ខ្ញុំឈ្មោះ ផាន់ ចរិយា មានអាយុ៤៩ឆ្នាំ កើតនៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ ផាន់ ម៉ៅ(ស្លាប់) និងម្ដាយឈ្មោះ អឿ យឺន មានអាយុ៧៨ឆ្នាំ សព្វថ្ងៃរស់នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ គឺស្រី៤នាក់ និងប្រុស៤នាក់ ហើយខ្ញុំគឺជាកូនទី៧នៅក្នុងគ្រួសារ។ ខ្ញុំមានប្តីឈ្មោះ អ៊ុម សេម អាយុ៦៤ឆ្នាំ មានមុខរបរជាមេជាងសំណង់។ ខ្ញុំមានកូនចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុសម្នាក់។ សព្វថ្ងៃកូនប្រុសពៅរបស់ខ្ញុំកំពុងរៀននៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។
កាលនៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាមួយក្នុងឃុំបឹងខ្នារ បានត្រឹមថ្នាក់ទី៣។ បន្ទាប់មក ឪពុកម្ដាយរបស់ខ្ញុំឱ្យខ្ញុំឈប់រៀន ព្រោះគ្រួសារមានជីវភាពខ្វះខាត។ ក្រោយពីឈប់រៀនខ្ញុំបាននៅជួយមើលថែក្មួយៗ ព្រោះបងៗត្រូវចេញទៅធ្វើការ។ ក្រៅពីមើលក្មួយ ខ្ញុំបានដើរទិញចេក អំពៅ និងផ្លែក្រូច នៅតាមចម្ការរបស់ប្រជាជនដឹកយកទៅលក់នៅក្នុងផ្សារពោធិ៍សាត់។
នៅឆ្នាំ២០០០ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ អ៊ុម សេម នៅស្រុកកំណើត។ បន្ទាប់ពីរៀបការរួច ខ្ញុំ និងប្ដីរស់នៅស្រុកបាកាន ព្រោះគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត និងមិនមានការងារធ្វើទេ។ រហូតដល់ឆ្នាំ២០១៧ ប្ដីរបស់ខ្ញុំបាននាំខ្ញុំ និងកូនៗធ្វើដំណើរមកឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីស្វែងរកការងារធ្វើ។ កាលនោះ ផ្លូវធ្វើដំណើរទៅកាន់ឃុំថ្មដាមានសភាពលំបាកខ្លាំងណាស់។ ខ្ញុំបានជិះរថយន្តឈ្នួលឡើងចំណោទភ្នំខ្ពស់ៗ ហើយកង់ឡានត្រូវរុំជាមួយច្រវ៉ាក់ព្រោះផ្លូវរអិលខ្លាំង។ ទម្រាំខ្ញុំធ្វើដំណើរទៅដល់ព្រំដែនថ្មដា គឺត្រូវចុះភ្នំ និងឡើងភ្នំ ដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើនលើក។ ពេលនោះ ខ្ញុំឃើញប្រជាជនរស់នៅអ៊ូអរ និងសម្បូរការងារធ្វើនៅថ្មដាដែលអាចឱ្យខ្ញុំ និងប្ដីរកប្រាក់ចំណូលសម្រាប់ចិញ្ចឹម គ្រួសារបានប្រសើរឡើង។ ពេលខ្ញុំរស់នៅថ្មដា កូនស្រីរបស់ខ្ញុំទាំង២នាក់ មិនបានបន្តការសិក្សាទេ ព្រោះត្រូវចូលធ្វើការនៅសណ្ឋាគារថ្មដា ប៉ុន្តែកូនប្រុសពៅរបស់ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាថ្មដា។ នៅមុនពេលកើតមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំចូលទៅលេងប្រទេសថៃជាញឹកញាប់។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជាបានប្រាប់ខ្ញុំថា នៅព្រំដែនថ្មដាមានសភាពការណ៍តានតឹងខ្លាំងណាស់។ អាជ្ញាធរភូមិឃុំបានប្រាប់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមខ្លួនដើម្បីភៀសខ្លួនចេញពីផ្ទះ ព្រោះស្ថានការណ៍នៅព្រំដែនរវាងកម្ពុជា-ថៃមិនល្អឡើយ។ ខ្ញុំបានឃើញយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ទាហានថៃបានហោះខ្វែងខ្វាត់នៅតំបន់ថ្មដា ដូច្នេះខ្ញុំគិតថានៅថ្មដាមិនមានសុវត្ថិភាពទៀតទេ។ នៅល្ងាចថ្ងៃដដែល ខ្ញុំ និងក្រុមគ្រួសារបានរៀបចំរបស់របរចាំបាច់មួយចំនួនដើម្បីភៀសខ្លួនចេញពីផ្ទះនៅភូមិសង្គមថ្មី ដោយធ្វើដំណើរមកស្នាក់នៅទីកន្លែងសក្ការៈរបស់លោកយាយម៉ៅ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានឃើញប្រព័ន្ធផ្សព្វផ្សាយសង្គមលើទូរសព្ទដៃប្រកាសថា ទាហានថៃបានបាញ់មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅតាមព្រំដែនក្នុងខេត្តឧត្ដរមានជ័យ។ ខ្ញុំបានឮដំណឹងថា នៅព្រំដែនថ្មដាកាន់តែមានសភាពតានតឹងខ្លាំងរវាងកងទ័ពកម្ពុជា និងទាហានថៃ។ បន្ទាប់មកទៀត ខ្ញុំបានឃើញប្រជាជនដែលរស់នៅព្រំដែនថ្មដា ចាប់ផ្ដើមភៀសខ្លួនមកកាន់កន្លែងមានសុវត្ថិភាពបណ្ដើរៗ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មិនយូរប៉ុន្មាន ខ្ញុំ និងក្រុមគ្រួសារបានភៀសខ្លួនចេញពីទីសក្ការៈលោកយាយម៉ៅទៅឃុំប្រម៉ោយ និងបានស្នាក់នៅក្នុងជំរំភៀសសឹកដែរ។ ខ្ញុំ និងក្រុមគ្រួសារបានមកស្នាក់នៅជំរំភៀសសឹកអស់រយៈពេល៩ថ្ងៃ។
លុះដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខ្ញុំ និងក្រុមគ្រួសារបានធ្វើដំណើរចេញពីឃុំប្រម៉ោយត្រឡប់ទៅផ្ទះនៅក្នុងភូមិសង្គមថ្មីវិញ។ បន្ទាប់មក ខ្ញុំ ប្ដី និងកូនៗបានប្រកបរបររកស៊ីឡើងវិញ ហើយប្រជាជនភៀសសឹកផ្សេងទៀតក៏បានចូលមករស់នៅក្នុងឃុំថ្មដាដែរ។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានចាប់ផ្ដើមផ្ទុះប្រដាប់អាវុធនៅតាមខេត្តជាប់ព្រំដែនជាមួយកម្ពុជាម្ដងទៀត។ ប៉ុន្តែនៅព្រំដែនថ្មដាមិនទាន់មានការផ្ទុះអាវុធទេ។ សភាពការណ៍នៅព្រំដែនថ្មដាបានតានតឹងម្តងទៀត និងមិនមានសុវត្ថិភាពទេ។ ទាហានថៃបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះស្ទើរតែពាសពេញក្នុងឃុំថ្មដា។ នៅពេលខ្ញុំបានឃើញយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃ ខ្ញុំមានការភ័យខ្លាចខ្លាំងណាស់ ព្រោះគិតថានឹងអាចបង្កឱ្យមានជម្លោះប្រដាប់អាវុធនៅព្រំដែនថ្មដាជាលើកទី២ជាក់ជាមិនខាន។ ខ្ញុំ និងប្ដីបានរៀបចំរបស់របរចាំបាច់មួយចំនួន រួមមាន ចាន ឆ្នាំង មុង ភួយ និងសម្លៀកបំពាក់ចងដាក់លើរ៉ឺម៉កត្រៀមទុករួចជាស្រេច ប៉ុន្តែខ្ញុំនៅរង់ចាំកូនស្រី២នាក់ដែលមិនទាន់បានចេញពីកន្លែងធ្វើការក្នុងសណ្ឋាគារថ្មដា។
នៅវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កូនៗរបស់ខ្ញុំបានចេញពីធ្វើការ ពេលនោះ ខ្ញុំ និងប្ដីប្រុងនឹងនាំកូនៗភៀសខ្លួនចេញពីផ្ទះ ប៉ុន្តែកូនៗបានប្រាប់ថា ទើបចេញពីកន្លែងធ្វើការអស់កម្លាំងណាស់ សុំសម្រាក១យប់សិន ទើបខ្ញុំ និងប្ដីបានយល់ព្រមជាមួយកូនៗ។
លុះវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នគរបាលព្រំដែនថ្មដាបានដើរប្រាប់ខ្ញុំឱ្យឆាប់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ ព្រោះសភាពការណ៍តានតឹងខ្លាំងណាស់។ ខ្ញុំបានចាប់ផ្ដើមឡើងជិះម៉ូតូជាមួយប្ដីដោយអូសរ៉ឺម៉កមានផ្ទុករបស់របរប្រើប្រាស់ពីក្រោយ ចំណែកកូនៗ៣នាក់ជិះម៉ូតូ១ផ្សេងទៀតដើម្បីភៀសខ្លួនចេញពីផ្ទះភ្លាមៗ។ នៅពេលធ្វើដំណើរបានបន្តិច ទាហានថៃបានផ្លោងគ្រាប់ចូលតំបន់អូរភ្លុកដំរី និងផ្លោងគ្រាប់កាំភ្លើងធំចូលកម្ទេចសណ្ឋាគារថ្មដា។ ភ្លាមៗនោះ ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងទាហានឈ្លានពានថៃ បានចាប់ផ្តើមឡើង។ បន្ទាប់មក រ៉ឺម៉ករបស់ខ្ញុំបានបែកកង់អូសមិនរួចឡើយ ដូច្នេះ ខ្ញុំ និងប្ដីបានសម្រេចចិត្តផ្ញើរ៉ឺម៉កដឹករបស់របរទុកក្នុងផ្ទះរបស់អ្នកភូមិម្នាក់ស្ថិតក្នុងភូមិសង្គមថ្មី រួចហើយប្រញាប់ភៀសខ្លួនចេញទៅរកទីកន្លែងសុវត្ថិភាព។ នៅពេលខ្ញុំធ្វើដំណើរមកដល់ភ្នំត្រង៉ោល ស្ថិតក្នុងភូមិឯកភាព ម៉ូតូរបស់ខ្ញុំបានបែកកង់ទៀត ទើបខ្ញុំបានឈប់សម្រាកបន្តិច។ នគរបាលឃុំថ្មដា បានដើរមកសួរថា ឯណារបស់របរ និងខោអាវ? ខ្ញុំបានប្រាប់ថា នៅពេលអូសរ៉ឺម៉កមកក៏បែកកង់រ៉ឺម៉ក ដូច្នេះខ្ញុំសុំផ្ញើរ៉ឺម៉កនៅផ្ទះរបស់អ្នកភូមិ ហើយជិះតែម៉ូតូមក។ នគរបាលបានប្រាប់ប្ដីខ្ញុំឱ្យឆាប់បកទៅអូសរ៉ឺម៉កយកមកវិញ ព្រោះសង្រ្គាមសារនេះមិនងាយបញ្ចប់ទេ ទើបប្ដីរបស់ខ្ញុំជិះម៉ូតូទាំងបែកកង់ត្រឡប់ទៅអូសរ៉ឺម៉កវិញ។ នៅពេលឈររង់ចាំប្ដី នគរបាលបានប្រាប់ខ្ញុំឱ្យឆាប់ភៀសខ្លួនចុះទៅកាន់កន្លែងមានសុវត្ដិភាពមុនទៅ ប៉ុន្តែខ្ញុំបានប្រកែកថា ខ្ញុំមិនអាចទៅចោលប្ដីរបស់ខ្ញុំបានទេ ចាំប្តីខ្ញុំមកយើងចុះទៅទាំងអស់គ្នា។ ខណៈពេលនោះ ខ្ញុំបានឃើញយន្តហោះរបស់ថៃហោះមកទម្លាក់គ្រាប់ចំដំបូលសណ្ឋាគារថ្មដាបាក់ចុះមកក្រោម និងបានឮស្នូរគ្រាប់កាំភ្លើងលាន់ឮកងរំពងពេញភ្នំ។ ខ្ញុំ និងប្ដីបានជិះម៉ូតូអូសរ៉ឺម៉ក ទាំងបែកកង់ និងលំបាកវេទនារហូតម៉ោងប្រហែល៣រសៀលទើបមកដល់ឃុំប្រម៉ោយ។
ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ ខ្ញុំបានត្រឡប់ទៅមើលផ្ទះចំនួន៥ដង ប៉ុន្តែខ្ញុំមិនហ៊ានចូលស្នាក់នៅក្នុងផ្ទះទេ។ ខ្ញុំបានឃើញទាហានថៃព័ទ្ធបន្លាលួស និងដាក់ទូកុងតឺន័រចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះរបស់ខ្ញុំ ធ្វើឱ្យខ្ញុំភ័យខ្លាចមិនទាន់ហ៊ានចូលទៅរស់នៅក្នុងផ្ទះទេ។ ចំណែកនៅក្នុងឃុំថ្មដា មានសភាពស្ងប់ស្ងាត់ មិនសូវមានមនុស្ស និងមិនមានការងារធ្វើទេ។ រាល់ថ្ងៃ ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញណាស់ ខ្ញុំមិនចង់រស់នៅក្នុងជំរំភៀសសឹកទេ ទោះបីជាមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងទទួលជំនួយមួយចំនួនពីសប្បុរជនក៏ដោយ។ ការរស់នៅក្នុងជំរំភៀសសឹកមានផលពិបាកមួយចំនួន ដូចជា នៅខែប្រាំង អាកាសធាតុក្ដៅខ្លាំង ដូច្នេះខ្ញុំនិងប្រជាជនភៀសសឹកមិនអាចស្នាក់នៅក្នុងតង់បានទេ។ យើងបានក្រាលកន្ទេលសម្រាកនៅក្រោមដើមឈើ។ រីឯនៅរដូវរស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកភ្លៀងហូរចូលក្នុងតង់ និងមានសត្វកាចសាហាវមួយចំនួនជាពិសេសសត្វពស់ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ នៅពេលមានភ្លៀង និងមានខ្យល់ខ្លាំងម្ដងៗ តង់បានដាច់រហែកដែរ។
អត្ថបទ ៖ មឿន ស្រីណុច បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា



