ខ្ញុំឈ្មោះ រស់ សៀត ហៅ ហ៊ួយ ភេទស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅ ភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនសរុបចំនួន៩នាក់ និងបានចូលបដិវត្តន៍ជាមួយខ្មែរក្រហមចំនួន៤នាក់ នៅក្នុងឆ្នាំ១៩៧០។ បងប្អូនរបស់ខ្ញុំចូលធ្វើបដិវត្តន៍តាមការឃោសនារបស់ តាចង្កូម គឺជាអ្នកមកពីភូមិបឹង ឃុំអំពិលទោល ស្រុកមេសាង។ តាចង្កូម ចូលមកធ្វើទំនាក់ទំនងជាមួយប្រធានសហករណ៍ភូមិឬស្សីសាញ់ឈ្មោះ ឥដ្ឋ និង សាន ដើម្បីស្វែងរកប្រជាជនឲ្យចូលធ្វើបដិវត្តន៍ជាមួយខ្មែរក្រហម។ កន្លែងដែល តាចង្កូម មកឃោសនាគឺនៅផ្ទះមេភូមិ និងនៅវត្ត ហើយពេលខ្លះនៅតាមផ្ទះប្រជាជន។ ប្រជាជននៅក្នុងភូមិខ្ញុំជាច្រើននាក់រួមទាំងបងប្អូនរបស់ខ្ញុំបានចូលរួមដែរ ប៉ុន្តែកាលនោះមិនទាន់ឃើញមានធ្វើសកម្មភាពអ្វីទេ។
នៅចុងឆ្នាំ១៩៧៤ មេឃុំជីផុច ឈ្មោះ មន ប្រាប់ទៅមេភូមិគ្រប់ភូមិប្រកាសស្នើសុំបាយដាក់ស្បោងពីប្រជាជនដោយក្នុងមួយគ្រួសារផ្ដល់បាយមួយស្បោងក្នុងមួយថ្ងៃ។ ប្រជាជននៅក្នុងឃុំជីផុច ឆ្លាស់វេនគ្នាផ្ដល់អាហារឲ្យយោធាខ្មែរក្រហម ដោយធ្វើការផ្លាស់វេនក្នុងមួយថ្ងៃមួយភូមិ រហូតដល់គ្រប់ភូមិទាំងអស់នៅក្នុងឃុំ។ នៅពេលនោះប្អូនរបស់ខ្ញុំ២នាក់ស្លាប់នៅពេលដែលចូលធ្វើជាកងទ័ពខ្មែរក្រហម។ បន្ទាប់ពីទទួលបានជ័យជម្នះ នៅឆ្នាំ១៩៧៥ ប្រធានសហករណ៍បញ្ជូនក្រុមរបស់ខ្ញុំឲ្យទៅកាប់ឧសយកមកដាក់ក្នុងសហករណ៍។ បន្ទាប់ពីកាប់ឧសរួច ប្រធានកងចល័តប្រើក្រុមរបស់ខ្ញុំឲ្យទៅជីកប្រឡាយនៅក្បាលខ្វែកបន្តទៀត។ នៅក្បាលខ្វែក ខ្ញុំនិងមិត្តរបស់ខ្ញុំចំនួន៣នាក់នាំគ្នាលួចរត់មកលេងផ្ទះព្រោះក្រុមរបស់ខ្ញុំនឹកផ្ទះខ្លាំងពេក ប៉ុន្តែត្រូវប្រធានកងចល័តដឹង ហើយជិះកង់តាមចាប់យើងទាំងយប់។ ក្រុមរបស់ខ្ញុំរត់មកដល់ផ្ទះ និងត្រូវក្រោកត្រឡប់ទៅវិញនៅម៉ោង១យប់ដើម្បីឲ្យទាន់ការងារពេលព្រឹក។ លុះម៉ោង១រសៀល ឈ្មោះ ថន គឺជាប្រធានឃ ហៅក្រុមរបស់ខ្ញុំទាំង៤នាក់ទៅណែនាំដើម្បីកុំឲ្យខ្ញុំធ្វើបែបនេះទៀត។ ក្រោយពីបញ្ចប់ការងារនៅ ក្បាលខ្វែក អង្គការបញ្ជូនក្រុមកងចល័តនារីរបស់ខ្ញុំទាំងអស់ឲ្យទៅលើកប្រឡាយនៅខាងជើងពានភ្លើង (ស្រុកកំចាយមារ) បន្តរហូតដល់ដើមឆ្នាំ១៩៧៦ ទើបត្រឡប់មកសហករណ៍វិញ។
នៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្ញុំធ្វើការនៅក្នុងសហករណ៍ភូមិមិនបានប៉ុន្មាន អង្គការបញ្ជូនក្រុមរបស់ខ្ញុំឲ្យទៅធ្វើការនៅពោធិ៍រោង។ កងចល័តរបស់ខ្ញុំបញ្ចប់ការងារនៅពោធិ៍រោងហើយ ក៏ទៅធ្វើការស្រឡូងស្រឡី ហើយចេញពីស្រឡូងស្រឡីទៅលើកព្រែកនៅសំរោងរហូតដល់ខែសីហា ឆ្នាំ១៩៧៦ដដែល ទើបត្រឡប់មកភូមិឬស្សីសាញ់វិញ។ ពេលមកដល់ភូមិប្រធានសហករណ៍បញ្ជូនក្រុមកងចល័តឲ្យទៅជួយស្ទូងស្រូវនៅភូមិស្វាយអណ្ដូង រួចក៏បន្តទៅភូមិត្រពាំងស្គន់ទើបត្រឡប់មកធ្វើការទប់ទឹកនៅជិតភូមិវិញ។ នៅក្នុងភូមិឬស្សីសាញ់ អង្គការប្រើក្រុមខ្ញុំដែលមានសមាជិកចំនួន៨នាក់ទៅស្ទូងស្រូវ១ហិកតាឲ្យរួចក្នុងមួយថ្ងៃ បើមិនទាន់រួចរាល់គឺមិនបានអាហារហូបឡើយ។
នៅដើមឆ្នាំ១៩៧៧ អង្គការប្រើកងចល័តនារីទាំងអស់ ឲ្យទៅលើកប្រព័ន្ធភ្លឺស្រែមួយថ្ងៃឲ្យបាន២០ម៉ែត្រ គឺពេលព្រឹក១០ម៉ែត្រ និងពេលរសៀល១០ម៉ែត្រ។ ក្រុមរបស់ខ្ញុំខិតខំធ្វើការដើម្បីឲ្យគ្រប់ផែនការ។ នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៧ ប្រធានសហករណ៍ជ្រើសរើសឈ្មោះរបស់ខ្ញុំឲ្យទៅធ្វើជាទាហាន និងទៅបើកសម្លៀកបំពាក់នៅវត្តចំបក់។ ចេញពីវត្តចំបក់ខ្ញុំនិងមិត្តនារីផ្សេងទៀតបានទៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តយោធានៅក្នុងវត្តស្ទាវចំនួន៣ខែទៀត។ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ អង្គការបញ្ជូនក្រុមខ្ញុំឲ្យទៅ ត្រៀមនៅកៅទៃដងក្ដោង ហើយក្រោយមកបញ្ជូនទៅវត្តព្រៃមូល។ ចេញពីវត្តព្រៃមូលអង្គការបញ្ជូនខ្ញុំឲ្យទៅត្រៀមនៅតំបន់២០។ នៅក្នុងតំបន់២០ មានឈ្មោះតា ឆាំ បានបង្វឹកក្រុមរបស់ខ្ញុំឲ្យចេះគប់គ្រាប់បែក និងគេចខ្លួនពីគ្រាប់បែក រហូតដល់ចេះសព្វគ្រប់ទើបបញ្ជូនទៅខាងត្បូងត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ខ្ញុំនៅក្នុងកងពលលេខ៦ ដែលមានទីតាំងឈរជើងនៅទួលសង្កែក្បាលដំរី ជិតច្រកព្រំដែន រំដេង ព្រំប្រទល់កម្ពុជា-វៀតណាម។ តួនាទីរបស់ខ្ញុំនៅព្រំដែន គឺចាំសែងយោធាខ្មែរក្រហមដែលរងរបួសនៅពេលវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ខ្ញុំនៅធ្វើការក្នុងកងពលលេខ៦រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ ទើបមានឈ្មោះ អៀង នឹងឈ្មោះល្វៃ នាំខ្ញុំរត់ត្រឡប់មកវិញ។ នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំត្រូវដើរកាត់ព្រៃ កាត់ភ្នំ ពីកន្លែងមួយទៅកន្លែងមួយដោយសម្ងាត់បំផុត និងមានយោធាខ្មែរក្រហមនៅខាងស្រុកពញាក្រែកទៅទទួលទៀតផង។ បន្ទាប់មកទៀតខ្ញុំធ្វើដំណើរមកស្រុកមេសាងវិញ។ នៅទីនោះ ប្រធានសហករណ៍បញ្ជូនខ្ញុំឲ្យទៅនៅខាងស្រុកបាភ្នំវិញ ព្រោះប្រជាជននៅក្នុងភូមិឫស្សីសាញ់មិនពេញចិត្តខ្ញុំនិងតាមសម្លាប់ខ្ញុំចោល។ អ្នកដែលបញ្ជូនខ្ញុំទៅបាភ្នំមានឈ្មោះថា ហ៊ាន, ញ៉ និងឈ្មោះ សេង ហើយអ្នកទាំងនោះត្រូវបានប្រជាជនតាមសម្លាប់បាននៅឃុំបឹងព្រះ ស្រុកបាភ្នំ នៅពេលដែលអ្នកទាំងនោះទៅដល់ឃុំបឹងព្រះបានប្រមាណ៤ថ្ងៃ។ នៅពេលខ្ញុំរស់នៅបាភ្នំក្នុងតំបន់២៤ មេទ័ពតំបន់ឈ្មោះ ខិន និង ខិត បានឲ្យខ្ញុំបន្លំខ្លួនធ្វើជាប្រជាជន និងជួយស្ទូងដកអ្នកភូមិក្នុងតំបន់នោះសិនរហូតដល់ស្ថានភាពនៅក្នុងភូមិឬស្សីសាញ់ធម្មតាវិញ។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំត្រឡប់ទៅរស់នៅក្នុងភូមិឫស្សីសាញ់វិញ ប៉ុន្តែនៅពេលទៅដល់ផ្ទះ ឈ្មោះជន គឺជាប្រធានតំបន់២០ថ្មីហៅខ្ញុំទៅសាកសួរ អំពីមូលហេតុដែលខ្ញុំត្រឡប់មកវិញ រួចហើយបញ្ជូនខ្ញុំឲ្យទៅនៅមន្ទីរពោធិ៍តាមុំ។ នៅមន្ទីរពោធិ៍តាមុំ ខ្ញុំធ្វើការដូចអ្នកទោស ហើយអ្នកគ្រប់គ្រងនៅទីនោះមានឈ្មោះថា ប៊ិច។ ខ្ញុំធ្វើការនៅពោធិ៍តាមុំមិនបានប៉ុន្មានផង ក៏កងទ័ពវៀតណាមវាយចូលមករំដោះប្រជាជន។ នៅពេលមានភាពចលាចល ខ្ញុំលួចរត់ចេញពីមន្ទីរមកផ្ទះវិញ ហើយនាំគ្រួសារភៀសខ្លួនចេញទៅនៅជិតៗភូមិ រហូតដល់ស្ថានភាពធម្មតាទើបនាំគ្នាចូលមកក្នុងភូមិវិញ។ នៅដើមឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ បងប្អូនរបស់ខ្ញុំប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ សព្វថ្ងៃនេះខ្ញុំរស់នៅជាមួយបងស្រីរបស់ខ្ញុំ ព្រោះខ្ញុំទាំងពីរនាក់មិនមានគ្រួសារដូចគ្នា។ ខ្ញុំប្រកបរបរធ្វើស្រែ ដាំដំណាំ និងចិញ្ចឹមសត្វ ប៉ុន្តែទោះបីយ៉ាងណាជីវភាពគ្រួសាររបស់ខ្ញុំក៏មិនសូវជាធូរធារប៉ុន្មានដែរ។
អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា