ក្រុមកាងារមជ្ឈមណ្ឌលឯកសារកោះថ្មចាក់បញ្ចាំងខ្សែភាពយន្តឯកសារ មានចំណងជើងថា «កុំស្មានបងភ្លេច» ជូនអ្នកភូមិនៅសហគមន៍ភូមិក្តុលលើទស្សនា

តាមការស្នើសុំពីអាជ្ញាធរភូមិក្តុលលើ លោកតា លោកយាយ អ៊ំ ពូ មីង និងយុវជននៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម នៅវេលាម៉ោង២:១៥នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «កុំស្មានបងភ្លេច» មានរយៈពេលចំនួន ១ម៉ោង ៤៦នាទី និង៥២វិនាទី នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង ឱ្យអ្នកភូមិទស្សា។

ជាកិច្ចចាប់ផ្តើម លោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្មបានធ្វើការណែនាំខ្លួន និងក្រុមការងារ។ លោក ឈុំ រ៉ា បានលើកឡើងដោយសង្ខេបថា ខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «កុំស្មានបងភ្លេច» នេះ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកម្ពុជាតាំងសម័យសង្គមរាស្រ្តនិយម របបសាធារណរដ្ឋខ្មែរ របបខ្មែរក្រហម និងសម័យក្រោយឆ្នាំ១៩៧៩ ជាពិសេសទាក់ទងនឹងការរីកចម្រើនវិស័យសិល្បៈចម្រៀង តន្រ្តី និងការបាត់បង់ក្នុងពេលមានសង្គ្រាម និងអំពើប្រល័យពូជសាសន៍ និងការកកើតឡើងវិញនៅក្រោយឆ្នាំ១៩៧៩។ ការចាក់បញ្ចាំងខ្សែភាពយន្ត «កុំស្មានបងភ្លេច» មានគោលបំណង៖

-ចង់ឱ្យប្រជាជនយល់ដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរដែលមាននៅក្នុងខ្សែភាពយន្ត

-បង្ហាញទៅកាន់យុវជន និងក្មេងៗជំនាន់ក្រោយដែលពុំធ្លាប់ទស្សនាខ្សែភាពយន្តឯកសារនេះ

-អប់រំកុំឱ្យមានសង្គ្រាមនៅក្នុងប្រទេសជាតិ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍តាមរយៈខ្សែភាពយន្ត

-បង្កើនចំណេះដឹងតាមរយៈទស្សនាខ្សែភាពយន្ត និងឱ្យប្រជាជនចេះត្រិះរិះពិចារណា។

ជាកិច្ចបញ្ចប់ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើការសំណេះសំណាលជាមួយ លោកតា លោកយា អ៊ំ ពូ មីង និងប្អូនៗ ដែលបានចូលរួមទស្សនា។ លោក ដានី បានសួរនាំ និងការយល់ឃើញក្រោយពីលោកតា យាយ អ៊ំ ទស្សនាខ្សែភាពយន្តឯកសារនេះចប់ ព្រោះលោកតា លោកយាយធ្លាប់បានឆ្លងកាត់ពីសម័យកាលសង្គ្រាម និងសម័យខ្មែរក្រហម ថាតើមានអារម្មណ៍បែបណាពេលឃើញព្រឹត្តិការណ៍ទាំងនេះម្តងទៀត? ក្រោយពីសំណេះសំណាល និងពិភាក្សាចប់ លោក ដានី បានថ្លែងអំណរគុណដល់ លោកយាយា លោកតា អ៊ំ ពូ មីង និងប្អូនៗ ដែលបានចំណាយពេលចូលរួមទស្សនារហូតដល់ចប់។

អត្ថបទ ៖ ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហការ រំលេចអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាក្នុងការទប់ស្កាត់ និងការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងទូទាំងសកលលោក