វេទិកាប្រវត្តិសាស្ត្រគ្រួសារនៅឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

បុគ្គលិក និងអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា​ ខេត្តព្រៃវែង បានរៀបចំវេទិកាប្រវត្តិសាស្ត្រគ្រួសារ ជាមួយអ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមចំនួន១១នាក់ រស់នៅក្នុងភូមិជ្រៃ ភូមិដក់ពរ និងភូមិព្នៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ វេទិកានេះ បានធ្វើឡើងរយៈពេល៥ថ្ងៃ តាមកម្មវិធីដែលបានគ្រោងទុក និងមានការព្រមព្រៀងគ្នាជាមុនជាមួយអ្នករស់រានមានជីវិតទាំង១១នាក់។ ជាដំបូង បុគ្គលិកនិងអ្នកស្ម័គ្រចិត្ត ជួបសម្ភាស និងស្តាប់រឿងរ៉ាវជីវិតរបស់គាត់ និងបន្ទាប់មកពិភាក្សាពីបញ្ហាសុខភាពរបស់គាត់ ដោយប្រើប្រាស់តារាងសំណួរស្ទាបស្ទង់មតិដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម។ ចុងក្រោយ អ្នករស់រានមានជីវិតម្នាក់ៗ ទទួលបានកញ្ចប់កាដូអនុស្សាវរីយ៍ម្នាក់មួយ  កញ្ចប់។ ដំណើរការនេះ ប្រព្រឹត្តទៅដោយមានការឯកភាពពីអ្នករស់រានមានជីវិតទាំងអស់ ក្នុងការជួបជុំ ការស្នើសុំថតសម្លេងក្នុងពេលសម្ភាស និងការថតរូប។

សាវតាឃុំជ្រៃ

ឃុំជ្រៃ នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ មានផ្ទៃដីសរុបចំនួន១៨៥០,៩៧ហិកតា និងមាន៩ភូមិ គឺភូមិព្នៅ ភូមិជ្រៃ ភូមិសំរោង ភូមិស្វាយប៉ាក ភូមិដូង ភូមិចំបក់ ភូមិដក់ពរ ភូមិត្រពាំងរេ និងភូមិត្រោក។ ឃុំនេះមានព្រំប្រទល់ខាងជើងជាប់នឹងឃុំប្រធាតុនិងឃុំថ្កូវ ខាងកើតជាប់នឹងឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ខាងត្បូងជាប់នឹងឃុំព្រៃពោន និងខាងលិចជាប់ឃុំព្រៃពោននិងឃុំថ្កូវ។ យោងតាមស្ថិតិឆ្នាំ២០២១ ឃុំជ្រៃមានប្រជាជនរស់នៅសរុបចំនួន៧,៧៦៨នាក់ ហើយមានប្រជាជនប្រមាណ៩៥ភាគរយ ប្រកបរបរកសិកម្ម។ ផ្លូវទៅកាន់ឃុំជ្រៃនាពេលបច្ចុប្បន្ន នៅមានសភាពលំបាកនៅឡើយ មានជង្ហុកជ្រៅៗ និងស្ថានភាពរអិលពេលមានភ្លៀងធ្លាក់។

ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងមុនឆ្នាំ១៩៥៣ អ្នកភូមិជាច្រើននាក់ដែលរស់នៅក្នុងឃុំជ្រៃ បានស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺឆ្លង គ្មានថ្នាំសង្កូវព្យាបាល និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរ ហើយអ្នកភូមិខ្លះទៀតត្រូវបារាំងកែនឲ្យទៅលើកទំនប់មួយខ្សែយ៉ាងវែង ដែលបច្ចុប្បន្នហៅថា ទំនប់កំពង់ស្នេហ៍។

បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង អ្នកភូមិក្នុងឃុំជ្រៃមានសិទ្ធិសេរីភាពបរិបូរណ៍ និងអាចប្រកបរបររកស៊ីនិងជួញដូរតាមកម្លាំងរៀងខ្លួន។ អ្នកភូមិគ្រប់រូប ពេញចិត្តនឹងការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ និងសប្បាយរីករាយចំពោះការរស់នៅក្រោមការដឹកនាំនេះ។ នៅឆ្នាំ១៩៦៥ អណ្តូងទឹកចំនួន២ដែលជាអំណោយរបស់អង្គការមនុស្សធម៌សហរដ្ឋអាមេរិក ត្រូវបានតម្លើងនៅឃុំជ្រៃ គឺក្នុងបរិវេណវត្តជ្រៃ និងសាលាបឋមសិក្សាជ្រៃ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ទឹកនិងជីវភាពប្រជាជនក្នុងឃុំទាំងមូល។ អណ្តូងទាំងពីរនេះ ត្រូវបានរុះរើក្រោមការដឹកនាំរបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៦៧ កងទ័ពវៀតណាមខាងជើងបានចូលមកបោះទីតាំងនៅក្នុងឃុំជ្រៃ និងបានស្នាក់នៅតាមផ្ទះប្រជាជនក្នុងភូមិមួយចំនួនក្នុងឃុំ ដើម្បីត្រៀមកម្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយកងទ័ពវៀតណាមខាងត្បូង។ អាវុធនិងគ្រាប់រំសេវជាច្រើនប្រភេទ ក្រដាសប្រាក់ ថ្នាំពេទ្យ និងគ្រឿងបរិក្ខាជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់វៀតណាមខាងជើង ត្រូវបានកប់និងលាក់ទុកនៅតាមទីកន្លែងមួយចំនួនក្នុងទឹកដីឃុំជ្រៃ និងឃុំចាមក្នុងស្រុកកំពង់ត្របែក និងឃុំខ្លះទៀតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ្នកភូមិដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ បានដឹងគ្រប់ៗគ្នាថា កងកម្លាំងវៀតណាមខាងជើងបានដឹក និងកប់សម្ភារទាំងនោះនៅពេលយប់។ វត្តមានរបស់ក្រុមនេះនៅក្នុងឃុំជ្រៃ មិនត្រឹមតែមិនបានរំខានអ្វីឡើយដល់ការរស់នៅរបស់ប្រជាជនកម្ពុជាក្នុងភូមិនិងឃុំជ្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់ប្រជាជនរស់នៅក្នុងឃុំទៀតផង។ សកម្មភាពនេះ បានធ្វើឲ្យអ្នកភូមិពេញចិត្តនិងកោតសរសើរគ្រប់ៗគ្នាពីសុជីវធម៌ល្អរបស់កងទ័ពវៀតណាមខាងជើង។

នៅឆ្នាំ១៩៧០ វត្តមានរបស់ពួកធីវគីបានលេចឡើងកាន់តែច្រើនទៅៗនៅឃុំជ្រៃ ហើយបានធ្វើសកម្មភាពអាក្រក់ៗជាច្រើន ដែលអំពើទាំងអស់នេះបានបន្លាចនិងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ។ កូនក្រមុំស្អាតៗរបស់អ្នកភូមិខ្លះ ត្រូវកងទ័ពធីវគីចាប់យកទៅរំលោភ។ សត្វពាហនៈ និងសត្វចិញ្ចឹមរបស់អ្នកភូមិស្ទើរគ្រប់ផ្ទះ ត្រូវចាប់យកធ្វើម្ហូបដោយគ្មានខ្លាចក្រែង។ មាសប្រាក់ លុយកាក់ និងវត្ថុមានតម្លៃរបស់អ្នកភូមិ ត្រូវបានប្លន់យកទាំងថ្ងៃ។ នៅឆ្នាំដដែល ការប្រយុទ្ធគ្នារវាងកងទ័ពវៀតកុង និងធីវគី បានកើតមានឡើងជាច្រើនលើកច្រើនសារ នៅក្នុងភូមិសាស្ត្រឃុំជ្រៃ ឃុំព្រះធាតុ និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប៉ុន្តែការប្រយុទ្ធទាំងនេះ ជាការប្រយុទ្ធរប៉េះរប៉ោះ ហើយឈប់ទៅវិញនៅពេលដែលមានមនុស្សស្លាប់ម្នាក់ ឬពីរនាក់។

ក្នុងអំឡុងឆ្នាំ១៩៧១ កាំភ្លើងធុនធំប្រភេទដេកា១០៥មីលីម៉ែត្រ កាំភ្លើងអាកា៥៩ថ្មីៗជាច្រើនកេះ និងកាំភ្លើងការ៉ាប៊ីនជាច្រើនដើម ព្រមទាំងគ្រាប់ប្រភេទដេកា៧២ ដេកា៨២ និងគ្រាប់បែកផ្លែទៀបជាច្រើនទៀត ត្រូវបានគាស់ចេញពីដីជាច្រើនកន្លែងជាប់ៗគ្នាដោយអ្នកភូមិ ក្រោមបញ្ជាការផ្ទាល់ពីកងទ័ពធីវគី។ តាមការឲ្យដឹងពី អ៊ុន សារ៉េត ថា មានកងទ័ពធីវគីជាច្រើននាក់ បានធ្វើដំណើរដោយឧត្ថម្ភាគចក្រពីរបីគ្រឿង និងរថយន្តធុនធំពីរបីគ្រឿងទៀត បានមកកាន់ភាគខាងជើងវត្តព្រៃវៀរស្ថិតនៅក្នុងភូមិព្នៅ ដើម្បីស្វែងរកអាវុធនិងគ្រាប់រំសេវដែលបានលាក់ទុកដោយកងកម្លាំងវៀតកុង។ ព្រឹត្តិការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ២រសៀល ។ កងទ័ពធីវគី បានប្រើប្រាស់ម៉ាស៊ីនរាវមីនដើម្បីស្វែងរកកាំភ្លើង និងគ្រាប់រំសេវដែលបានកប់នៅលើដីព្រៃមួយកន្លែងក្នុងភូមិព្នៅ។ កំណាត់មែកឈើជាច្រើន ត្រូវបានដោតជាតំរុយជាប់នឹងដីកន្លែងដែលអ្នកទាំងនោះស្វែងរកឃើញថាមានកាំភ្លើងនិងគ្រាប់រំសេវនៅពីក្រោមដី។ សារ៉េត បានឲ្យដឹងទៀតថា កងទ័ពធីវគីមិនបានគាស់ខ្លួនឯងទេ ប៉ុន្តែបានទៅគម្រាមកំហែងប្រជាជនដែលកំពុងស្នាក់នៅក្នុងវត្តព្រៃវៀរ ជាពិសេសកម្លាំងយុវជនយុវនារីជាច្រើននាក់ ឲ្យមកជីកដីកន្លែងដែលដោតតំរុយទាំងនោះ។ បន្ទាប់ពីជីកឃើញហើយ កងទ័ពធីវគីបានប្រញាប់ប្រញាល់ប្រមូលអាវុធ និងគ្រាប់រំសេវទាំងអស់ដាក់ក្នុងឧត្ថម្ភាគចក្រ និងរថយន្តដឹកចេញទៅ។ សារ៉េត បាននិយាយថា អាវុធនិងគ្រាប់រំសេវទំាងអស់ ត្រូវដឹកចេញទៅកាន់ប្រទេសវៀតណាម។ បន្ទាប់ពីជីករួច កងទ័ពធីវគីដែលតែងតែលេចមុខនៅក្នុងភូមិ បានបង្ខំឲ្យយុវជនយុវនារីដែលបានជីករណ្តៅទាំងនោះ ត្រឡប់ចូលទៅកាន់បរិវេណវត្តព្រៃវៀរវិញ និងហាមឃាត់មិនឲ្យចេញក្រៅពីបរិវេណវត្តដាច់ខាត។

នៅឆ្នាំ១៩៧២ កងទ័ពធីវគី និងទាហាន លន់ នល់ បានមកបោះទីតាំងជាទ្រង់ទ្រាយធំនៅក្នុងទីធ្លាវត្តព្រៃពោន ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រពីភូមិព្នៅ។ វត្តមានរបស់ក្រុមទាំងពីរនេះ បានធ្វើឲ្យអ្នកភូមិខ្លាចគ្រប់ៗគ្នានូវទង្វើពាលាអាវាសែដែលអ្នកទាំងនោះបានប្រព្រឹត្ត។ ព្រឹត្តិការណ៍នេះ កាន់តែជំរុញឲ្យអ្នកភូមិភាគច្រើននៅក្នុងឃុំជ្រៃ ចូលរួមក្នុងចលនាខ្មែររំដោះដែលមានវៀតកុងជាខ្នងបង្អែក ហើយអ្នកខ្លះទៀតបានរត់មកជ្រកកោនក្នុងទីក្រុងភ្នំពេញ។ នៅចុងឆ្នាំ១៩៧២ ទាហាន លន់ នល់ បានដកថយចេញពីបរិវេណវត្តព្រៃពោន បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនលើកច្រើនសារជាមួយកងកម្លាំងខ្មែររំដោះ និងវៀតកុង។

នៅឆ្នាំ១៩៧៣ វត្តមានរបស់ធីវគីបានបាត់អស់ពីឃុំជ្រៃនិងឃុំព្រៃពោន។ ទាហាន លន់ នល់ បានមកបោះទីតាំងនៅទីប្រជុំជនកអណ្តើក ក្នុងស្រុកកំពង់ត្របែក។ ការវាយឆ្មក់រវាងកងកម្លាំងខ្មែររំដោះ និងទាហាន លន់ នល់ នៅតែកើតមានជាហូរហែរ។

នៅឆ្នាំ១៩៧៤ កងទ័ពវៀតកុងមួយចំនួនត្រូវបានសម្លាប់ និងចាប់ខ្លួនដោយកងកម្លាំងខ្មែររំដោះ។ ណារិន គឺជាអ្នកគ្រប់គ្រងខ្មែររំដោះក្នុងស្រុកកំពង់ត្របែក។ ណារិន ត្រូវបានរាយការណ៍ថា បានសម្លាប់កងទ័ពវៀតកុងអស់ជាច្រើននាក់។ នៅចុងឆ្នាំ១៩៧៤ វត្តមានរបស់វៀតកុងបានបាត់អស់ពីទឹកដីស្រុកកំពង់ត្របែក។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែររំដោះក្នុងភូមិនានាក្នុងឃុំជ្រៃ បានចូលរួមអបអរសាទរថ្ងៃជ័យជំនះ១៧មេសា ក្នុងទឹកចិត្តសប្បាយរីករាយក្រៃលែង និងបានប្រារព្ធធ្វើពិធីរំឭកវិញ្ញាណខ្តន្ធអ្នកដែលបានបាត់បង់អាយុជីវិតក្នុងសង្គ្រាមជាមួយធីវគី និងទាហាន លន់ នល់។ រចនាសម្ព័ន្ធដឹកនាំភូមិ ឃុំ និងស្រុក ត្រូវបានរៀបចំជាថ្មី។ វ៉ន គឺជាគណៈឃុំជ្រៃ ហើយ គាំ គឺជាអនុប្រធាន។ នៅពាក់កណ្តាលឆ្នាំ១៩៧៦ វ៉ន ត្រូវបានចាប់ខ្លួន និងបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ចំណែក គាំ បានបាត់ខ្លួននៅចុងឆ្នាំ១៩៧៦។ នៅឯទីក្រុងភ្នំពេញឯណោះវិញ កម្មាភិបាលខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុង ភ្លាមៗបន្ទាប់ពីថ្ងៃជ័យជំនះ១៧ មេសា ១៩៧៥។ អ្នកជម្លៀសមួយចំនួនដែលមានដើមកំណើតនៅក្នុងឃុំជ្រៃ បានត្រឡប់មកកាន់ស្រុកកំណើតវិញ។ មកដល់ស្រុកកំណើត អ្នកទាំងនោះត្រូវបានរើសអើង និងចាត់ទុកថាជាប្រជាជនថ្មី ឬប្រជាជន១៧មេសា ហើយជីវិតរបស់អ្នកទាំងនោះ បានទទួលរងនូវការបង្ខិតបង្ខំឲ្យធ្វើការងារជាទម្ងន់ ធ្វើទារុណកម្ម និងសម្លាប់នៅក្នុងទីតាំងសម្លាប់មួយចំនួនដូចជា ទីតាំងទួលម្រេញ ស្ថិតនៅឃុំកន្សោមអក នៅព្រៃភ្នាចាក់ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងនៅទួលពោធិ៍ចាម ស្ថិតនៅក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នៅចុងឆ្នាំ១៩៧៧ និង១៩៧៨ កងទ័ពខ្មែរក្រហមខាងនិរតី បានចូលមកគ្រប់គ្រងភូមិនានាក្នុងឃុំជ្រៃ។ មនុស្សភាគច្រើនត្រូវបានជម្លៀសទៅកាន់តំបន់ដី ខ្លាញ់ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ហើយខ្លះទៀតត្រូវបញ្ជូនទៅកាន់ភូមិក្រសាំងទង ឃុំព្រះស្តេច ស្រុកកោះជ័យ (បច្ចុប្បន្នស្រុកព្រះស្តេច) ខេត្តព្រៃវែង។

ភ្លាមៗក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មានប្រជាជនតិចតួចណាស់ដែលនៅមានជីវិតរស់នៅក្នុងឃុំជ្រៃដែលជាទឹកដីកំណើត។ គ្រួសារនីមួយៗសុទ្ធតែមានសមាជិកគ្រួសារបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ អ្នកភូមិបាន រឹះរកមធ្យោបាយផ្សេងៗក្នុងការចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដោយចាប់ផ្តើមពីការប្រើប្រាស់វត្ថុមានតម្លៃផ្ទាល់ខ្លួនដែលនៅសេសសល់ពីរបបខ្មែរក្រហមក្នុងការទិញដូរសម្ភារផ្សេងៗ និងបានចេញក្រៅភូមិកំណើតដើម្បីរកស៊ីជួញដូរនៅតាមព្រំដែន។ ចាប់តាំងពីឆ្នាំ១៩៨២មក កម្រិតជីវភាពរបស់ប្រជាជនមានសភាពល្អប្រសើរគ្រាន់បើជាងមុន ហើយវត្តអារ៉ាមនិងសាលារៀន ក៏ត្រូវបានយកចិត្តទុកដាក់ឡើងវិញដែរ។ រហូតមកដល់សព្វថ្ងៃ ឃុំជ្រៃមានផ្លូវ មានប្រព័ន្ធប្រឡាយ និងភ្លឺស្រែខ្វាត់ខ្វែង ហើយកម្រិតជីវភាពរបស់ប្រជាជន ក៏កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមឆ្មារខ្មៅ

អ្នកភូមិ បានហៅមនុស្សមួយក្រុមដែលស្លៀកពាក់ឯកសណ្ឋានព័ណ៌ប៉ារ៉ា និងព័ណ៌ក្រម៉ៅ ថាជាក្រុមឆ្មារខ្មៅ ដោយហេតុថា នៅលើឯកសណ្ឋានដែលក្រុមនេះស្លៀកពាក់ មានរូបសញ្ញាឆ្មារខ្មៅ និងអក្សរ «ស្អែកស្លាប់»។ អ្នកភូមិក្នុងពេលនោះ មិនបានដឹងច្បាស់ថាក្រុមនេះបម្រើឲ្យក្រុមមួយណាឡើយ ប៉ុន្តែគ្រាន់តែដឹងថាក្រុមនេះជាក្រុមដែលធ្លាប់បានជួយដល់អ្នកភូមិក្នុងការរត់គេចពីការទម្លាក់គ្រាប់បែក ឬការប្រយុទ្ធគ្នារវាងធីវគី អ្នកស្រុកហៅថាវៀតណាមខាងត្បូង និងវៀតកុង។ អ្នកភូមិបានដឹងទៀតថា ក្រុមនេះមិនមានវត្តមាននៅក្នុងភូមិយូរឡើយ គឺត្រឹមតែមួយសប្តាហ៍យ៉ាងយូរ។

សេចក្តីសង្ខេបព្រឹត្តិការណ៍សំខាន់ៗ

អ្នករស់រានមានជីវិតដែលយើងបានសម្ភាស ភាគច្រើនជាគ្រូបង្រៀនចូលនិវត្តន៍។ ស្ថិតក្នុងរបបសង្គមរាស្ត្រនិយម អ្នកទាំងអស់គ្នាទទួលបានការអប់រំនៅកម្រិតបឋមសិក្ស និងមធ្យមសិក្សា។ បន្ទាប់ពីថ្ងៃ១៨ មីនា ១៩៧០ ភាគច្រើនៃមនុស្សដែលយើងបានសម្ភាស គឺបានផ្លាស់ប្តូរទីលំនៅទៅរស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា និងគេចចេញពីសង្គ្រាមរវាងកងទ័ពធីវគី និងវៀតកុង និងពីសង្គ្រាមរវាងទាហាន លន់ នល់ និងខ្មែររំដោះ។ បន្ទាប់ពីថ្ងៃ១៧ មេសា ១៩៧៥ អ្នកទាំងនោះត្រូវបានរើសអើង និងត្រូវតាមដានជាប់ជាប្រចាំពីសំណាក់កម្មាភិបាលខ្មែរក្រហមនៅក្នុងមូលដ្ឋាន។ នៅឆ្នាំ១៩៧៥ អតីតទាហាន​និងមន្ត្រីរដ្ឋការនៃរបប លន់ នល់ ជាច្រើននាក់ដែលរស់នៅក្នុងឃុំជ្រៃ ស្រុកកំពង់ត្របែក ត្រូវកម្មាភិបាលខ្មែរក្រហមចាប់ខ្លួន និងបញ្ជូនទៅកាន់មន្ទីរសន្តិសុខ ទួលម្រេញ ហើយក្រោយមក អ្នកទាំងនេះត្រូវបានសម្លាប់ចោលទាំងអស់។ ពីឆ្នាំ១៩៧៦ដល់១៩៧៧ ប្រជាជនថ្មី ឬប្រជាជន១៧មេសាភាគច្រើន ក៏ត្រូវចាប់ខ្លួនបន្ទាប់ពីដឹងថាបានក្បត់នឹងបដិវត្តន៍ រួចបញ្ជូនទៅកាន់ទីតាំងសម្លាប់ចំនួនពីរគឺ ទួលពោធិ៍ចាម និងព្រៃភ្នាចាក់។ នៅក្នុងអំឡុងឆ្នាំដដែល អ្នកភូមិមកពីឃុំមួយចំនួនក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលត្រូវខ្មែរក្រហមបញ្ជូនឲ្យមកស្នាក់នៅក្នុងភូមិនានាក្នុងឃុំជ្រៃ ក៏ត្រូវខ្មែរក្រហមសម្លាប់ចោលនៅក្នុងទីតាំងទាំងពីរខាងលើ បន្ទាប់ពីបានឃុំឃាំងរួច។ នៅឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមខាងភូមិភាគនិរតី បានចូលមកគ្រប់គ្រងតាមភូមិនានាក្នុងឃុំជ្រៃ ហើយអ្នកភូមិជាច្រើននាក់ត្រូវបានជម្លៀសចេញទៅកាន់ភាគខាងលិចប្រទេស គឺទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ នៅចុងឆ្នាំ១៩៧៨ អ្នកភូមិដែលនៅសេសសល់ពីការជម្លៀស ក៏ត្រូវបានបង្ខំឲ្យចាកចេញទៅកាន់ភូមិមួយនៃទឹកដីឃុំព្រះស្តេច ស្រុកកោះជ័យ (ស្រុកព្រះស្តេច) ខេត្តព្រៃវែង ក្នុងគោលបំណងសម្លាប់ចោលទាំងអស់។ ប៉ុន្តែ អ្នកទាំងនោះបានត្រឡប់មកកាន់ស្រុកកំណើតវិញ បន្ទាប់ពីបានជួបជាមួយកងទ័ពវៀតណាម និងបានដឹងពីការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម និងកងកម្លាំងខ្មែរក្រហម។

អត្ថបទ៖ សូ ហាន់ និង ផេង ពង្សរ៉ាស៊ី

ហៀវ សារុន អាយុ៦៦ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង 

សារុន ជាអ្នកចេះដឹងក្នុងភូមិមួយរូបកាលពីមុនរបបខ្មែរក្រហម។ គាត់រៀនសូត្របានច្រើន និងមានចំណេះដឹងអាចដោះស្រាយបញ្ហានានាបាន។ សារុន ជាកូនអ្នកធូរធារម្នាក់ក្នុងភូមិជ្រៃ។ គ្រួសាររបស់ សារុន ធ្លាប់ធ្វើការក្នុងរបបសង្គមរាស្ត្រនិយម និងរបបសាធារណរដ្ឋខ្មែរ។ ក្នុងរបបខ្មែរក្រហម សារុន ខិតខំធ្វើការគ្មានពេលទំនេរ ដើម្បីបង្ហាញឲ្យកម្មាភិបាលខ្មែរក្រហមឃើញថា គាត់ចេះធ្វើការងារគ្រប់បែបយ៉ាង និងតស៊ូអំណត់នូវរាល់បញ្ហាលំបាកផ្សេងៗបាន។ សារុន មិនដែលត្អូញត្អែរ ឬរអ៊ូរទាំអំពីការ ងារលំបាកៗឡើយ។ ទោះបីជាគាត់មិនដែលបានទទួលរបបអា​ហារគ្រប់គ្រាន់ជារៀងរាល់ថ្ងៃក៏ដោយ ក៏ សារុន នៅតែអាចដោះស្រាយបញ្ហាទាំងនេះបាន ដោយសារគាត់ចេះកុហកកម្មាភិបាលខ្មែរក្រហម និងភាពឆ្លាតវែរបស់គាត់។

ហៀវ សារុន កើតនៅឆ្នាំ១៩៥៥ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងគ្រួសារធូរធារមួយក្នុងភូមិ។ គាត់បានចូលរៀននៅសាលាបឋមសិក្សាជ្រៃ នៅឆ្នាំ១៩៦១ និងបានបន្តការសិក្សានៅអនុវិទ្យាល័យ សាមគ្គីព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក មុនពេលដែលគាត់ត្រូវផ្លាស់ប្តូរទៅសិក្សានៅភ្នំពេញនៅខែមិថុនា ឆ្នាំ១៩៧០។ សារុន និងម្តាយ បានចាកចេញពីស្រុកកំណើតទៅរស់នៅជាមួយបងប្រុសឈ្មោះ ហៀវ សុវណ្ណា ជាប៉ូលីសពាក់ស័ក្តិ៤ក្នុងរបបសាធារណរដ្ឋខ្មែរ ក្នុងក្រុងភ្នំពេញ។ ឪពុករបស់ សារុន មិនបានមកជាមួយគាត់ឡើយ។ សារុន បានប្រាប់ថា ការចាកចេញនេះគឺធ្វើឡើងដោយបង្ខំចិត្តប៉ុណ្ណោះ ព្រោះគ្រួសាររបស់គាត់ត្រូវបានរើសអើងថាជាគ្រួសារដែលមានសាច់ញាតិធ្វើការជាមួយរបបសាធារណរដ្ឋខ្មែរ។ នៅភ្នំពេញ សារុន បានបន្តការសិក្សានៅអនុវិទ្យាល័យ ចាក់អង្រែ ដែលបច្ចុប្បន្នទីតាំងនេះគឺជាទីស្តីការក្រសួងមហាផ្ទៃ។ នៅខែឧសភា ឆ្នាំ១៩៧៣ ឪពុករបស់ សារុន បានស្លាប់ដោយសារជំងឺផ្លូវចិត្តនៅឯស្រុកកំណើត។ សារុន និងបងប្អូន ព្រមទាំងម្តាយ មិនបានទៅធ្វើបុណ្យឪពុកឡើយ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សារុន បានទៅចូលរួមជាមួយហ្វូងមនុស្សម្នាជាច្រើននាក់ ដើម្បីអបអរសាទរការមកដល់ទីក្រុងភ្នំពេញរបស់កងទ័ពខ្មែរក្រហម។ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមេសា ខ្មែរក្រហមបានស្រែកគម្រាម សារុន និងបងប្រុសដែលជាទាហានស័ក្តិ៤ ព្រមទាំងគ្រួសារ ឲ្យចាកចេញពីផ្ទះក្នុងក្រុងភ្នំពេញ។ សារុន បងប្រុស និងគ្រួសារ បានចាកចេញពីទីក្រុងតាមរថយន្តហ្ស៊ីបមួយគ្រឿង និងម៉ូតូម៉ូប៊ីឡែតមួយគ្រឿង។ នៅតាមផ្លូវពីភ្នំពេញ កម្មាភិបាលខ្មែរក្រហមបានភ្ជង់កាំភ្លើង សារុន និងក្រុមគ្រួសារ ព្រមទាំងឃាត់មិនឲ្យធ្វើដំណើរដោយរថយន្តទៅមុខទៀតឡើយ។ មកដល់ស្ពានព្រែកព្នៅ ម៉ូតូម៉ូប៊ីឡែតមួយគ្រឿងទៀតក៏ត្រូវខ្មែរក្រហមដកហូតដែរ។ ធ្វើដំណើរដោយថ្មើរជើងអស់រយៈពេលជាច្រើនថ្ងៃ សារុន និងក្រុមគ្រួសារបានមកដល់ស្រុកកំណើត។ នៅតាមផ្លូវ សារុន បានសង្កេតឃើញមានមនុស្សស្លាប់យ៉ាងច្រើននៅតាមចិញ្ចើមថ្នល់ ឃើញមានប្រជាជនជីកប្រឡាយជាច្រើននាក់ ឃើញមានការបាញ់សម្លាប់មនុស្សពីសំណាក់ខ្មែរក្រហម និងឃើញមានកន្លែងឃាត់មនុស្សដើម្បីសួរនាំមួយចំនួន ទៀត។ នៅឯស្រុកកំណើត សារុន និងក្រុមគ្រួសារ ត្រូវកម្មាភិបាលមូលដ្ឋានចាត់ទុកថាជាប្រជាជនថ្មី ហើយត្រូូវតាមដានជាប់ជាប្រចាំ។ បងប្រុសបង្កើតពីរនាក់របស់ សារុន រួមទាំងប្រពន្ធនិងកូន ត្រូវកម្មាភិបាលមូលដ្ឋានដែលជាអ្នកភូមិជាមួយគ្នាកាលពីមុនរបបខ្មែរក្រហម នាំយកចេញទៅសម្លាប់ចោល។ ពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៧៨ សារុន មិនដែលទទួលបានរបបហូបចុកគ្រប់គ្រាន់ឡើយ ហើយកិច្ចការងារជាប្រចាំរបស់គាត់គឺ ដាំដំឡូងឈើ លើកភ្លឺស្រែ ភ្ជួររាស់ និងកងចល័តស្រុក។ នៅដើមឆ្នាំ ១៩៧៨ សារុន និងអ្នកឯទៀត ត្រូវផ្លាស់ប្តូរទីលំនៅទៅកាន់ឃុំចាម ស្រុកកំពង់ត្របែក ហើយភូមិឃុំដែលគាត់ធ្លាប់រស់នៅ ត្រូវខ្មែរក្រហមប្រើប្រាស់ជាទីកន្លែងឃុំឃាំងបណ្តោះអាសន្នសម្រាប់ប្រជាជនមកពីខេត្តស្វាយរៀង  មុនពេលដែលអ្នកទាំងនោះត្រូវនាំយកទៅសម្លាប់នៅព្រៃភ្នាចាក់ ក្នុងឃុំជ្រៃ និងកន្លែងមួយចំនួនទៀតក្នុងឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នៅខែមីនា ឆ្នាំ១៩៧៩ សារុន ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានយុវជនឃុំជ្រៃ។ នៅឆ្នាំ១៩៨០ សារុន បានប្តូរតួនាទីទៅជាសមាជិកគណកម្មាធិការប្រជាជនបដិវត្តន៍ឃុំជ្រៃ ហើយក្រោយមកជាប្រធានសេដ្ឋកិច្ចស្រុកកំពង់ត្របែក។ នៅឆ្នាំ១៩៨៧ សារុន ជាអនុប្រធានការិយាល័យស្រុកកំពង់ត្របែក និងជាប្រធានការិយាល័យស្រុកកំពង់ត្របែក នៅឆ្នាំ២០០៩។ សព្វថ្ងៃ សារុន ជាមន្ត្រីចូលនិវត្តន៍។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី

ប្រែង ស៊ឹម អាយុ៧៨ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក 

ស៊ឹម ជាស្ត្រីម៉េម៉ាយតាំងពីក្រោយរបបខ្មែរក្រហមមកម៉្លេះ។ បី្តរបស់គាត់ បានស្លាប់ក្នុងឆ្នាំ១៩៧៨។

ស៊ឹម បានរៀបការនៅមុនឆ្នាំ១៩៧០ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ។ នៅថ្ងៃដំបូងនៃពិធីចូលឆ្នាំខ្មែរក្នុងឆ្នាំ១៩៧០ ស៊ឹម និងប្តីបានសម្រេចចិត្តមករស់នៅក្នុងទីក្រុងភ្នំពេញ។ ស៊ឹម បានប្រាប់ថា គាត់ភ័យខ្លាចចំពោះវត្តមានរបស់កងទ័ពវៀតកុងដែលតែងតែដើរស្ពាយកាំភ្លើងចុះឡើងៗនៅក្នុងភូមិ និងកាត់មុខផ្ទះគាត់។ នៅភ្នំពេញ ប្តីរបស់ ស៊ឹម ចូលបម្រើការងារជាទាហាននៅបន្ទាយពោធិ៍ចិនតុង ហើយគាត់ក៏ចូលធ្វើជាទាហានក្នុងកងកុំម្មង់ដូរនៅអ៊ឹមអេហ្វដែរ។ ទោះបីជាមានការបាញ់បេះក្នុងទីក្រុងខ្លះៗក៏ដោយ ក៏ការងាររបស់អ្នកទាំងពីរនៅតែប្រព្រឹត្តិទៅជាធម្មតារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ ស៊ឹមនិងប្តី បានចាកចេញពីផ្ទះក្នុងទីក្រុងភ្នំពេញតាមការបង្ខំរបស់ខ្មែរក្រហម ឆ្ពោះមកកាន់ស្រុកកំណើតវិញ ដោយមិនបានយករថយន្តផ្ទាល់ខ្លួនមកជាមួយទេ ហើយក៏មិនបានយករបស់មានតម្លៃផ្សេងទៀតមកជាមួយដែរ។ រយៈពេលប៉ុន្មានថ្ងៃក្រោយមក ស៊ឹម បានមកដល់ស្រុកកំណើតខាងប្តីនៅ ឃុំកំពង់ប្រាសាទស្រុកពាមរក៍ ខេត្តព្រៃវែង ជាកន្លែងដែលប្តីរបស់គាត់ត្រូវកម្មាភិបាលខ្មែរក្រហមចាប់ខ្លួន និងបញ្ជួន យកទៅបាត់ដោយគ្មានដំណឹង។ ក្រោយមក ស៊ឹម បានដឹងដំណឹងថា ប្តីរបស់គាត់ត្រូវខ្មែរក្រហមប្រើឲ្យទឹមរទេះភ្ជួរស្រែនៅទួលម្រេញ ហើយបានស្លាប់ដោយអត់អាហារ និងទណ្ឌកម្មនៅក្នុងឆ្នាំ១៩៧៨។ បន្តិចក្រោយមក ស៊ឹម ត្រូវបានជម្លៀសម្តងទៀតទៅកាន់ខេត្តបាត់ដំបង ដោយបានស្នាក់នៅមួយយប់នៅអ្នកលឿង មុនពេលដែលគាត់ត្រូវបន្តដំណើរតាមកបា៉ល់ពីអ្នកលឿងមកភ្នំពេញ និងចេញពីភ្នំពេញនៅពេលយប់ តាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ ស៊ឹម បានទៅដល់ភូមិឡ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ស៊ឹម បានប្រាប់ថា គាត់សង្កេតឃើញមានមនុស្សស្លាប់ជាច្រើននាក់នៅក្នុងព្រៃ។ នៅបាត់ដំបង ស៊ឹម ធ្វើការងារជាច្រើនទាក់ទងនឹងការបង្កបង្កើនផល។ មិនយូរប៉ុន្មាន ការប្រយុទ្ធគ្នាបានកើតមានឡើង។ មនុស្សម្នាគ្រប់គ្នា បានចាកចេញពីកន្លែងធ្វើការ សំដៅទៅកាន់ស្រុកកំណើត។ ស៊ឹម បានត្រឡប់មកស្រុកកំណើតវិញ និងបន្តរស់នៅជាស្រ្តីមេ៉ម៉ាយរហូតដល់បច្ចុប្បន្ន។ ស៊ឹម បានប្រាប់ថា គាត់មានការលំបាកយ៉ាងខ្លាំងក្នុងការរ៉ាប់រងគ្រួសារ។ មកដល់ខែតុលា ឆ្នាំ១៩៩៩ ស៊ឹម បានចូលធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា ជ្រៃ ហើយចូលនិវត្តន៍នៅឆ្នាំ២០០៧។

អត្ថបទ៖ សូ ហាន់

កែវ សោម អាយុ៧៩ឆ្នាំ រស់នៅភូមិដក់ពរ ឃុំជ្រៃ ស្រុកកំពង់ត្របែក

នៅឆ្នាំ២០២១នេះ កែវ សោម មាន​វ័យកាន់តែចាស់។ គាត់រស់នៅជាមួយប្រពន្ធនិងចៅៗពីរ បីនាក់ក្នុងផ្ទះមួយខ្នងស្ថិតនៅឆ្ងាយពីគេឯងក្នុងភូមិ។ ប្រពន្ធរបស់គាត់ មានបញ្ហាត្រចៀកដែលពិបាកក្នុងការសន្ទនាគ្នា។ សោម ជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិដក់ពរនាពេលបច្ចុប្បន្ន។ គាត់កើតក្នុងពេលដែលប្រទេសកម្ពុជា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង។ ពេលនៅក្មេង សោម ឧស្សាហ៍ឈរមើលក្រុមខ្មែរឥស្សរៈក្នុងភូមិស្ពាយកាំភ្លើងដើរល្បាតទៅមកៗ នៅលើកំណាត់ផ្លូវលំក្បែរផ្ទះគាត់។ សោម បានដឹងថាជាខ្មែរឥស្សរៈ ដោយសារម្តាយរបស់គាត់ជាអ្នកប្រាប់។ ប៉ុន្តែ សោម មិនបានដឹងថា តើខ្មែរឥស្សរៈក្នុងភូមិគាត់ធ្វើអ្វីខ្លះទេ គ្រាន់តែដឹងថា អ្នកទាំងនោះបង្ហាញពីភាពមាំទាំ និងហ្មត់ចត់ណាស់។

សោម បានរៀនដល់ថ្នាក់ឌីប្លូមក្នុងឆ្នាំ១៩៦៨។ នៅឆ្នាំដដែលនេះ ដោយសារភូមិដែលគាត់រស់នៅកើតមានសង្គ្រាមជាហូរហែរ សោម បានសម្រេចចិត្តចាកចេញពីផ្ទះកំណើត ទៅរស់នៅក្នុងទីក្រុងភ្នំពេញ។ សោម ធ្វើជាអ្នកធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៦៩ រហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៥។ ក្នុងរយៈពេលនេះ សោម មិនបានគិតគូរអ្វីក្រៅពីមុខរបររបស់ខ្លួនឡើយ។ សោម មិនបានដឹងពីព្រឹត្តិការណ៍អ្វីសោះដែលបានកើតមានក្នុងទីក្រុងភ្នំពេញ នៅមុនថ្ងៃ១៧ មេសា ១៩៧៥។ សោម បានត្រឡប់មកភូមិកំណើតវិញ ភ្លាមៗបន្ទាប់ពីថ្ងៃ១៧ មេសា ១៩៧៥។ នៅខែកក្កដា ឆ្នាំ១៩៧៥ សោម បានរៀបការជាមួយ ហែម សន។

ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម សោម មិនបាននិយាយអ្វីច្រើនពីជីវិតរបស់គាត់ឡើយ ដោយហេតុថា គាត់មានការភ្លេចភ្លាំងច្រើន។ គាត់ និយាយដដែលៗថា រឿងរ៉ាវដែលបានកើតឡើងចំពោះគាត់ គឺអស់   រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយការចងចាំរបស់គាត់ក៏ស្ទើរតែបាត់អស់ទៅហើយដែរ។ សោម គ្រាន់តែនៅចងចាំថា ខ្មែរក្រហមបានប្រកាសរកអ្នកដែលធ្លាប់ធ្វើការនៅក្នុងរបបសាធារណរដ្ឋខ្មែរ ដើម្បីនាំយកទៅទីក្រុងភ្នំពេញវិញ ដើម្បីរៀនសូត្របន្ថែមត្រៀមទទួលការងារថ្មី។ គាត់នៅចាំទៀតថា បងថ្លៃរបស់គាត់ដែលធ្លាប់ធ្វើពេទ្យក្នុងរបបសាធារណរដ្ឋខ្មែរ មិនត្រឹមតែមិនទៅតាមការប្រកាសនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើជាមនុស្សឆ្កួតដើម្បីបញ្ចៀសពីការចាប់អារម្មណ៍របស់ខ្មែរក្រហមទៀតផង។ សោម បានប្រាប់ទៀតថា មានទាហាន លន់ នល់ ច្រើនណាស់បានស្លាប់នៅទួលម្រេញ ហើយប្រធានមន្ទីរសន្តិសុខ ទួលម្រេញ ឈ្មោះ ណិន។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី

ច័ន្ទ សារី អាយុ៦៩ឆ្នាំ រស់ភូមិព្នៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង 

សារី បានចូលរៀនដំបូងនៅសាលាបឋមសិក្សាព្រៃវៀរ ក្នុងឆ្នាំ១៩៦០ ហើយបន្តទៅរៀននៅអនុវិទ្យាល័យ កំពង់ត្របែក ក្នុងឆ្នាំ១៩៦៨។ ក្រោយថ្ងៃ១៨ មីនា ១៩៧០ សារី បានមកស្នាក់នៅក្នុងទីក្រុងភ្នំពេញ និងបួសជាសង្ឃនៅវត្តនិរោធរង្សី ព្រមទាំងបានរៀនបន្តនៅសាលាពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត រហូតដល់ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៤ សារី បានធ្វើលិខិតឆ្លងដែនមួួយ ក្នុងគោលបំណងទៅទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ សារី ធ្លាប់បានទៅប្រជ្រៀតចូលទៅក្នុងស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ដើម្បីនិរទ្ទេសខ្លួន ប៉ុន្តែគាត់ត្រូវបានរុញច្រានដោយខ្មែរក្រហម ហើយបង្ខំចិត្តជម្លៀសចេញពីទីក្រុងភ្នំពេញ មកកាន់ស្រុកកំណើតវិញ។ សារី បានធ្វើដំណើរទាំងស្បង់ជីវរអស់រយៈ២៨ថ្ងៃ ទើបមកដល់ស្រុកកំណើតនៅភូមិព្នៅ។ បួនប្រាំថ្ងៃក្រោយមក កម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋាន បានស្នើឲ្យ សារី សឹកពីបួស និងស្នើឲ្យទៅធ្វើការកាប់ដីធ្វើស្រែ លើកប្រព័ន្ធភ្លឺស្រែ និងច្រូតស្រូវ ដូចប្រជាជនទូទៅឯទៀត។ សារី ត្រូវបានចាត់ចូលក្នុងក្រុមមនុស្សថ្មី ឬ ប្រជាជនជម្លៀស ឬប្រជាជនថ្មី។

នៅឆ្នាំ១៩៧៦ ទ្រព្យសម្បត្តិឯកជនទាំងអស់ ត្រូវបានដកហូតធ្វើជាសម្បត្តិសមូហភាព។ រោងបាយតាមភូមិនីមួយៗ បានចាប់ផ្ដើមបង្កើតឡើង។ មានរោងបាយ៤នៅក្នុងភូមិព្នៅ។ ការហូបចុកឯកជន ត្រូវបានហាមឃាត់។ ប្រជាជនក្នុងភូមិទាំងអស់ ត្រូវមកទទួលរបបអាហាររបស់ខ្លួនក្នុង១ថ្ងៃ២ដង នៅតាមរោងបាយដែលបានកំណត់ ហើយម្នាក់ៗអាចទទួលបានបបររាវ១ចាន និងសម្លដើមចេកប៉ុណ្ណោះ។ សារី ប្រឹងប្រែងធ្វើការមិនដែលហ៊ានត្អូញត្អែរឡើយ។ មានអ្នកភូមិព្នៅមួយចំនួន ជាពិសេសជាប្រជាជនជម្លៀស ត្រូវកម្មាភិបាលខ្មែរក្រហមនាំយកទៅរៀនសូត្រ ឬយកទៅសម្លាប់ចោលនៅទួលពោធិ៍ចាម ស្ថិតនៅក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងនៅព្រៃភ្នាចាក់ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បន្ទាប់ពីអ្នកទាំងនោះបានប្រព្រឹត្តិកំហុសឆ្គង។

នៅឆ្នាំ១៩៧៨ សារី ត្រូវបានអង្គការបង្ខំឲ្យរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ សំរិត ឆេង ដែលកាលនោះអ្នកដែលរៀបការជាមួយគាត់មានចំនួន៣០គូ។ សារី បាននិយាយទៀតថា ការរស់នៅរបស់ប្រជាជន គឺគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ នៅចុងឆ្នាំ១៩៧៨ សារី និងអ្នកភូមិឯទៀត ត្រូវបានជម្លៀសចេញពីភូមិឆ្ពោះទៅកាន់ ស្រុកព្រះស្ដេច។ នៅតាមផ្លូវ ក្រុមអ្នកជម្លៀសទាំងអស់បានជួបប្រទះនឹងរថក្រោះរបស់កងទ័ពវៀតណាម ហើយក៏បានដឹងដំណឹងពីការវាយប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមដែរ។ សារី និងអ្នកឯទៀត បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

សារី បានធ្វើពិធីរៀបការម្តងទៀតជាមួយប្រពន្ធ និងបានចូលធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា ព្រៃវៀរ រហូតដល់ឆ្នាំ២០១២ ទើបចូលនិវត្តន៍។ បច្ចុប្បន្ន សារី គឺជាអាចារ្យវត្តព្រៃវៀរ ហើយគាត់អាចរកប្រាក់ចំណូលបានបន្តិចបន្តួចពីការងារនេះ។

អត្ថបទ៖ សូ ហាន់

ញឹម ផន អាយុ៥៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំជ្រៃ ស្រុកកំពង់ត្របែក

ផន បានធំដឹងក្តីឡើងក្នុងរបបខ្មែរក្រហម។ គាត់បានចាប់ផ្តើមការសិក្សានៅឆ្នាំ១៩៧៥ ជាមួយក្មេងៗឯទៀតក្នុងភូមិ។ ក្រៅពីការរៀនសូត្រ ផន ត្រូវកម្មាភិបាលខ្មែរក្រហមប្រើឲ្យឃ្វាលគោ លើកទំនប់ជីកប្រឡាយ និងធ្វើជីដាក់ស្រែ។ ផន ប្រាប់ថា គាត់អាចទទួលបានរបបអាហារឆ្អែតតែក្នុងឆ្នាំ១៩៧៥ប៉ុណ្ណោះ ហើយការសិក្សារបស់គាត់ក៏ត្រូវកាត់បន្ថយបន្តិចម្តងៗចាប់ពីឆ្នាំ១៩៧៦មកដែរ។ នៅឆ្នាំ១៩៧៧ ផន និងឪពុកម្តាយ ព្រមទាំងអ្នកភូមិទាំងអស់ ត្រូវជម្លៀសទៅរស់នៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ហើយប្រជាជនមកពីស្រុកចន្ទ្រា និងបាវិត ខេត្តស្វាយរៀង ត្រូវខ្មែរក្រហមបញ្ចូនមកឲ្យរស់នៅក្នុងភូមិកំណើតរបស់ ផន ជំនួសវិញ។ នៅភូមិជីពាយ ផន និងគ្រួសារត្រូវរស់នៅជាមួយអ្នកផ្សេងទៀតចំនួន៨គ្រួសារក្នុងផ្ទះតែមួយ។ នៅឆ្នាំ១៩៧៨ ផន និងគ្រួសារបានវិលត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ បន្ទាប់ពីប្រជាជនមកពីខេត្តស្វាយរៀងត្រូវខ្មែរក្រហមសម្លាប់ចោលទាំងអស់។

ក្រោយឆ្នាំ១៩៧៩ ផន បានចូលរៀននៅសាលាបឋមសិក្សាជ្រៃ និងបន្តមកអនុវិទ្យាល័យព្រៃពោន។ គាត់បានបញ្ចប់ការសិក្សានៅត្រឹមថ្នាក់ទី៧។ ក្រោយមក ផន បានរៀបការ និងចាប់ផ្តើមមុខរបរជាអាជីវករលក់ដូរតាំងពីពេលនោះរហូតមក។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី

ភិន សំយ៉េង អាយុ៦៨ឆ្នាំ រស់នៅភូមិដក់ពរ ឃុំជ្រៃ ស្រុកកំពង់ត្របែក

សំយ៉េង គឺជាគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ដែលនៅតែមានចិត្តចង់ត្រឡប់ទៅបង្រៀនសិស្សនៅតាមសាលារៀនវិញ។ គាត់បានបង្រៀនចៅៗរបស់គាត់នៅក្រោមផ្ទះ និងបានស្នើសុំទៅកាន់នាយកសាលាបឋមសិក្សាជ្រៃ ដើម្បីបានចូលទៅបង្រៀនវិញ។

នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ សំយ៉េង បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា និងរកការងារធ្វើ។ សំយ៉េង បានស្នាក់នៅក្នុងសង្កាត់លេខ៦ និងបានចាប់ផ្តើមជីវិតជាកម្មការិនីនៅឆ្នាំ១៩៧២។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សំយ៉េង បានចាកចេញពីទីក្រុងភ្នំពេញតាមការជម្លៀសរបស់ខ្មែរក្រហម មកកាន់ស្រុកកំណើតវិញ។ មកដល់វត្តចំប៉ា សំយ៉េង បានស្នាក់នៅមួយយប់រង់ចាំចេញដំណើរបន្តនៅថ្ងៃស្អែក។ ពីភ្នំពេញមកដល់វត្តចំប៉ា ហ្វូងមនុស្សធ្វើដំណើរចេញពីភ្នំពេញរាប់ម៉ឺននាក់ ហើយការធ្វើដំណើរត្រូវកកស្ទះពេញផ្លូវ។ ក្នុងពេលសម្រាក សំយ៉េង បានឮសម្លេងតាមមេក្រូប្រកាសឲ្យទាហាននិងមន្ត្រីរដ្ឋការរបស់របប លន់ នល់ វិលត្រឡប់ចូលក្នុងទីក្រុងភ្នំពេញវិញ ដើម្បីទទួលតំណែងការងារថ្មី។ បងប្អូនជីដូនមួយរបស់ សំយ៉េង ម្នាក់បានវិលត្រឡប់តាមការប្រកាស ហើយបានបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ។ សំយ៉េង បានបន្តដំណើរមកដល់ត្រឹមឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក៏ត្រូវឈប់សម្រាកម្តងទៀត មុនពេលដែលគាត់ត្រូវបានហៅឲ្យឡើងជឹះរថយន្តបន្តដំណើរមកដល់វត្តមួយ(មិនចាំឈ្មោះ) ស្ថិតក្នុងស្រុកព្រះស្តេច។ សំយ៉េង បានសង្កេតឃើញមានមនុស្សស្លាប់ច្រើននាក់ណាស់នៅក្នុងបរិវេណវត្តនោះ។

មកដល់ស្រុកកំណើត សំយ៉េង បានឃើញផ្ទះរបស់គាត់ត្រូវភ្លើងឆេះអស់គ្មានសល់។ អ្នកភូមិបានប្រាប់គាត់ថា ផ្ទះរបស់គាត់ត្រូវឆេះដោយសារគ្រាប់ផ្លោង។ នៅឆ្នាំ១៩៧៦ សំយ៉េង បានរៀបគូស្រករ ហើយបានទៅស្នាក់នៅផ្ទះខាងប្តីនៅក្នុងឃុំស្វាយប៉ាក ស្រុកកំពង់ត្របែក។ នៅឆ្នាំ១៩៧៧ សំយ៉េង បានរលូតកូនដោយសារគាត់បានធ្វើការងារធ្ងន់ៗជាច្រើន។ នៅឆ្នាំ១៩៧៨ ទើបគាត់មានផ្ទៃពោះម្តងទៀត ហើយកើតបានកូនប្រុសម្នាក់។

សំយ៉េង ធ្លាប់បាននិយាយប្រវត្តិរបស់គាត់ប្រាប់សិស្ស និងអ្នកឯទៀត ព្រោះគាត់គិតថានឹងបានរំសាយចិត្តខ្លះពីការគិតរបស់គាត់ចំពោះរឿងរ៉ាវដែលបានកើតឡើងមកលើគាត់។ គាត់តែងមានចិត្តខឹងសម្បារចំពោះក្មេងៗណាដែលមិនជឿថា មានរបបខ្មែរក្រហមកើតឡើង។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី

អ៊ុន សារ៉េត អាយុ៧១ឆ្នាំ រស់នៅភូមិព្នៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក 

គាត់ជាអាចារ្យវត្តព្រៃវៀរសព្វថ្ងៃ។ សារ៉េត នៅចងចាំរឿងរ៉ាវពីអតីតកាលច្រើន និងជាមនុស្សពូកែនិយាយ។ នៅពីក្មេង សារ៉េត ធ្លាប់បានរៀនសូត្រជាមួយចៅអធិការវត្តព្រៃវៀរព្រះនាម គង់ សំ។ ក្រោយមក គាត់បានឡើងថ្នាក់ទៅរៀននៅអនុវិទ្យាព្រៃពោន។ ឆ្នាំ១៩៦៩ សារ៉េត បានបន្តការសិក្សានៅវិទ្យាល័យកំពង់ត្របែក។ ក្នុងឆ្នាំដដែល គាត់បានត្រឡប់មកកាន់ភូមិកំណើតវិញ ដោយសារភ័យខ្លាចបែកបាក់ក្រុមគ្រួសារសាច់ញាតិក្នុងព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក។ ចាប់តាំងពីឆ្នាំ១៩៧០រហូតដល់ឆ្នាំ១៩៧៥ សារ៉េត មិនបានចាកចេញពីស្រុកកំណើតឡើយ ហើយក៏មិនបានចូលរួមនៅក្នុងចលនាខ្មែររំដោះដែរ។ សារ៉េត បានប្រាប់ថា គាត់នៅប្រកបរបរធ្វើស្រែជាមួយក្រុមគ្រួសារ។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៧៦ សារ៉េត បានរៀបការជាមួយ ចាន់ សារឹម នៅក្នុងបរិវេណវត្តព្រៃវៀរ។ គូស្រករ៩គូទៀត ក៏បានរៀបការក្នុងថ្ងៃតែមួយ និងកន្លែងតែមួយជាមួយ សារ៉េត ដែរ។ មុនរៀបការ សារ៉េត ធ្វើជាកងចល័តឃុំ។ ក្នុងថ្ងៃរៀបការ ឪពុកម្តាយរបស់ សារ៉េត ក៏បានចូលរួមដែរ តែគាត់មិនបានជួបមុខឡើយ។ ក្រោយរៀបការ សារ៉េត ត្រូវចេញទៅធ្វើការនៅកងចល័តវិញ ហើយពុំសូវបានមកស្នាក់នៅជាមួយប្រពន្ធគាត់ទេ។

ចាប់តាំងពីឆ្នាំ១៩៧៦ សារ៉េត និងអ្នកឯទៀត ពុំដែលបានទទួលរបបអាហារឆ្អែតឡើយ លើកលែងតែថ្ងៃខួបទី១៧ មេសា រៀងរាល់ឆ្នាំប៉ុណ្ណោះដែលគាត់និងអ្នកឯទៀតបានហូបឆ្អែតមួយពេល។ ទ្រព្យសម្បត្តិឯកជន ត្រូវប្រមូលដាក់រួម ហើយការហូបចុកត្រូវផ្លាស់មកហូបរួមនៅក្នុងរោងបាយវិញ។ សារ៉េត ធ្លាប់បានឃើញកម្មាភិបាលខ្មែរក្រហមបញ្ជូនអ្នកភូមិដែលបានប្រព្រឹត្តិខុស ទៅកាន់មន្ទីរសន្តិសុខទួលម្រេញ។

នៅចុងឆ្នាំ១៩៧៨ សារ៉េត ត្រូវបង្ខំឲ្យចាកចេញពីស្រុកកំណើតឆ្ពោះទៅកាន់ភូមិក្រសាំងទង ឃុំព្រះស្តេច ស្រុកកោះជ័យ ដោយទាហានខ្មែរក្រហមខាងភូមិភាគនិរតី។ មិនទាន់បានទៅដល់គោលដៅផង សារ៉េត និងមនុស្សជាច្រើននាក់ទៀត ត្រូវកងទ័ពវៀតណាមប្រាប់ឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញ។

នៅឆ្នាំ១៩៨០ សារ៉េត ធ្វើជាប្រធានយុវជនឃុំជ្រៃ។ នៅឆ្នាំ១៩៨២ គាត់បានប្រឡងជាប់ជាគ្រូបង្រៀន ហើយបានមករៀនវគ្គគ្រូបង្រៀននៅក្នុងទីរួមខេត្តព្រៃវែង។ នៅឆ្នាំ១៩៨៣ គាត់បានចេញមកបង្រៀននៅក្នុងសាលាវត្តសំរោង ក្នុងឃុំជ្រៃ និងនៅសាលាព្រៃវៀរ រហូតដល់ពេលចូលនិវត្តន៍នៅឆ្នាំ២០១០។

អត្ថបទ៖ ផេង ពង្សរ៉ាស៊ី

មាស ឌី ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក 

ក្នុងវ័យកុមារភាព ឌី សិក្សានៅសាលាបឋមសិក្សាជ្រៃ និងបន្តនៅអនុវិទ្យាល័យសាមគ្គីព្រៃពោន។ នៅទីនោះ ឌី រៀនបានតែពីរឆ្នាំប៉ុណ្ណោះក៏ផ្អាកទៅវិញដោយសារមានព្រឹត្តិការណ៍រដ្ឋប្រហារ១៨ មីនា ១៩៧០ កើតឡើង។ ឌី បានប្រាប់ថា សាលារៀននៅក្នុងភូមិឃុំ ត្រូវផ្អាកដំណើរការ ព្រោះតែមានការប្រយុទ្ធគ្នារវាងកងទ័ពធីវគី និងវៀតកុងកើតឡើងជាញឹកញាប់។ ឌី បានប្តូរទីលំនៅទៅរស់នៅក្នុងទីរួមស្រុកកំពង់ត្របែក ហើយបានបន្តការសិក្សានៅវិទ្យាល័យកំពង់ត្របែកអស់រយៈពេលមួយឆ្នាំ ទើបត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៥ ឌី ត្រូវខ្មែរក្រហមចាប់ខ្លួនពីបទក្បត់នឹងអង្គការ ហើយត្រូវនាំខ្លួនទៅដាក់ឃុំឃាំងអស់រយៈពេលមួយឆ្នាំ។ ពុត ជាប្រធានសន្តិសុខ បានសួរចម្លើយ ឌី ពីអ្នកដែលចូលរួមក្បត់ជាមួយ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ អង្គការបានដោះលែង ឌី ឲ្យត្រឡប់មកផ្ទះវិញ ហើយប្រធានសហករណ៍បានប្រើគាត់ឲ្យទៅជីកទំនប់ជ្រៃ និងលើកប្រព័ន្ធភ្លឺស្រែនៅបឹងខ្យង។ ក្រោយមកទៀត ឌី ត្រូវប្រធានសហករណ៍ប្រើឲ្យទៅធ្វើការនៅខេត្តកំពង់ចាមរយៈពេល៣ខែ។ នៅកំពង់ចាម ឌី បានធ្វើការងារកាន់តែធ្ងន់ធ្ងរ ប៉ុន្តែការហូបអាហារបានគ្រាន់បើជាងនៅសហករណ៍ភូមិជ្រៃ។ ៣ខែក្រោយមក ឌី បានមកដល់ផ្ទះ។

នៅចុងឆ្នាំ១៩៧៧ បន្ទាប់ពីគាត់ចេញពីមន្ទីរពេទ្យ ឌី ត្រូវខ្មែរក្រហមប្រើឲ្យបោកកណ្ដាប់ និងដឹកជីយកទៅដាក់ក្នុងស្រែ។ នៅឆ្នាំ១៩៧៩ មុនពេលវៀតណាមចូលមកដល់ អង្គការបានបញ្ជាឲ្យប្រជាជននៅក្នុងភូមិជ្រៃទាំងអស់ចាកចេញពីក្នុងភូមិ។ ឌី ក៏បានចាកចេញដែរ។ ពេលធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ឌី និងអ្នកឯទៀតបានជួបជាមួយកងទ័ពវៀតណាម ហើយពួកគាត់ត្រូវបានប្រាប់ឲ្យវិលត្រឡប់មកផ្ទះវិញ។ មកដល់ភូមិជ្រៃប្រជាជនចាប់ផ្ដើមទៅយករបស់របបនៅក្នុងរោងទាំងអស់ចែកគ្នា រួមទាំងស្រូវអង្ករ សម្រាប់ដាំដុះបន្តទៀត ហើយក៏មានជំនាញការ  វៀតណាមពីរបីនាក់ចូលមកចាត់ចែកបង្កើតមេភូមិ ឃុំថ្មីឡើងវិញ។ ចំណែកទីផ្សា សាលារៀន វត្តអារាម ក៏ត្រូវបានស្តារឡើងវិញជាបន្ដបន្ទាប់ រហូតដល់សព្វថ្ងៃ។

អត្ថបទ៖ ភា រស្មី

សាញ់ សំអ៊ុន អាយុ៥៧ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក

សំអ៊ុន ធ្លាប់បានសិក្សានៅវិទ្យាល័យបឹងកេងកេង នៅឆ្នាំ១៩៧០ បន្ទាប់ ពីគាត់បានរៀននៅសាលាបឋមសិក្សា ព្រៃវៀរ និងអនុវិទ្យាល័យ ព្រៃពោន។ សំអ៊ុន បានចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ១៩៧៥ ឆ្ពោះទៅកាន់ស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ តាមការបង្ខំរបស់ខ្មែរក្រហម។ មកដល់ស្រុកកំណើត សំអ៊ុន ត្រូវបាននចាត់ចូលក្នុងស្រទាប់ប្រជាជនថ្មី ហើយតម្រូវឲ្យធ្វើការងារធ្ងន់ធ្ងរជាងប្រជាជនមូលដ្ឋាន។ កិច្ចការរបស់ សំអ៊ុន មានដូចជា ជីកប្រឡាយ លើកប្រព័ន្ធភ្លឺស្រែ និងធ្វើសន្ដរ (លើកទំនប់) ពុះអូស និងរែកទឹក។ សំអ៊ុន មិនបានទទួលរបបអាហារឆ្អែតឡើយ។ នៅឆ្នាំ១៩៧៦ សំអ៊ុន ត្រូវអង្គការរៀបការប្រពន្ធឲ្យ ជាមួយគូស្រករចំនួន១៦គូផ្សេងទៀត។ ឪពុកម្ដាយរបស់ សំអ៊ុន ក៏បានចូលរួមក្នុងពិធីនេះដែរ។ ក្រោយរៀបការរួច កម្មាភិបាលខ្មែរក្រហមបានអនុញ្ញាតឲ្យ សំអ៊ុន រស់នៅជាមួយប្រពន្ធចំនួនមួយសប្តាហ៍។ នៅឆ្នាំ១៩៧៧ សំអ៊ុន ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងភូមិជីពាយ ឃុំព្រៃពោន ហើយនៅចុងឆ្នាំ១៩៧៧ សំអ៊ុន ត្រូវអង្គការជម្លៀសឲ្យទៅកាន់ខេត្តពោធិ៍សាត់។ សំអ៊ុន បាននិយាយថា ធ្វើការនៅពោធិ៍សាត់គឺលំបាកខ្លាំងណាស់។ ក្រោយថ្ងៃរំដោះទី៧ មករា ១៩៧៩ សំអ៊ុន បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយបានចូលធ្វើគ្រូបង្រៀននៅខែតុលា ឆ្នាំ១៩៧៩។ ១០ឆ្នាំក្រោយមក សំអ៊ុន បានផ្លាស់ប្តូរការបង្រៀនពីសាលាបឋមសិក្សា ព្រៃវៀរ មកសាលាបឋមសិក្សា ជ្រៃ វិញ។ នៅឆ្នាំ២០១៧ សំអ៊ុន បានចូលនិវត្តន៍។

អត្ថបទ៖ សូ ហាន់

ម៉ម កៀត អាយុ៦២ឆ្នាំ គឺជាជាងចម្លាក់នាពេលបច្ចុប្បន្ន 

ម៉ម កៀត រស់នៅជាមួយប្រពន្ធ និងកូនៗរបស់គាត់នៅភូមិដក់ពរ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គៀត ស្រឡាញ់និងចូលចិត្តមុខរបររបស់គាត់ណាស់។  គៀត ឆ្លាក់ និងសូន្យរូបគោ ក្របី និងសត្វផ្សេងៗទៀត ដាក់តាំងបង្ហាញនៅក្នុងដីឡូត៍ផ្ទាល់ខ្លួនគាត់។ នៅលើជញ្ជាំងផ្ទះដែល កៀត កំពុងរស់នៅសព្វថ្ងៃ គាត់បានឆ្លាក់រូបអង្គរវត្តយ៉ាងធំ ដែលនរណាក៏អាចមើលឃើញយ៉ាងងាយនៅពេលធ្វើដំណើរនៅលើកំណាត់ផ្លូវលំកាត់មុខផ្ទះគាត់។ កៀត និយាយថា «វាគឺជាមេរៀនសម្រាប់បង្រៀនក្មេងៗ ពីកេរ្តិ៍ដំណែលរបស់ខ្មែរ»។

កៀត បានមករស់នៅក្នុងទីក្រុងភ្នំពេញ នៅក្រោយថ្ងៃ១៨ មីនា ១៩៧០ បន្ទាប់ពីភូមិកំណើតរបស់គាត់ ត្រូវទទួលរងព្រឹត្តិការណ៍ប្រយុទ្ធគ្នាជាញឹកញាប់រវាងកងទ័ពធីវគីអ្នកស្រុកស្គាល់ថាវៀតណាមខាងត្បូង និងវៀតកុងអ្នកស្រុកស្គាល់ថាវៀតណាមខាងជើង និងការគម្រាមកំហែងនានាក្នុងការអូសទាញអ្នកភូមិ ឲ្យចូលបម្រើក្នុងចលនាខ្មែររំដោះ។ កៀត បានបន្តការសិក្សានៅក្នុងទីក្រុងភ្នំពេញរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទើបគាត់ត្រូវបានជម្លៀសចេញមកកាន់ស្រុកកំណើតវិញ។

ជីវិតឆ្លងកាត់របបខ្មែរក្រហមវិញ កៀត មានអាយុ១៦ឆ្នាំ ធ្វើការនៅក្នុងកងចល័ត ដែលមិនទទួលបានការហូបចុកគ្រប់គ្រាន់។ នៅចុងឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមបានបង្ខំ កៀត និងក្រុមគ្រួសារ ឲ្យចាកចេញពីភូមិកំណើតឆ្ពោះទៅកាន់ស្រុកព្រះស្ដេច ជាមួយមនុស្សម្នាជាច្រើននាក់ទៀត ប៉ុន្តែគាត់បានត្រឡប់មកកាន់ស្រុកកំណើតវិញ បន្ទាប់ពីកងទ័ពវៀតណាមឃាត់មិនឲ្យធ្វើដំណើរទៅមុខទៀត។ ក្រោយមក គាត់បានរៀបការ និងមានកូន៦នាក់ ហើយបច្ចុប្បន្ន កូនទាំងអស់របស់គាត់បានរៀបការរួចរាល់អស់ហើយ។

អត្ថបទ៖ ភា រស្មី

ញឹម វ៉ាន់សៅ អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិដក់ពរ ឃុំជ្រៃ ស្រុកកំពង់ត្របែក 

សៅ គឺជាកូនកំព្រាម្តាយតាំងពីតូច។ ឪពុករបស់ សៅ បានយក សៅ ទៅប្រគល់ឲ្យជីដូនជីតាជួយមើលថែ នៅពេលដែលម្តាយ របស់ សៅ បានស្លាប់ចោលទៅ។ នៅឆ្នាំ១៩៧០ ឪពុក សៅ បានទៅយក សៅ ពីជីដូនជីតាមករស់នៅជាមួយវិញ ដើម្បីបានចូលសិក្សានៅសាលាក្នុងភូមិ។ ដោយសារតែមានភាពច្របូកច្របល់នៅក្នុងប្រទេស សៅ មិនអាចបន្តការសិក្សាបានទៀតទេ។ គាត់បានឈប់រៀននៅត្រឹមថ្នាក់ទី៩ចាស់។ ឪពុករបស់ សៅ បម្រើការជាប៉ូលីសក្នុងរបបសាធារណរដ្ឋខ្មែរ បានស្លាប់នៅក្នុងឆ្នាំ១៩៧៦។ សៅ បានសន្និដ្ឋានថា ឳពុករបស់គាត់បានស្លាប់ដោយសារជំងឺ។

នៅឆ្នាំ១៩៧៣ នៅភូមិរបស់ សៅ មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ គាត់បានរត់ភៀសខ្លួនទៅរស់នៅក្នុងឃុំកន្សោមអក រហូតទាល់តែសភាពការស្ងប់ស្ងាត់ទើបគាត់ត្រឡប់មកវិញ។ ក្រោយមកក្នុងឆ្នាំដដែល សៅ បានចូលរួមក្នុងចលនាតស៊ូនៅក្នុងព្រៃម៉ាគី ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងរបប លន់ នល់។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សៅ ទៅរស់នៅភូមិជំពាយអស់រយៈពេល១ឆ្នាំ។ នៅទីនោះ គាត់មានមុខងារជាអនុប្រធានកងចល័ត មើលការខុសត្រូវលើការប្រមូលលាមក លើកលាមកគោ និងឃ្វាលគោ។ ក្រោយមក គាត់បានត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយកិច្ចការរបស់គាត់គឺស្ថិតក្នុងកងដឹកជញ្ជូនរហូតដល់ថ្ងៃដែលខ្មែរក្រហមបរាជ័យ។

សៅ បានរៀបការជាមួយនឹងប្រពន្ធរបស់គាត់ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។  សៅ ប្រកបមុខរបរជាអ្នកទិញជ្រូក គោ និងក្របី យកទៅលក់នៅខេត្តស្វាយរៀង។ ក្រោយមក សៅ បានបោះបង់ចោលមុខរបរនេះ។ មួយរយៈពេលក្រោយមកទៀត សៅ បានចូលបម្រើក្នុងគណបក្សនយោបាយមួយគឺគណបក្ស ហ៊ុនស៊ីនប៉ិច ហើយពេលវេលាដែលនៅសេសសល់ពីការងារគណៈបក្ស សៅ បានចាប់យកមុខរបរជាអ្នកធ្វើកសិកម្ម។ សៅ អាចរកប្រាក់ចំណូលបានដោយការលក់បន្លែ លក់ស្រូវ និងលក់សត្វដែលគាត់ចិញ្ចឹមបាន។ ប៉ុន្តែក្នុងពេលថ្មីៗនេះប្រាក់ចំណូលរបស់គាត់មានការថយចុះ ដោយសារការរីករាលដាលនៃជំងឺកូវិត១៩។

អត្ថបទ៖ ថុន ស្រីពេជ្រ

អត្ថបទផ្សេងទៀត៖