នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយលោក ស៊ាង ចិន្ដា, ទូច វណ្ណេត, សាំង ចាន់ធូ និង លី ដេវីត បានចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅសហគមន៍ចាម សរុបចំនួន១០០នាក់ នៅក្នុងភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន និងភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងឱកាសចុះជួប និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលកំពុងរស់នៅសហគមន៍ចាម លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានបង្ហាញសេចក្ដីរីករាយ និង លើកឡើងអំពីសារសំខាន់នៃសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរ និងជាស្នាព្រះហត្ថផ្ទាល់របស់ហ្លួងម៉ែ ក្នុងព្រះរាជដំណើរអមព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» មិនត្រឹមតែផ្ដល់ចំណេះដឹងទាក់ទងប្រវត្តិសាស្រ្តកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងផ្ដល់ការឆ្លុះបញ្ចាំងអំពីរឿងរ៉ាវ ដែលបានកើតឡើងនៅមូលដ្ឋានឃុំគគរ និងឃុំកោះសូទិន ក្នុងអំឡុងពេលនោះដែរ។ បន្ទាប់ពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ប្រជាជននៅសហគមន៍ចាម នាំគ្នាអាននិងពិភាក្សាគ្នាអំពីបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់សម័យកាលសង្រ្គាម និងរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅសហគមន៍ចាម ចែករំលែកនូវការចងចាំរបស់ខ្លួនអំពីបទពិសោធន៍លំបាកលំបិន និងការបាត់បង់សមាជិកគ្រួសារក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហមដូចខាងក្រោម ៖
១) ម៉ាត់ វី អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន រំឭកអំពីបទពិសោធន៍របស់ខ្លួនក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហមថា «ខ្ញុំឈ្មោះ ម៉ាត វី កើតនៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន។ កាលពីក្មេង ខ្ញុំចូលរៀននៅសាលាបឋមសិក្សាចុងកោះ។ នៅឆ្នាំ១៩៧១ ខ្ញុំឈប់រៀន ពីព្រោះកើតមានសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ ទាហាន លន់ នល់ បានប្រយុទ្ធជាមួយកងទ័ពរំដោះខ្មែរក្រហមកាន់តែខ្លាំងឡើងៗ រហូតដល់ឆ្នាំ១៩៧៣។ បន្ទាប់មក ឪពុកម្ដាយខ្ញុំនាំកូនៗរត់ភៀសខ្លួនទៅមហាលាភ ដែលជាតំបន់រំដោះខ្មែរក្រហម។ មួយរយៈពេលក្រោយមក ឪពុកម្ដាយខ្ញុំនាំកូនៗត្រឡប់មករស់នៅក្នុងភូមិវិញ។ នៅឆ្នាំ១៩៧៥ ឪពុកម្ដាយខ្ញុំត្រូវធ្វើការនៅកងប្រវាស់ដៃ និងច្រូតស្រូវយកមកចែកគ្នាហូប។ នៅឆ្នាំ១៩៧៦ គ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសទៅខេត្តបាត់ដំបង។ ខ្ញុំនៅចាំបានថា គ្រួសារខ្ញុំបានជិះស្រឡាង២ជាន់ ជាមួយប្រជាជនជម្លៀសជាច្រើនផ្សេងទៀត។ គ្រួសាររបស់ខ្ញុំបានទៅដល់ឃ្លាំងស្បែក និងជិះរថយន្តបន្តរហូតដល់ស្ថានីយរទេះភ្លើង។ គ្រួសារខ្ញុំឡើងជិះរទេះភ្លើងរហូតទៅដល់ខេត្តបាត់ដំបង។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តដែលមានទិសដៅដក និងរែកសំណាបឲ្យអ្នកស្ទូងស្រូវ។ ប្អូនរបស់ខ្ញុំបានស្លាប់ដោយសារតែជំងឺ និងការអត់ឃ្លាន។ ខ្ញុំធ្វើការនៅការដ្ឋានបឹងពើតនៅខេត្តបាត់ដំបង។ បឹងនោះគឺធំណាស់គឺខ្ញុំមើលដាច់កន្ទុយភ្នែក។ ខ្ញុំរួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែបាត់បង់សមាជិកគ្រួសារជាច្រើននៅទីនោះ»។
កើ ម៉ៃសំ អាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ចែករំលែកអំពីបទពិសោធន៍របស់ខ្លួនក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហមថា «ខ្ញុំឈ្មោះ កើ ម៉ៃសំ កើតនៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន។ ខ្ញុំសប្បាយចិត្ត ដែលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ដែលជាស្នាព្រះហស្ថផ្ទាល់របស់ហ្លួងម៉ែ។ នៅពេលដែលខ្ញុំបើកមើលសៀវភៅនេះ ខ្ញុំនឹកឃើញពីបទពិសោធន៍ដែលធ្លាប់រស់នៅក្នុងព្រៃ និងត្រូវរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ នាគ្រាដែលសង្គ្រាមផ្ទុះកាន់តែខ្លាំង នៅឆ្នាំ១៩៧៣។ មិនខុសពីអ្នកភូមិផ្សេងទៀត នៅឆ្នាំ១៩៧៦ ខ្ញុំ និងគ្រួសារ ត្រូវបានជម្លៀសទៅខេត្តបាត់ដំបង។ ខ្ញុំ និងគ្រួសារត្រូវបានដឹកតាមស្រឡាង ឡាន និងរទេះភ្លើង រហូតទៅដល់ទីនោះ។ ខ្ញុំនៅខេត្តបាត់ដំបងរហូតដល់ឆ្នាំ១៩៧៩។ សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» បានរំឭកខ្ញុំអំពីព្រឹត្តិការណ៍ទាំងពីរនេះ គឺការរត់ភៀសខ្លួនពីសង្រ្គាម និងការជម្លៀសចេញពីភូមិ»។
អត្ថបទ ៖ លី ដេវីត និង សាំង ចាន់ធូ បុគ្គលិកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា