ប្រាសាទចៅស្រីវិបុល

ប្រាសាទចៅស្រីវិបុលកសាងឡើងក្នុងអំឡុងសតវត្សទី១១ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ បច្ចុប្បន្នស្ថិតនៅក្នុងភូមិត្រាច សង្កាត់បល្ល័ង្គ ក្រុងរុនតាឯក ខេត្តសៀមរាបមានចម្ងាយប្រមាណ២៨គីឡូ ម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះសង់នៅលើកំពូលភ្នំតូចមួយកម្ពស់ប្រហែល៦០ម៉ែត្រ។ ប្រាសាទនេះ មានប្រាង្គបី និងមានកំពែងពីរជាន់។ កំពែងទី១ គឺសង់ពីថ្មបាយក្រៀម មានទ្វារចេញចូលគ្រប់ទិសទាំងបួន។ កំពែងទី២ គឺសង់ពីថ្មភក់ មានគោបុរៈចំនួនបួនតាមទិសនីមួយៗ។ ប្រាង្គពីរដែលជាបណ្ណាល័យ បែរមុខទៅទិសខាងលិច ឯប្រាង្គសំខាន់មួយនៅកណ្ដាល បែរមុខទៅទិសខាងកើត។ នៅជុំវិញតួប្រាសាទមានព្រះចេតិយបុរាណ សរុបចំនួនបី ដែលត្រូវបានសន្និដ្ឋានតៗគ្នាថាជា «ព្រះចេតិយរបស់ព្រះបាទ យសកេរ្តិ៍ និង ព្រះមហេសី ព្រមទាំងបុត្រាព្រះនាមព្រះបាទ ចៅស្រីវិបុល»។ ប្រាសាទនេះមានកសិណ (គូ) ទឹកព័ទ្ធជុំវិញ។ ប្រាសាទរងការខូច ខាតស្ទើរតែទាំងស្រុងដោយសារតែសង្រ្គាម ការលួចគាស់កកាយរកវត្ថុបុរាណ និងដើមឈើធំៗដុះឫសជ្រែកថ្មដែលបណ្តាលឱ្យប្រាសាទដួលរលំ។

នៅក្នុងរបបខ្មែរក្រហម ខ្មែរក្រហមរុះរើនិងសែងរូបសំណាកព្រះកម្ចាយទៅបោះចោលនៅក្នុងព្រៃ ស្ថិតនៅខាងជើងភ្នំដែលជាទីកន្លែងអ្នកភូមិមិនហ៊ានដើរទៅក្បែរនោះទេ ពីព្រោះតែខ្លាចបារមីព្រះកម្ចាយ។ បន្ទាប់មកទីតាំងនោះប្រែក្លាយទៅជាព្រៃរហោស្ថានហើយជំនឿអំពីបារមីព្រះកម្ចាយក៏សាបរលត់បន្តិចម្ដងៗ។

ជំនឿអំពីបារមីរូបសំណាកនៅលើភ្នំប្រាសាទចៅស្រីវិបុល

អ្នកភូមិនិងនិយាយតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់អំពីឫទ្ធិបារមីរបស់រូបសំណាកបុរាណនៅលើភ្នំប្រាសាទចៅស្រីវិបុល ប៉ុន្តែដំណាលរឿងនិងតួអង្គអំពីរូបសំណាកដែលមានឫទ្ធិបារមីខ្លាំងគឺមិនដូចគ្នាឡើយ។

រូបសំណាកថ្ម «នាងសន្ធមា» ក្នុងរឿងព្រេងខ្មែរ៖ ភ្នំស្រីវិបុល

ដំណាលរឿងអំពីរូបសំណាកថ្ម «នាងសន្ធមា» និងការធ្លាក់ខ្លួនឈឺរបស់ព្រះសង្ឃនិងអ្នកភូមិ៖ «នៅចំពីមុខព្រះវិហារមានរូបសំណាកថ្មធំមួយដែលមានទម្រង់ជារូបមនុស្សស្រីដេកអាក្រាតកាយ ដែលអ្នកភូមិធ្វើការសន្មតហៅថា “នាងសន្ធមា” ដែលមានឫទ្ធិខ្លាំងក្លា។ ប្រសិនបើមាននរណាមួយ ដើរទៅ ដើរមក ដោយបានកាត់ពីមុខរូបសំណាកថ្មនេះ និងមិនបានគោរពបូជាទេ អ្នកនោះ នឹងចុកពោះ និងធ្លាក់ខ្លួនឈឺថ្កាត់មួយរំពេច។ ដោយហេតុនេះហើយ នៅពេលដែលព្រះសង្ឃ ព្រះនាម សៅ (អាយុជាង៤០ឆ្នាំ) ក្លាយជាព្រះគ្រូចៅអធិការវត្ត ព្រះអង្គ បានឱ្យពុទ្ធបរិស័ទគាស់រំលើងរូបសំណាកថ្មនេះ យកទៅដាក់ក្នុងព្រៃខាងកើតព្រះវិហារ ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ។ ចាប់តាំងពីពេលនោះមក អ្នកភូមិលែងចុកពោះ ឬធ្លាក់ខ្លួនឈឺ ប៉ុន្តែមិនហ៊ានដើរចូលព្រៃចំទីកន្លែងដែលរូបសំណាកថ្មនេះត្រូវបានបោះបង់ចោលទេ។ ហេតុដូចនេះហើយ បរិវេណព្រៃម្ដុំរូបសំណាកថ្មនោះ បានប្រែក្លាយទៅជាព្រៃរហោស្ថានរហូតមកដល់សព្វថ្ងៃនេះ»។

រូបសំណាក៖ «ព្រះកម្ចាយ»

លោក រឹម ហ៊ាប អាយុ៦៨ឆ្នាំ (គិតត្រឹមឆ្នាំ២០១០) រស់នៅភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាចាស់ព្រឹទ្ធាចារ្យបានលើកឡើងថា៖ «ប្រាសាទចៅស្រីវិបុល មានបារមីស័ក្តិសិទ្ធិពីព្រោះនៅលើកំពូលភ្នំប្រាសាទមានរូបសំណាក «ព្រះកម្ចាយ» ។ អ្នកភូមិមិនហ៊ាននិយាយអ្វីផ្ដេសផ្ដាសទេ ព្រោះខ្លាចបារមីរបស់ «ព្រះកម្ចាយ» ដែលតែងតែធ្វើឱ្យចុកពោះ និងធ្លាក់ខ្លួនឈឺស្លាប់។ ដំបូងឡើយ មានវត្តអារាមមួយនៅលើកំពូលភ្នំ ហើយព្រះសង្ឃគង់នៅវត្ត តែងតែចុកពោះ ឬធ្លាក់ខ្លួនឈឺ ដែលជាហេតុធ្វើឱ្យព្រះសង្ឃ និងអ្នកភូមិសម្រេចមតិផ្លាស់ប្ដូរទីតាំងវត្តពីកំពូលភ្នំទៅជើងភ្នំវិញ ដោយរក្សាទុកព្រះវិហារនៅលើកំពូលភ្នំ។

ប្រវត្តិប្រាសាទចៅស្រីវិបុល

តាមដំណាលរឿងព្រេងខ្មែរ «ភ្នំស្រីវិបុល» និងការចងចាំរបស់ចាស់ព្រឹទ្ធាចារ្យ នៅក្នុងភូមិត្រាច  ដំណាលថា៖ «ព្រះមហាក្សត្រ ព្រះនាម ព្រះបាទ យសកេរ្តិ៍ ឡើងគ្រងរាជ្យនៅនគរសិម្ពលី និងមានអគ្គមហេសី ព្រះនាម សុវណ្ណមាលា។ ព្រះបាទ យសកេរ្តិ៍ មានព្រះហឫទ័យប្រកបទៅដោយព្រះធម៌សប្បុរស។ នៅថ្ងៃមួយ ព្រះបាទ ភូមោវិលោរាជា ព្រះមហាក្សត្រនៃនគរជិតខាង ដែលមានព្រះហឫទ័យលោភលន់ពង្រីកដែនដីនគរ បានលើករេហ៍ពលដើម្បីវាយដណ្ដើមយកទ្រព្យសម្បត្តិនៅនគរសិម្ពលី» ។

នៅសហគមន៍បល្ល័ង្គបានដំណាលរឿងថា ព្រះបាទភូមោវិលោរាជា មានព្រះហឫទ័យចង់វាយកាន់កាប់ដែនដីនគរសិម្ពលី ដោយសារតែគំនុំអតីតជាតិ។ ព្រះបាទ យសកេរ្តិ៍ បានចិញ្ចឹមសត្វទទាទឹកមួយក្បាលនៅក្នុងទ្រុង។ លុះក្រោយមក សត្វទទាទឹកមួយក្បាលនោះបានងាប់ និងចាប់ជាតិជាមនុស្ស គឺព្រះបាទ ភូមោវិលោរាជា ដែលចងចាំអំពីអតីតជាតិរបស់ខ្លួន។ ក្រោយពីចងចាំអតីតជាតិមុនរបស់ខ្លួនដែលជាសត្វទទាទឹកនោះ ព្រះបាទ ភូមោវិលោរាជា មានព្រះហឫទ័យគុំកួននិងចង់សងសឹក ហើយបានកេណ្ឌរេហ៍ពលទៅវាយប្រហារព្រះបាទ យសកេរ្តិ៍។

បន្ទាប់ពីព្រះបាទ ភូមោវិលោរាជា វាយប្រហារនគរសិម្ពលី ព្រះបាទ យសកេរ្តិ៍ បាននាំព្រះអគ្គមហេសី ព្រះនាម សុវណ្ណមាលា ដែលកំពុងតែមានព្រះគត៌ រត់ភៀសព្រះកាយចេញពីព្រះរាជវាំងទៅគង់នៅក្នុងព្រៃជ្រៅ ហើយបានទុករាជសម្បត្តិថ្វាយ ព្រះបាទ ភូមោវិលោរាជា។ ការសម្រចព្រះហឫទ័យរបស់ព្រះអង្គ ធ្វើឡើងបែបនេះ ពីព្រោះព្រះបាទ យសកេរ្តិ៍ មានព្រះតម្រិះថាប្រសិនបើព្រះអង្គបន្តគង់ និងធ្វើសង្រ្គាមតទល់នោះ ប្រជារាស្រ្តរបស់ព្រះអង្គនឹងទទួលរងគ្រោះជាអនេកជាមិនខាន។ នៅពេលដែលព្រះអង្គ និងព្រះរាជពនិតា ភៀសព្រះកាយទៅឆ្ងាយផុតទៅ ប្រជារាស្រ្តប្រាកដជាសុខសាន្តត្រាណ។ ព្រះបាទ ភូមោវិលោរាជា បានឡើងគ្រងរាជសម្បត្ដិលើដែននគរសិម្ពលីនេះទៅ។ ព្រះបាទ យសកេរ្ដិ៍ និងព្រះអគ្គមហេសី ព្រះអង្គទាំងទ្វេយាងភៀសព្រះកាយទៅក្នុងព្រៃ គឺនៅតំបន់ភ្នំតូចមួយដែលជាភ្នំស្រីវិបុលនេះតែម្ដង។

បើទោះបីជាឡើងគ្រងរាជសម្បត្តិនៅនគរសិម្ពលីនេះយ៉ាងណាក្ដី ព្រះបាទ ភូមោវិលោរាជា មិនឱ្យព្រះបាទ យសកេរ្ដិ៍ និងអគ្គមហេសី រស់នៅសុខសាន្តត្រាណឡើយ។ ព្រះបាទ ភូមោវិលោរាជា បានបញ្ជារេហ៍ពលរបស់ព្រះអង្គស្វែងរកតាមចាប់ព្រះកាយ ព្រះបាទ យសកេរ្ដិ៍ នៅពេលដែលព្រះអង្គកំពុងតែយាងបេះផ្លែឈើនិងជីកឬសឈើ យកធ្វើជាព្រះស្ងោយសម្រាប់ព្រះអគ្គមហេសីរបស់ព្រះអង្គ ដែលកំពុងតែពរផ្ទៃជិតគ្រប់ខែ។ ព្រះបាទ យសកេរ្ដិ៍ ត្រូវបានចាប់ព្រះកាយយកទៅបង្ខាំងទុក។ មិនយូរប៉ុន្មាន ព្រះអគ្គមហេសី របស់ព្រះបាទ យសកេរ្ដិ៍ ប្រសូត្រព្រះរាជបុត្រនៅកណ្ដាលព្រៃនិងថ្វាយព្រះនាមព្រះរាជបុត្រថា «ស្រីវិបុល»។

នៅពេលដែលព្រះរាជបុត្រមានព្រះជន្មាយុ ១៥-១៦ ព្រះវស្សា ព្រះរាជបុត្រតែងតែសាកសួរព្រះរាជមាតា អំពីព្រះរាជបិតា។ ព្រះរាជមាតាក៏និទានរឿងរបស់ព្រះអង្គ និងព្រះស្វាមីឱ្យព្រះរាជបុត្រជ្រាបសព្វគ្រប់។ បន្ទាប់មកពីដឹងថាព្រះរាជបិតាព្រះអង្គនៅគង់មានព្រះជន្មនៅឡើយ និងត្រូវបានឃុំព្រះកាយ ព្រះរាជកុមារសុំលាព្រះរាជមាតាដើម្បីទៅស្វែងរកព្រះរាជបិតា។ ព្រះរាជមាតាបានឃាត់ព្រះរាជបុត្រព្រោះតែព្រះហឫទ័យបារម្ភអំពីសុវត្ថិភាពរបស់បុត្រ។ ទោះបីជាមានការហាមឃាត់យ៉ាងណាក្ដី ព្រះរាជបុត្រនៅតែទទូចចង់ទៅស្វែងរកព្រះរាជបិតា រហូតដល់ព្រះរាជមាតាព្រះរាជានុញ្ញាត។ ព្រះរាជមាតាបានប្រគល់ព្រះពស្រ្តសម្រាប់រាជ្យជាប់ជាមួយព្រះរាជបុត្រ ដើម្បីបង្ហាញព្រះរាជបិតាថា ព្រះរាជបុត្រគឺពិតជាបុត្ររបស់ព្រះអង្គ។ ព្រះរាជមាតាមានព្រះបន្ទូលថា៖ «ចូរ បុត្រទៅកុំយូរឱ្យហួស៧ថ្ងៃ! ប្រសិនបើកំណត់៧ថ្ងៃ បុត្រមិនវិលត្រឡប់មកវិញទេ ព្រះមាតានឹងបែកព្រះឱរាព្រះសុគតជាមិនខាន»។ ព្រះរាជបុត្រថ្វាយព្រះបង្គំលាព្រះរាជមាតា និងយាងព្រះរាជដំណើរឆ្ពោះទៅកាន់ទីដែលឃុំឃាំងព្រះរាជបិតា។ គាប់ជួននៅពេលនោះ ព្រះបាទ ភូមោវិលោរាជា ចាត់បញ្ជាឱ្យពេជ្ឈឃាតនាំយកព្រះកាយ ព្រះបាទ យសកេរ្ដិ៍ ទៅប្រហារជីវិតនៅកណ្ដាលព្រះលាន។ ព្រះរាជបុត្រស្ទុះចូលទៅជិតពេជ្ឈឃាតហើយមានព្រះបន្ទូលឃាត់ថា៖ «សូមអ្នកដោះលែងព្រះរាជបិតារបស់យើងនេះចុះ ហើយសម្លាប់យើងជំនួសវិញ។ ខ្លួនយើងគឺជាបុត្ររបស់ព្រះបាទ យសកេរ្ដិ៍ ហើយសូមធានាទទួលទោសទាំងអស់នេះ។» ពេជ្ឈឃាតទាំងអស់ស្រឡាំងកាំងភាំងស្មារតីគ្រប់ៗគ្នា ហើយផ្អាកប្រហារជីវិតអ្នកទោសនេះសិន។ បន្ទាប់មក មានការទូលរាយការណ៍ព្រះរាជា ព្រះបាទ ភូមោវិលោរាជា សុំសេចក្ដីរាជានុញ្ញាតអំពីព្រះតម្រិះរបស់ព្រះអង្គ។ ព្រះបាទ ភូមោវិលោរាជា បានរាជានុញ្ញាតឱ្យពេជ្ឈឃាតប្រហារជីវិតព្រះរាជបុត្រាជំនួសចុះ។ បន្ទាប់មក ព្រះបាទ យសកេរ្ដិ៍ ត្រូវបានដោះលែងព្រះកាយ ហើយព្រះរាជបុត្រស្រីវិបុល ត្រូវបាននាំយកមកទីកន្លែងប្រហារជីវិតជំនួសវិញ។

ព្រះបាទ ភូមោវិលោរាជា បញ្ជាឱ្យដំរីជាន់ប្រហារជីវិតព្រះរាជបុត្រ ប៉ុន្តែដំរីមិនបានដើរជាន់សម្លាប់នោះទេ ប៉ុន្តែបែរទៅជាលត់ជង្គង់នៅមុខព្រះរាជបុត្រ ស្រីវិបុល ទៅវិញ។ ព្រះបាទ ភូមោវិលោរាជា ក៏បញ្ជាឱ្យពេជ្ឈឃាតប្រហារជីវិតព្រះរាជបុត្រស្រីវិបុល ប៉ុន្តែនៅពេលដែលដកដាវចេញ ដាវរបស់ពេជ្ឈឃាតប្រែជាទន់ដូចសំឡី មិនមានគ្រោះថ្នាក់អ្វីដល់ជីវិតរបស់ព្រះរាជបុត្រឡើយ។

បន្ទាប់ពីជ្រាបអំពីហេតុចម្លែកបែបនេះ ព្រះបាទ ភូមោវិលោរាជា ព្រះអង្គ ស្ដេចយាងចេញទៅទតហេតុដ៏អស្ចារ្យនេះដោយផ្ទាល់ព្រះនេត្រ ប៉ុន្តែជាអកុសលចេញពីអំពើអាក្រក់ដែលព្រះអង្គបានប្រព្រឹត្ដកន្លងមក នៅពេលនោះព្រះធរណីបានស្រូបយកព្រះបាទ ភូមោវិលោរាជា ដែលជាព្រះរាជាអធម៌នេះបាត់ព្រះកាយទៅ។ ប្រជារាស្រ្ត និងនាម៉ឺន មន្ត្រីគ្រប់ជាន់ថ្នាក់ បានកោតស្ញប់ស្ញែងអនុភាពឫទ្ធិបារមីរបស់ព្រះរាជបុត្រស្រីវិបុល។ ប្រជារាស្រ្ត និងនាម៉ឺន មន្ត្រីគ្រប់ជាន់ថ្នាក់ បានមូលមតិគ្នាថ្វាយរាជ្យសម្បត្តិទៅព្រះរាជបុត្រ ស្រីវិបុលហើយព្រះអង្គសព្វព្រះរាជហឫទ័យយល់ព្រមទទួលសំណើឡើងជាព្រះរាជា។

ព្រះរាជពិធីរាជាភិសេកឡើងគ្រងរាជ្យត្រូវបានរៀបចំឡើងនៅពេលនោះតែម្ដង ហើយព្រះរាជបុត្រទទួលបានព្រះរាជនាម ព្រះបាទ​ ស្រីវិបុល។ នាពេលរាត្រីស្ងប់ស្ងាត់ ព្រះបាទ ស្រីវិបុល ក្រាបទូលព្រះរាជបិតាអំពីព្រះបណ្ដាំរបស់ព្រះរាជមាតា ដែលព្រះអង្គព្រះបន្ទូលផ្ដែផ្ដាំកំណត់កុំឱ្យហួស៧ថ្ងៃ ប៉ុន្តែយប់នោះគឺជាថ្ងៃកំណត់ជាថ្ងៃទី៧។ ព្រះបាទ យសកេរ្ដិ៍ និងព្រះបាទ ស្រីវិបុល ព្រះអង្គទាំងទ្វេសម្រេចព្រះហឫទ័យព្រមព្រៀងរត់ភៀសព្រះកាយចេញពីព្រះបរមរាជវាំង មិនឱ្យនាម៉ឺន ដឹងអំពីព្រះរាជដំណើរនេះ។ ព្រះអង្គទាំងទ្វេ ធ្វើព្រះដំណើរតាមព្រះបាទាយ៉ាងលឿន ឆ្លងកាត់ព្រៃ និងឆ្លងកាត់វាលឆ្ពោះសំដៅទៅកាន់ទីដែលព្រះអគ្គមហេសី សុវណ្ណមាលា ព្រះអង្គគង់នៅ។ ដោយសារតែផ្លូវលំបាកនិងមានចម្ងាយឆ្ងាយ ព្រះរាជដំណើរនេះត្រូវប្រព្រឹត្ដឡើងអស់រយៈ១យប់១ថ្ងៃ ទើបអាចទៅដល់។ នៅពេលដែលព្រះអង្គទាំងទ្វេទៅដល់ ព្រះអគ្គមហេសី សុវណ្ណមាលា បានសុគតផុតហួសទៅហើយ។ ព្រះបាទ យសកេរ្ដិ៍ និងព្រះបាទ ស្រីវិបុល ព្រះអង្គទាំងទ្វេ រន្ធត់ព្រះទ័យយ៉ាងខ្លាំង។ នៅពេលដែលព្រះរាជពិធីបូជាព្រះសពរបស់ព្រះអគ្គមហេសី សុវណ្ណមាលា រៀបចាប់ផ្ដើម ព្រះបាទ ស្រីវិបុល ព្រះអង្គព្រះតម្រិះថា៖ «ការសុគតរបស់ព្រះរាជមាតាសុគតគឺដោយសារតែព្រះអង្គ។ ហេតុនេះហើយ ព្រះអង្គគួរតែស្វែងរកវិធីណាដើម្បីសំដែងការតបស្នងឱ្យស័ក្តិសមនឹងព្រះហឫទ័យស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះរាជមាតាចំពោះព្រះអង្គ»។

បន្ទាប់ពីបានព្រះតម្រិះហើយ ព្រះបាទ ស្រីវិបុល តម្កល់ព្រះសពរបស់ព្រះរាជមាតាក្នុងមឈូស ហើយបានលើកមឈូសដាក់លើព្រះឱរា ដោយព្រះអង្គផ្ទំទ្រមឈូសរបស់ព្រះរាជមាតា។ លុះបូជាព្រះសពរបស់ព្រះរាជមាតារួចរាល់ទៅ ព្រះបាទ ស្រីវិបុល ព្រះអង្គក៏ក្ស័យព្រះជន្មទៅជាមួយព្រះរាជមាតា។ ព្រះបាទ យសកេរ្ដិ៍ ពិបាកហឫទ័យជាពន់ពេក ប៉ុន្តែព្រះអង្គខំទប់ព្រះចិន្ដា ហើយត្រឡប់មកទទួលគ្រប់គ្រងរាជ្យសម្បត្ដិវិញ។ ក្រោយពេលដែលឡើងគ្រងរាជសម្បត្តិវិញ ព្រះបាទ យសកេរ្ដិ៍ កសាងប្រាង្គសិលានៅចំទីដែលព្រះបាទស្រីវិបុល ព្រះអង្គផ្ទុំទ្រមឈូសព្រះរាជមាតា ដើម្បីតម្កល់ព្រះបរមអដ្ឋិនៃព្រះអគ្គមហេសីនិងព្រះរាជបុត្រដោយព្រះប្រសិទ្ធនាមថា «ប្រាសាទចៅស្រីវិបុល»។

អត្ថបទស្រាវជ្រាវ ៖ ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖