អន សំ ៖ ខ្ញុំបានធូរស្បើយពីជំងឺច្រើនមុខ ដោយសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ អន សំ ភេទស្រី អាយុ៧១ឆ្នាំ ជាជនជាតិខ្មែរ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំដដែល។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែ។ ស្ថានភាពគ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ។ សព្វថ្ងៃ ខ្ញុំមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រពះពោះវៀន និងជំងឺធ្លាក់ស។

ខ្ញុំធ្លាប់បានជួបជាមួយក្រុមការងារ និងចូលរួមកម្មវិធីរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួន៣ដងរួចមកហើយ។ កម្មវិធីទាំងនោះគឺ ខ្ញុំផ្តល់បទសម្ភាសន៍ពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហមដល់ចៅស្រី វណ្ណេត គឺជាអ្នកស្ម័គ្រចិត្តរស់នៅក្នុងភូមិនេះ ក្នុងវេទិកាអប់រំពីការថែទាំសុខភាព និង ការពិនិត្យ និងពិគ្រោះយោបល់ពីបញ្ហាសុខភាព។ សម្រាប់ការជួបសម្ភាសន៍ពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហម គឺអ្នកស្ម័គ្រចិត្តកម្ពុជាជាអ្នកជួបសម្ភាសន៍ផ្ទាល់ជាមួយខ្ញុំ។ ខ្ញុំបាននិយាយរៀបរាប់រឿងរ៉ាវការងាររបស់ខ្ញុំ ដូចជា ទៅជីកព្រែក ទៅធ្វើការតាមកងដោយមិនមានអាហារហូបចុកគ្រប់គ្រាន់ និងនិយាយប្រាប់អំពីការចាប់ខ្លួនខ្ញុំដោយកងឈ្លបខ្មែរក្រហមនៅវត្តចារដោយសារខ្ញុំបានលួចរត់មកផ្ទះវិញ។ ខ្ញុំពិតជាពេញចិត្តជាខ្លាំង ក្នុងការដែលមានអ្នកស្ម័គ្រចិត្តមកសម្ភាសន៍រឿងរ៉ាវដែលខ្ញុំធ្លាប់បានឆ្លងកាត់។

ថ្ងៃមួយ ចៅស្រី វណ្ណេត ដែលជាអ្នកស្ម័គ្រចិត្តនោះ បានមកផ្ទះខ្ញុំ ហើយបានអញ្ជើញខ្ញុំឲ្យទៅចូលរួមប្រជុំនៅភូមិសម្តេចពាន់។ ចៅស្រីបានប្រាប់ថា ឲ្យទៅចូលរួមវេទិកាអប់រំពីការថែទាំសុខភាព ការពិនិត្យសុខភាព និងពិគ្រោះយោបល់អំពីបញ្ហាសុខភាព ដោយមិនមានបង់ប្រាក់អ្វីឡើយ។ ខ្ញុំសប្បាយចិត្តដែរ ប៉ុន្តែខ្ញុំមិនទាន់ជឿជាក់ប៉ុន្មានទេ។ ខ្ញុំក៏បានសម្រេចចិត្តទៅចូលរួមតាមការអញ្ជើញ។ នៅក្នុងគ្រួសាររបស់ខ្ញុំមិនមាននរណារារាំង ឬហាមឃាត់មិនឲ្យខ្ញុំទៅចូលរួមទេ គឺកូនៗពេញចិត្តនឹងជូនខ្ញុំទៅទៀតផង។ មុនពេលចូលរួមក្នុងកម្មវិធី ខ្ញុំបានគិតថា ខ្ញុំនឹងទទួលបានផលប្រយោជន៍ ដូចជា ទទួលបានថ្នាំពេទ្យ និងការពិនិត្យសុខភាពដោយមិនអស់ប្រាក់តាមការប្រាប់របស់ចៅស្រី។

ក្នុងពេលចូលរួមកម្មវិធី ខ្ញុំបានធ្វើដំណើរទៅដោយមិនបានចំណាយអ្វីឡើយ ព្រោះមជ្ឈមណ្ឌលឯកសារកម្ពុជាជាអ្នកចំណាយលើការធ្វើដំណើររបស់ខ្ញុំ។ ខ្ញុំមិនមានអារម្មណ៍ថាធុញទ្រាន់ឡើយ អំឡុងពេលចូលរួមក្នុងកម្មវិធីនេះ ដោយសារខ្ញុំបានជួបជជែកពីបញ្ហាសុខភាពជាមួយគ្រូពេទ្យ និងបានជួបជាមួយអ្នកភូមិឯទៀត។ ខ្ញុំនៅចាំបានថា កម្មវិធីនោះធ្វើឡើងគឺដើម្បីផ្ដល់សេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ មានការណែនាំអប់រំពីបញ្ហាសុខភាព ហើយបានឲ្យកូនសៀវភៅមួយដែលនិយាយអំពីការថែទាំសុខភាពដល់ខ្ញុំ និងអ្នកឯទៀតដែរ។ ខ្ញុំទទួលបានចំណេះដឹងជាច្រើនពីកម្មវិធីមួយនោះ ដូចជា បានយល់ដឹងពីការថែទាំសុខភាព ការជ្រើសរើសម្ហូបអាហារដែលល្អសម្រាប់សុខភាព ការប្រើប្រាស់ថ្នាំឲ្យត្រូវតាមប្រភេទជំងឺ បានយល់ដឹងពីការពិនិត្យសុខភាពជាប្រចាំ គឺរៀងរាល់៦ខែម្ដង និងបានយល់ដឹងពីការហាត់ប្រាណដែលជាផ្នែកមួយធ្វើឲ្យសុខភាពប្រសើរឡើង។ ក្នុងកម្មវិធីនោះ ខ្ញុំទទួលបានសេវាពិនិត្យសុខភាពដោយមិនអស់ប្រាក់ ការអប់រំអំពីបញ្ហាសុខភាព ឯកសារព័ត៌មានស្ដីពីការថែទាំសុខភាព និងថវិកាសម្រាប់សោហ៊ុយធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី។

បន្ទាប់ពីបានចូលរួម និងបានទៅទិញថ្នាំលេបតាមវេជ្ជបញ្ជារួចមក ស្ថានភាពជំងឺរបស់ខ្ញុំមានសភាពធូរស្រាលច្រើនជាងមុន។ ជំងឺទឹកនោមផ្អែមរបស់ខ្ញុំ ក៏បានធូរស្បើយជាងមុន។ ជាតិស្ករក្នុងឈាមរបស់ខ្ញុំ ក៏មិនសូវឡើងខ្លាំងដូចមុន។ ខ្ញុំមានសង្ឃឹមច្រើនឡើងវិញពីបញ្ហាសុខភាពរបស់ខ្ញុំ។ ដោយសារតែខ្ញុំមានសភាពធូរស្បើយច្រើនពីជំងឺ ខ្ញុំសន្យាថា ខ្ញុំនៅតែបន្ដប្រើប្រាស់ចំណេះដឹង និងអនុវត្តជាប្រចាំទៅលើការថែទាំសុខភាពជាប្រចាំថ្ងៃដោយខ្លួនឯង ហូបអាហារដែលល្អសម្រាប់សុខភាព ការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជាគ្រូពេទ្យ ការតាមដានសុខភាពជាប្រចាំ និងការហាត់ប្រាណជាប្រចាំ។

ក្រោយពេលចូលរួមក្នុងកម្មវិធី ខ្ញុំបានចែករំលែកព័ត៌មាន និងចំណេះដឹងពីការថែទាំសុខភាពទៅអ្នកជិតខាង និងកូនចៅរបស់ខ្ញុំ ដូចជា ការថែទាំសុខភាពជាប្រចាំដោយខ្លួនឯង ការប្រើប្រាស់ថ្នាំឲ្យត្រូវតាមប្រភេទជំងឺ និងការធ្វើលំហាត់ប្រាណផ្សេងៗដើម្បីជួយដល់រាងកាយ។

ខ្ញុំពិតជាមានអារម្មណ៍ថារីករាយដែលបានចូលរួមកម្មវិធីនេះ ហើយខ្ញុំសំណូមពរឲ្យមានការបង្កើតកម្មវិធីនេះទៀត ព្រោះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានយល់ដឹងពីជំងឺរបស់ខ្លួន និងចេះថែទាំសុខភាពផ្ទាល់ខ្លួន។

រឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយដែលមានបងប្អូនចំនួន១០នាក់ គឺស្រី៦នាក់ និងប្រុស៤នាក់។ ខ្ញុំមានកូនចំនួន៣នាក់ គឺប្រុស២នាក់ និងស្រី១នាក់។ នៅសម័យខ្មែរក្រហម ដំបូង ខ្ញុំធ្វើការងារជីកព្រែកនៅស្ពានហូរឈាម ហើយនៅទីនោះមិនសូវលំបាកទេ។ ក្រោយមក ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យទៅធ្វើត្រីប្រហុកនៅខេត្តកណ្ដាលរយៈពេលកន្លះខែ ជាមួយអ្នកភូមិឯទៀត។ បន្ដមកទៀត ខ្ញុំ និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅធ្វើការងារផ្សេងៗពីគ្នាពីភូមិមួយទៅភូមិមួយនៅក្នុងខេត្តតាកែវ។ ខ្ញុំបានធ្វើការនៅក្នុងកងចល័តក្នុងស្រុកអង្គរបុរី និងធ្វើការងារជាអ្នកថែទាំកុមារតូចៗ មានដូចជា ងូតទឹក និងដុសក្អែលឲ្យកុមារ។ កាលនោះ ខ្ញុំមានអាយុប្រហែល២១ឆ្នាំ។ បន្ទាប់មក ខ្ញុំបានទៅធ្វើការងារជីកព្រែកនៅវត្តថ្មីរយៈពេល២ទៅ៣ខែដោយខ្ញុំនៅក្នុងកងវរសេនាតូចលេខ៣ ដែលមានមនុស្សចំនួន៤០០នាក់។ ខ្ញុំជីកព្រែកពីទំនប់ផ្កាឈូកទៅដល់ស្ទឹងព្រែកគ្រួសស្ថិតក្នុងខេត្តកណ្ដាល។ ក្រោយមក ខ្ញុំក៏បានមកធ្វើការងារជាអ្នកលើកភ្លឺស្រែ។ ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យទៅធ្វើស្រែ បោចស្មៅក្នុងស្រែ និងធ្វើជីលេខ១ គឺជីលាមកមនុស្ស ដើម្បីដាក់ស្រែនៅត្រពាំងត្រកៀត។

ក្រៅពីធ្វើស្រែ ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យទៅទប់ទឹកនៅត្រពាំងរកាឈូក រយៈពេលមួយយប់មួយថ្ងៃ ទើបត្រឡប់មកនៅវត្តធម្មវិន័យវិញ។ កំឡុងពេលនោះដែរ ខ្ញុំបានហូបបាយ ឆ្អែតគ្រប់គ្រាន់។ ក្រោយពីស្នាក់នៅវត្តធម្មវិន័យមួយរយៈ ខ្ញុំត្រូវបានខ្មែរក្រហមផ្លាស់មកធ្វើការនៅក្នុងឃុំស្នោវិញ។ ខ្ញុំបានរៀបការជាប្ដីរបស់ខ្ញុំឈ្មោះ មុំ។ បន្ទាប់ពីរៀបការរួចហើយ ខ្ញុំនិងប្ដីបានទៅរស់នៅវត្តចារ ដោយខ្មែរក្រហមប្រើឲ្យស្ទួងដកប្រហែល២ទៅ៣ខែទើបរបបខ្មែរក្រហមដួលរលំ។ អំឡុងពេលវៀតណាមចូលមករំដោះ ខ្ញុំបាននាំគ្នារត់ទៅដល់មើមក្រចិនខាងកើតសំរោងយ៉ោង ហើយក្រោយមកមកទើបត្រឡប់មករស់នៅភូមិកំណើតវិញ។ នៅក្នុងរបបខ្មែរក្រហមប្អូនរបស់ខ្ញុំដែលមានអាយុប្រហែល១០ឆ្នាំ បានស្លាប់ដោយសារកើតជំងឺកញ្រ្ជិល។

អត្ថបទ និង រូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖