ផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បើកឱ្យសិស្សមកអានសៀវភៅ សិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទាក់ទងនឹងប្រវត្តិសាស្រ្ត បន្ទាប់ពីសិក្សានៅក្នុងថ្នាក់រៀន

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៤៣នាក់ បានមកទស្សនាពិព័រណ៍រូបថត និងអានសៀវភៅទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហមនៅផ្ទះសហគមន៍ភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីបង្កើនចំណេះដឹង និងសិក្សាឈ្វេង​យល់បន្ថែមបន្ទាប់ពីសិក្សានៅក្នុងថ្នាក់រៀន។

លោក ឈុំ រ៉ា បុគ្គលិកនៅផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្មធ្វើការណែនាំខ្លួន និងក្រុមការងារទៅកាន់សិស្សានុសិស្ស។ លោក ឈុំ រ៉ា បានរៀបរាប់ថា ផ្ទះសហគមន៍ជនជាតិស្ទៀងនៅភូមិក្តុលលើ ចាប់ផ្តើមជួសជុលនៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ ទីតាំងនេះគឺជាអំណោយរបស់យាយ ម៉ែន ច្រាញ់ ដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីជួលជុល និងរៀបចំដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជននៅក្នុងសហគមន៍ទាំងមូល។   បន្ទាប់មក លោក ឈុំ រ៉ា បានដឹកនាំសិស្សឡើងទៅជាន់ខាងលើផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើ ដើម្បីថ្វាយបង្គំព្រះពុទ្ធរូប ព្រមទាំងទស្សនាទេសភាពចម្ការផ្លែឈើ និងវាលស្រែពណ៌បៃតងស្រស់ដ៏ធំល្វឹងល្វើយ។ ទេ​សភាពដ៏ស្រស់ត្រកាលទាំងនេះ បានធ្វើឱ្យសិស្សានុសិស្សមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយ​។

បន្ទាប់មក លោក ឈុំ រ៉ា បានដឹកនាំសិស្សចុះមកខាងក្រោម ដើម្បីទស្សនាពិព័រណ៍ព្រះឆាយា​ល័ក្ខណ៍ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ, រូបភាពជនរងគ្រោះក្នុងគុកទួលស្លែង និងសៀវភៅប្រវត្តិសាស្រ្ត។ នៅក្នុង​ឱកាសនោះ សិស្សា​នុសិស្សអាចជ្រើសរើសសៀវភៅដែលខ្លួនចូលចិត្តយកមកអាន។ សិស្សភាគច្រើនបានអានទស្សនាវដ្តីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកោះថ្ម លេខពិសេស ឆ្នាំ២០២៤ ដែលរៀបរាប់អំពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀត ចាកចេញពីទីតាំងបន្ទាយកងវរសេនាធំតំបន់២១ តំបន់កោះថ្ម ភូមិភាគបូព៌ាទៅកាន់ប្រទេសវៀតណាម ដើម្បីកសាងកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, សៀវភៅ សាក្សីប្រវត្តិសាស្ត្រ, សៀវភៅបូជាភ្លើង, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), សៀវភៅរំឭកវិញ្ញាណក្ខន្ធ ជនរងគ្រោះពីរបបខ្មែរក្រហម និងសៀវភៅជីវិតម្តាយ។

សិស្សានុសិស្សដែលមកអានសៀវភៅនិងសិក្សារៀនសូត្រនៅផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖

នាងខ្ញុំឈ្មោះ សាន និការ ភេទស្រី អាយុ១២ឆ្នាំ គឺជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយ រីករាយយ៉ាងខ្លាំង ដែលបានមកទស្សនា និងអានសៀវភៅនៅផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ និងចង់អានសៀវភៅ ព្រោះទីតាំងនេះមានទេសភាពស្រស់ស្អាត។ ការអានសៀវភៅធ្វើឱ្យខ្ញុំមានចំណេះដឹងជាងមុន និងចេះគិតបានត្រឹមត្រូវ។ នៅផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម មានសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដូច្នេះធ្វើឱ្យខ្ញុំយល់ដឹងអំពីប្រវត្តិសាស្ត្រ ជាពិសេសទាក់ទងជាមួយរបបខ្មែរក្រហម។  ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលអនុញ្ញាតឱ្យខ្ញុំមកអានសៀវភៅ និងបង្រៀនខ្ញុំអំពីរឿងរ៉ាវប្រវត្តិសាស្ត្រ។

នាងខ្ញុំឈ្មោះ គង់ សុខុមកន្និកា ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ខ្ញុំយល់ឃើញថា ការអានសៀវភៅនៅទីនេះធ្វើឱ្យខ្ញុំយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរបានច្រើន។ ខ្ញុំចូលចិត្តអានសៀវភៅព្រោះធ្វើឱ្យខ្ញុំយល់ដឹង និងចេះសរសេរសាច់រឿង។ នៅទីនេះ មានភាពស្ងប់ស្ងាត់ និងមានទេសភាពទាក់ទាញ។ ខ្ញុំសូមអរគុណដល់បងៗក្រុមការងារនៅផ្ទះសហគមន៍ជនជាតិស្ទៀងនៅភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានយកចិត្តទុកដាក់ចំពោះខ្ញុំ និងធ្វើការណែនាំ សៀវភៅប្រវត្តិសាស្រ្ត និងពិព័រណ៍រូបថតដល់ខ្ញុំ ដោយភាពរួសរាយរាក់ទាក់ សម្តីទន់ភ្លន់ និងចិត្តល្អ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ ឈុំ រ៉ា/មជ្ឈមណ្ឌលឯកសារកោះថ្ម

 

អត្ថបទផ្សេងទៀត៖