នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ យុវជន-យុវនារីចំនួន៣០នាក់ដែលកំពុងសិក្សានៅថ្នាក់ទី១១មកពីវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប ចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) រៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដល់យុវជន-យុវនារី មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានបញ្ចូលកម្មវិធីសិក្សាទៅក្នុងវេទិកាថ្នាក់រៀននេះ រួមមាន ៖ ១) បទបង្ហាញស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហម, ២) ការទស្សនាពិព័រណ៍រូបថត និងឈ្វេងយល់អំពីឯកសារខ្មែរក្រហម និង៣) ការចុះទៅដល់ទីតាំចេតិយរំឭកសម្រាប់សហគមន៍ និងការជួបសន្ទនាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
បទបង្ហាញស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហម
ជាកិច្ចចាប់ផ្ដើម លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និយាយស្វាគមន៍ និងណែនាំខ្លួនទៅកាន់យុវជន-យុវនារីចូលរួម។ លោក ផេង ពង្សរ៉ាស៊ី ចាប់ផ្ដើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ដំបូងដើម្បីបង្កើតឲ្យមានការចូលរួមនិងសកម្មភាពពីយុវជន-យុវនារីនៅក្នុងថ្នាក់ លោកលោក ផេង ពង្ស រ៉ាស៊ី ប្រើប្រាស់វិធីសាស្រ្តបង្រៀនដោយបែងចែងយុវជន-យុវនារីជាក្រុមពិភាក្សាដែលក្រុមនីមួយៗទទួលបានមេរៀន និងប្រធានបទពិភាក្សារៀងៗខ្លួន។ បន្ទាប់ពីធ្វើការងារជាក្រុមរយៈពេល២០នាទីរួចមក សមាជិកក្រុមទាំងអស់ឡើងធ្វើបទបង្ហាញអំពីអ្វីដែលខ្លួនបានដឹងទៅកាន់ក្រុមផ្សេងទៀតដែលកំពុងអង្គុយសា្ដប់ និងកត់ត្រាសំណួរដែលខ្លួនចង់ដឹងសម្រាប់សួរលោកផេង ពង្សរ៉ាស៊ី ដើម្បីបកស្រាយ។ តមក លោក ផេង ពង្សរ៉ាស៊ី ធ្វើបទបង្ហាញអំពីនិយមន័យ និងវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងប្រល័យពូជសាសន៍ រយៈពេល ជិតមួយម៉ោងទៀត។
ការទស្សនាពិព័រណ៍ និងឯកសារខ្មែរក្រហម
បន្ទាប់ពីការធ្វើបទបង្ហាញស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហមបានបញ្ចប់ លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំយុវជន-យុវនារីដើរទស្សនាពិព័រណ៍រូបថតចំនួន១០ផ្ទាំងដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជន និងការធ្វើការងារនៅការរដ្ឋានទំនប់ ព្រមទាំងពិព័រណ៍រូបថតចំនួន៨ផ្ទាំងទៀត អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងស្រុកកំពង់សៀម និងបន្ទប់តម្កល់ឯកសារខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសនោះ លោក ស៊ាង ចិន្ដា បង្ហាញយុវជន-យុវនារីអំពីពិព័រណ៍ ដែលមានរូបព្រះឆាយាល័ក្ខណ៍ចំនួន១៨ផ្ទាំង ដែលជាផ្នែកមួយនៃពិព័រណ៍ «សុបិនកម្ពុជា» ដែលត្រូវបានដាក់តាំងបង្ហាញដោយ «បណ្ណាល័យសម្តេចម៉ែ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងព្រះរាជកម្មវិធី “១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ” ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ចេតិយរំឭកសម្រាប់សហគមន៍ និងការចុះជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
កម្មវិធីបញ្ចប់នៃវេទិកាថ្នាក់រៀនលើនេះគឺជាដំណើរទស្សនកិច្ចរបស់យុវជន-យុវនារីទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅពេលទៅដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍ យុវជន-យុវនារី ត្រូវបានបែងចែកជា២ក្រុម ដែលក្រុមនីមួយៗបានជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្រុមទី១) គឺត្រូវជួបជាមួយលោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងមូលដ្ឋានភូមិចំការសាមសិប។ លោក តុង សុភា បាននាំយុវជន-យុវនារីក្រុមទី១ដើរឆ្លងកាត់វាលស្រែឆ្ពោះទៅកាន់ចេតិយរំឭក និងនិយាយប្រាប់អំពីបទពិសោធន៍របស់គាត់ក្នុងរបបខ្មែរក្រហម ការបាត់បង់ឳពុក និងការចាប់ខ្លួនអ្នកភូមិយកទៅសម្លាប់ដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី។ ក្រុមទី២) គឺត្រូវជួបជាមួយអ្នកស្រី មួង សៀងលី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មួង សៀងលី អតីតកងចល័តនារី បានចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយយុវជន-យុវនារី រួមមាន ការធ្វើការងារហួសកម្លាំង និងការហូបចុកមិនគ្រប់គ្រាន់នៅក្នុងរបបខ្មែរក្រហម។ ក្នុងជំនួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចេតិយរំឭកនេះ យុវជន-យុវនារី ទទួលបានការយល់ដឹងបន្ថែម និងបានសួរសំណួរជាច្រើនទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងពីររូបនេះ។
ទស្សនយល់ឃើញរបស់យុវជន-យុវនារីចូលរួម
បន្ទាប់ទស្សនកិច្ចសិក្សានៅទីតាំងចេតិយរំឭកសម្រាប់សហគមន៍បានបញ្ចប់ យុវជន-យុវនារីចូលរួមបង្ហាញទស្សនយល់ឃើញរបស់ខ្លួនដូចខាងក្រោម ៖
ថេង ម៉េងឡា រៀនថ្នាក់ទី១១B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប បាននិយាយថា «ខ្ញុំទទួលបានចំណេះដឹងប្រវត្តិសាស្រ្តជាច្រើនចេញពីការធ្វើបទបង្ហាញរបស់វាគ្មិន និងការស្ដាប់រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាមានការអាណិតអាសូរដល់ប្រជាជនខ្មែរជំនាន់មុនដែលបានឆ្លងកាត់សង្រ្គាម ការលំបាកវេទនា និងការធ្វើទារុណកម្ម។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងខិតខំរៀនសូត្រ និងចូលរួមទប់ស្កាត់កុំឲ្យរបបនេះវិលមកវិញម្ដងទៀត»។
ធី ម៉េងលី រៀនថ្នាក់ទី១១B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប បានបង្ហាញអារម្មណ៍របស់ខ្លួនថា បន្ទាប់ពីបានស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតនៅចេតិយរំឭកសម្រាប់សហគមន៍ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះលោក តុង សុភា ដែលបានរស់នៅយ៉ាងលំបាក និងបាត់បង់ឪពុកជាទីស្រឡាញ់ដោយសារខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។ ខ្ញុំនឹងយកអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ ទៅសួរឪពុកម្ដាយ និងតាយាយរបស់ខ្ញុំអំពីហេតុការណ៍ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម»។
ឈីនណា ម៉េងលី រៀនថ្នាក់ទី១១B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើបបានចែករំលែកអ្វីដែលខ្លួនទទួលបានថា «ខ្ញុំពេញចិត្តចំពោះវេទិកាថ្នាក់នេះ ពីព្រោះខ្ញុំទទួលបានចំណេះដឹងពីរបបខែ្មរក្រហមដែលបានបង្កការស្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ»។
ឡូត សេរីវិច្ឆិកា រៀនថ្នាក់ទី១១B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើបបានលើកឡើងអំពីចំណេះដឹងដែលខ្លួនទទួលបានពីវេទិកាថ្នាក់រៀននេះថា «ខ្ញុំទទួលបានចំណេះដឹងថ្មីៗ និងជាពិសេសគឺខ្ញុំឃើញរូបភាពប្រវត្តិសាស្រ្តជាច្រើន។ ខ្ញុំមានសេចក្ដីអាណិតអាសូរដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។
ហឿន គឹមហុង រៀនថ្នាក់ទី១១B មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើបបាននិយាយថា «ខ្ញុំទទួលបានចំណេះដឹងជាច្រើនអំពីប្រវិត្តសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងទីតាំងប្រវត្តិសាស្រ្ត ដូចជាចេតិយរំឭកសម្រាប់សហគមន៍ដែលមានរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើន»។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ ទូច វណ្ណេត /មជ្ឈមណ្ឌលឯកសារកម្ពុជា