"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

វេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ លើកទី៧០ នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានរៀបចំវេទិកាថ្នាក់រៀនលើកទី៧០របស់ខ្លួនជាមួយសិស្សានុសិស្សចំនួន៣៦នាក់ (ស្រី៣៤នាក់) មកពីវិទ្យាល័យ មេសាង ស្រុកមេសាង ខេត្តព្រៃវែង។ វិទ្យាល័យ មេសាង គឺជាវិទ្យាល័យមួយដែលទទួលបានការតម្លើងផ្ទាំងពាក្យស្លោកអប់រំ ស្តីពីការចងចាំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ពីមជ្ឈ​មណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ២០១៨កន្លងមក។ ការតម្លើងផ្ទាំងពាក្យស្លោកនេះ ត្រូវបានធ្វើឡើងជាមួយគ្នានឹងការរុករកអដ្ឋិធាតុជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម ពីក្រុមអ្នកជំនាញរុករកអដ្ឋិធាតុក្រោមដីតាមរយៈម៉ាស៊ីនស្គេននៃក្រុមហ៊ុន ស៉្បារ៉ូហក។ កាលពីមុនខែមករា ឆ្នាំ១៩៧៩ បរិវេណវិទ្យាល័យ មេសាង គឺជាទីតាំងសម្លាប់មនុស្សរបស់ខ្មែរក្រហម។ អ្នកទោសខ្មែរក្រហម ត្រូវបានបណ្តើរចេញពីមន្ទីរឃុំឃាំងក្នុងបរវេណវត្ត ជីផុច ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រប៉ុណ្ណោះ យកមកសម្លាប់នៅក្នុងរណ្តៅចំនួន៦ ដែលត្រូវបានរកឃើញដោយម៉ាស៊ីនស្គេនរបស់ក្រុមហ៊ុន ស៉្បារ៉ូហក។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ទីតាំងសម្លាប់នេះ ត្រូវបានបោសសម្អាត និងប្រែក្លាយទៅជាទីតាំងសម្រាប់អប់រំវិញ។ វិទ្យាល័យ មេសាង នាពេលបច្ចុប្បន្ន គឺចាប់ផ្តើមកសាងតាំងពីពេលនោះមក។ ពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានុសិស្សរាប់ពាន់នាក់បានចុះឈ្មោះចូលរៀននៅក្នុងវិទ្យាល័យនេះ ហើយសិស្សថ្នាក់ទី១២ភាគច្រើន ត្រូវបានណែនាំឲ្យដឹងពីទីតាំងសម្លាប់នៅក្នុងបរិវេណវិទ្យាល័យដែលខ្លួនកំពុងសិក្សា តាមរយៈការពន្យល់ និងបង្ហាញពីគ្រូបង្រៀនប្រវត្តិវិទ្យាដែលធ្លាប់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្រៀន រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជានិងក្រសួងអប់រំ យុវជន និងកីឡា។

គ្រូឧទ្ទេសធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យទៅកាន់សិស្សានុសិស្ស។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងវេទិកាថ្នាក់រៀននេះត្រូវបានបែងចែកសកម្មភាពដូចតទៅ ៖

១) សិស្សានុសិស្ស ត្រូវបានណែនាំឲ្យដឹងពីការបង្កើតមជ្ឈមណ្ឌលឯកសារខ្មែរក្រហម ដើម្បីការចងក្រង និងផ្សព្វផ្សាយពីឯកសារប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ សម្រាប់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការស្វែងយល់ និងចងចាំពីប្រវត្តិសាស្ត្រនេះ។

២) តារាងស្ទាបស្ទង់មតិ (មុនពេលធ្វើវេទិកាថ្នាក់រៀន) ចំនួន៣៦ច្បាប់ ត្រូវបានចែកទៅកាន់សិស្សានុសិស្សទាំងអស់ដើម្បីបំពេញ ក្នុងចេតនាវាស់ស្ទង់ចំណេះដឹងពីមុនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ តារាងស្ទាបស្ទង់មតិនេះ មានសំណួរចំនួន១២ ដែលត្រូវបានបែងចែកជាបីផ្នែកធំៗ គឺ ក) ចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ) ចំណេះដឹងអំពីនិយមន័យ និងកត្តាគ្រោះថ្នាក់ជាក់លាក់ដែលនាំឲ្យកើតមានអំពើឃោរឃៅក្នុងពិភពលោក និង គ) ចំណេះដឹងអំពីវិធីសាស្ត្រក្នុងការចូលរួម​ទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍។

សិស្សានុសិស្សបំពេញតារាងវាស់ស្ទង់ចំណេះដឹងមុនពេលសិក្សា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

៣) គ្រូឧទ្ទេសបានផ្តល់ពេលវេលាចំនួន២០នាទីដល់ក្រុមសិស្សទាំងអស់ ក្នុងការសួរសំណួរអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ មុនការធ្វើបទបង្ហាញខ្លីអំពីប្រវត្តិសាស្ត្រនេះ។ ទម្រង់នៃការសួរសំណួររបស់សិស្ស គឺជាទម្រង់នៃការឡើងមកសរសេរសំណួរនៅលើក្រដាសផ្ទាំងធំមួយ ដែលស្ថិតនៅចំពីមុខតុសិស្សទាំងអស់។ មិនមានសិស្សានុសិស្សច្រើននាក់ទេ ដែលបានឡើងមកសរសេរសំណួរដែលខ្លួនឆ្ងល់យូរណាស់មកហើយ នៅលើផ្ទាំងក្រដាសធំនេះ។

មូលហេតុនៃការផ្តើមឲ្យមានការសួរសំណួរមុនការបង្រៀននេះគឺ ទី១) ទាញអារម្មណ៍ និងការគិតរបស់សិស្សមកផ្តោតលើអំឡុងពេលនៃរបបខ្មែរក្រហម។ ទី២) ផ្តល់ឱកាសដល់សិស្សដែលមានចម្ងល់ជាយូរមកហើយអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលខ្លួនមិនដឹងសួរទៅកាន់នរណាដើម្បីទទួលបានចម្លើយ។ ទី៣) អាចជាឱកាសនៃការសួរសំណួរពិបាកៗដែលគ្រូរបស់ខ្លួនមិនទាន់រកចម្លើយឲ្យខ្លួនបាន។ តាមរយៈសំណួរដែលសិស្សានុសិស្សបានសួរ មានសំណួរខ្លះត្រូវការចម្លើយរហូតដល់ទៅពីរម៉ោង ឬច្រើនជាងនេះ។ ឧទាហរណ៍៖ សិស្សស្រីម្នាក់បានស្នើឲ្យគ្រូឧទ្ទេសពន្យល់រៀបរាប់ពីព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ លើសពីនេះទៀត សិស្សស្រីម្នាក់ទៀត បានសួរពីវិធីសាស្ត្របែបណាដែលអាចទប់ស្កាត់អំពើប្រល័យពូជសាសន៍បាន។ សំណួរទាំងពីរនេះ គឺជាប្រធានបទដែលគ្រូឧទ្ទេសនឹងត្រូវលើកយកមកធ្វើបទបង្ហាញក្នុងអំឡុងពេលនៃវេទិកាថ្នាក់រៀននាពេលនេះ។

សិស្សានុសិស្សសរសេរសំណួរលើក្តារខៀនមុនពេលគ្រូឧទ្ទេសចាប់ផ្តើមបង្រៀន។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

៤) គ្រូឧទ្ទេស បានចំណាយពេលវេលាប្រហែលមួយម៉ោងកន្លះ សម្រាប់ការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ការធ្វើបទបង្ហាញ បានចាប់ផ្តើមពីការពន្យល់ពាក្យ «ខ្មែរក្រហម» ដែលជាពាក្យហៅដំបូងដោយសម្តេចព្រះ នរោត្តម សីហនុ ហើយត្រូវទស្សនាវដ្តីអ្នកជាតិនិយម យកមកចុះផ្សាយនៅក្នុងឆ្នាំ១៩៦៧ និងបញ្ចប់ដោយការបង្ហាញពីផលប៉ះពាល់នៃរបបខ្មែរក្រហម មកលើប្រជាជនទូទៅ និងប្រទេសជាតិ ជាពិសេសជំងឺបាក់ស្បាតដែលនៅតែបន្តកើតមានចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនាពេលបច្ចុប្បន្ននេះ។

៥) ខ្សែវីដេអូឯកសារខ្លី ដែលមានរយៈពេលតែប្រាំមួយនាទី មានចំណងជើងថា «កុមារកម្ពុជា» ត្រូវបានដាក់បញ្ចាំងបន្ទាប់ពីការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស។ ខែ្សវីដេអូនេះ បង្ហាញអំពីដំណើរគ្មានគោលដៅរបស់ក្មេងកំព្រាទាំងឡាយដែលឪពុកម្តាយ និងបងប្អូនបានស្លាប់ចោលអស់។ ក្នុងដំណើរផ្សងព្រេងនេះ សិស្សានុសិស្សបានសង្កេតឃើញពីភាពគ្មានអនាម័យក្នុងការហូបចុក និងរស់នៅរបស់ក្មេង ព្រមទាំងបានឃើញពីជីវិតតែលតោលគ្មានគោលដៅ ដែលដំណើរទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពដែលមិនអាចទទួលយកបាននាពេលបច្ចុប្បន្ននេះ ពីសំណាក់ក្មេងៗជំនាន់ក្រោយ។ ខ្សែវីដេអូនេះ ក៏ជាភស្តុតាងបញ្ជាក់ និងជាមេរៀនជីវិតរបស់ក្មេងៗជំនាន់មុន ដែលក្មេងៗជំនាន់នេះបានបង្ហាញពីភាពអាណិតអាសូរចំពោះសោកនាដកម្មនានាដែលបានកើតមានចំពោះក្មេងៗក្នុងសម័យខ្មែរក្រហម។ វីដេអូនេះ ក៏ជាផ្នែកមួយដែលបំផុសឲ្យក្មេងៗជំនាន់ក្រោយ ឲ្យរិះរកវិធីទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកជាលើកទីពីរទៀត។

សិស្សានុសិស្សលើកដៃសួរសំណួរបន្ទាប់ពីគ្រូឧទ្ទេសធ្វើបទបង្ហាញចប់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

៦) បន្ទាប់ពីផ្តល់ពេលវេលាខ្លីសម្រាប់សិស្សានុសិស្សសម្រាក គ្រូឧទ្ទេសបានចាប់ផ្តើមការធ្វើបទបង្ហាញរបស់ខ្លួនបន្តទៀត ដោយផ្តោតលើផ្នែកសំខាន់ពីរគឺ ១) និយមន័យនៃអំពើឧក្រិដ្ឋឃោរឃៅ (រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម) និងឧទាហរណ៍ជាក់លាក់មួយចំនួនដែលនាំឲ្យកើតមានឧក្រិដ្ឋកម្មឃោរឃៅទាំងឡាយ។ ២) ការបង្ហាញពីវិធីសាស្ត្រជាក់លាក់ចំនួនពីរ ក្នុងការចូលរួមទប់ស្កាត់អំពើឃោរឃៅ ឬអំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារ ឬសហគមន៍ និងកម្រិតប្រទេសជាតិ។

៧) សិស្សានុសិស្សទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យបំពេញតារាងស្ទាបស្ទង់មតិ (ក្រោយពេលធ្វើវេទិកាថ្នាក់រៀន) ម្តងទៀត ដើម្បីស្វែងយល់ពីចំណេះដឹងកើនឡើងក្រោយពេលដែលខ្លួនបានចូលរួមក្នុងសកម្មភាពវេទិកាថ្នាក់រៀនរយៈពេលបីម៉ោងរួចមក។ លើកនេះ សិស្សានុសិស្សបានចំណាយពេលវេលាច្រើនជាងកន្លះម៉ោង ក្នុងការបំពេញតារាងស្ទាបស្ទង់មតិនេះ ព្រោះថា មានសំណួរមួយចំនួនទាមទារឲ្យសិស្សានុសិស្សសរសេររៀបរាប់ពីចំណេះដឹងដែលខ្លួនបានសិក្សាថ្មីៗពីក្នុងកម្មវិធីវេទិកាថ្នាក់រៀន ពីគំនិតយល់ឃើញនានារបស់ខ្លួនអំពីវិធីសាស្ត្រផ្ទាល់ខ្លួនក្នុងការចូលរួមទប់ស្កាត់អំពើហិង្សា និងពីគំនិតឆ្លុះបញ្ចាំងពីដំណោះស្រាយចំពោះការកើតឡើងនូវអំពើហិង្សានៅក្នុងសហគមន៍ ដែលខ្លួនគួរមាន និងដោះស្រាយ ក្នុងករណីដែលមានអំពើហិង្សាកើតឡើងមែន។

គ្រូឧទ្ទេស, គ្រូដឹកនាំ, ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងសិស្សានុសិស្សថតរូបជុំគ្នា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

៨) ចុងបញ្ចប់នៃកម្មវិធីវេទិកាថ្នាក់រៀន សិស្សានុសិស្សទាំងអស់ទទួលបានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ម្នាក់មួយច្បាប់ ដើម្បីទុកជាឯកសារស្រាវជ្រាវ និងរៀនសូត្របន្ថែមមុនពេលដែលខ្លួននឹងត្រូវចូលរួមប្រឡងប្រជែងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនាពេលប៉ុន្មានខែខាងមុខនេះ។

៩) មុននឹងត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ សិស្សានុសិស្សទាំងអស់ បានឈរថតរូបជុំគ្នាជាមួយនឹងគ្រូឧទ្ទេស គ្រូដឹកនាំ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅពីមុនផ្ទាំងពិព័រណ៍ធំមួយស្ថិតនៅខាងក្នុងបរិវេណការិយាល័យមជ្ឈមណ្ឌលមណ្ឌលឯកសារខេត្តព្រៃវែង។ ចំពោះបញ្ហាប្រ​ឈ​ម សិស្សានុសិស្សមួយចំនួនតូច បានបង្ហាញឲ្យឃើញពីភាពអស់កម្លាំង និងងងុយដេកក្នុងពេលស្តាប់ការធ្វើបទបង្ហាញ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សិស្សានុសិស្សភាគច្រើនលើសលុប បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូឧទ្ទេស។ ការធ្វើវេទិកាថ្នាក់រៀនរបស់យើង គឺចាប់ផ្តើមនៅម៉ោងមួយកន្លះរសៀល និងបញ្ចប់នៅម៉ោង៥រសៀលថ្ងៃដដែល។

អត្ថបទ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា