នៅវេលាម៉ោង៨:៣០ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តមកពីខេត្តត្បូងឃ្មុំ និងខេត្តក្រចេះចំនួន៤០នាក់ ដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សា «ផ្លូវរថភ្លើងខ្មែរក្រហម» ផ្តោតលើប្រធានបទ «អំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិប្បតេយ្យ ៖ ការជម្លៀសដោយបង្ខំនៅដំណាក់កាលទី៣» ចាប់ពីនៅថ្ងៃទី១ ដល់ ទី៥ ខែមិថុនា ឆ្នាំ២០២៤ បានមកធ្វើទស្សនកិច្ចសិក្សា និងជួបជាមួយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ បន្ទាប់ពីលោក ឆាំង យុ ទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តទាំង៤០នាក់រួចមក លោក ឆាំង យុ បានលើកឡើងពីប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅក្នុងពិធីបើកសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រព្រឹត្តទៅពីថ្ងៃ ទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធ ពលខេមរភូមិន្ទ ដែលមានខ្លឹមសារដូចខាងក្រោម ៖
ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង ស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និង ឯកជន ចាប់ពី អនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍន៍ជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និង ជំនាន់ផ្សេងគ្នារួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម។
យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជារបស់កាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ។ សន្និសីទថ្ងៃនេះ គឺជាគំរូដ៏ប្រសើរ នៃកិច្ចសហប្រតិបត្តិការល្អ និង សាមគ្គីភាព រវាងតួអង្គពាក់ព័ន្ធផ្សេងៗ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលបានជួយរាជរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលការបង្រៀនអំពីប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ ទៅក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និង ស្ថាប័ន និង សម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដោយប្រើប្រាស់ប្រវត្តិសាស្រ្ត ដើម្បីត្រិះរិះពិចារណា និង បំផុសគំនិត សម្រាប់អនាគតកម្ពុជា។
បន្ទាប់មក អ្នកស្ម័គចិត្តកម្ពុជាមកពីខេត្តត្បូងឃ្មុំចំនួន២ក្រុម បានឡើងធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីអ្វីដែលខ្លួន និងក្រុមរបស់ខ្លួនបានរៀនសូត្រចេញដំណើរទស្សនកិច្ចសិក្សា «ផ្លូវរថភ្លើងខ្មែរក្រហម» ពីភ្នំពេញទៅកាន់ខេត្តកំពត និងបានជួបសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និងទំនប់ម្លេចក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
នៅក្នុងឱកាសនោះដែរ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានអនុញ្ញាតឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាសួរសំណួរទាក់ទងនឹងការរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការសាងសង់ការិយាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមបណ្តារខេត្តនានា ជាពិសេសេនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
អ្នកស្ម័គ្រចិត្តភាគច្រើនបានដឹងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកាន់តែច្បាស់ និងបានយល់ដឹងពីបញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត ដូចជាជំងឺផ្លូវចិត្ត (ជំងឺបាក់ស្បាត់) ដែលបន្សល់ពីរបបខ្មែរក្រហម ។ ការយល់ដឹងបញ្ហាខាងលើនេះបានធ្វើឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាមានការជឿជាក់ និងកាន់តែអាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកស្ម័គ្រចិត្តកម្ពុជាបានសំណូមពរលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះទៀត ដើម្បីឲ្យយុវជនជំនាន់ក្រោយបានរៀនសូត្រអំពីប្រវត្តិសាស្ត្រឈឺចាប់របស់ប្រទេសជាតិខ្លួន។
ចុងក្រោយ លោក ឆាំង យុ នាយកបានផ្តាំផ្ញើអ្នកស្ម័គ្រចិត្តទាំងអស់ឲ្យរក្សាទំនងទំនងជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងមិត្តភក្កិដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សាតាមផ្លូវរថភ្លើងនេះ។
អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម