ប៊ូ សុភាន់៖ ដង្ហើយរកយុត្តិធម៌សម្រាប់ប្តី និងក្រុមគ្រូសារ

អ្នកស្រី ប៊ូ សុភាន់ មានជំងឺបេះដូងប្រចាំកាយបានរៀបរាប់ទាំងទឹកភ្នែកថា កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ប្ដីខ្ញុំឈ្មោះ រិទ្ធ ងួន អាយុ៤៧ឆ្នាំ បានត្រូវអម្បែងគ្រាប់ប្លោងរបស់ទាហានថៃធ្លាក់មក ចំស្មា និងបាក់ឆ្អឹងខ្នងនៅក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្តីខ្ញុំបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ នៅខណៈពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមង្គលបុរីនាយប់ថ្ងៃដដែលនោះ។ អ្នកស្រី ប៊ូ សុភាន់ បានរៀបរាប់រឿងរ៉ាវរបស់ខ្លួន និងប្តីដូចខាងក្រោម៖

ខ្ញុំឈ្មោះ ប៊ូ សុភាន់ ភេទស្រី អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានមុខរបរស៊ីធ្វើស្រែ និងស៊ីឈ្នួល។ ប្ដីខ្ញុំឈ្មោះ រិទ្ធ ងួន អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិគោកព្រេច ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខ្ញុំរៀបការឆ្នាំ១៩៩៨។ ខ្ញុំមានកូនចំនួន២នាក់ ប្រុសទាំង២នាក់។ នៅឆ្នាំ២០០៧ ខ្ញុំបានបែកពីឪពុកម្ដាយ និងផ្លាស់មករស់នៅភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អំឡុងពេលផ្ទុះអាវុធកម្ពុជា-ថៃលើកទី១ ចន្លោះថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មិនមានភៀសសឹកឡើយ ពីព្រោះសភាពការណ៍នៅក្នុងភូមិស្ងប់ស្ងាត់ធម្មតា។ អំឡុងពេលផ្ទុះអាវុធកម្ពុជា-ថៃលើកទី២ គឺចាប់ពីម៉ោង៣រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបាញ់គ្រាប់ប្លោងចូលក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ជាច្រើនគ្រាប់។ ពេលនេះខ្ញុំបានឃើញគ្រាប់ប្លោងរបស់ថៃមួយគ្រាប់ហោះមកត្រូវចំស្ពាននៅក្បែរសាលារៀនក្នុងភូមិស្ពាន។ ខ្ញុំឃើញប្រជាពលរដ្ឋភៀសខ្លួនចេញពីភូមិខាងលិចមកជាច្រើន។ ប្ដីខ្ញុំឃើញដូច្នេះបានរៀបចំអីវ៉ាន់ដាក់គោយន្តរួចប្រាប់ខ្ញុំថាឱ្យទៅមុន ខ្ញុំបានគ្រាម្ដាយចាស់ និងកូនសរុបចំនួន៤នាក់បានចេញទៅឃុំគោកកថិន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែកប្ដីខ្ញុំនៅចាំផ្ទះ ដាក់បាយជ្រូក និងយាមផ្ទះ។ ពេលព្រលប់ៗខ្ញុំបានទៅដល់ឃុំគោកកថិន ខ្ញុំឃើញប្រជាពលរដ្ឋភៀសខ្លួនមកជាច្រើនរាប់រយ រាប់ពាន់នាក់។ បន្តិចក្រោយមកខ្ញុំបានទទួលទូរសព្ទរបស់អ្នកភូមិស្ពានប្រាប់ថា ប្ដីខ្ញុំត្រូវគ្រាប់ប្លោង អ្នកភូមិបញ្ជូនទៅមន្ទីរពេទ្យថ្មពួក។ បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យមង្គលបុរី។ ពេលនោះខ្ញុំកំពុងតែជិះគោយន្តមិនទាន់ទៅដល់ឃុំគោកកថិនស្រួលបួលផង ខ្ញុំបានដើររកឡានជិះទៅមើលប្ដីខ្ញុំនៅមន្ទីរពេទ្យមង្គលបុរីទាំងយប់។ ពេលទៅដល់មន្ទីរពេទ្យដំបូង គ្រូពេទ្យបានប្រាប់ខ្ញុំថា ប្ដីនៅមានសង្ឃឹម៧០ភាគរយ។ បន្ទាប់មកគ្រូពេទ្យប្រាប់ថារៀបចំបញ្ជូនប្ដីខ្ញុំទៅភ្នំពេញ ប៉ុន្តែមិនទាន់បានឡើងដល់ឡានផង គ្រូពេទ្យបានរុញប្តីខ្ញុំត្រឡប់ទៅបន្ទប់អ្នកជំងឺវិញ។ នៅវេលាម៉ោងប្រហែល១២អាធ្រាតពេទ្យប្រាប់ឱ្យខ្ញុំត្រៀមចិត្ត ប្តីខ្ញុំបានស្លាប់ហើយ។

ប្ដីខ្ញុំត្រូវគ្រាប់ប្លោងរបស់ទាហានថៃចំស្មា និងបាក់ឆ្អឹងខ្នង គាត់ត្រូវគ្រាប់ប្លោងនៅជិតរណ្តៅលេណដ្ឋានក្បែរផ្ទះបងជីដូនមួយខ្ញុំនៅក្នុងភូមិស្ពាន ពេលនោះពួកគាត់មានគ្នា៣នាក់៖ ប្តីខ្ញុំត្រូវអម្បែងគ្រាប់ចំស្មាបាក់ឆ្អឹងខ្នងស្លាប់នៅមន្ទីរពេទ្យមង្គលបុរី ឪពុកមាខ្ញុំ ឈ្មោះ ខ្លាន់ ហេង ត្រូវក្បាលខាងក្រោយស្លាប់នៅពេទ្យលោកសង្ឃ បងប្រុសជីដូនមួយខ្ញុំ ឈ្មោះ ច្នៃ ទិត ត្រូវរបួសដៃ។

ខ្ញុំបានយកសពប្ដីចេញពីពេទ្យ ទៅបូជានៅវត្តថ្មពួកទាំងយប់ថ្ងៃដដែលនោះពីព្រោះទាហានថៃបាញ់កាន់ខ្លាំង ហើយប្រជាពលរដ្ឋបានភៀសសឹកកាន់តែច្រើន។ ពេលខ្ញុំដឹកសពប្តីខ្ញុំមកវត្តថ្មពួក ដោយគិតថានៅទីរួមស្រុកថ្មពួកមិនទាន់ក្ដៅខ្លាំង ហើយយើងអាចរៀបចំពិធីបុណ្យសពបាន ប៉ុន្តែពេលខ្ញុំដឹកសពប្ដីខ្ញុំមកដល់ស្ពានទី៨នៅទ្រាស ទាហានថៃបានបន្តបាញ់ប្លោងចូលដល់ទីរួមស្រុកថ្មពួក។ ខ្ញុំបន្តដឹកសពប្ដីរហូតដល់វត្តថ្មពួក ខ្ញុំឮសូរគ្រាប់ប្លោងរបស់ថៃកាន់តែខ្លាំងឡើងៗ។ ខ្ញុំមិនបានរៀបចំពិធីបុណ្យសពប្ដីធំដុំទេ។ ពេលធ្វើបុណ្យមានគ្នា៤ ទៅ១០នាក់ និងព្រះសង្ឃ៥អង្គប៉ុណ្ណោះ។ ខ្ញុំបូជាសពប្ដីរួច រហូតដល់ម៉ោង៥ព្រឹកទើបរើសធាតុ ខ្ញុំឱបធាតុប្ដីរត់ទៅពន្លៃស្វាយស ស្រុកភ្នំស្រុក។ បន្ទាប់មកខ្ញុំបានរៀបចំពិធីបុណ្យ៧ថ្ងៃប្ដីបង្គ្រប់កិច្ចនៅវត្តត្រពាំងថ្ម ជាទីកន្លែងដែលខ្ញុំភៀសសឹកទៅស្នាក់នៅ។ ខ្ញុំបាននិមន្តព្រះសង្ឃចំនួន៥អង្គមកសូត្រធម៌ ដោយមានបាយសម្លបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំភៀសសឹកមកស្នាក់នៅវត្តត្រពាំងថ្មរយៈពេល៧ថ្ងៃ ខ្ញុំបានត្រឡប់មកមើលផ្ទះម្ដង ដើម្បីយកស្រូវយកអង្ករមកហូប។ នៅចុងខែធ្នូ ឆ្នាំ២០២៥ ខ្ញុំត្រឡប់មករស់នៅផ្ទះវិញ រួចយកធាតុប្ដីទៅដាក់នៅក្នុងចេតិយឪពុកក្មេកខ្ញុំនៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានការឈឺចាប់ និងសោកស្តាយខ្លាំង ចំពោះកងទ័ពថៃដែលបានបាញ់ប្លោងដាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនដឹងរឿង។ ខ្ញុំចង់ឱ្យអន្តរជាតិដាក់ទោសថៃ ដែលឈ្លានពានមកលើខ្មែរ បាញ់មកលើប្រជាពលរដ្ឋស្លូតត្រង់។ ថៃបានធ្វើឱ្យខ្ញុំបែកបាក់គ្រួសារ និងត្រូវរស់នៅដោយគ្មានប្ដី ខ្ញុំពិបាកខ្លាំងណាស់។ កាលពីប្ដីខ្ញុំនៅរស់ ពេលខ្ញុំឈឺ ទោះអត់មានលុយយ៉ាងណាក៏ប្ដីបង្ខំឱ្យទៅពេទ្យដែរ។ ប្តីខ្ញុំសុខចិត្តខ្ចីលុយគេ ជំពាក់គេ។ បន្ទាប់មកប្តីខ្ញុំខំប្រឹងរកស៊ីសងលុយគេវិញ ដើម្បីឱ្យប្រពន្ធមានសុខភាពល្អ និងជាសះស្បើយ។ ពេលអត់ពីប្ដីទៅ ខ្ញុំនឹកឃើញគ្រប់បែបយ៉ាង ព្រោះឥឡូវខ្ញុំកំពុងមានជំងឺបេះដូងប្រចាំកាយ។ ខ្ញុំមិនដឹងថាមានអ្នកណាត្រូវរកប្រាក់ចិញ្ជឹមកូនទេ។

អត្ថបទ ៖ ទាវ សម្ភស្ស បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖