បណ្ណាល័យសម្ដេចម៉ែនៃវិទ្យាស្ថានស្លឹករឹត ដែលបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា មានកិត្តិយសសូមធ្វើការរំឭកគម្រប់ខួបមួយរយព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ (ឆ្នាំ១៩២២-២០២២) ដែលព្រះអង្គបានបូជាអស់ព្រះកម្លាំងកាយចិត្តក្នុងអំឡុងពេលដែលព្រះអង្គគង់នៅមានព្រះជន្ម ដើម្បីសម្រេចនូវ ក្ដីសុបិនកម្ពុជា។
ក្ដីសុបិនកម្ពុជា គឺមិនមែនជាកម្មសិទ្ធិ ឬការបង្កើតឡើងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាក្ដីសង្ឃឹម ការបួងសួង និងចក្ខុវិស័យដ៏ថ្លៃថ្លារួមគ្នារបស់ប្រជាជនកម្ពុជា ដែលបានបង្កើតដួងព្រលឹងជាតិនាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ក្នុងនាមជាអ្នកតំណាង និងជាអ្នកមើលថែរក្សាប្រជាជាតិកម្ពុជា ព្រះរាជវង្សានុវង្សបានអមដំណើរប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ ក្តីសុបិន ដែលបន្តចម្រើនទៅមុខនេះ។
បណ្ណាល័យសម្ដេចម៉ែ មានកិត្តិយសសូមរំឭកអំពីដំណើរនេះ តាមរយៈពិព័រណ៌រូបថត ពីព្រោះថាអនាគតរបស់កម្ពុជា គឺមិនត្រឹមតែពឹងផ្អែកទៅលើការបន្តជំនឿទៅលើក្ដីសុបិនកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ពឹងផ្អែកទៅលើការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុន ដែលពលីជីវិតរបស់ខ្លួនដើម្បីសម្រេចក្ដីសុបិន ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា