ប្រជាជនភូមិសំរោងវត្តហូបចុកគ្រប់គ្រាន់ដោយសារប្រធានសហករណ៍ចិត្តល្អ

ខ្ញុំឈ្មោះ នី ធុច កើតនៅឆ្នាំ១៩៥០ នៅក្នុងភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ នី អឹម និងម្ដាយឈ្មោះ កែវ ទួន។ ខ្ញុំមានបងប្អូនសរុបទាំងអស់៧នាក់ ក្នុងនោះមានស្រី៣នាក់ ហើយបច្ចុប្បន្ននៅរស់តែ៤នាក់ប៉ុណ្ណោះ។ នៅក្នុងសម័យសង្គមរាស្រ្ដនិយម ឪពុកម្ដាយរបស់ខ្ញុំ ប្រកបរបរធ្វើស្រែ និងធ្វើនំលក់ដើម្បីផ្គត់ផ្គង់ជីវភាព។

នៅអាយុ១២ឆ្នាំ ខ្ញុំចូលរៀននៅសាលាក្នុងវត្តសំរោងវត្ត ជាមួយលោកគ្រូឈ្មោះ អោក ដែលជាព្រះសង្ឃ។ ក្រោយមកទៀត ខ្ញុំបន្តការសិក្សានៅអនុវិទ្យាល័យវត្តថ្មី ស្ថិតនៅម្ដុំផ្សារស្នេហ៍ រហូតដល់ប្រឡងជាប់ចូលរៀននៅវិទ្យាល័យ។ ក្រោយមក ដោយសារតែឪពុកម្ដាយក្រីក្រគ្មានលទ្ធភាពបង់ថ្លៃសាលា ខ្ញុំបានឈប់រៀន រួចហើយត្រឡប់មកផ្ទះជួយរកស៊ីឪពុកម្ដាយវិញ។ នៅក្នុងភូមិសំរោងវត្តខ្ញុំជួយបង្រៀនអនក្ខរកម្មចាស់ៗនៅក្នុងភូមិដែលមិនចេះអក្សរ និងធ្វើស្រែ។ នៅសម័យ លន់ នល់ នៅក្នុងភូមិសំរោងវត្តមានការទម្លាក់គ្រាប់បែកចំនួនពីរលើកគឺ លើកទី១) ទម្លាក់នៅផ្ទះរបស់លោកគ្រូ អោក អំឡុងពេលដែលចាស់ៗកំពុងរៀនអក្សរបណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់ និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនជាច្រើន។ លើកទី២) ទម្លាក់នៅទួលប្រាសាទ ជិតភូមិសំរោងវត្ត ប៉ុន្តែមិនមានមនុស្សស្លាប់ទេ។

នី ធុច រស់នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅដើមឆ្នាំ១៩៧៥ ខ្ញុំបានរៀបការជាមួយនារីម្នាក់នៅក្នុងភូមិដែលមានឈ្មោះថា មុជ ហេង។ ការរៀបការរបស់យើងគឺធ្វើឡើងតាមប្រពៃណីជាធម្មតា ព្រោះកាលនោះនៅមានប្រពៃណីនិងសាសនាសម្រាប់គោរពប្រតិបត្តិ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ ខ្មែរក្រហមបានបញ្ជូនកងចល័តនារី និងកងចល័តបុរស រួមទាំងរូបខ្ញុំឲ្យទៅលើកប្រព័ន្ធភ្លឺស្រែ ចាប់ពីស្រុកកំចាយមាររហូតមកដល់ស្រុកមេសាង ខេត្តព្រៃវែង។ ក្រោយបញ្ចប់ការលើកប្រព័ន្ធភ្លឺស្រែ ខ្ញុំបានត្រឡប់មករស់នៅជាមួយក្រុមគ្រួសារវិញ ហើយចាប់ផ្ដើមចូលធ្វើការក្នុងក្រុមជាងឈើ និងឡើងត្នោត។ នៅចុងឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឲ្យក្រុមរបស់ខ្ញុំអាឈើធ្វើតុ ធ្វើកៅអី និងសង់រោងបាយសម្រាប់ហូបអាហាររួមគ្នា។

ចាប់តាំងពីចុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ ការងាររបស់ខ្ញុំគឺឡើងត្នោត ជាងឈើ និងធ្វើស្រែបន្តិចបន្តួចប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៦ ប្រជាជននៅក្នុងភូមិសំរោងវត្តចាប់ផ្ដើមហូបបាយរួមគ្នា ដោយខ្មែរក្រហមបានបែងចែកប្រជាជនឲទៅហូបអាហារតាមរោងបាយចំនួន៤។ នៅក្នុងភូមិសំរោងវត្តមិនសូវលំបាកក្នុងការហូបចុកប៉ុន្មានទេ ព្រោះប្រធានសហករណ៍ឈ្មោះ រស់ មី តែងតែឲ្យប្រជាជនហូបបាយមួយឆ្អែត។ នៅក្រោមការគ្រប់គ្រងរបស់ មី គឺមិនបានធ្វើបាបប្រជាជនទេ ហើយប្រជាជននៅក្នុងភូមិជាច្រើននាក់គោរពស្រឡាញ់គាត់ ។ នៅអំឡុងពេលមានព្រឹត្តិការណ៍តាមចាប់ សោ ភឹម ប្រធានសហករណ៍នៅតាមភូមិផ្សេងៗមានការផ្លាសប្ដូរ លើកលែងតែនៅភូមិសំរោងវត្តគឺនៅដដែល។ ចំណែកឯការបញ្ជូនប្រជាជនទៅខេត្តពោធិ៍​សាត់ ដែលជាតំបន់ដីខ្លាញ់ គឺមានតែ៣គ្រួសារប៉ុណ្ណោះដែលត្រូវបានខ្មែរក្រហមជម្លៀសពីភូមិសំរៀងវត្តទៅរស់នៅទីនោះ។

នៅដើមខែមករា ឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមវាយចូលមក គ្រួសាររបស់ខ្ញុំរួមជាមួយ ប្រជាជននៅក្នុងភូមិសំរោងវត្តបានធ្វើដំណើររហូតដល់ភូមិព្រៃឃ្នេស។ គ្រួសាររបស់ខ្ញុំបានស្នាក់នៅភូមិព្រៃឃ្នេសរយៈពេល៣ថ្ងៃទើបត្រឡប់មកផ្ទះវិញ ព្រោះខ្ញុំឮដំណឹងថាមានការផ្ទុះអាវុធនៅអ្នកលឿង ហើយប្រទេសក៏ត្រូវបានរំដោះដែរ។ ក្រោយរបបខ្មែរក្រហមដួលរលំភ្លាម គ្រួសាររបស់ខ្ញុំចាប់ផ្ដើមធ្វើស្រែ។ បន្ទាប់មក ខ្ញុំយកប្រាក់ដែលសន្សំបានទៅទិញម៉ូតូដើម្បីរត់ឌុប និងដឹកអីវ៉ាន់ពីផ្សារអ្នកលឿងយកមកលក់នៅក្នុងភូមិ។ សព្វថ្ងៃនេះ ខ្ញុំមានកូនសរុបទាំងអស់៦នាក់ ស្លាប់ម្នាក់ ហើយប្រពន្ធរបស់ខ្ញុំក៏ស្លាប់ចោលខ្ញុំដែរ។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖