កិច្ចពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាមួយនិស្សិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៣៥ នាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជាមួយលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ការជួបជុំនេះបានប្រព្រឹត្តទៅតាមការរៀបចំរបស់សាស្ត្រាចារ្យ ជា សៀវម៉ី នៅក្នុងបន្ទប់សិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ រយៈពេល២ម៉ោង គឺចាប់ពីម៉ោង៨ ដល់ ១០ព្រឹក។ គោលបំណងនៃការពិភាក្សានេះ គឺដើម្បីបង្កើនចំណេះដឹងបន្ថែមពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩​៧៩​) និងបង្កើនសមត្ថភាពស្រាវជ្រាវរបស់និស្សិត។ ដើម្បីសម្រេចបានគោលបំណងនេះ និស្សិតទាំងអស់ ទទួលបានចំណេះដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម, ពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្រ្តជាតិ ជាពិសេសប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩​៧៩) និង ពីវិធីសាស្រ្តសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីជាជំនួយដល់កិច្ចការងារសិក្សាស្រាវជ្រាវនៅក្នុងថ្នាក់។

នៅក្នុងកិច្ចពិភាក្សានេះ និស្សិតទាំង៣៥នាក់ ទទួលបានការបកស្រាយបង្ហាញពី៖ ១) អត្ថន័យនៃពាក្យ «ប្រវត្តិសាស្ត្រ» និងភាពចាំបាច់ក្នុងការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ២) ការពន្យល់ពីមាតិកាប្រវត្តិសាស្ត្រសង្ខេប ដោយផ្តោតសំខាន់លើគោលការណ៍៨ចំណុចដែលខ្មែរក្រហមបានអនុវត្តក្នុងរយៈពេលដែលខ្លួនដឹកនាំប្រទេស និង ៣) ការដោះស្រាយចម្ងល់ទាំងអស់របស់និស្សិត ទាក់ទងនឹងសំណួរអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ សូមបញ្ជាក់ថា មុននឹងចាប់ផ្តើមការធ្វើបទបង្ហាញ ផេង ពង្សរ៉ាស៊ី បានផ្តល់ពេលវេលាដល់និស្សិតទាំង៣៥នាក់ ឱ្យសរសេរសំណួរនៅលើក្រដាសម្នាក់មួយសំណួរ នូវចម្ងល់ផ្សេងៗពីប្រវត្តិសាស្ត្រខ្មែរក្រហម ដើម្បីទទួលបានចម្លើយពីវាគ្មិន។ ក្នុងចំណោមនិស្សិតទាំងអស់គឺមាននិស្សិតខ្លះបានសួរសំណួររហូតដល់ទៅ៤ ហើយសំណួរទាំងអស់ ត្រូវបានបក​ស្រាយនៅបន្ទាប់ពីការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រខ្មែរក្រហមត្រូវបានបញ្ចប់ទៅ។ ចុងបញ្ចប់នៃវេទិកានេះ និស្សិតទទួលបានទស្សនាវដ្តីស្វែងរកការពិត លេខពិសេស ម្នាក់១ច្បាប់។ ក្រោយចប់កិច្ចពិភាក្សា និស្សិតទាំងអស់បានបង្ហាញពីការយល់ដឹងច្រើនជាងមុនទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម។

តាមរយៈកិច្ចពិភាក្សាក្នុងថ្ងៃនេះដែរ លោក ផេង ពង្សរ៉ាស៊ី និងសាស្រ្តាចារ្យ ជា សៀវម៉ី បានឯកភាពគ្នាក្នុងការដឹកនាំសិស្សទៅធ្វើទស្សនកិច្ចសិក្សា និងចុះសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងមជ្ឈមណ្ឌ​ល​ឯកសារខេត្តតាកែវ ដែលជាសាខារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា តាមពេលវេលាដែលបានព្រមព្រៀងគ្នា គឺនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២៤នេះ។ និស្សិតនឹងសិក្សាឈ្វេងយល់បន្ថែមពី (១) កិច្ចការងារ និងដំណើរការនៃការប្រមូលនិងចងក្រងឯកសារទាក់ទងនឹងរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមទីតាំងនីមួយៗ, (២) ប្រវត្តិសាស្ត្រខ្មែរក្រហមលម្អិតជាងមុន, (៣) វិធីសាស្ត្រសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, (៤) ការចុះទៅជួប និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយផ្ទាល់ និង (៥) ការសិក្សាអំពីទីតាំងវាលពិឃាតខ្មែរក្រហមនៅក្នុងខេត្តដោយផ្ទាល់។

អត្ថបទ និង រូបថត ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក