សិស្សមកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន ស្គន់ ចូលរួមវេទិកាអន្តរជំនាន់ស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកាអន្ដរជំនាន់ស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម សម្រាប់សហគមន៍ស្រុកកោះ សូទិន និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ វេទិកាអន្តរជំនាន់នេះ មានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺអ្នកស្រី គឹម អាត និងសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ ចំនួន៥០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ស្គន់។  គោលបំណងនៃវេទិកាគឺដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្ស អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងបង្កើតឱកាសឲ្យមានកិច្ចសន្ទនាអន្ដរជំនាន់រវាងអ្នករស់រានមានជីវិតពីខ្មែរក្រហមទៅកាន់យុវជនជំនាន់ក្រោយ។

ជាកិច្ចស្វាគមន៍លោក ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានបង្ហាញដល់សិស្សាសិស្សអំពី ពិព័រណ៍រូបថតដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងបរិវេណ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រួមមាន ៖ ផ្ទាំងពិព័រណ៍រូបថតប្រវត្តិរូបមេដឹកនាំខ្មែរក្រហម, រូបថតមេដឹកនាំខ្មែរក្រហមដែលត្រូវបានកាត់ទោសនៅតុលាការ, ជីវិតរស់នៅរបស់ប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, ការជម្លៀសប្រជាជន និងការធ្វើការងារហួសកម្លាំងនៅក្នុងការដ្ឋានលើកទំនប់។ នៅក្នុងឱកាសនោះ លោក ទូច វណ្ណេត ក៏បានបង្ហាញយុវសិស្សទាំងអស់នូវពិព័រណ៍ចំនួន៣០ដែលដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពផ្សាយលើកទី២។

ជាកិច្ចបន្តលោក លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តដឹកនាំយុវសិស្សចូលទៅទស្សនានៅសាលពិព័រណ៍រូបថត ដែលមានការដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ «ក្តីសុបិនកម្ពុជា» រៀបចំដោយ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ មុននឹងបញ្ចប់នៃការដើរទស្សនា លោក លី ដេវីត បង្ហាញសិស្សានុសិស្សនូវបន្ទប់តម្កល់ឯកសារខ្មែរក្រហម កីតម្បាញសូត្រចាម និងបន្ទប់បណ្ណាល័យតម្កល់សៀវភៅទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម។

ក្រោយពីទស្សនាពិរព័ណ៍រួច លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានធ្វើបទបង្ហាញស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម»  ដែលផ្ដោតទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដូចជា ៖ រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និង កងទ័ពខ្មែរក្រហម, ការចូលកាន់កាប់ទីក្រុងភ្នំពេញដោយកងទ័ពខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ការជម្លៀសប្រជាជនចេញពីទីក្រុង និង ទីប្រជុំជនទៅកាន់ជនបទ, ការបង្ខំធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការកាប់សម្លាប់ទៅលើប្រជាជន។ លើសពីនេះទៅទៀត លោក ស៊ាង ចិន្ដា បានលើកពីព្រឹត្តិការណ៍ការនៃការជម្លៀសដោយបង្ខំ ដែលមាន៣ដំណាក់កាលធំៗគឺ៖ ដំណាក់កាលទី១) ភ្លាមៗបន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ផ្ដើមអនុវត្តការជម្លៀសប្រជាជនដោយបង្ខំពីទីក្រុងនិងទីប្រជុំជននានាឲ្យទៅកាន់ទីជនបទដាច់ស្រយាល។  ដំណាក់កាលទី២) ចាប់ពីខែកញ្ញាឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៧ ប្រជាជនជាច្រើនក្នុងភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង កំពង់ចាម) ឆ្ពោះទៅកាន់ខេត្តសៀមរាប ព្រះវិហារ និង ភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ)។  ដំណាក់កាលទី៣) ការជម្លៀសប្រជាជនពីភូមិភាគបូព៌ាក្នុងឆ្នាំ១៩៧៧រហូតដល់ចុងឆ្នាំ១៩៧៨។ ប្រជាជននៅភូមិភូមិភាគបូព៌ាត្រូវបានជម្លៀសចេញពីភូមិកំណើតឆ្ពោះទៅទិសពាយ័ព្យ (ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង)។

ក្រោយពីស្ដាប់បទបង្ហាញរបស់លោក ស៊ាង ចិន្ដា រួច សិស្សានុសិស្សមានឱកាសស្ដាប់រឿងរ៉ាវពិត និង បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

អ្នកស្រី គឹម អាត បានរៀបរាប់អំពីដំណើរជីវិត និង ចែករំលែកបទពិសោធន៍របស់ខ្លួនដែលជាប្រជាជនជម្លៀសនៅខេត្តបាត់ដំបងទៅកាន់សិស្សានុសិស្ស ដូចខាងក្រោម៖

«ខ្ញុំឈ្មោះ គឹម អាត ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ហម សុខា និងកូនប្រុសស្រីចំនួន៤នាក់។ ខ្ញុំកើតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នេះតែម្ដង។ ឪពុកខ្ញុំឈ្មោះ គឹម ច្រឹក និងម្ដាយឈ្មោះ វ៉ា អយ ហើយខ្ញុំមានបងប្អូនស្រីចំនួន៥នាក់ ដោយខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនទាំងអស់នៅក្នុងគ្រួសារ។ នៅពីក្មេងខ្ញុំបានរៀននៅសាលាបឋមសិក្សាឧត្តរ បានត្រឹមថ្នាក់ទី៦ សង្គមចាស់។  នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្ដេចឪ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ម្ដាយខ្ញុំបានទៅយកខ្ញុំពីខេត្តបាត់ដំបង។ ការធ្វើដំណើរតាមផ្លូវគោក គឺមិនអាចទៅរួចទេ ពីព្រោះតែការផ្ដាច់ផ្លូវធ្វើចរាចរ។ នៅឆ្នាំ១៩៧២ បងស្រីខ្ញុំទិញសំបុត្រយន្ដហោះបានតែ២នាក់ប៉ុណ្ណោះ ទើបបងស្រី និង ម្ដាយខ្ញុំសម្រេចចិត្តវិលត្រឡប់មកកំពង់ចាមមុន។ នៅឆ្នាំ១៩៧៣ ខ្ញុំរស់នៅជាមួយបងថ្លៃ និងបានរត់គេចពីការប្រយុទ្ធគ្នារវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយដណ្ដើមគ្រប់គ្រងខេត្តបាត់ដំបងទាំងអស់។ ខ្ញុំត្រូវបានជម្លៀសពីស្ពានដែកមកទៅខាងអន្លង់វិល ព្រៃចែក និងបានរស់នៅនៅភូមិក្បែរនោះអស់រយៈពេល១ខែ ។ បន្ទាប់មក ខ្ញុំត្រូវបានហៅទៅធ្វើប្រវត្តិរូប។ ខ្មែរក្រហម បានសួរខ្ញុំពីមុនធ្វើអ្វី? ឪពុកម្ដាយធ្វើអ្វី? តើមានបុណ្យស័ក្ដិអ្វី? ខ្ញុំបានឆ្លើយថា គាត់គឺជាអ្នកស្រែចម្ការ អត់មានធ្វើអ្វីនោះទេ។ ខ្មែរក្រហមនៅតែសួរខ្ញុំថាមិនមែនទេ អ្នកឯងមានឪពុកធ្វើមន្ត្រីរាជការ ដែលធ្វើការងារធំ និងមានបងប្អូនធ្វើទាហាន។ ខ្មែរក្រហមសួរច្រើនណាស់។ ខ្ញុំប្រាប់ថាមិនមែនទេ។ ខ្ញុំបានឆ្លើយថា ខ្ញុំគឺជាក្មេងកំព្រារស់នៅជាមួយគេ។ ព្រឹកថ្ងៃបន្ទាប់ ខ្មែរក្រហមបានឲ្យខ្ញុំទៅស្ទូង និងសួរថា ខ្ញុំចេះធ្វើស្រែមែនឬទេ។ ខ្មែរក្រហមបន្តតាមដានខ្ញុំ។ នៅកន្លែងស្ទូងស្រូវ ខ្ញុំមិនចេះស្ទូង ហេតុនេះក៏យកម្រាមដៃទាំង៥ច្រមចូលដី។ នៅពេលដែលស្ទូងរួច សំណាបអណ្ដែតឡើងវិញ។ ប៉ុន្តែសំណាងល្អមានអ៊ំស្រីម្នាក់បានប្រាប់ខ្ញុំអំពីរបៀបស្ទូងស្រូវ។ គាត់ប្រាប់ថា យកម្រាមដៃមេនឹងម្រាមដៃចង្អុលចាប់សំណាប ហើយម្រាមដៃកណ្ដាលកាយដីបិទភ្ជាប់សំណាប។ អង្គការនិយាយថា បើសិនជាកូនអ្នកស្រែចម្ការ ហេតុដូចម្តេចមិនចេះស្ទូង។ ខ្ញុំឆ្លើយថា ទឹកជ្រៅពេកដៃខ្ញុំអត់ដល់។ ខ្មែរក្រហមចេះតែតាមដានខ្ញុំ។ នៅយប់ខ្លះ មានឈ្លបមកដើរស្ងាត់ៗចាំស្ដាប់នៅកៀនផ្ទះ។

នៅឆ្នាំ១៩៧៦ អង្គការបង្ខំខ្ញុំឲ្យរៀបការជាមួយប្ដីដែលជាជនពិការនៅប៉ៃលិន។ ខ្ញុំមិនបានដឹងថាខ្មែរក្រហមហៅទៅណាទេកាលនោះ។ ខ្មែរក្រហមគ្រាន់តែប្រាប់ខ្ញុំថាទៅដកដំឡូង ដូច្នេះខ្ញុំក៏ឡើងជិះឡានទៅ។ នៅពេលដែលទៅដល់កន្លែងរៀបចំកម្មវិធីរៀបការ មានតែខ្ញុំម្នាក់ឯង ដែលបានប្រកែកថាមិនទាន់ចង់បានប្ដី។ ខ្ញុំទៅនិយាយអង្វរកម្មាភិបាលខ្មែរក្រហម។ កម្មាភិបាលនោះបាននិយាយថា បើមិត្តនារីមិនព្រមយកប្ដី ត្រូវទៅដកដំឡូង និងបេះសាវម៉ាវជាមួយគ្នា៣ទៅ៤នាក់ ដែលគេចមិនព្រមយកប្ដី។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការងារនៅទីនោះអស់រយៈពេល៦ខែ។ ខ្ញុំត្រូវធ្វើការ និង ស្នាក់នៅម្ដុំស្រះកែវចំមាត់ផ្លូវ។ នៅពេលយប់ ខ្ញុំឃើញខ្មែរក្រហមយកមនុស្សទៅសម្លាប់ដោយចងដៃមកក្រោយ និងបណ្ដើរទាំងជួរៗទៅវាយសម្លាប់ចោល។

នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងខ្ញុំឲ្យច្រូតស្រូវដែលមានគ្នាចំនួន២នាក់។ ខ្មែរក្រហមបានដើរមើលរហូត។ ខ្ញុំត្រូវបានខ្មែរក្រហមយកទៅលត់ដំពីកន្លែងមួយទៅកន្លែងយ៉ាងធ្ងន់ធ្ងរ។ នៅប្រឡាយស្រះកែវ ខ្មែរក្រហមឲ្យខ្ញុំជីកដីក្នុងមួយថ្ងៃ២ម៉ែត្រគុប ចំណែកខ្ញុំហូបតែបបររាវលាយត្រកួន។ ខ្ញុំមិននឹកស្មានថា ខ្ញុំអាចរស់នៅមកដល់សព្វថ្ងៃនេះទេ។ ខ្ញុំទៅរើសគួរស្រូវមិនបានផង ប៉ុន្តែប្រសិនបើអង្គការចាប់បាន នឹងយកទៅលត់ដំ ឬសម្លាប់ចោល។ ខ្ញុំលួចរើសកួរស្រូវមូលជាមួយចង្កេះខោដើម្បីយកមកបុកនិងដាំបាយហូប។

នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅជីកប្រឡាយទាំងយប់ជាមួយកងចល័តយុវជន និងយុវនារី។ ខ្ញុំត្រូវទៅធ្វើការពីព្រលឹមទល់ព្រលប់។ នៅម៉ោង១២យប់ ខ្ញុំយកខោអាវមួយសម្រាប់បោករួចហើយអាំងភ្លើងឲ្យស្ងួត។ នៅឆ្នាំ១៩៧៩ ខ្ញុំរួចផុតជីវិតពីទុក្ខវេទនា និងការស្លាប់។ ខ្ញុំឆ្អែតនឹងការលើកដី លើកទំនប់ និងការហូបចុកមិនគ្រប់គ្រាន់នៅក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីរំដោះឆ្នាំ១៩៧៩ ខ្ញុំក៏បានទៅរស់នៅជំរំសាយធូ ស្ថិតនៅជាយដែន និងក្រោយមកទៀតបន្តរស់នៅអូរបុកលើភ្នំដងរែក»។

ចុងក្រោយនៃវេទិកា គឺសិស្សានុសិស្សទៅទស្សនកិច្ចស្ដូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមសម្រាប់សហគមន៍ស្រុកកោះសូទិន និងស្រុកកំពង់សៀម ក្រោមការដឹកនាំរបស់លោក សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ស្ដូបរំឭកវិញ្ញាណក្ខន្ធទីមួយគឺស្ថិតនៅកណ្ដាលវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម និង ស្ដូបរំឭកវិញ្ញាណក្ខន្ឌទីពីរ គឺស្ថិតនៅកណ្ដាលចំការពោតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន។ ស្ដូបរំឭកវិញ្ញាណក្ខន្ធទាំង២នេះ គឺជាំទីកន្លែងដែលផ្ដល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និយាយប្រាប់អំពីរឿងរ៉ាវ និងបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមទៅកាន់យុវជនជំនាន់ក្រោយបានសិក្សាបន្ថែម។

ក្រោយវេទិកាអន្ដរជំនាន់ស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកវិញ្ញាណក្ខន្ធ ជនរងគ្រោះនៃរបបខ្មែរក្រហម សិស្សានុ សិស្សក៏បានចូលរួមបញ្ចេញមតិយោបល់ដូចខាងក្រោម ៖

ឃាន់ លាងអ៊ី ៖ «ក្រោយពេលចូលរួមវេទិកាមួយនេះហើយ ខ្ញុំបានដឹងរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើន រួមមានបទពិសោធន៍របស់អ៊ំស្រី គឹម អាត ដែលត្រូវបានទាហានខ្មែរក្រហមចាប់សួរប្រវត្តិរូប និងប្រើទៅស្ទូងស្រូវ ទាំងគាត់មិនចេះស្ទូង។ ខ្ញុំធ្លាប់បានដឹងពីរបបខ្មែរក្រហមខ្លះៗដែរ តាមរយៈការសិក្សា និងតាមការនិយាយប្រាប់ពីលោកតាលោកយាយរបស់ខ្ញុំ ប៉ុន្តែរឿងរ៉ាវដែលខ្ញុំបានស្តាប់នៅថ្ងៃនេះកាន់តែមានលក្ខណៈពិសេស និង ខុសប្លែកពីរឿងដែលលោកតាលោកយាយខ្ញុំបានប្រាប់ខ្ញុំពីមុន។ អ្វីដែលអាចឲ្យខ្ញុំបានដឹងបន្ថែមទៀតនៅមូលដ្ឋាននោះគឺ ការជួបសន្ទនាផ្ទាល់ជាមួយអ៊ំប្រុសអ៊ំស្រីនៅស្ដូបរំឭកវិញ្ញាណក្ខន្ធ ដែលអ៊ំបានទទួលស្វាគមន៍ និងនិយាយប្រាប់ពីប្រវត្តិសាស្រ្តមូលដ្ឋាន បទពិសោធន៍ និងការបាត់បង់សាច់ញាតិរបស់ខ្លួនក្នុងរបបខ្មែរក្រហម។ អ្វីដែលខ្ញុំទទួលបាន និងយល់ដឹងនៅថ្ងៃនេះ គឺជាចំណេះដឹង និងបទពិសោធន៍ថ្មីចេញពីការចុះទៅជួប និងទៅដល់ទីតាំងផ្ទាល់ ដែលពន្យល់បន្ថែមទៅលើអ្វីដែលខ្ញុំបានដឹងពីលោកតាលោកយាយ និងការរៀននៅក្នុងថ្នាក់»។

 ចាម ចំណាង ៖ «វេទិកាថ្ងៃនេះគឺជាកម្មវិធីសិក្សាបន្ថែមដែលមានសារសំខាន់ និងល្អសម្រាប់ខ្ញុំដែលកំពុងសិក្សានៅវិទ្យាល័យ ព្រោះខ្ញុំទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មី ចេញពីការមើលរូបភាពឯកសារ ការស្ដាប់បទបង្ហាញរបស់លោកគ្រូ និងការចុះទៅកាន់ទីតាំងផ្ទាល់ដែលមានស្ដូបរំឭកវិញ្ញាណក្ខន្ធ និងការជួបសន្ទនាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន៣នាក់ ដែលម្នាក់ៗមានបទពិសោធន៍ក្នុងរបបខ្មែរក្រហមខុសៗពីគ្នាទាំងអស់។ ខ្ញុំធ្លាប់បានដឹងពីរបបខ្មែរក្រហមតាមរយៈការសិក្សា និងតាមរយៈការប្រាប់ពីចាស់ៗនៅផ្ទះ ប៉ុន្តែអ្វីដែលខ្ញុំបានដឹងនៅពេលនេះគឺច្រើន និងមិនដូចរឿងរ៉ាវដែលខ្ញុំបានដឹងពីមុនមកទេ»។

អត្ថបទ និង រូបថត ៖ ទូច វណ្ណេត និង សាំង ចាន់ធូ/មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

អត្ថបទផ្សេងទៀត៖