ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាបានយករុក្ខជាតិលម្អ និងបន្សុទ្ធខ្យល់ក្នុងបរិយាកាស ហើយនិងអាចប្រើប្រាស់ជាឱសថ ទៅដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍ដែលមានឈ្មោះថា «ពិព័រណ៍ស្អាត» រៀបចំឡើងដោយ ស្អាត និង សហគមន៍ផ្ទះចាស់ នៅឯមជ្ឈមណ្ឌលបៃតង Connecxion (កោះពេជ្រ)។
កម្មវិធី «ពិព័រណ៍ស្អាត» នេះបង្ហាញអំពីអាជីវកម្មប្រកបដោយនិរន្តរភាព គំនិតផ្តួចផ្តើមបៃតង រុក្ខជាតិលម្អ ស្ថាបត្យកម្ម ផលិតផលច្នៃប្រឌិត និងអាជីវកម្មក្នុងស្រុកដែលគិតគូរពីបរិស្ថាន។ ក្រៅពីនេះ កម្មវិធីបានប្រមូលផ្តុំសហគ្រិន ដែលជាអ្នកដឹកនាំ អ្នកជំនាញ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកចំណេះដឹងអំពីអាជីវកម្ម និងរុក្ខជាតិ។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវអំពីរុក្ខជាតិជាច្រើនឆ្នាំមកហើយ ដែលសង្ឃឹមថារុក្ខជាតិមួយចំនួនអាចប្រើប្រាស់ជាឱសថសម្រាប់ជួយដល់សុខភាពបែបលក្ខណៈគ្រួសារ ចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតបន្ទប់ពិសោធន៍រុក្ខជាតិមួយ ដែលសិក្សាលើរុក្ខជាតិកម្រនៅក្នុងប្រទេសកម្ពុជា និងរុក្ខជាតិជាច្រើនប្រភេទទៀតមកពីបណ្ដាប្រទេសដទៃ ដើម្បីបង្កាត់ពូជ និងអាចប្រើប្រាស់ជាឱសថ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចប្រើប្រាស់រុក្ខជាតិទាំងនេះដើម្បីឱ្យមានសុខភាពល្អប្រសើរ។ រុក្ខជាតិទាំងនេះទៀតសោត អាចជួយបន្សុទ្ធបរិយាយកាស បង្កើតជាសោភ័ណភាព និងជួយធ្វើឱ្យបរិយាកាសស្រស់ស្រាយ ដែលបច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុរហូតដល់ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន ហើយដែលមនុស្សប្រមាណ៤០ភាគរយនៅលើពិភពលោកកំពុងទទួលរងផលប៉ះពាល់។
ការសិក្សាស្រាវជ្រាវអំពីរុក្ខជាតិលម្អ និងអាចប្រើប្រាស់ជាឱសថនេះ ស្រាវជ្រាវដោយនិស្សិតស្ម័គ្រចិត្តកម្ពុជា (CamboCorps) ចំនួនពីររូបគឺ ជ័យ វីរៈ និង អាង សុខហេង។ រុក្ខជាតិដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កាត់ពូជ និងដាំដុះទាំងនេះ ក៏ធ្លាប់បានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍រុក្ខជាតិលម្អ និង កម្រ នៅប្រទេសវៀតណាម ប្រទេសថៃ និង ប្រទេសសិង្ហបុរី រួចមកហើយដែរ។
ជ័យ វីរៈ និង អាង សុខហេង គឺជានិស្សិតមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលគ្រប់គ្រងលើការស្រាវជ្រាវរុក្ខជាតិ និងបន្ទប់ពិសោធន៍ នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា៖ រុក្ខជាតិដែលកម្រ នឹងប្រឈមមុខក្នុងការបាត់បង់ទៅថ្ងៃអនាគត គឺត្រូវការផ្សាំ និងបង្កាត់ពូជជាថ្មីឱ្យបានច្រើន ដើម្បីចូលរួមចំណែកក្នុងការថែរក្សាពូជកម្រ។ បន្ទាប់ពីផ្សាំរុក្ខជាតិថ្មីៗ និង កម្ររួចរាល់ មជ្ឈមណ្ឌលឯកសារកម្ពុជាគ្រោងយករុក្ខជាតិទាំងនេះទៅដាំនៅតាមសាខាមជ្ឈមណ្ឌលឯកសារកម្ពុជារបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួនទៀត។
អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា