«ខ្ញុំចាំបានថា ពេលនៅពីក្មេង បងខ្ញុំចូលចិត្តនាំប្អូនលេងបាញ់គ្នា លេងល្បែងបែបស៊ើបអង្កេត ចងតង់ធ្វើខ្ទមជាដើម ហើយពេលខ្លះទៀតគាត់និយាយរឿងនិទាន អានរឿងនិទានឱ្យខ្ញុំស្ដាប់ និងបញ្ជូលសំឡេងតាមតួរអង្គក្នុងរឿង។ បង សាម៉េត ជិតស្និទ្ធជាមួយប្អូនស្រីពៅជាងខ្ញុំ ព្រោះប្អូនពៅនៅតូច និងចូលចិត្តលេងញ៉េះញ៉ោះប្អូន» ។ នេះជាសម្តីរបស់ មឿន សុខម៉េង ជាគ្រូបង្រៀន និងជាប្អូនស្រីបង្កើតរបស់ មឿន សាម៉េត។
វីរកងទ័ព មឿន សាម៉េត មានឋានៈជាអនុសេនីយ៍ត្រី អាយុ៣២ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់ក្រោយការប្រយុទ្ធគ្នាជាមួយទាហានថៃ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។ សាម៉េត មានឪពុកឈ្មោះ ជៀស សាមួន គឺជាកសិករ និង ម្ដាយឈ្មោះ វ៉ា ចន្ធី គឺជាគ្រូបង្រៀននៅអនុវិទ្យាល័យកំពង់ត្របែក ខេត្តព្រៃវែង។ សាម៉េត មានបងប្អូនបង្កើតចំនួន៣នាក់គឺ សាម៉េត គឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ និងប្អូនស្រី២នាក់។ ប្អូនស្រីម្នាក់បន្ទាប់ពី សាម៉េតមានឈ្មោះ មឿន សុខម៉េង គឺជាគ្រូបង្រៀនឯកទេសផែនដី-ភូមិ ហើយប្អូនស្រីពៅម្នាក់ទៀតឈ្មោះ មឿន សុខមាន គឺជានិស្សិតឆ្នាំទី១។ សាម៉េត គឺជាអតីតសិស្សដែលរៀនពូកែម្នាក់ប្រចាំនៅវិទ្យាល័យកំពង់ត្របែក ខេត្តព្រៃវែង។ គាត់បានសុំម្តាយដើម្បីចូលបម្រើកងទ័ពតាំងពីគាត់កំពុងសិក្សានៅថ្នាក់ទី១១។ ម្តាយរបស់ សាម៉េត បានពន្យល់និងឱ្យ សាម៉េត រង់ចាំរហូតដល់រៀនចប់ថ្នាក់ទី១២។ ដូចការសន្យា សាម៉េត បានស្ម័គ្រចិត្តចូលបម្រើកងទ័ពនៅពេលដែលគាត់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ គាត់បានចាកចេញពីគ្រួសារដើម្បីទៅបម្រើជាតិ រហូតដល់គាត់បានពលីជីវិត។ បន្ទាប់ពី សាម៉េត បានពលីជីវិតបាន៥ថ្ងៃ ម្តាយរបស់ សាម៉េត ក៏បានស្លាប់តាមក្រោយដែរ ក្នុងអំឡុងពេលដែលសមាជិកគ្រួសាររបស់ សាម៉េត ទាំងអស់កំពុងត្រៀមរៀបចំពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់ សាម៉េត។
កិច្ចសម្ភាសមួយត្រូវបានធ្វើឡើងជាមួយប្អូនស្រីរបស់ សាម៉េត ឈ្មោះ មឿន សុខម៉េង ដើម្បីចូលរួមរំលែកទុក្ខ និងដឹងគុណដល់វីរៈកងទ័ពជួរមុខ មឿន សាម៉េត។ សុខមឿន បានរៀបរាប់ពីបងប្រុសដូចខាងក្រោម៖
«នៅក្នុងគ្រួសារ បង សាម៉េត គឺជាកូនល្អម្នាក់ និងជាបងប្រុសគំរូសម្រាប់ប្អូនៗ។ ម្ដាយខ្ញុំស្រឡាញ់បងប្រុសខ្លាំងជាងកូនដទៃទៀត ព្រោះមានតែកូនប្រុសម្នាក់ក្នុងគ្រួសារ។ ចាប់តាំងពីម៉ែខ្ញុំពពោះ បងប្រុសមក គាត់ឈឺជាប់រហូត ដូច្នេះអារម្មណ៍គាត់នៅដិតជាប់ជាមួយបងប្រុសជាងពួកខ្ញុំ។ ម្ដាយខ្ញុំឈឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ ប៉ុន្តែគាត់នៅតែអាចព្យាបាលបាន។ ប៉ុន្តែ នៅពេលដែលគាត់ដឹងដំណឹងថា បង សាម៉េត ចូលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ម្ដាយខ្ញុំបានចាប់ផ្ដើមសម្រាន្តមិនលក់ និងហូបអ្វីមិនបានទាំងអស់។ សុខភាពរបស់គាត់ចុះខ្សោយ ទ្រុឌទ្រោម និងស្រកគីឡូជាលំដាប់។ រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ម្ដាយខ្ញុំបានស្លាប់ នៅអាយុ៥៦ឆ្នាំ គឺស្លាប់នៅមុនថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃរបស់ បង សាម៉េត មួយថ្ងៃ។ បង សាម៉េត បានសុំម៉ែចូលធ្វើកងទ័ពតាំងពីគាត់មិនទាន់រៀនចប់ថ្នាក់ទី១២ម្ល៉េះ ប៉ុន្តែម៉ែមិនយល់ព្រម។ ម៉ែបានប្រាប់ឱ្យគាត់រង់ចាំប្រឡងថ្នាក់ទី១២ជាប់សិន។ ក្រោយពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១២ បង សាម៉េត បានស្ម័គ្រចិត្តចូលកងទ័ពដូចការសន្យារបស់ម៉ែ។ មុនដំបូង បង សាម៉េត ចូលរៀនហ្វឹកហាត់វិជ្ជាកងទ័ពរយៈពេលខ្លីនៅខេត្តកំពង់ចាម។ ក្រោយមកអង្គភាពរបស់គាត់បានបញ្ជូនគាត់ទៅកាន់ខេត្តសៀមរាប ហើយគាត់ធ្វើការនៅទីនោះរហូត។ នៅអំឡុងពេលសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មិនស្រួល គឺនៅមុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពគាត់បានបញ្ជូន បង សាម៉េត ទៅកាន់តំបន់មុំបី ដើម្បីជីកលេណដ្ឋានត្រៀម និងជញ្ជូនគ្រឿងសព្វាវុធ។ មុនពេលផ្ទុះអាវុធជាមួយទាហានថៃ គ្រួសារខ្ញុំបានទាក់ទងទៅសួរសុខទុក្ខគាត់ម្ដងម្កាលដែរ ព្រោះនៅទីនោះអត់សូវមានសេវាទូរសព្ទទេ។ បង សាម៉េត គ្រាន់តែឆាតរូបថតរបស់គាត់មកឱ្យមើលថាគាត់កំពុងធ្វើការ និងមានសុវត្ថិភាពទេ។ បង សាម៉េត កាន់កាំភ្លើងធំ នៅអំឡុងពេលនៃការប៉ះទង្គិចគ្នាជាមួយទាហានថៃ។ បង សាម៉េត ខំប្រឹងតស៊ូប្រយុទ្ធយ៉ាងមុះមុតនិងអង់អាចក្លាហាន។ ដោយមិនបានសម្រាក និងមិនបានហូបអាហារគ្រប់គ្រាន់ ក្នុងពេលប្រយុទ្ធតទល់ជាមួយទាហានថៃ និងដោយសារគ្រាប់បែករបស់ថៃបាញ់ចូលមកច្រើនខ្លាំងពេក ធ្វើឱ្យរាងកាយបង សាម៉េត ចុះទន់ខ្សោយយ៉ាងខ្លាំងរហូតដល់សន្លប់បាត់ស្មារតី។ មុនដំបូង ប្រធានអង្គភាពរបស់គាត់ បានបញ្ជូនបង សាម៉េត ទៅកាន់បន្ទាយ ដើម្បីសង្គ្រោះបន្ទាន់។ ក្រោយមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពគាត់ បានបញ្ជូនគាត់បន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បង សាម៉េត ធ្លាប់ឆាតរូបថតឱ្យខ្ញុំមើលដែរ ក្នុងពេលដែលគាត់កំពុងព្យាបាលនៅមន្ទីរពេទ្យ។ ខ្ញុំឃើញ ដៃជើងរបស់គាត់មានដំបៅខ្ទុះដោយសារទឹកស៊ីក្នុងពេលដែលគាត់ទ្រាំក្រាបពួននៅក្នុងលេណដ្ឋាន ព្រោះថាភ្លៀងធ្លាក់ខ្លាំងពេកធ្វើឱ្យលេណដ្ឋានរបស់បង សាម៉េត មានទឹកហូរចូល។ ជំងឺរបស់បង សាម៉េត កាន់តែធ្ងន់ធ្ងរទៅៗ។ ទីបំផុត បង សាម៉េត បានពលីជីវិតនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ពិធីបុណ្យសពរបស់បងប្រុសខ្ញុំ បានប្រារព្ធធ្វើឡើងនៅ វត្តកស្សបៈ ហៅ វត្តកអណ្ដើក ស្ថិតនៅភូមិពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បង សាម៉េត មិនសូវបានចំណាយពេលវេលាជាមួយគ្រួសារទេ។ គាត់រវល់នឹងការងាររបស់គាត់ណាស់។ ពេលម៉ែទំនាក់ទំនងតាមទូរសព្ទទៅ បង សាម៉េត ម្តងៗឱ្យមកលេងផ្ទះ គាត់តែងតែប្រាប់ថាគាត់មានធុរៈ និងកិច្ចការច្រើនត្រូវបំពេញ។ ធ្វើការជាកងទ័ពរយៈពេលជាង១៣ឆ្នាំមកហើយ បង សាម៉េត មិនសូវបានមកលេងផ្ទះញឹកញាប់ទេ។ កាលធ្វើជាកងទ័ពដំបូងៗនៅរៀនហ្វឹកហាត់ គាត់ឧស្សាហ៍មកលេងផ្ទះណាស់ តែក្រោយមកនៅពេលដែលគាត់ប្តូរទៅអង្គភាពទ័ពនៅសៀមរាប ក្នុងមួយឆ្នាំៗ បង សាម៉េត បានមកលេងផ្ទះតែពីរដងទេ។ ក្នុងអំឡុងពេលកើតមានជំងឺកូវីត-១៩ បង សាម៉េត បានមកលេងផ្ទះតែម្តងគត់ ក្នុងរយៈពេលជាង២ឆ្នាំ។ បង សាម៉េត បានមកលេងផ្ទះចុងក្រោយនៅចុងខែធ្នូ ឆ្នាំ២០២៤។ ពេលបង សាម៉េត បានមកលេងផ្ទះជាលើកចុងក្រោយ ខ្ញុំមិនបានជួបគាត់ទេ ដោយសារខ្ញុំជាប់រៀនវគ្គបណ្ដុះបណ្ដាលគ្រូនៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ។ ជាទម្លាប់គ្រួសាររបស់ខ្ញុំនៅពេល បង សាម៉េត មកលេងផ្ទះ លោកយាយតែងតែចាក់បាញ់ឆែវឱ្យចៅៗហូបជុំគ្នា។ នេះគឺជាលើកចុងក្រោយដែលបងប្រុស និងម្ដាយរបស់ខ្ញុំបានជួបមុខកូន និងហូបអាហារជុំគ្នា»។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ (មឿន សុខម៉េង/មជ្ឈមណ្ឌមណ្ឌលឯកសារកម្ពុជា)