នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន២១នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ខ្មែរបាត់បង់តន្រ្តីរ៉ក់។ ជាកិច្ចចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានណែនាំខ្លួន និងបានរៀបរាប់អំពីគោលបំណងនៃការបញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» នៅពេលនេះ។ លោក ឡុង ដានី បន្ថែមថា ខ្សែភាពយន្តឯកសារនេះគឺចង់បង្ហាញពីទិដ្ឋភាពសង្គម និងសិល្បៈក្នុងរបបសង្គមរាស្ត្រនិយម សង្រ្គាមស៊ីវិលក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការបាត់បង់តន្រ្តីរ៉ក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការរស់ឡើងវិញបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ឆ្លៀតឱកាសនោះ លោក ឡុង ដានី បានលើកនូវប្រធានបទដើម្បីពិភាក្សាជាមួយសិស្សានុសិស្សទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម (ពីឆ្នាំ១៩៧៥-១៩៧៩) ដើម្បីឱ្យសិស្សានុសិស្សឈ្វេងយល់បន្ថែមទៀត។
បន្ទាប់ពីការពិភាក្សា និងទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» រួច សិស្សបង្ហាញចំណាប់ដូចខាងក្រោម៖
១) ខ្ញុំឈ្មោះ សុក សាវុង ភេទប្រុស អាយុ១៨ឆ្នាំ រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ក្រោយពីទស្សនាការចាក់ខ្សែភាពយន្តរឿង «កុំស្មានបងភ្លេច» ខ្ញុំមានអារម្មណ៍ថាថ្មីហើយប្លែក នៅពេលស្តាប់បទចម្រៀងតាមសម័យកាលនីមួយៗ និងបានឃើញទិដ្ឋភាពទីក្រុងភ្នំពេញមុនពេលមានសង្រ្គាមដែលមានភាពអ៊ូអរនិងមានតន្រ្តីច្រើនសម្បូរបែប។ ចូលដល់របបកម្ពុជាប្រជាធិបតេយ្យតន្រ្តីស្ទើរតែបាត់បង់ទាំងស្រុង ហើយសិល្បៈករបានបាត់បង់ជីវិតអស់ជាច្រើននាក់។ នៅក្នុងខ្សែភាពយន្តក៏បានបង្ហាញអំពីការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ហើយខ្មែរក្រហមបង្កើតទម្រង់សិល្បៈរបស់ខ្លួនដែលខុសពីសម័យដើម។
២) ខ្ញុំឈ្មោះ ទុំ សុនិតា ភេទស្រី អាយុ១៨ឆ្នាំ រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ខ្ញុំសំណូមពរដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបន្តចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» ឬខ្សែភាពយន្តឯកសារផ្សេងៗទាក់ទងនឹងប្រវត្តិសាស្រ្តប្រទេសកម្ពុជាឱ្យខ្ញុំទស្សនា ព្រោះការចាក់បញ្ចាំងខ្សែភាពយន្តនេះបានជួយដល់ការសិក្សា បានផ្ដល់ចំណេះដឹង និងការចងចាំដល់ខ្ញុំ និងសិស្សានុសិស្សដទៃ ជាជាងការសិក្សាតាមសៀវភៅតែមួយមុខ។
៣) ខ្ញុំឈ្មោះ សុង ស៊ីម៉ា ភេទស្រី អាយុ១៨ឆ្នាំ មកពីវិទ្យល័យ ហ៊ុន សែន ប្រម៉ោយ។ នាងខ្ញុំពិតជាមានចិត្ដរំភើបរីករាយខ្លាំងណាស់ដែលបានចូលរួមទស្សនាខ្សែភាពយន្ដ «កុំស្មានបងភ្លេច» នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ពេលដែលខ្ញុំទស្សនាខ្សែភាពយន្ដ «កុំស្មានបងភ្លេច» បានធ្វើឱ្យខ្ញុំយល់ដឹងច្រើនអំពីតន្រ្តីករដែលរស់នៅក្នុងសម័យសង្គមរាស្រ្តនិយម ការស្លៀកពាក់ ម៉ូតសក់ បទចម្រៀងបែបកន្រ្តាក់អារម្មណ៍។ ខ្ញុំក៏អាណិតអាសូរសិល្បករដែលល្បីៗជំនាន់មុន ដូចជា ៖ ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា, សុះ ម៉ាត់, ហួយ មាស ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ជាចុងក្រោយ ខ្ញុំសំណូមពរដល់ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ប្រសិនបើមានការចាក់បញ្ចាំងកុនឯកសារ ឬមានកម្មវិធីអប់រំប្រវត្តិសាស្រ្តផ្សេងៗ ខ្ញុំសូមចូលរួមម្ដងទៀត។
៤) ខ្ញុំឈ្មោះ ជា អាលីសា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងណាស់ ដែលបានមកទស្សនកិច្ច និងទស្សនាខ្សែភាពយន្តរឿង «កុំស្មានបងភ្លេច» ដែលបានរៀបរាប់អំពីសិល្បករតាំងពីសម័យសង្គមរាស្រ្ដនិយម សាធារណរដ្ឋខ្មែរ របបកម្ពុជាប្រជាធិបតេយ្យ និងបទចម្រៀងដែលបានបាត់បង់។ ខ្ញុំទទួលបានចំណេះដឹងជាច្រើនពីខ្សែភាពយន្តនេះ ដែលខុសប្លែកពីសៀវភៅដែលខ្ញុំបានរៀនសូត្រនៅតាមសាលារៀន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានអញ្ជើញខ្ញុំចូលរួមទស្សនាខ្សែភាពយន្ដនេះ។
អត្ថបទ ៖ ធី គឹមហុង បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា