មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចែករទេះរុញចំនួន៤គ្រឿងជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព និងបន្តស្តាប់ការរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចុះចែករទេះរុញចំនួន៤គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពមិនអាចដើររួច នៅស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ការផ្ដល់រទេះរុញទាំង៤គ្រឿងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការលំបាក និងការធ្វើដំណើររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំងនេះបង្ហាញនូវសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលខ្វាយខ្វល់អំពីសុខភាព និងស្ថានភាពលំបាកពេលធ្វើដំណើររបស់ខ្លួន ព្រមទាំងបានចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហម ដូចខាងក្រោម៖

១) សឿង ហេង ៖ កងឡើងត្នោត និងផលិតស្ករ

ខ្ញុំឈ្មោះ សឿង ហេង អាយុ៧៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិល្វា ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ថាន ខឿន និងមានកូនចំនួន៤នាក់ គឺស្រីទាំង៤នាក់។ ខ្ញុំមិនបានរៀនសូត្រទេ ដោយសារតែជីវភាពគ្រួសារក្រលំបាក។ នៅឆ្នាំ១៩៧០ ខ្ញុំនៅជួយធ្វើការងារឪពុកម្ដាយនៅផ្ទះ។ មិនយូរប៉ុន្មាន រដ្ឋប្រហារ លន់ នល់ បានកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ចន្លោះពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ ការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើង។ អំឡុងពេលនោះ ការទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ នៅតាមភូមិកាន់តែច្រើនដើម្បីទប់ទល់ជាមួយកងទ័ពខ្មែរក្រហម ដែលនៅឈរជើងនៅតាមផ្ទះប្រជាជន។ យ៉ាងណាក៏ដោយ កងទ័ពខ្មែរក្រហមវាយលុក និងកាន់កាប់ទីតាំងជាច្រើន រហូតដល់ព្រំប្រទល់ទីរួមខេត្តកំពង់ចាម។ ចន្លោះពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានដាក់ឱ្យធ្វើការក្នុងកងប្រវាស់ដៃ ដើម្បីចែកស្រូវអង្ករគ្នាហូប។

មកដល់ដើមឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះភូមិសាស្រ្តខេត្តកំពង់ចាមស្ទើរតែទាំងអស់ លើកលែងតែទីរួមខេត្តកំពង់ចាម ដែលនៅក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់។ មិនយូរប៉ុន្មានបន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទាហានលន់ នល់ ដែលនៅបន្តប្រយុទ្ធការពារទីរួមខេត្តកំពង់ចាម បានបរាជ័យពីការវាយទប់ទល់ការចូលកាន់កាប់របស់កងទ័ពខ្មែរក្រហម។ ខ្ញុំបានឃើញប្រជាជន៧៥ ជម្លៀសពីទីរួមខេត្តកំពង់ចាម និងទីក្រុងភ្នំពេញ មកដល់ហាន់ជ័យ។

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាត់តាំងឱ្យឡើងត្នោត។ កងឡើងត្នោត និងធ្វើស្ករត្នោត មានគ្នាចំនួន១២នាក់។ មិត្ត ធា ប្រធានកងបានដាក់ផែនការឱ្យសមាជិកកងឡើងត្នោតចំនួន៥០ដើមក្នុងម្នាក់។ យើងទាំងអស់គ្នា មិនបានឡើងតាមផែនការដាក់ចេញមកនោះទេ។ ខ្ញុំឡើងត្នោតចំនួន១៥ដើម និងបានទឹកត្នោតមួយខ្ទះដើម្បីរំងាស់ជាស្ករ។ ក្នុងមួយថ្ងៃ កងឡើងត្នោត និងធ្វើស្ករត្នោត អាចផលិតស្ករត្នោតពី៣-៤ខ្ទះ។ បន្ទាប់ពីឡើងត្នោតពេលព្រឹករួច ខ្ញុំត្រូវលាងបំពង់ រួចហើយត្រឡប់មកផ្ទះវិញ។ ដល់ពេលល្ងាចទើបខ្ញុំ ឡើងយកទឹកត្នោតម្ដងទៀត។ ចំណែក អ្នករំងាស់ស្ករត្នោតមានគ្នាចំនួន២នាក់ ដែលប្រចាំការនៅរោងសហករណ៍។ បន្ទាប់ពីរដូវឡើងត្នោតបានបញ្ចប់ ខ្ញុំត្រូវបានបញ្ជូនទៅភ្ជួរស្រែ ជាមួយក្របីមួយនឹមដែលប្រធានកងចែកឱ្យ។ នៅរដូវទឹកឡើង ខ្ញុំត្រូវទៅកាប់បង្អោងនៅលើភ្នំហាន់ជ័យ។ ការហូបចុករបស់ខ្ញុំគឺហូបគ្រប់គ្រាន់ មិនដូចកងចល័តផ្សេងទេ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំ នៅដើមឆ្នាំ១៩៧៩ ខ្ញុំបន្តរស់នៅភូមិ និងប្រកបមុខរបរឡើងត្នោត និងធ្វើស្រែចម្ការ។

២) ដោក វន ៖ កងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ ដោក វន ភេទប្រុស អាយុ៩១ឆ្នាំ រស់នៅភូមិល្វាទេរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ ប៊ុន ថែម និងមានកូនចញ្ចឹមម្នាក់។ ខ្ញុំកើតនៅភូមិល្វាទេរ  ឃុំហាន់ជ័យ ស្រុកកំពង់សៀមនេះតែម្ដង។  នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាវត្តក្រូចសើចដល់ថ្នាក់ទី៩ សង្គមចាស់។ នៅឆ្នាំ១៩៦៥ ខ្ញុំបានរៀបការប្រពន្ធនៅក្នុងភូមិល្វាទេរ និងប្រកបមុខរបរធ្វើស្រែចម្ការ ។ ដោយសារមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទើបមានអ្នកភូមិបានទៅចូលរួមដង្ហែបាតុកម្មប្រឆាំងនឹងលន់ នល់ នៅទីរួមខេត្តកំពង់ចាម។  ក្រោយមកទៀតក៏មានសង្រ្គាមរវាងទាហាន លន់ នល់និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើងជាច្រើនសមរភូមិនៅក្នុងខេត្តកំពង់ចាម។

នៅចន្លោះពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៣ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យសែងអ្នករបួស និងសាកសពកងទ័ពខ្មែរក្រហមដែលធ្វើសង្រ្គាមជាមួយ ទាហាន លន់ នល់ ពីខេត្តកំពង់ចាម។ សាកសពទាំងនោះត្រូវជញ្ជូនបណ្ដាក់គ្នាពីភូមិមួយទៅភូមិមួយទៀត។ ខ្ញុំមិនបានប្រកបមុខរបរធ្វើការដោយមានសង្រ្គាមដូច្នេះខ្ញុំក៏បានមកស្នាក់នៅផ្ទះបងប្អូននៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀមវិញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពញត្រូវបានកងទ័ពរំដោះខ្មែរក្រហមវាយបែកនិងគ្រប់គ្រង។ រយៈពេល២ទៅ៣ថ្ងៃក្រោយមក ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង។  ខ្ញុំបានឃើញប្រជាជនថ្មីជាច្រើនមកពីភ្នំពេញ ដោយអ្នកខ្លះមានស្រុកកំណើតនៅហាន់ជ័យ និងខ្លះទៀតត្រូវបានជម្លៀសបន្តទៅតំបន់ផ្សេង។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដាក់ឱ្យធ្វើការនៅក្នុងកងវ័យកណ្ដាល និងថែទាំគោដើម្បីភ្ជួររាស់។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យភ្ជួររាស់ស្រែ និងដីចម្ការ តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង១១ទើបឈប់ហូបបបរ បន្ទាប់មកភ្ជួររាស់បន្តពីម៉ោង១ រហូតដល់ម៉ោង៥ល្ងាច។ នៅខែខ្លះ ប្រធានកងចាត់តាំងខ្ញុំឱ្យធ្វើការនៅពេលយប់បន្ថែមទៀត ដូចជាដេញកណ្ដុរមិនឱ្យស៊ីស្រូវ និងពោត។

នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យភ្ជួរដីនៅល្ពាក និងវិហារធំ ចំណែកប្រពន្ធខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងធ្វើអង្ករ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យជីកប្រឡាយ លើកទំនប់ត្រួយចេក ដែលមានព្រំប្រទល់ជាប់គ្នារវាងឃុំទ្រាននិងឃុំស្រក។ ក្រោយពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ខ្ញុំនៅបន្តធ្វើស្រែចម្ការរហូតមក។

៣) ហ៊ឹម អ៊ែល ៖ កងចល័តវ័យកណ្ដាល

ខ្ញុំឈ្មោះ ហ៊ឹម អ៊ែល មានអាយុ៨៨ឆ្នាំ រស់នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ជា ផុន និងមានកូនប្រុសស្រីចំនួន៥នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។  ខ្ញុំមានឪពុកឈ្មោះ ហ៊ឹម និងម្ដាយឈ្មោះ អ៊ឹម និងមានបងប្អូនចំនួន២នាក់។ ខ្ញុំមិនបានរៀនសូត្រទេ ដោយសារជីវភាពក្រីក្រ។ ខ្ញុំនៅជួយធ្វើការជាមួយឪពុកម្ដាយ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ អ្នកភូមិបានទៅចូលរួមដង្ហែបាតុកម្មប្រឆាំងនឹង លន់ នល់ នៅទីរួមខេត្តកំពង់ចាម ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ក្រោយមក ក៏មានសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើងជាច្រើនសមរភូមិនៅក្នុងខេត្តកំពង់ចាម។នៅឆ្នាំ១៩៧១ ខ្ញុំបានរៀបការប្រពន្ធនៅក្នុងភូមិហាន់ជ័យ។ នៅចន្លោះពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៣ ខ្ញុំត្រូវបានកងទ័ពរំដោះខ្មែរក្រហមចាត់តាំងឱ្យសែងសាកសព និងកងទ័ពខ្មែរក្រហមដែលរងរបួសពេលធ្វើសង្រ្គាមជាមួយទាហាន លន់ នល់ ពីខេត្តកំពង់ចាម ដោយខ្ញុំត្រូវជញ្ជូនបណ្ដាក់គ្នាពីភូមិមួយទៅភូមិមួយទៀត។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពញត្រូវបានកងទ័ពរំដោះខ្មែរក្រហមវាយបែក និងគ្រប់គ្រង។ ក្រោយពីកងទ័ពខ្មែរក្រហមវាយបែកភ្នំពេញរយៈពេល២ទៅ៣ថ្ងៃ ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។  ខ្ញុំបានឃើញប្រជាជនថ្មីជាច្រើនបានធ្វើដំណើរមកដល់ភូមិ អ្នកខ្លះមានស្រុកកំណើតនៅហាន់ជ័យ និងខ្លះទៀតត្រូវបានជម្លៀសបន្តទៅតំបន់ផ្សេង។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដាក់ឱ្យធ្វើការនៅក្នុងកងវ័យកណ្ដាល និងថែទាំគោដើម្បីភ្ជួររាស់។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យភ្ជួរ ស្រែ និងភ្ជួរដីចម្ការតាំងពីព្រឹកព្រឹម រហូតដល់ម៉ោង១១ទើបឈប់ហូបបបរ។ ខ្ញុំធ្វើការបន្តពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាចទើបឈប់សម្រាក។ នៅខែខ្លះ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការនៅពេលយប់បន្ថែមទៀត ដូចជាដេញកណ្ដុរមិនឱ្យស៊ី ស្រូវ និងពោត។ នៅឆ្នាំ១៩៧៧ ខ្ញុំមានកូនចំនួន២នាក់ ចំណែកប្រពន្ធខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការនៅក្នុងកងត្បាញក្រមា។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំនៅបន្តធ្វើការស្រែចម្ការនៅក្នុងភូមិធម្មតា។

អត្ថបទ៖ ទូច វណ្ណេត និង សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ លី ដេវីត/មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»