សិស្សសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចុះទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្តខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារកោះថ្ម

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួន១៣នាក់ (ស្រី៨នាក់) នៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ចុះមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯសារកោះថ្ម ដើម្បីឈ្វេងយល់ សិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងជម្លោះប្រដាប់កម្ពុជា-ថៃ កន្លងមក ក៏ដូចជានាពេលថ្មីៗនេះក្នុងឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម បុគ្គលិកប្រចាំការមជ្ឈមណ្ឌលឯកសារកោះថ្ម ឈ្មោះ ឈុំ រ៉ា បានធ្វើការណែនាំខ្លួននិង ក្រុមការងារ ព្រមទាំងដឹកនាំសិស្សានុសិស្សទស្សនាពិព័រណ៍នៃបណ្តុំរូបថត, រូបគំនូរ, ផែនទីបង្ហាញផ្លូវ និងកាលបរិច្ឆេទប្រវត្តិសាស្រ្តដែលបានតាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។ សិស្សានុសិស្សបានទស្សនាពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (បច្ចុប្បន្នសមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវ និងពេលវេលា ដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយកងវរសេនាធំតំបន់២១ ភូមិភាគបូព៌ា នៅភូមិកោះថ្ម ទៅកាន់តំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម។

បន្ទាប់មក ឈុំ រ៉ា ធ្វើបទបង្ហាញពីប្រទេសកម្ពុជា-ថៃ មានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន និងឈានដល់ការបិទព្រំដែនគោកជាលក្ខណៈឯកតោភាគីពីប្រទេសថៃចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរមានការធ្លាក់ចុះ ជាពិសេសប្រជាជនខ្មែរ និងប្រជាជនថៃរស់នៅតាមតំបន់ព្រំដែន។ ទំនិញ ឬសម្ភារប្រើប្រាស់ផ្សេងៗធ្លាប់បានដោះដូរគ្នាទៅវិញទៅមកតាមច្រកព្រំដែនអន្តរជាតិកម្ពុជា និងថៃត្រូវបានបិទ ធ្វើឱ្យប្រជាជនទាំងពីរខាតបង់ប្រាប់ចំណូល ហើយប៉ះពាល់ដល់ស្ថានភាពរស់នៅ និងជីវភាពគ្រួសារ។

នៅថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៨-២៨ ខែធ្នូ ឆ្នាំ២០២៥ ជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ តាមព្រំដែនកាន់តែខ្លាំង។ ប្រជាជនកម្ពុជារាប់ពាន់នាក់ត្រូវភៀសសឹក ចាកចេញពីលំនៅឋានរកទីសុវត្ថិភាព។ ជនភៀសសឹកកម្ពុជាបង្ខំចិត្តចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលខំរកស្ទើរពេញមួយជីវិត និងត្រូវបាត់បង់ក្នុងរយៈពេលដ៏ខ្លី។ ការឈ្លានពានវាយប្រហាររបស់យោធាថៃ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា រួមមាន ផ្ទះសម្បែងពលរដ្ឋ សាលារៀន វត្តអារាម អគារ ផ្លូវថ្នល់ និងស្ពានជាដើម។ លើសពីនេះទៅទៀតយោធាថៃបើកការវាយកម្ទេចប្រាសាទបុរាណរបស់ប្រទេសកម្ពុជា ដូចជាប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ ពិសេសប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុននិងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្រ្ទាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន រួមមាន៖

១) ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន

២) ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)

៣) ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ

៤) ខេត្តឧត្តរមានជ័យ៖ តំបន់អូរស្មាច់ ប្រាសាទខ្នារ ប្រាសាតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ច សិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖

ខ្ញុំឈ្មោះ អ៊ំ ថាវីន  ជាសិស្សនៃសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះថ្ម។ ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ពេលដែលបានចូលរួមក្នុងវេទិកាថ្នាក់រៀននៅថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍ប្លែកជាខ្លាំង ពេលបានដឹងនិងរៀនសូត្រជាមួយបងៗក្រុមការងារ ពីព្រោះគាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ក្នុងសម័យសង្គ្រាម។ ខ្ញុំមិនចង់ឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដូចសម័យមុនទេ ប៉ុន្តែពេលនេះខ្ញុំឃើញមានសង្គ្រាមរវាងកម្ពុជានិងថៃ។ យោធាថៃចូលមកឈ្លានពានកម្ពុជា ចង់បានប្រាសាទរបស់ខ្មែរ ហើយវាយប្រហារមកលើ អ៊ំ ពូ បង វីរកងទ័ពកម្ពុជា ខ្លះត្រូវពលី ខ្លះរងរបួសធ្ងន់និងស្រាល។ ខ្ញុំសូមអរគុណចំពោះបងៗដែលបានបង្រៀនពួកខ្ញុំនៅថ្ងៃនេះ»។

ខ្ញុំឈ្មោះ រុក ខាំមីន ជាសិស្សនៃសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះថ្ម។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានចូលរួមទស្សនាពិព័រណ៍នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងបានស្ដាប់ពីបទបង្ហាញស្ដីពីតំបន់កោះថ្ម ដែលជាចំណុចចាប់ផ្ដើមនៃការធ្វើដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម រួមទាំងបទបង្ហាញទាក់ទងជាមួយជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ។ បើមានឱកាសម្តងទៀត ខ្ញុំចង់បបួលមិត្តភក្តិរបស់ខ្ញុំមកស្តាប់បងៗធ្វើបទបង្ហាញដូចថ្ងៃនេះ។

អត្ថបទ ៖​ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖