យសុខភាព និងអប់រំអំពីសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែករទេះរុញចំនួន១០គ្រឿង និងកាសជំនួយត្រចៀកចំនួន៨ ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពរស់នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ការចែករទេះរុញ និងកាសជំនូយត្រចៀក គឹដើម្បីជួយសម្រាកការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ និងទំនាក់ទំនងជាមួយកូនចៅនៅក្នុងគ្រួសារ។

អត្ថបទ ៖ អេង សុខម៉េង បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖