មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបង្រៀនសិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយចំនួន១៣ ក្នុងចំណោមនោះមានស្រី៥នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លើប្រធានបទ៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើរឃោរឃៅធ្ងន់ធ្ងរ។

គោលបំណងដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គឺចង់ឱ្យសិស្សានុសិស្សមានការយល់ដឹង និងសិក្សារៀនសូត្របន្ថែមទៀតអំពីអត្ថប្រយោជន៍ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ(១៩៧៥-១៩៧៩) និយមន័យនៃអំពើប្រល័យពូជសាសន៍ ការទប់ស្កាត់អំពើហិង្សាធ្ងន់ធ្ងរនាពេលអនាគត។ មជ្ឈមណ្ឌលផ្សះផ្សាវាលវែងក៏មានបំណងចង់ឱ្យសិស្សានុសិស្សសាកសួររឿងរ៉ាវ និងបញ្ហាសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាឪពុកម្តាយ ជីដូនជីតារបស់ខ្លួន ដើម្បីស្វែងយល់បន្ថែមអំពីជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងផលប៉ះពាល់មកលើឪពុកម្តាយ និងជីដូនជីតាខ្លួនរហូតមកដល់បច្ចុប្បន្ន។

មុនវេទិកាថ្នាក់រៀនចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានបង្ហាញពីសៀវភៅ និងផ្ទាំងរូបភាពមួយចំនួនដែលមាននៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ព្រមទាំងបានណែនាំសិស្សា​នុសិស្សចូលរួមអានសៀវភៅឱ្យបានច្រើន និងធ្វើការកត់ត្រាកំណត់ហេតុផ្ទាល់ខ្លួនជាប្រចាំថ្ងៃ ដើម្បីជួយបង្កើនដល់ស្មារតីឱ្យមានការចងចាំបានល្អ។

ជាកិច្ចបន្ទាប់មកលោក ឡុង ដានី បានឱ្យសិស្សានុសិស្សបំពេញតារាងស្ទាបស្ទង់មតិអំពីចំណេះដឹងរបស់សិស្សទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរនៅមុនការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លើប្រធានបទ ៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើរនេះ។

ក្នុងឱកាសនេះលោក ឡុង ដានី បានលើកយកវិធីសាស្ត្រ K-W-L (ខ្ញុំដឹង, ខ្ញុំចង់ដឹង,ខ្ញុំបានរៀន) មកបង្រៀនសិស្សានុសិស្ស ដោយដំបូងលោកសួរសំណួរទៅសិស្សានុសិស្សទាំងអស់ថា តើប្អូនៗបានដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម?

សិស្សានុសិស្សបានដឹងពីរបបខ្មែរក្រហមមានដូចខាងក្រោម៖

១) ខ្ញុំបានដឹងតាមរយៈបណ្ដាញសង្គមថាក្នុងរបបខ្មែរក្រហមជារបបប្រល័យពូជសាសន៍ដ៏សាហាវ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់។

២) យាយរបស់ខ្ញុំ បាននិយាយថា គាត់និងប្តីត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ។

៣) យាយរបស់ខ្ញុំធ្លាប់ដាំបបរឱ្យកម្មាភិបាលខ្មែរក្រហម ប៉ុន្តែគាត់មិនបានហូបបបរឆ្អែតទេ។

៤) ខ្ញុំធ្លាប់ឮចាស់ៗនិយាយថា ខ្មែរក្រហមបានប្រើត្បូងចបវាយសម្លាប់មនុស្ស។

៥) តារបស់ខ្ញុំ បានប្រាប់ថាខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើស្រែ ហើយនៅពេលទទួលបានផលស្រូវគឺយកទៅផ្គត់ផ្គង់កងទ័ព មិនឱ្យប្រជាជនហូបគ្រប់គ្រាន់នោះទេ។

៦) ខ្ញុំធ្លាប់រៀននៅសាលា និងបានដឹងថាក្នុងរបបខ្មែរក្រហមបានលុបបំបាត់ទីផ្សារ សាសនា រូបិយប័ណ្ណ និងឱ្យប្រជាជនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងមានក្រមាបង់ក។

៧) ម្ដាយរបស់ខ្ញុំបានប្រាប់ថា ខ្មែរក្រហមបានប្រើគាត់ឱ្យធ្វើការងារធ្ងន់ធ្ងរ និងមិនមានពេលវេលាសម្រាកគ្រប់គ្រាន់ឡើយ។

បន្ទាប់មក លោក ដានី សួរសំណួរបន្ថែមទៅកាន់សិស្សានុសិស្សទាំងអស់ តើប្អូនៗចង់ដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម?

សិស្សានុសិស្សចង់ដឹងពីរបបខ្មែរក្រហម៖

១) មូលហេតុអ្វីបានជាខ្មែរក្រហមប្រើប្រជាជនឱ្យធ្វើស្រែចម្ការ?

២) នៅចន្លោះឆ្នាំ (១៩៧៥-១៩៧៩) តើប្រទេសកម្ពុជាមានសង្រ្គាមជាមួយប្រទេសណា?

៣) ហេតុអ្វីនាំឱ្យកើតមានរបបខ្មែរក្រហម? តើនរណាជាអ្នកជួយរំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរបបនេះ?

៤) តើប្រជាជនកម្ពុជារស់នៅយ៉ាងដូចម្ដេចក្នុងរបបខ្មែរក្រហម?

៥) ខ្ញុំធ្លាប់បានឮថាវៀតណាមបានសម្លាប់ខ្មែរ តើវៀតណាមពិតជាបានសម្លាប់ខ្មែរមែន ឬខ្មែរគឺជាអ្នកសម្លាប់ខ្មែរគ្នាឯង?

៦) តើអ្នកណាជាអ្នកបង្កើតឱ្យមានរបបខ្មែរក្រហម?

៧) តើនរណាជាជនក្បត់ពិតប្រាកដនៅក្នុងរបបខ្មែរក្រហម?

៨) តើមានមនុស្សស្លាប់ប៉ុន្មាននាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ?

៩) តើពាក្យថាសហករណ៍មានន័យដូចម្ដេច?

តមកលោក ឡុង ដានី បានធ្វើបទបង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានចែកចេញជា៧ចំណុចសំខាន់ៗដូចខាងក្រោម៖

១)  កងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងសម្លៀសប្រជាជនដោយបង្ខំ នៅថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥។

២) ការបង្កើតសហករណ៍

–         ការបង្កើតសហករណ៍កម្រិតទាប

–         ការបង្កើតសហករណ៍កម្រិតខ្ពស់

៣) វណ្ណៈសង្គមថ្មីពីរ

–         ប្រជាជន១៧ មេសា

–         ប្រជាជនចាស់ (ប្រជាជនមូលដ្ឋាន)

៤) ពិធីរៀបមង្គលការ

–         មង្គលការ (ឬពិធីបើកវគ្គ)

–         ការបង្ខំឱ្យរៀបការ

–         គោលបំណងនៃការរៀបការ

៥) ការរំលោភលើសិទ្ធិ និងពលកម្មរបស់កុមារ

–         គ្មានសាលារៀនជាផ្លូវការ

–         គ្រូបង្រៀនភាគច្រើនគឺជាកសិករ និងចេះអាន សរសេរអក្សរបានបន្តិចបន្តួច

–         ការងាររបស់កុមារ

៦) ការបង្ខំឱ្យធ្វើការជាទម្ងន់

–         ប្រជាជនគ្រប់រូបត្រូវធ្វើការងារទាំងអស់គ្នា

–         ប្រជាជនស្ទើរគ្រប់រូបត្រូវធ្វើការលើសពី១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍

៧) បន្សុទ្ធកម្ម និងការសម្លាប់រង្គាល

–         ខ្មែរក្រហមជឿជាក់ថាមានខ្មាំងគ្រប់ទីកន្លែងនៅទូទាំងប្រទេស

–         បន្សុទ្ធកម្មដ៏ធំធេងនៅក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ និងបានបង្កើតមន្ទីរឃុំឃាំងយ៉ាងហោច១៩៧ ដើម្បីឃុំឃាំងអ្នកទោស។ អ្នកទោសរបស់ខ្មែរក្រហមភាគច្រើនត្រូវបានសម្លាប់យ៉ាងយង់ឃ្នង។

បន្ទាប់ពីធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យរួច លោក​ ឡុង ដានី បានឆ្លើយរាល់សំណួរដែលសិស្សានុសិស្សបានសួរនៅខាងលើ។ ជាកិច្វបន្ត លោក ឡុង ដានីបានធ្វើបទបង្ហាញជាសង្ខេបអំពីដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿង ០០១ និងសំណុំរឿង ០០២ (សំណុំរឿង០០២ វគ្គទី១ និងសំណុំ០០២ វគ្គទី២)។ និយមន័យអំពើប្រល័យពូជសាសន៍ ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ តើអំពើប្រល័យពូជសាសន៍ប៉ះពាល់ដល់ «គ្រួសារ និងសហគមន៍» យ៉ាងដូចម្ដេច? តើអំពើប្រល័យពូជសាសន៍ប៉ះពាល់ដល់ «មនុស្សម្នាក់ៗ» យ៉ាងដូចម្ដេច? និងវិធីសាស្ត្រដើម្បីទប់ស្កាត់អំពើនេះ។

នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀនលោក ឡុង ដានី បានស្នើសុំឱ្យសិស្សានុសិស្សបំពេញតារាងស្ទាបស្ទង់មតិអំពីថាតើសិស្សានុសិស្សបានកើនឡើងចំណេះដឹងស្តីពីអំពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើរឃោរឃៅធ្ងន់ធ្ងរ ដែរឬទេ?

ចំណាប់អារម្មណ៍របស់សិ្ស៖

១) ឈ្មោះ ហ៊ត់ រចនា ភេទស្រី អាយុ១៥ឆ្នាំ គឺជាសិស្សថ្នាក់ទី១០នៃ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលបានអញ្ជើញនាងខ្ញុំមកចូលរួមវេទិកាថ្នាក់រៀននៅថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍សោកសៅបន្ទាប់ពីបានសិក្សាពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម ពីព្រោះក្នុងរបបខ្មែរក្រហមមានរឿងរ៉ាវដ៏ពិបាកវេទនារបស់ប្រជាជនខ្មែរ ធ្វើឱ្យរូបនាងខ្ញុំចង់សិក្សាស្វែងយល់ពីរឿងរ៉ាវរបស់ប្រជាជនបន្ថែមទៀត។ បន្ទាប់ពីបញ្ចប់ការបង្រៀនរបស់លោក ឡុង ដានី នាងខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដូចជា៖

–         ជីវិតរស់នៅរបស់ប្រជាជនក្នុងសម័យខ្មែរក្រហម

–         ការប្រើអំពើហិង្សា និងការសម្លាប់

–         ការរំលោភសិទ្ធិ និងពលកម្មរបស់កុមារ

–         ការបង្កើតសហករណ៍

–         វណ្ណៈសង្គមថ្មីពីរ

–         ការរៀបមង្គលការដោយបង្ខំ

–         ការបង្ខំឱ្យធ្វើការងារហួសកម្លាំង

–         កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការជាមួយកងទ័ពស្ម័គ្រវៀតណាមក្នុងការផ្ដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបង្កើតរបបថ្មីមួយមានឈ្មោះថា របបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

២) ខ្ញុំបាទឈ្មោះ ង៉ាន មាសសាលី ភេទប្រុស អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀននៅព្រឹកនេះ ខ្ញុំទទួលបានចំណេះដឹងជាច្រើនអំពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម ដែលបានធ្វើឱ្យខ្ញុំចង់សិក្សាស្វែងយល់ពីរបបខ្មែរក្រហមនេះបន្ថែមទៀត  ពីព្រោះរបបខ្មែរក្រហមបានធ្វើឱ្យប្រជាជនស្លាប់ច្រើននាក់។ សម្រាប់ខ្ញុំពិតជាមានអារម្មណ៍ថាអាណិតដល់ប្រជាជនដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ហើយខ្ញុំមិនចង់ឱ្យរបបនេះកើតឡើងម្ដងទៀតទេ។

៣) អេង សៀវមាន ភេទស្រី អាយុ១៥ឆ្នាំ គឺជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពីរបបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះឆ្នាំ(១៩៧៥-១៩៧៩)ខ្ញុំទទួលបានចំណេះជាច្រើនដូចជា៖ ការជម្លៀសប្រជាជនដោយបង្ខំចាកចេញពីទីក្រុងភ្នំពេញ ទៅធ្វើស្រែចម្ការនៅតាមបណ្ដារខេត្តនានា និងប្រើប្រជាជនឱ្យធ្វើការងារទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ លើសពីនេះគឺ ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនទាំងប្រុសទាំងស្រី ត្រូវរៀបការជាមួយគ្នាទាំងមិនបានស្រឡាញ់ពេញចិត្ត ប្រសិនបើមានអ្នកប្រឆាំងតវ៉ា ខ្មែរក្រហមនឹងយកទៅសម្លាប់ចោល។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហមបានបិទសិទ្ធិសេរីភាពរបស់កុមារមិនឱ្យសិក្សារៀនសូត្រឡើយ ហើយត្រូវចូលរួមធ្វើការងារដែលខ្មែរក្រហមបានកំណត់។ ខ្ញុំពិតជាមានអារម្មណ៍អាណិតដល់ប្រជាជនខ្មែរជាខ្លាំង ដែលត្រូវបានស្លាប់បាត់បង់ជីវិតដោយសាររបបដ៏សាហាវឃោរឃៅនេះ។ ប្រសិនបើមានឱកាសលើកក្រោយម្ដងទៀត ខ្ញុំចង់មកចូលរួមសិក្សារៀនសូត្រពីរបបនេះឱ្យកាន់តែច្បាស់បន្ថែមទៀត។

៤) យិន សុភ័ត្រា្ត ភេទប្រុស អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ(១៩៧៥-១៩៧៩) ខ្ញុំទទួលបាននូវចំណេះដឹងជាច្រើនរួមមាន៖ ការឡើងកាន់អំណាចរបស់ក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងការចាប់ផ្ដើមមានការបង្កើតសហករណ៍នៅតាមស្រុកភូមិ ហើយប្រជាជនទាំងអស់ត្រូវរស់នៅរួមគ្នា ហូបបាយរួមគ្នា និងធ្វើការងាររួមគ្នា ដោយមិនប្រកាន់វណ្ណៈ អ្នកមាន ឬអ្នកក្រឡើយ។ ខ្ញុំមានអារម្មណ៍ថារបបខ្មែរក្រហមគឺជារបបមួយដែលគួរឱ្យខ្លាចបំផុត ហើយខ្ញុំមិនចង់ជួបរបបដ៏ឃោរឃៅបែបនេះឡើយ។

៥) ណុប ម៉ារី ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់១០ នៃសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ(១៩៧៥-១៩៧៩) ខ្ញុំទទួលបានចំណេះដឹងជាច្រើនបន្ថែមទៀត ក្រៅពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅតាមសាលារៀន។ អ្វីដែលខ្ញុំបានដឹងនោះគឺ ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើការងារហួសកម្លាំង និងបង្អត់អាហារ។ ប្រសិនបើប្រជាជនណាដែលក្រោកឈរតវ៉ាប្រឆាំងនឹងខ្មែរក្រហម គឺត្រូវបានចោទប្រកាន់ថាជាខ្មាំងនិងយកទៅសម្លាប់ចោលជាមិនខាន។  ខ្ញុំពិតជាមានអារម្មណ៍អាណិតដល់ប្រជាជនខ្មែរយើងខ្លាំងណាស់ ដែលធ្លាប់បានឆ្លងកាត់ពីរបបដ៏ឃោរឃៅនោះ។ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានអនុញាតិឱ្យរូបខ្ញុំក៏ដូចជាសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានចូលរួមក្នុងវេទិកាថ្នាក់រៀនស្ដីអំពីរបបកម្ពុជាប្រជាធិបតេយ្យនេះ។

៦) តុបទិត្យ សុវណ្ណ ភេទប្រុស អាយុ១៥ឆ្នាំ គឺជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ហ៊ុន សែនប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ខ្ញុំទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀត ក្រៅពីសាលារដ្ឋដែលខ្ញុំរៀនសូត្រ។ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ និងអាណិតចំពោះប្រជាជនខ្មែរខ្លាំងណាស់ដែលបានឆ្លងកាត់រឿងរ៉ាវដ៏លំបាកក្នុងរបបខ្មែរក្រហម។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

លោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ

កិច្ចសហការរវាងរដ្ឋបាលស្រុកបូរីអូរស្វាយ-សែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីកែប្រែតំបន់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ទៅសន្តិភាព ការអភិវឌ្ឍន៍ និងការថែរក្សាកេរដំណែលនៃ សង្គមរាស្រ្តនិយម សម្តេចឪ សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)