ការស្លាប់របស់ ប៉ុល ពត និងការបែកបាក់របស់មេដឹកនាំខ្មែរក្រហម

ប៉ុល ពត កើតនៅខែមករា ឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ប៉ុល ពត មានបងប្រុសឈ្មោះ សាឡុត សេង, បងស្រីឈ្មោះ សាឡុត រឿង និងប្អូនប្រុសឈ្មោះ សាឡុត ញឹប។ នៅពេលដែល ប៉ុល ពត មានអាយុ៦ឆ្នាំ គាត់បានទៅរស់នៅជាមួយបងប្រុសដែលធ្វើការនៅក្នុងព្រះបរមរាជវាំង។ នៅទីក្រុងភ្នំពេញ ប៉ុល ពត បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើន ហើយបានបួសជាលោកនេន។

នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបានទទួលសញ្ញាប័ត្រអ្វីទេ។ ក្នុងអំឡុងពេលរៀនសូត្រនៅទីក្រុងប៉ារីស ប៉ុល ពត បានចូលជាសមាជិកបក្សកុម្មុនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ។

នៅឆ្នាំ១៩៥៣ ប៉ុល ពត បានត្រឡប់មកប្រទេសកម្ពុជាវិញ និងធ្វើជាគ្រូបង្រៀនប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលាឯកជន ព្រមទាំងបានចូលរួមជាមួយចលនាកុម្មុយនីស្តខុសច្បាប់មួយ។ ប៉ុល ពត បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបីនៅក្នុងបក្សពលករកម្ពុជា ហើយត្រូវបានតែងតាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១។ ពីឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦៣ ប៉ុល ពត ត្រូវបានតែងតាំងជាលេខាបក្សកុម្មុយនីស្តកម្ពុជា។ ប៉ុល ពត បានដឹកនាំកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមប្រឆាំងជាមួយនឹងរបបសាធារណៈរដ្ឋខ្មែរដែលដឹកនាំដោយសេនាប្រមុខ លន់ នល់។

នៅឆ្នាំ១៩៧៦ ប៉ុល ពត គឺជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានលាលែងពីតំណែងនៅឆ្នាំ១៩៧៩។ ទោះបីយ៉ាងដូច្នេះក៏ដោយ ប៉ុល ពត នៅតែជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រហមដដែល។ ប៉ុល ពត បាននិរទេសខ្លួន ហើយភាគច្រើនរស់នៅក្នុងទឹកដីប្រទេសថៃ។

ជម្លោះរវាង ប៉ុល ពត និង តាម៉ុក ចាប់ផ្តើមនៅពេលមានការផ្ដាច់ខ្លួនរបស់កម្លាំងឧទ្ទាមខ្មែរក្រហមនៅប៉ៃលិន និង ម៉ាឡៃ។ ប៉ុល ពត ជឿជាក់ថា អៀង សារី, អ៊ី ឈាន និង សុខ ភាព អាចនឹងវិលត្រឡប់មកចូលរួមជាមួយចលនារបស់ខ្លួនវិញ។ នៅដើមខែតុលា ឆ្នាំ១៩៩៦ ប៉ុល ពត បានបញ្ជាឱ្យ តាម៉ុក និង នួន ជា ទៅដោះស្រាយបញ្ហាផ្ដាច់ខ្លួននៅប៉ៃសិន និង ម៉ាឡៃ។

ទទួលបានបញ្ជាពី ប៉ុល ពត, តាម៉ុក និង នួន ជា បានធ្វើដំណើរទៅប៉ៃលិន ដោយពុំមានកងទ័ពទៅជាមួយឡើយ គឺមានតែអង្គរក្សពីរបីនាក់ប៉ុណ្ណោះដែលបានអមដំណើរ តាម៉ុក និង នួន ជា។ ប៉ុល ពត បានដឹងថា មេបញ្ជាការកងទ័ពរបស់ អៀង សារី បានកាន់កាប់សិទ្ធិកងទ័ពទាំងស្រុងនៅប៉ៃលិន។ ដូច្នេះ ប្រសិនបើជម្លោះកើតឡើង តាម៉ុក និង នួន ជា នឹងពិបាកក្នុងការវិលត្រឡប់មកវិញ។

តាម៉ុក និង នួន ជា មិនសម្រេចបានលទ្ធផលនៅក្នុងបេសកម្មនេះទេ ដែលបានធ្វើឱ្យ ប៉ុល ពត ខឹងសម្បារទៅវិញ។ តាម៉ុក និង នួន ជា មិនត្រឹមតែមិនអាចបញ្ចុះបញ្ចូលកម្លាំងខ្មែរក្រហមនៅប៉ៃលិន និង ម៉ាឡៃ ឱ្យវិលត្រឡប់មកវិញបាននោះទេ ថែមទាំងត្រូវបានបណ្ដោញចេញពីតំបន់នោះថែមទៀតផង។ អ្នកទាំងពីរបានរត់មកសំឡូត ហើយបានជួបជាមួយ សុន សេន។ មេដឹកនាំទាំង៣រូប បានធ្វើដំណើរត្រឡប់មកអន្លង់វែងជាមួយគ្នាតាមប្រទេសថៃ។ កាលនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចព្រះ នរោត្តម រណឬទ្ធិ បានស្នើសុំទៅអាជ្ញាធរថៃឱ្យចាប់ខ្លួន តាម៉ុក នួន ជា និង សុន សេន។ ប៉ុន្ដែអាជ្ញាធរថៃមិនបានធ្វើតាមសំណើរនេះ ហើយ តាម៉ុក នួន ជា និង សុន សេន បានធ្វើដំណើរត្រឡប់មកអន្លង់វែងវិញដោយគ្មានឧបសគ្គអ្វីទាំងអស់។

ប៉ុល ពត បានធ្វើដំណើរមកជួបជាមួយ តាម៉ុក នៅពេលដែល តាម៉ុក មកដល់ផ្ទះរបស់គាត់នៅពើយតារួន លើខ្នងភ្នំដងរែក។ មេដឹកនាំទាំងពីរបានជួបគ្នាអស់រយៈពេលយ៉ាងយូរ និងបានឈ្លោះប្រកែកគ្នាខ្លាំងៗ។ ប៉ុល ពត បានចាប់ខ្លួន និងឃុំឃាំង តាម៉ុក, នួន ជា និង សុន សេន អស់រយៈពេល៦ខែចាប់ពីខែតុលា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៧។ ប៉ុល ពត ឃុំឃាំងមេដឹកនាំខ្មែរក្រហមទាំងបីរូបនៅក្នុងប​ន្ទប់ងងឹត និងមិនត្រូវបានអនុញ្ញាតឱ្យដើរទៅណាឡើយ។

 ទោះបីជា ប៉ុល ពត ឃុំឃាំងមេដឹកនាំជាន់ខ្ពស់ទាំងបីយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែ ប៉ុល ពត មិនបានសម្លាប់មេដឹកនាំទាំងនោះទេ ព្រោះអាចនឹងបង្កឱ្យមានជម្លោះ។ ផ្ទុយទៅវិញ ប៉ុល ពត បានជ្រើសរើសការដកហូតការគាំទ្រ ជាពិសេសពី តាម៉ុក ដោយបានស្នើឱ្យមានកាផ្លាស់ប្តូរថ្នាក់ដឹកនាំនៅអន្លង់វែង។ ប៉ុល ពត បានស្នើថា គ្រប់មេដឹកនាំខ្មែរក្រហមដែលមានវ័យចំណាស់ទាំងអស់ ដែលរួមទាំង តាម៉ុក និងខ្លួនគាត់ផងត្រូវចូលនិវត្តន៍ និងទុកឱកាសឱ្យអ្នកដឹកនាំជំនាន់ក្រោយបន្តការតស៊ូ។ មេដឹកនាំចាស់ទាំងអស់នឹងធ្វើជាទីប្រឹក្សារបស់ចលនានេះ។

នៅខែកុម្ភៈ ឆ្នាំ១៩៩៧ ប៉ុល ពត បានរៀបចំមហាសន្និបាតមួយ ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ ដែលភាគច្រើនគឺជាមេបញ្ជាការកងទ័ព។ គោលបំណងនៃមហាសន្និបាតនេះ គឺការពិភាក្សាអំពីការផ្ទេរអំណាចពីមេដឹកនាំចាស់ៗទៅអ្នកជំនាន់ថ្មី។ ការផ្ទេរអំណាចនឹងធ្វើឡើងតាមរយៈការបោះឆ្នោត។ បេក្ខជន១០រូបត្រូវបានជ្រើសរើសឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតផ្ទេរអំណាចនេះ ហើយអ្នកដែលចូលរួមមានឈ្មោះ សូ សារឿន, មៀច សាន, ខឹម ងុន, ញាន, ហឿន និង ខន។ មៀច សាន ដែលជាមេបញ្ជាការស្និទ្ធនឹង ប៉ុល​ ពត ទទួលសំឡេងគាំទ្រច្រើនជាងគេ។ ទោះជាយ៉ាងនេះក្តី មៀច សាន បានសម្រេចចិត្តមិនប្រកួតប្រជែងជាមួយ សូ សារឿន ដែលជាអតីតមេបញ្ជាការរបស់គាត់ និងដែលបានចូលបម្រើបដិវត្តន៍មុនគាត់។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមបានពិភាក្សាគ្នា និងបានសម្រេចថា សូ សារឿន គឺជាមេដឹកនាំជំនាន់ថ្មីរបស់ចលនាខ្មែរក្រហម។ ប៉ុន្តែ តាម៉ុក ចង់ឱ្យ ខឹម ងុន ដែលជាមេបញ្ជាការស្និទ្ធនឹងគាត់ធ្វើជាមេដឹកនាំវិញ។

បន្ទាប់ពីការបោះឆ្នោតនៅក្នុងមហាសន្និបាតរួចមក ប៉ុល ពត បានបង្កើតគណៈកម្មាធិការមួយដែលមានសមាជិក១០នាក់។ គណៈកម្មាធិការនោះមានឈ្មោះថា «គណៈកម្មាធិការ១៩» ដែលដឹកនាំដោយ សូ សារឿន ដែលបានក្លាយទៅជាអគ្គមេបញ្ជាការកងទ័ពនៅតំបន់អន្លង់វែង។ ទីបញ្ជាការរបស់ សូ សារឿន មានទីតាំងនៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកមេទ័ពខ្លាំងៗដែលស្និទ្ធនឹង តាម៉ុក ត្រូវបានដកហូតសិទ្ធិ និងកងទ័ព ហើយត្រូវបានតែងតាំងឱ្យកាន់ការងាររដ្ឋបាលជំនួសវិញ។ តាម៉ុក បានប្រឆាំងគំនិតផ្តួចផ្តើមនេះ។ តាម៉ុក យល់ឃើញថាកិច្ចការទាំងអស់នេះគឺជាយុទ្ធសាស្រ្តរបស់ ប៉ុល ពត ក្នុងការប្រមូលផ្តុំអំណាចនៅអន្លង់វែង។

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន ដែលជាជនបដិវត្តន៍ដ៏យូរឆ្នាំមួយរូបរបស់ ប៉ុល ពត ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ។ ជាងនេះទៅទៀត សមាជិកគ្រួសារចំនួន១០នាក់ទៀត ដែលរួមមាន យ៉ុន យ៉ាត ប្រពន្ធរបស់ សុន សេន និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ អប់រំ និងសិក្សាជាតិ ព្រមទាំងកូនស្រីពីរនាក់ ចៅប្រុសអាយុ៥ឆ្នាំម្នាក់ អ្នកបើករថយន្តម្នាក់ និងនីរសារម្នាក់ត្រូវបានសម្លាប់ចោលទាំងអស់។ នៅយប់នៃការសម្លាប់ សុន សេន គឺ ប៉ុល ពត បានសុំឱ្យមានការប្រជុំជាមួយ សុន សេន។ ប៉ុន្តែ សុន សេន និង យ៉ុន យ៉ាត  បានបដិសេធការប្រជុំនោះ ដោយបានប្រាប់ទៅនីរសារថា យប់ជ្រៅពេក ហើយសុំពន្យារពេលប្រជុំទៅព្រឹកនៃថ្ងៃបន្ទាប់។ ប៉ុល ពត បានបញ្ជាឱ្យមេទ័ពរបស់គាត់ សូ សារឿន សម្លាប់ សុន សេន និងប្រពន្ធដែលកំពុងស្នាក់នៅក្នុងផ្ទះដែល​ តាម៉ុក សង់ឱ្យនៅក្បែរពើយតារួន។ ប៉ុន្តែ សូ សារឿន បានអនុវត្តលើសពីបញ្ជារបស់ ប៉ុល ពត ដោយសម្លាប់សាច់ញាតិរបស់​ សុន សេន ចោលទាំងអស់។

បន្ទាប់ពីទទួលដំណឹងអំពីការស្លាប់របស់​ សុន សេន តាម៉ុក បានធ្វើការសន្និដ្ឋានថា ប៉ុល ពត មានបំណងចង់សម្លាប់គាត់នៅក្នុងការធ្វើបន្សុទ្ធកម្មរួម។ តាម៉ុក ខឹងនឹង ប៉ុល ពត និង សូ សារឿន យ៉ាងខ្លាំង និងបានកោះប្រជុំបន្ទាន់មួយជាមួយមេបញ្ជាការកងទ័ពនៅផ្ទះរបស់កាត់ក្បែរមាត់ទឹក។ តាម៉ុក បានប្រាប់ទៅមេទ័ពទាំងអស់ថា ប៉ុល ពត និង សូ សារឿន មានបំណងចង់សម្លាប់គាត់ និងចង់ធ្វើជាស្តេចនៅអន្លង់វែង។ តាម៉ុក ប្រាប់មេទ័ពរបស់គាត់ឱ្យត្រៀមខ្លួនធ្វើសង្រ្គាមជាមួយ ប៉ុល​ ពត។

នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧ តាម៉ុក បានបញ្ជាឱ្យប្រមូលផ្តុំកម្លាំងទាំងអស់ដើម្បីវាយដណ្តើមយកសាកសពរបស់ សុន សេន និងក្រុមគ្រួសារដែលក្រោយមករូបថតរបស់សាកសពទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ធ្វើការឃោសនា។ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ តាម៉ុក និងកងកម្លាំងរបស់គាត់បានផ្សព្វផ្សាយការសម្លាប់របស់ សុន សេន ជាសាធារណៈដើម្បីប្រមូលការគាំទ្រពីកងទ័ព និងប្រជាជន។ ជាមួយនឹងរូបថតសាកសពរបស់​ សុន សេន ជាភ័ស្តុតាង តាម៉ុក បានអំពាវនាវដល់ប្រជាជនឱ្យចូលរួមជាមួយគាត់ ដើម្បីធ្វើការតស៊ូប្រឆាំងនឹង ប៉ុល​ ពត។

តាម៉ុក បានបញ្ជាឱ្យកងពល៩៨០ និងកងពល៩១២ ចាប់ខ្លួន ប៉ុល ពត និងបក្ខពួក។ ឡុង ទេម, សាន់ គង់, យឹម ផាន់ណា, យឹម ពឹម និង ម៉ុន ត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវក្នុងការដឹកនាំកម្លាំងរបស់ តាម៉ុក ប្រយុទ្ធជាមួយនឹងកម្លាំងរបស់ ប៉ុល​ ពត ដែលរួមមានកងពល ៨០១ របស់ សូ សារឿន និងកងពល៩២០ របស់ មៀច សាន។

ឆ្លើយតបទៅនឹងការឃោសនារបស់ តាម៉ុក ប៉ុល ពត បានវាយប្រហារ តាម៉ុក តាមវិទ្យុ។ ប៉ុល ពត បានចោទប្រកាន់កងកម្លាំងរបស់ តាម៉ុក ថាក្បត់ជាតិ។ ខៀវ សំផន ក៏បានចូលរួមនៅក្នុងជម្លោះនោះដែរ។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៧ ខៀវ សំផន បានអានសេចក្តីប្រកាសរបស់ ប៉ុល ពត តាមវិទ្យុដោយចោទ សុន សេន ថាជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ «រដ្ឋាភិបាលអាយ៉ងយួន» នៅទីក្រុងភ្នំពេញ។

បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃ ប៉ុល ពត បានបញ្ជាឱ្យ សូ សារឿន, មៀច សាន និងមេបញ្ជាការដែលស្មោះត្រង់នឹងខ្លួនទម្លាក់អាវុធ ហើយចរចាជាមួយ តាម៉ុក។ ប៉ុល ពត មានបំណងបញ្ចុះបញ្ចូល តាម៉ុក ឱ្យបញ្ចប់ការប្រយុទ្ធគ្នា ដោយសារតែ ប៉ុល ពត យល់ឃើញថា បើនៅបន្តប្រយុទ្ធតទៅទៀត «សត្រូវនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន»។ ម្យ៉ាងទៀត ទោះបី ប៉ុល ពត ទទួលបានភក្តីភាពពីមេទ័ពក៏ដោយ ក៏ ប៉ុល ពត ពុំមានធនធានសេដ្ឋកិច្ចគ្រប់គ្រាន់ក្នុងការបន្តប្រយុទ្ធបានដែរ។

តាម៉ុក បានចាប់ខ្លួន សូ សារឿន និងប្រពន្ធ, មៀច សាន និងកូនប្រុស មៀច សារ៉ាវុធ ព្រមទាំងមេបញ្ជាការកងទ័ពមួយចំនួនទៀតដូចជា ឃន, ងួន, សែន និង ខេមរា ដែលសុទ្ធតែជាអ្នកស្មោះត្រង់នឹង ប៉ុល ពត។ ពីខែក្រោយមក សូ សារឿន និងប្រពន្ធ និង មៀច សាន ត្រូវបានកាត់ទោសប្រហារជីវិត។

ដោយឡែក ប៉ុល ពត, ខៀវ សំផន, នួន ជា, ជួន ជឿន, ចាន់ យូរ៉ាន់, ទេព ឃុនណាល់ ព្រមទាំងទីប្រឹក្សា និងអ្នកនៅក្រោមបង្គាប់មួយចំនួនបានរត់គេចពីកងទ័ពរបស់ តាម៉ុក ទៅលាក់ខ្លួននៅក្នុងរូងភ្នំនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

នៅទីបញ្ចប់ ប៉ុល ពត ត្រូវបានកងទ័ពរបស់ តាម៉ុក ចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧។ កងទ័ព បានយកអង្រឹងសែង ប៉ុល ពត ចំណែកមេដឹកនាំដទៃទៀតបានដើរត្រឡប់មកវិញ។ កងទ័ពរបស់ តាម៉ុក បានឃុំឃាំងមេដឹកនាំខ្មែរក្រហមនៅឃ្លាំងកណ្តាល ក្រោយមកបានបញ្ជូនទៅឃុំឃាំងនៅក្បែរច្រកព្រំដែនជាំសាងុំា។

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបាននាំមកកាត់ទោសនៅចំពោះមុខ «តុលាការប្រជាជន» ដែលមានប្រជាជននៅអន្លង់វែងប្រមាណ៤០០ទៅ៥០០នាក់បានចូលរួម។ មេបញ្ជាការកងទ័ពជាន់ខ្ពស់ និងមេដឹកនាំស៊ីវិលចំនួនបួននាក់ ដែលស្មោះត្រង់នឹង តាម៉ុក ត្រូវបានជ្រើសរើសឱ្យធ្វើជាអង្គជំនុំជម្រះដែលរួមមាន ខៀវ នៅ តំណាងឱ្យប្រជាជន, ខឹម ងុន តំណាងឱ្យកងកម្លាំងប្រដាប់អាវុធ, ម៉ក់ បេន និង ទេព ឃុនណាល់ តំណាងឱ្យ បញ្ញវន្ត។ នៅទីបញ្ចប់ ខៀវ នៅ បានប្រកាសសាលក្រមដោយបានដាក់​ទោស ប៉ុល ពត ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋ «សម្លាប់ សុន សេន ការប៉ុនប៉ងសម្លាប់ តាម៉ុក និងការបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ។

ប៉ុល ពត ត្រូវបានឃុំឃាំងរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ទើបស្លាប់ដោយសារជំងឺបេះដូង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។

មានហេតុផលជាច្រើនសម្រាប់ការបែកបាក់ និងជម្លោះជាយថាហេតុដែលកើតឡើងនៅក្នុងថ្ងៃចុងក្រោយនៃចលនាខ្មែរក្រហម។ ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ បាន​បង្កើត​ភាព​តានតឹង​ក្នុង​ចំណោម​មេដឹក​នាំ​ខ្មែរ​ក្រហម។ ប៉ុល ពត ប្រកាន់ខ្ជាប់នូវជំនឿថា កងកម្លាំង និងចារកម្មវៀតណាមបានចូលកាន់កាប់ក្នុងជួរនៃការគ្រប់គ្រងរដ្ឋកម្ពុជា។ លើស​ពី​នេះ ប៉ុល ​ពត​ បាន​បន្ត​មាន​ជំនឿ​ថា ខ្មែរ​ក្រហម​អាច​យក​ឈ្នះ​ប្រទេស​កម្ពុជា​ម្ដង​ទៀត។ ទស្សនៈរបស់ ប៉ុល ពត មិនអាចលើសពីការពិតបានទេ។ ស្ទើរតែភ្លាមៗនៅពេលដែលវៀតណាមបានបញ្ចប់ការដកទ័ពចុងក្រោយពីកម្ពុជា ក្នុងឆ្នាំ១៩៨៩នោះ ទីតាំងយុទ្ធសាស្ត្រនៅសមរភូមិ (ឬចំណុចកណ្តាលនៃការស្រូបទាញ) លើអនាគតរបស់កម្ពុជាបានផ្លាស់ប្តូរពីកងទ័ពទៅកាន់ឆាកនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន បានយល់យ៉ាងច្បាស់អំពីសភាពការណ៍នេះ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖