កិច្ចសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ក្មេងៗជំនាន់ក្រោយ នៅទីតាំងអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានរៀបចំកិច្ចសន្ទនាមួយយ៉ាងរស់រវើក រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្មេងៗជំនាន់ក្រោយ។ កិច្ចសន្ទនានេះ មានការចូលរួមចែករំលែកដោយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ ទៀវ ផៃ អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គោលបំណងនៃកិច្ចសន្ទនាអន្តរជំនាន់ គឺចង់ឱ្យក្មេងជំនាន់ក្រោយបានដឹងរឿងរ៉ាវនៃការកកើតបុរីអូរស្វាយ និងជីវិតរស់នៅឆ្លងកាត់របបខ្មែរក្រហម។ ក្មេងៗបានអង្គុយសម្លឹងមើលទៅ ទៀវ ផៃ ដោយការយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់អំពីការរៀបរាប់ដំណើរជីវិតពិតដ៏ជូរចត់ និងការតស៊ូជម្នះគ្រប់ឧបសគ្គរហូតបានរួចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ ខាងក្រោមនេះ គឺជារឿងរ៉ាវជីវិតរបស់ ទៀវ ផៃ បានចែករំលែកទៅកាន់ក្មេងៗជំនាន់ក្រោយ៖

ទៀវ ផៃ កើតក្នុងគ្រួសារកសិករដែលមានឪពុកឈ្មោះ ទៀវ សុខ និងម្ដាយឈ្មោះ មែន ភួង ដោយមានបងប្អូនបង្កើតចំនួន៥នាក់ គឺស្រី៣នាក់ និងប្រុស២នាក់ រួមមាន៖ បងស្រីទី១) ឈ្មោះ ទៀវ ឆាំង, បងប្រុសទី២) ឈ្មោះ ទៀវ ឆុន, បងស្រីទី៣) ឈ្មោះ ទៀវ ផង, បងប្រុសទី៤) ឈ្មោះ ទៀវ ឈុំ និង ទី៦) ទៀវ ផៃ គឺជាកូនស្រីពៅក្នុងគ្រួសារ។ ដើមដំបូងឡើយ គ្រួសាររបស់ ទៀវ ផៃ រស់នៅឯខេត្តស្វាយរៀង។ លុះដល់ឆ្នាំ១៩៦៧ ក្នុងវ័យទើបតែ១១ឆ្នាំ ក្រុមគ្រួសារ ទាវ ផៃ បានធ្វើដំណើរមកកាន់ទឹកដីបុរីអូរស្វាយ តាមការអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (១៩៦៤-១៩៦៨)។

ពេលគ្រួសារ ទៀវ ផៃ មកដល់បុរីអូរស្វាយដំបូង គឺឃើញមានសាលារៀន មន្ទីរពេទ្យ វត្ត និងផ្សាររួចជាស្រេច។ ពេលនោះ សម្ដេចព្រះ នរោត្តម សីហនុ បានចែកដីភូមិឱ្យមួយគ្រួសារទំហំ៤០ម៉ែត្រ គុណនឹង៥០ម៉ែត្រ ព្រមទាំងផ្ទះមួយខ្នងដើម្បីរស់នៅ។ ទៀវ ផៃ នៅចាំបានថា សម្ដេចតាបានយាងតាមឧទ្ធម្ភាគចក្រមកសម្ពោធបុរីអូរស្វាយដោយផ្ទាល់។ ទីតាំងចុះចតឧទ្ធម្ភាគចក្រកាលនោះ គឺនៅជាប់មាត់ទន្លេ ប៉ុន្តែសព្វថ្ងៃបានបាក់ច្រាំងចូលទឹកបាត់ទៅហើយ។ ព្រះអង្គបានចែកក្រណាត់សង្គមរាស្ត្រនិយមចំនួន២ម៉ែត្រ ដល់ប្រជានុរាស្រ្តដែលជាកូនចៅ ទាំងក្មេងទាំងចាស់។ ទោះបីជាការចាប់ផ្តើមជីវិតថ្មីមានសង្ឃឹម ប៉ុន្តែជំងឺគ្រុនចាញ់ក្នុងអំឡុងពេលនោះបានឆក់យកជីវិតអ្នកភូមិអស់ជាច្រើន។

មកដល់ដើមទសវត្សរ៍ឆ្នាំ១៩៧០ ពេលរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ឡើងគ្រប់គ្រងប្រទេស ភ្លើងសង្គ្រាមបានឆេះរាលដាលយ៉ាងឆាប់រហ័ស។ ទៀវ ផៃ បានរៀបរាប់ថា សំឡេងយន្តហោះទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកនៅតាមព្រំដែនបានក្លាយជាក្តីបារម្ភប្រចាំថ្ងៃ។ ពេលខ្លះប្រជាជនកំពុងជម្រះស្មៅស្រូវ ឬស្មៅពោតក្នុងចម្ការ ស្រាប់តែមានឧទ្ធម្ភាគចក្រហោះកាត់ពីលើក្បាល ដូច្នេះប្រជាជនត្រូវទម្លាក់ស្មៅចោល រួចលូនចូលក្នុងគុម្ពព្រៃ ឬលេណដ្ឋាន ដើម្បីគេចពីគ្រាប់បែក។

នៅពេលកងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសបានទាំងស្រុង នៅឆ្នាំ១៩៧៥ ប្រាក់កាក់ត្រូវបានលុបបំបាត់ចោល ហើយប្រជាជនទាំងអស់ត្រូវបានបង្ខំឱ្យធ្វើស្រែវេរប្រវាសដៃ។ បន្ទាប់មកទៀត គឺខ្មែរក្រហមរៀបចំប្រជាជនឱ្យរស់នៅ និងហូបបាយរួមជាសមូហភាព។ នៅរដូវប្រមូលផលស្រូវ ទើបខ្មែរក្រហម ឱ្យប្រជាជនហូបបាយ ហើយរដូវវស្សាឱ្យហូបបាយលាយគល់ចេក និងមើមក្ដួចដើម្បីចម្អែតក្រពះ។ មិនយូរប៉ុន្មាន អ្នកភូមិអូរស្វាយទាំងអស់ ត្រូវខ្មែរក្រហមបំបែក និងជម្លៀសចេញ ដោយប្រជាជនខ្លះទៅរស់នៅភូមិញើន, ភូមិស្ដៅ ខ្លះទៀតទៅនៅស្រុកសៀមប៉ាង ចំណែក ទៀវ ផៃ ត្រូវបានបញ្ជូនទៅនៅភូមិសាមខួយ ដោយត្រូវបង្ខំឱ្យធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរដូចជាការលើកទំនប់ស្រែស្វាយ និងទំនប់កង់ម្ភៃដ៏ធំល្វឹងល្វើយ។

ជារៀងរាល់ថ្ងៃ ទៀវ ផៃ ត្រូវចុះធ្វើការតាំងនៅម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៩ព្រឹក ទើបបានសម្រាក ហើយម៉ោង១រសៀលត្រូវចុះធ្វើការបន្តរហូតដល់ម៉ោង៦ល្ងាច។ ក្រោយពេលហូបបាយល្ងាចរួច នៅម៉ោង៧យប់ គាត់ត្រូវចុះលើកទំនប់ម្តងទៀតរហូតដល់ម៉ោង៩យប់ទើបបានសម្រាក។ ពេលនោះខ្មែរក្រហមបែងចែកប្រជាជនជាកងដោយក្នុងមួយកងមានសមាជិក៣០នាក់ និងបែងចែកជាក្រុមបន្តទៀតដោយក្នុងមួយក្រុមមានសមាជិក១០នាក់ និងពួកមានសមាជិក៣នាក់។ នៅតាមកង ក្រុម និងពួក គឺមានប្រធានគ្រប់គ្រងយ៉ាងតឹងរឹង ហើយសូម្បីតែសមាជិកសុំទៅបន្ទោបង់យូរបន្តិច ក៏ត្រូវលើកយកមកប្រជុំទិតៀន និងស្តីបន្ទោសដែរ។ ចំពោះកុមារតូចៗត្រូវខ្មែរក្រហមយកទៅដាក់ឱ្យរស់នៅដាច់ដោយឡែកក្នុងមន្ទីរកុមារ និងដោយត្រូវធ្វើការងារ ដូចជា កាប់ដីដំបូក កាប់ទន្ទ្រានខែត្រ និងដើរកើបលាមកគោក្របីយកមកធ្វើជីដាក់ស្រូវ។ ក្នុងមួយថ្ងៃកុមារមានពេលរៀនអក្សរបានត្រឹមតែមួយម៉ោងតែប៉ុណ្ណោះ នៅពេលថ្ងៃត្រង់ មុននឹងត្រឡប់ទៅធ្វើការងារវិញ។

ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ គ្រួសារ ទៀវ ផៃ ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសកាត់ទន្លេមេគង្គទៅកាន់ស្រុកថាឡាបរិវ៉ាត់។ បន្ទាប់មក ផៃ ត្រូវធ្វើដំណើរដោយថ្មើរជើងកាត់ព្រៃ ឆ្លងសំអាងឆ្វាំង រហូតដល់ស្រុកជ័យសែន ខេត្តព្រះវិហារ។ លុះកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមវាយរំដោះបានខេត្តស្ទឹងត្រែង ក្រុមគ្រួសារ ទៀវ ផៃ បានធ្វើដំណើរដោយថ្មើរជើងរាប់ខែកាត់ព្រៃជ្រៅដែលឮតែសំឡេងសត្វដំរីត្រឡប់មកភូមិសាមខួយ។

ក្រោយពេលប្រមូលផលស្រូវនៅសាមខួយរួចរាល់ ទៀវ ផៃ និងក្រុមគ្រួសារបានសម្រេចចិត្តវិល   ត្រឡប់មកកាន់បុរីអូរស្វាយវិញ។ ពេលនោះ ភូមិអូរស្វាយ មានសភាពស្ងាត់ជ្រងំ និងមិនទាន់មានមនុស្សមករស់នៅច្រើនឡើយ។ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់ទឹកដីដែលធ្លាប់រស់នៅ ទៀវ ផៃ បានកាប់ឆ្ការព្រៃ និងចាប់ផ្ដើមជីវិតសាជាថ្មីនៅលើក្បាលដីដែលសម្ដេចតាធ្លាប់បានប្រទានកាលពីសម័យមុន។ បច្ចុប្បន្ន ទៀវ ផៃ រស់នៅដោយសុភមង្គលជាមួយប្ដីឈ្មោះ សើង សាវ៉ាង និងកូនៗចំនួន៣នាក់។

ទោះបី ផៃ រួចរស់ពីសេចក្ដីស្លាប់ ប៉ុន្តែការឈឺចាប់របស់គាត់មិនទាន់រសាយឡើយ ព្រោះក្រោយមកបងប្រុសរបស់គាត់ដែលបានភៀសខ្លួនទៅជំរំសាយធូត្រូវបានខ្មែរក្រហមលបបាញ់សម្លាប់។

ការរៀបរាប់រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៀវ ផៃ បានធ្វើឱ្យកុមារអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់។

គង់ សេងអ៊ីង បានលើកដៃ ហើយនិយាយថា៖ «យាយពិតជាឆ្លងកាត់ការលំបាកច្រើន! ជីវិតរបស់យាយបានជួបឧបសគ្គរាប់មិនអស់។ សម្រាប់ចៅៗសព្វថ្ងៃប្រហែលជាមិនអាចរឹងមាំ និងតស៊ូបានដូចយាយឡើយ»។

ម៉ុយ វុត្ថា បានលើកឡើងថា៖ «ពេលបានស្ដាប់យាយរៀបរាប់ ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់។ លោកយាយគឺជាមនុស្សដ៏អស្ចារ្យដែលបានតស៊ូតាំងពីមកកាប់ឆ្ការព្រៃរស់នៅលើដីអូរស្វាយ ឆ្លងកាត់ការទម្លាក់គ្រាប់បែក ឆ្លងកាត់របបខ្មែរក្រហម និងអាចនិយាយរឿងទាំងនេះឱ្យចៅៗស្ដាប់បានយ៉ាងក្បោះក្បាយ»។

កិច្ចសន្ទនាអន្តរជំនាន់នៅទីតាំងអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព។ ភាពអង់អាច និងការតស៊ូរបស់ ទៀវ ផៃ មិនត្រឹមតែជាមេរៀនប្រវត្តិសាស្ត្ររស់សម្រាប់កុមារនៅក្នុងភូមិតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដាស់តឿនដល់យុវជនជំនាន់ក្រោយគ្រប់រូបឱ្យចេះស្រឡាញ់ ការពារសន្តិភាព និងដឹងគុណចំពោះការលះបង់របស់យាយតាដែលបានឆ្លងកាត់សោកនាដកម្មក្នុងរបបខ្មែរក្រហម។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖