អនុស្សាវរីយ៍ និងការសន្ទនាលើកចុងក្រោយរបស់វីរកងទ័ព អ៊ុន វណ្ណា

វីរកងទ័ព អ៊ុន វណ្ណា បានពលីដោយសារទាហានឈ្លានពានថៃបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែកចូលក្នុងលេណដ្ឋាន នៅសមរភូមិប្រាសាទតាក្របី នៅវេលាម៉ោងប្រមាណ ១៤ និង១០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ប្រទេសកម្ពុជា និងប្រទេសថៃបានប៉ះទង្គិច និងឈានដល់ការប្រើប្រាស់អាវុធនៅចន្លោះពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥។ ស្ថិតក្នុងសមរភូមិតំបន់ប្រាសាទតាក្របី វីរកងទ័ព អ៊ុន វណ្ណា បានបន្សល់ទុកត្រឹមអនុស្សាវរីយ៍ និងការសន្ទនាលើកចុងក្រោយជាមួយប្រពន្ធដូចខាងក្រោម៖

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្តីខ្ញុំបានហៅទូរសព្ទមកខ្ញុំ និងរៀបរាប់ថា ឥឡូវនេះបង និងមិត្តភក្កិរួមមាន៖ បុរាណ, ផល្លា និង តុលា កំពុងនៅក្នុងលេណដ្ឋានក្នុងខ្សែត្រៀមទី២ បងសុខសប្បាយទេ សូមអូនកុំព្រួយបារម្ភ។

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ប្តីខ្ញុំបានផ្ញើសំឡេងគ្រាប់ផ្លោង និងវីដេអូដែលរូបគាត់កំពុងបរិភោគអាហារជាមួយមិត្តភក្កិរួមអាវុធនៅក្នុងលេណដ្ឋាន។ ប្តីខ្ញុំនិយាយថា «បងបុរាណ ផល្លា និង តុលា កំពុងហូបនំ និងមីកំប៉ុងនៅក្នុងលេណដ្ឋាន»។ ខ្ញុំបានតបជាមួយប្តីថា «បើបងមានរឿងអី បងត្រូវប្រាប់អូនមុនគេ»។

នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥  ប្តីខ្ញុំ និងមិត្តរួមអាវុធដទៃទៀតបានចូលរួមប្រជុំជាមួយមេបញ្ជាការ។ បន្ទាប់មក ប្តីខ្ញុំបានហៅទូរសព្ទមកខ្ញុំ និងនិយាយប្រាប់ថា «ព្រឹកស្អែកបងត្រូវឡើងលើភ្នំប្រយុទ្ធនៅសមរភូមិជួរមុខ»។

នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្តីខ្ញុំបានហៅទូរសព្ទមកខ្ញុំដោយប្រាប់ថា «ថ្ងៃនេះបងត្រូវផ្លាស់ទីទៅខែ្សត្រៀមទី១ ដើម្បីប្រយុទ្ធផ្ទាល់ជាមួយសត្រូវឈ្លានពានទឹកដីហើយ»។ ខ្ញុំបានសួរថា «ក្រែងបងនៅខ្សែត្រៀមទី២?»  ប្តីខ្ញុំបានឆ្លើយថា «កងទ័ពនៅខ្សែត្រៀមទី១បានប្រយុទ្ធអស់រយៈពេល៤ថ្ងៃកន្លងមកហើយ អស់កម្លាំងហើយ។ បងនិងកងទ័ពដទៃត្រូវឡើងទៅខ្សែត្រៀម​ទី១​ប្រយុទ្ធម្ដង»។ ប្តីខ្ញុំបានផ្ដាំខ្ញុំថា «អូនទៅអុជធូបនៅកន្លែងដើមជ្រៃនៅមុខផ្ទះយើង និងមើលថែរកូនៗឱ្យល្អ។ បើអូនហៅទូរសព្ទមកបងមិនចូលមិនបាច់ភ័យទេ ចាំបងហៅទូរសព្ទទៅវិញ»។ មកដល់ម៉ោងប្រហែល៩:០០ព្រឹក ប្តីខ្ញុំបានហៅទូរសព្ទមកខ្ញុំ ដើម្បីសុំឱ្យខ្ញុំបញ្ចូលកាតទូរសព្ទឱ្យគាត់ចំនួនបួនដុល្លារ ដោយកាតពីរដុល្លារ​ចំនួនមួយសន្លឹកសម្រាប់មិត្តភក្តិឈ្មោះ បុរាណ និងកាតមួយដុល្លារចំនួនពីរសន្លឹកសម្រាប់ប្រើផ្ទាល់ខ្លួន។ ប្តីរបស់ខ្ញុំបានផ្ញើរូបថតនៅក្នុងលេណដ្ឋានឱ្យខ្ញុំមើល។ ខ្ញុំបានផ្ញើសារប្រាប់ប្តីខ្ញុំថា «អូនបានផ្ញើកាតទូរសព្ទរួចហើយបងដូរលុយទៅ»។ ប៉ុន្ដែប្តីខ្ញុំមិនបានឆ្លើយតបសាររបស់ខ្ញុំទេ។ ចុងក្រោយនៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃដដែល ប្តីខ្ញុំបានហៅទូរសព្ទមកខ្ញុំម្តងទៀតដោយនិយាយថា «បងត្រូវឡើងទៅលើភ្នំហើយ»។ ពេលនោះខ្ញុំយំ បន្ទាប់មកប្តីខ្ញុំបាននិយាយថា «ប្រពន្ធបងក្លាហាន កុំយំ! បើយំ បងមិននិយាយជាមួយទេ!»។  ថ្ងៃនោះខ្ញុំមានអារម្មណ៍ថា គ្មានកម្លាំងនៅក្នុងខ្លួនទាល់តែសោះ។

ប្រពន្ធរបស់វីរកងទ័ព អ៊ុន វណ្ណា មានឈ្មោះ ប៉ិច គន្ធា  អាយុ៣៧ឆ្នាំ រស់នៅភូមិបុរីតេជោខាងកើត ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប៉ិច គន្ធា បានរៀបរាប់រឿងរ៉ាវរបស់ប្តី និងក្រុមគ្រួសារដូចខាងក្រោម៖

ប្តីរបស់ខ្ញុំមានឈ្មោះ អ៊ុន វណ្ណា អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ប្តីរបស់ខ្ញុំមានឪពុកឈ្មោះ ខឹម យ៉ាង (ស្លាប់), ម្ដាយឈ្មោះ ប៉ក់ គឹមនី (ស្លាប់) និងមានបងប្អូនប្រុសបង្កើតចំនួន២នាក់។ ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំ នៅឆ្នាំ២០១៣ និងមានកូនចំនួន៣នាក់នៅក្នុងបន្ទុក ក្នុងនោះមានកូនប្រុសពីរនាក់ និងស្រីម្នាក់។ ប្តីរបស់ខ្ញុំបានចូលបម្រើកងទ័ពនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាតាំងពីអាយុ១៦ឆ្នាំ។ មុនពេលប្តីរបស់ខ្ញុំពលីគាត់មានឋានន្តរស័ក្តិអនុសេនីយ៍ឯក និងជានាយទាហានម្នាក់នៅក្នុងកងវរសេនាតូច២១៤ ចំណុះកងពលតូចថ្មើរជើងលេខ២១នៃយោធភូមិភាគទី២។

បន្ទាប់ពីទាហានថៃបានបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ឈ្មោះ សួន រោន ដោយគ្មានអាវុធនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានរយៈពេល៣ថ្ងៃ ប្តីរបស់ខ្ញុំបានទទួលបញ្ជាឱ្យដឹកនាំកម្លាំងទៅឈរជើងនៅតំបន់សមរភូមិប្រាសាទតាក្របី។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំបានទទួលបញ្ជាឱ្យដឹកសម្ភារនៅបញ្ជាការដ្ឋាននៅថ្នល់ទទឹងក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅខណៈពេលនោះប្តីខ្ញុំមានជំងឺគ្រុនផ្តាសាយធំ និងបានសុំច្បាប់មេបញ្ជាការមកសម្រាកព្យាបាលជំងឺនៅផ្ទះបានរយៈពេល៧ថ្ងៃ។ ខ្ញុំបានអញ្ជើញគ្រូពេទ្យនៅក្នុងភូមិមកព្យាបាល និងព្យួរសេរ៉ូមឱ្យប្តីរបស់ខ្ញុំរហូតបានធូរស្បើយ។ នៅថ្ងៃបន្ទាប់ ប្តីរបស់ខ្ញុំបានជិះម៉ូតូឌុបខ្ញុំទៅចម្ការដូចសព្វដង ព្រោះក្រៅពីការពារប្រទេសជាតិ ប្តីរបស់ខ្ញុំនិងខ្ញុំមានដីចម្ការតូចមួយដាំដុះដំណាំដើម្បីផ្គត់ផ្គង់កូនៗកំពុងរៀន។ ពេលទៅដល់ចម្ការ ប្តីរបស់ខ្ញុំបានប្រាប់ខ្ញុំឱ្យចាំនៅកន្លែងក្បាលរ៉ូប៊ីណេស្រោចដំណាំ ហើយគាត់បានដើរទៅក្រោយចម្ការដើម្បីរៀបចំបញ្ឆេះម៉ាស៊ីនបូមទឹក។ ខ្ញុំបានអង្គុយរង់ចាំប្តីរបស់ខ្ញុំ រហូតដេកលក់។ មួយសន្ទុះក្រោយមក ប្តីរបស់ខ្ញុំបានត្រឡប់មកវិញ។ ប្តីរបស់ខ្ញុំឃើញខ្ញុំកំពុងដេកលក់ក៏ញោះខ្ញុំឱ្យខឹងដោយបាញ់ទឹកដាក់ខ្ញុំឱ្យទទឹក។ ប្តីខ្ញុំតែងតែនិយាយលេងសើច និងចំអែចំអន់ឱ្យខ្ញុំអន់ចិត្តពេលយើងនៅជាមួយគ្នា។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ប្តីរបស់ខ្ញុំបានវិលត្រឡប់ទៅសមរភូមិតំបន់ប្រាសាទតាក្របីវិញ។ នៅពេលនោះខ្ញុំបានធ្វើផ្អកទុកឱ្យគាត់យកទៅហូបជាមួយបាយ។ ប្តីខ្ញុំតែងតែសរសើរ និងលើកទឹកចិត្តថា ខ្ញុំធ្វើម្ហូបឆ្ងាញ់។ ពេលប្តីរបស់ខ្ញុំទៅដល់សមរភូមិតំបន់ប្រាសាទតាក្របី គាត់បានហៅទូរសព្ទមកខ្ញុំ និងប្រាប់ថាបានទៅដល់ទីតាំងដោយសុវត្ថិភាព។ ប្តីរបស់ខ្ញុំ និងខ្ញុំតែងតែនិយាយទាក់ទងគ្នាតាមទូរសព្ទ និងផ្ញើសារសួរសុខទុក្ខគ្នាជារៀងរាល់ថ្ងៃ។ ដូចសព្វដង ប្តីរបស់ខ្ញុំបានសួរសុខទុក្ខខ្ញុំ កូនចៅ ដំណាំនៅចម្ការ ចំណែកគាត់បានប្រាប់ខ្ញុំអំពីស្ថានការណ៍នៅតាមព្រំដែន និងផ្តែផ្តាំខ្ញុំកុំឱ្យព្រួយបារម្ភពីគាត់។

នៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានរៀបចំខ្លួនទៅផ្សារផ្លាកសំរោង ដើម្បីទិញបន្លែធ្វើម្ហូបឱ្យកូនៗហូប។ ពេលខ្ញុំទៅដល់ផ្សារស្រាប់តែកូនប្រុសរបស់ខ្ញុំបានហៅទូរសព្ទប្រាប់ខ្ញុំថា «ម៉ាក់អើយ! មានគេប្រាប់ថាប៉ាបានស្លាប់ហើយ» ពេលនោះខ្ញុំមិនជឿទេ ព្រោះប្តីខ្ញុំគឺជាមនុស្សល្អ។ ខ្ញុំបានយំនៅផ្សារ និងដួលសន្លប់នៅទីនោះតែម្តង។ កូនប្រុសរបស់ខ្ញុំបានជិះម៉ូតូមកដឹកខ្ញុំត្រឡប់យកមកផ្ទះ។ នៅពេលដឹងខ្លួនខ្ញុំបានទូរសព្ទទៅមិត្តភក្តិជិតស្និទ្ធរបស់ប្តីខ្ញុំឈ្មោះ ផល្លា ដើម្បីសួរនាំអំពីប្តីរបស់ខ្ញុំ។ បងផល្លា បានប្រាប់ខ្ញុំថា «ប្តីខ្ញុំបានស្លាប់ហើយ តែកងទ័ពយើងមិនទាន់យកសាកសពប្តីខ្ញុំចេញពីលេណ ដ្ឋានបានទេ»។ ប្តីខ្ញុំបានពលីនៅវេលាម៉ោង១៤ និង១០នាទីរសៀល ដោយសារយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃទម្លាក់គ្រាប់បែកចូលក្នុងលេណដ្ឋានរបស់គាត់។ ប្តីខ្ញុំបានស្លាប់នៅក្នុងលេណដ្ឋាន។ ចំណែកមិត្តភក្តិរបស់ប្តីខ្ញុំចំនួន៣នាក់ទៀតនៅក្នុងលេណដ្ឋានជាមួយគ្នា ត្រូវរងរបួសធ្ងន់ និងស្រាល។ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នោះ យោធាប្រចាំនៅកងពលតូចថ្មើរជើងលេខ២១បាន ទូរសព្ទមកខ្ញុំ និងប្រាប់ថា  «ប្តីខ្ញុំឈ្មោះ អ៊ុន វណ្ណា បានស្លាប់ហើយ និងឱ្យខ្ញុំរៀបចំចាំទទួលសាកសព»។

នៅវេលាម៉ោង១៦ និង២៦នាទី រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រថយន្តពេទ្យបានដឹកសាកសពប្តីរបស់ខ្ញុំមកដល់ផ្ទះ ស្ថិតនៅភូមិបុរីតេជោខាងកើត ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅពេល ឃើញសាកសពប្តីរបស់ខ្ញុំ ខ្ញុំមានការរន្ធត់ចិត្តខ្លាំងណាស់ និងពិតជាពិបាកទទួលយកខ្លាំងណាស់។ ខ្ញុំបានយកដៃទៅស្ទាបបង់រុំក្បាលរបស់ប្តីខ្ញុំ ប៉ុន្តែគ្មានក្បាលទេ។ នៅពេលខ្ញុំលាងសម្អាតសពប្តីរបស់ខ្ញុំ ទើបខ្ញុំដឹងថា «ប្តីរបស់ខ្ញុំត្រូវគ្រាប់សុះសាច់ ធ្លាយពោះ ចំណែកក្បាល និងជើងម្ខាងបានដាច់»។

ប្តីរបស់ខ្ញុំធ្លាប់ទៅសមរភូមិការពារទឹកដីចំនួនបីលើកហើយគឺ លើកទី១) គាត់ទៅឈរជើងនៅសមរភូមិតំបន់ប្រាសាទព្រះវិហារ ក្នុងឆ្នាំ២០០៨។ លើកទី២) គាត់ទៅសមរភូមិ នៅព្រំដែនកម្ពុជា-ឡាវក្នុងឆ្នាំ២០១៧ ដែលនៅខណៈពេលនោះខ្ញុំបានឈឺពោះឆ្លងទន្លេ ហើយប្តីរបស់ខ្ញុំបានសុំច្បាប់មេបញ្ជាការត្រឡប់មកផ្ទះមើលថែខ្ញុំបានរយៈពេលមួយខែ។ លើកទី៣) គឺមុនពេលការប៉ះទង្គិចប្រដាប់អាវុធជាមួយទាហានឈ្លានពានថៃនៅចន្លោះពីថ្ងៃទី២៤ និង២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយវាជាសមរភូមិចុងក្រោយរបស់ប្តីខ្ញុំបានចូលរួមប្រយុទ្ធនឹងខ្មាំងសត្រូវឈ្លានពានទឹកដីកម្ពុជា។ ប្តីរបស់ខ្ញុំបានពលីនៅសមរភូមិជួរមុខតំបន់ប្រាសាទតាក្របីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងអាយុ៥៥ឆ្នាំ។

អនុស្សាវរីយ៍របស់ខ្ញុំនិងប្តីចាប់តាំងរៀបការនៅឆ្នាំ២០១៣ មក យើងមានតែដៃទទេ ហើយសូម្បីតែផ្ទះសម្បែងក៏គ្មានដែរ។ យើងបានខិតខំប្រឹងធ្វើការងារ និងសន្សែសន្សំទម្រាំមានប្រាក់សង់ផ្ទះស្នាក់អាស្រ័យ។ ប្តីរបស់ខ្ញុំគឺជាមនុស្សឧស្សាហ៍ព្យាយាម និងចេះនិយាយលើកទឹកចិត្តប្រពន្ធកូន។ ប្តីរបស់ខ្ញុំតែងតែសួរនាំអំពីការរៀនសូត្ររបស់កូនៗ និងអប់រំណែនាំកូនៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំឱ្យដើរលេងច្រើន ជួយធ្វើការងារឪពុកម្តាយ និងធ្វើអំពើល្អ។

ខ្ញុំនៅតែនឹកស្រណោះប្តីខ្ញុំ។ ទោះជាគាត់នៅសមរភូមិក៏ដោយ ក៏គាត់តែងតែហៅទូរសព្ទមកលើកទឹកចិត្តខ្ញុំ និងលួងលោមខ្ញុំជានិច្ច។ អ្វីដែលខ្ញុំស្រណោះប្តីខ្ញុំខ្លាំងបំផុត គឺប្តីខ្ញុំប្រាប់ខ្ញុំថា «ពេលចប់សង្រ្គាមលើកនេះ រូបបងត្រូវមេបញ្ជាការផ្តល់សេចក្តីទុកចិត្ត និងដំឡើងឋានន្តរសក្កិ និងតួនាទីថ្មី តើអូនមានអ្វីឱ្យបងទេ?»  ខ្ញុំបានឆ្លើយតបថា «អូនមានកាដូសម្រាប់បង»។ ខ្ញុំបានត្រៀមកាដូទុកសម្រាប់ប្តីខ្ញុំរួចហើយ ប៉ុន្តែប្តីខ្ញុំទៅដោយមិនបានលា។ ខ្ញុំដឹងថាប្តីរបស់ខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់ ព្រោះធ្លាប់និយាយថា «ធ្វើយ៉ាងណាឱ្យតែប្រពន្ធសប្បាយចិត្ត ទោះបីជាគាត់ត្រូវធ្វើការងារធ្ងន់យ៉ាងណាក៏គាត់មិនហត់នឿយដែរ»។

អត្ថបទ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖