អតីតភូមិត្រពាំងវែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អតីតភូមិត្រពាំងវែងត្រូវបានបង្កើតឡើងដោយកម្មាភិបាលខ្មែរក្រហម។ ភូមិនេះមានទីតាំងនៅជាប់ជើងភ្នំអរិយកន្ត ក្នុងឃុំព្រះ នេត្រព្រះ ស្រុកព្រះនេត្រព្រះ តំបន់៥ ភូមិភាគពាយ័ព្យ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។ បើតាមប្រជាជនដែលធ្លាប់បានរស់នៅក្នុងភូមិត្រពាំងវែងក្នុងរបបខែ្មរក្រហមបានរៀបរាប់ថា «ឈ្មោះភូមិត្រពាំងវែង ត្រូវបានហៅតៗគ្នាតាមរយៈប្រជាជនមូលដ្ឋាន ព្រោះនៅតំបន់នោះមានត្រពាំងវែងពីបូរាណមួយ។ ត្រពាំងនេះមិនសូវជ្រៅប៉ុន្មាននោះទេ ប៉ុន្តែមានទឹកថ្លាឆ្វង់ ហើយទឹកក្នុងត្រពាំងក៏ត្រូវបានប្រជាជនប្រើប្រាស់ដែរ»។
នៅខែមេសា ឆ្នាំ១៩៧៥ ពេលយោធាខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ ផ្ទះរបស់ប្រជាជននៅភូមិកណ្តាលមួយចំនួននៅក្នុងឃុំព្រះនេត្រព្រះត្រូវបានយោធាខ្មែរក្រហមរុះរើ និងដុតចោល បន្ទាប់ពីជម្លៀសប្រជាជនចេញអស់។ នៅអំឡុងឆ្នាំ១៩៧៥ដដែល កម្មាភិបាលខ្មែរក្រហមនៅក្នុងឃុំព្រះនេត្រព្រះបានបង្កើតភូមិថ្មីមួយ គឺភូមិត្រពាំងវែងសម្រាប់ឲ្យប្រជាជនដែលជម្លៀសចេញពីភូមិកណ្តាលស្នាក់នៅ។ ដំបូងកម្មាភិបាលខ្មែរក្រហមបាននាំកម្លាំងទៅកាប់ឆ្ការនៅភូមិត្រពាំងវែង ព្រោះភូមិនេះមានព្រៃដុះព័ទ្ធជុំជិត។ បន្ទាប់មកខ្មែរក្រហមបានសាងសង់ខ្ទមស្បូវចំនួន១៥ សម្រាប់ប្រជាជន៣០គ្រួសារ។ ខ្ទមនីមួយៗត្រូវបានខណ្ឌជាប្រឡោះសម្រាប់២គ្រួសារស្នាក់នៅ។ ខ្ទមស្បូវទាំងនេះ ត្រូវបានសាងសង់ឡើងជាពីរជួរទល់មុខគ្នា។ បន្ទាប់ពីកម្មាភិបាលខ្មែរក្រហមនៅមូលដ្ឋានសាងសង់ខ្ទមទាំងនោះរួចរាល់ ប្រជាជនក្នុងភូមិកណ្តាលត្រូវបានបញ្ជូនឲ្យមករស់នៅភូមិត្រពាំងវែងនេះ។ ខ្ទមនីមួយៗត្រូវបានខ្មែរក្រហមសរ សេរលេខរៀងសម្គាល់ ហើយមុននឹងអនុញ្ញាតឲ្យប្រជាជនមូលដ្ឋានចូលស្នាក់នៅ គឺខ្មែរក្រហមតម្រូវឲ្យប្រជាជនចាប់ឆ្នោត ព្រោះខ្មែរក្រហមយល់ថាដីក្នុងបរិវេណនៃខ្ទមស្បូវនីមួយៗមានជីវជាតិខុសៗគ្នាសម្រាប់ដាំដំណាំ។ ខ្មែរក្រហមធ្វើដូច្នេះក្នុងគោលបំណងកុំឲ្យប្រជាជនច្រណែនគ្នា។ បន្ទាប់ពីចែកខ្ទមរួច ប្រធានភូមិបានបែងចែកការងារឲ្យប្រជាជនគ្រប់ៗគ្នា។ ប្រធានភូមិបានចាត់តាំងប្រជាជនក្នុងភូមិត្រពាំងវែងដាំ ដំឡូងមី ពោត សំណ្តែក និង ស្រូវ។ ចំណែកប្រជាជនដែលមានវ័យចំណាស់ត្រូវមានតួនាទីវេញខ្សែគោ ក្រងកញ្ជើ និងចង្អេរជាដើម។ ប្រសិនជាប្រជាជនមានជំងឺធ្ងន់ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យវត្តពោធិ៍កែវព្រះនេត្រព្រះ។
នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមបានជម្លៀសប្រជាជន ១៧ មេសា ឬ ប្រជាជនថ្មីជាច្រើនគ្រួសារមកស្រុកព្រះនេត្រព្រះ នៅក្នុងនោះប្រជាជនថ្មីមួយចំនួនត្រូវបែងចែកឲ្យនៅក្នុងភូមិត្រពាំងវែងដោយបានសង់ខ្ទមបន្ថែមជាច្រើនទៀតនៅតាមចន្លោះកណ្តាលនៃខ្ទមដែលខ្មែរក្រហមបានសង់រួច។ ប្រជាជនដែលរស់នៅក្នុងភូមិត្រពាំងវែងខ្វះខាតអាហារហូបចុកយ៉ាងខ្លាំង។ នៅពេលនោះ ខ្មែរក្រហមបានចែកន្ទក់ឲ្យប្រជាជនដែលរស់នៅក្នុងភូមិនេះ ដោយក្នុងម្នាក់ៗទទួលបានកន្ទក់មួយចានសម្រាប់ហូប។ ប្រជាជនបានយកកន្ទក់ទាំងនោះទៅធ្វើអាហារផ្សេងៗ ដូចជាប្រជាជនខ្លះបានយកកន្ទក់នោះទៅបបរលាយជាមួយនឹងគល់ចេក។ ចំណែកប្រជាជនខ្លះទៀតបានយកកន្ទក់ដែលទទួលបាននោះធ្វើជានំអន្សម ឬធ្វើម្ហូបផ្សេងទៀត។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ភូមិត្រពាំងវែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្មាភិបាលស្រុកព្រះនេត្រព្រះ រួមមាន ៖ ឈ្មោះ អន ម៉ោង គឺជាលេខាស្រុក សំអាត គឺជាអនុលេខា ស្រុក, តាពត គឺជាអនុលេខាស្រុក និង ពុំ ខូ ហៅ តាខូ គឺជាសមាជិក និងជាគណៈកម្មាធិការស្រុក។ ស្រុកព្រះនេត្រព្រះ មានឃុំចំនួន៦ គឺឃុំព្រះនេត្រព្រះ ឃុំជប់វ៉ារី ឃុំទានកម្ម ឃុំភ្នំលាប ឃុំទឹកជោរ និង ឃុំរហាល។ នៅក្នុង ឆ្នាំ១៩ ៧៧ កម្មាភិបាលស្រុកព្រះនេត្រព្រះឈ្មោះ អន ម៉ោង សំអាត តាពត និងគណឃុំភាគច្រើននៅក្នុងស្រុកនេះ ត្រូវបានខ្មែរក្រហមចាប់ខ្លួន និង សម្លាប់។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនកម្មាភិបាលពីភូមិភាគនិរតីមកដឹកនាំនៅស្រុកព្រះនេត្រព្រះ។ អ៊ឹម ចែម ហៅ យាយចែម ដែលជាអតីតលេខាស្រុកកោះអណ្តែត (ស្រុក១០៨) តំបន់១៣ ភូមិភាគនិរតី ត្រូវបានបញ្ជូនឲ្យមកដឹកនាំស្រុកព្រះនេត្រព្រះ និងតំបន់៥ នៃភូមិភាគពាយ័ព្យ។ បច្ចុប្បន្ន អ៊ឹម ចែម ហៅ យាយចែម គឺជាជនសង្ស័យម្នាក់នៅក្នុងសំណុំរឿង ០០៤/១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានប្រជាជន ១៧ មេសា ឬ ប្រជាជនថ្មីជាច្រើន ត្រូវបានខ្មែរក្រហមជម្លៀសមកស្រុកព្រះនេត្រ។ ចំនួនប្រជាជន១៧ មេសា ឬ ប្រជាជនថ្មីមានច្រើនជាងប្រជាជនមូលដ្ឋានទៅទៀត។ ប្រជាជនថ្មីទាំងនេះ បានស្ថិតនៅក្នុងការស៊ើបសួរប្រវត្តិរូបពីកម្មាភិបាលនៅមូលដ្ឋានជាប្រចាំ។ កម្មាភិបាលខ្មែរក្រហម បានប្រើវិធីឲ្យប្រជាជនថ្មីទាំងនោះរាយការណ៍ពីគ្នាទៅវិញទៅមក ដើម្បីដឹងពីសមាសភាពពិតប្រាកដថា នរណាខ្លះធ្លាប់បម្រើការជាមន្រ្តីរដ្ឋការ, ប៉ូលីស, ទាហាន និង អ្នកដែលមានជាប់និន្នាការក្នុងរបបចាស់។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហមនឹងចាប់បញ្ជូនអ្នកទាំងនោះពីភូមិទៅឃុំ ស្រុក តំបន់ ភូមិភាគ និងមួយចំនួន ត្រូវបានបញ្ជូនបន្តមក មន្ទីរស-២១ នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ ប្រជាជនរស់នៅភូមិត្រពាំងវែង បានត្រឡប់មកផ្ទះនៅភូមិកណ្តាល មកភ្នំពេញ និង មកស្រុកកំណើតរបស់ខ្លួនវិញ។ ចំណែកភូមិត្រពាំងវែងលែងមានប្រជាជនរស់នៅទៀតហើយ។ នៅចន្លោះឆ្នាំ១៩៨៤ និងឆ្នាំ១៩៨៥ កងទ័ពវៀតណាមបានមកសង់បន្ទាយ និង បោះទីតាំងនៅក្នុងអតីតភូមិត្រវែង។ នៅឆ្នាំ១៩៨៨ កងទ័ពវៀតណាម បានដកចេញពីភូមិត្រពាំងវែង។ បន្ទាប់មកអង្គភាពកង រថគ្រោះ បានមកឈរជើងនៅក្នុងភូមិត្រពាំងវែងជំនួសឲ្យអង្គភាពវៀតណាម។ នៅរវាងពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៥ អង្គភាពកងរថក្រោះបានផ្លាស់ទៅឈរជើង នៅក្នុងខេត្តសៀមរាប ដោយបានផ្ញើដីទីតាំងចាស់នៅក្នុងភូមិត្រពាំងវែងជាមួយនឹងរដ្ឋបាលស្រុកព្រះនេត្រព្រះ។ នៅអំឡុងដើមឆ្នាំ២០០០ បញ្ជាការដ្ឋានកងរថក្រោះ នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានត្រឡប់មកបង្កើតទីបញ្ជាការកងរថក្រោះប្រចាំទិសយោធភូមិភាគ៥ស្ថិតនៅក្នុងឃុំព្រះ នេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យវិញ។ ចាប់ពីដើមឆ្នាំ២០០០ រហូតមកទល់នឹងបច្ចុប្បន្ន អតីតភូមិត្រពាំងវែង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការកងរថក្រោះប្រចាំទិសយោធភូមិភាគ៥ (ស្រុកព្រះនេត្រព្រះ)។