ការកកើត និង ឥទ្ធិពល នៃជាតិនិយម

ជាតិនិយម ត្រូវ​បានផ្តល់និយមន័យថា ជាការបណ្តុះគំនិតនៃការលើកតម្កើងផលប្រយោជន៍ជាតិរបស់ខ្លួនជាធំ ដែលភាគច្រើនទាក់ទងនឹងផលប្រយោជន៍អធិបតេយ្យភាពជាតិនៃប្រទេស ឬមាតុភូមិរបស់ខ្លួន។ អ្នកជាតិនិយមគិតថា មធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យរឿងនេះកើតឡើង និងជៀសវាងការគ្រប់គ្រង ឬការគាបសង្កត់ពីជាតិផ្សេង គឺចាំបាច់​ត្រូវមានជាតិ ឬប្រទេសផ្ទាល់ខ្លួន។ តាមនិយមន័យផ្សេងមួយទៀតនៃជាតិនិយម គឺការកំណត់អត្តសញ្ញាណនៃជាតិសាសន៍របស់ខ្លួន និងគាំទ្រផលប្រយោជន៍របស់ខ្លួន ជាពិសេសចំពោះការមិនរាប់បញ្ចូល ឬការធ្វើឲ្យ​ខូចប្រយោជន៍របស់ជាតិសាសន៍ដទៃ[1]

ប្រវត្តិសាស្ត្រនៃការកកើតឡើងនូវជាតិនិយម ត្រូវបានរកឃើញជាបួនដំណាក់កាល រួមមាន ១. សម័យបុរេទំនើបត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមនៃជាតិនិយមនៅសម័យបុរាណ និងមជ្ឈិមសម័យនៅពេលដែលក្រុមមនុស្សរួមគ្នា​មានភាសា វប្បធម៌ និងប្រពៃណីដូចគ្នា។ នៅចុងសតវត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ លទ្ធិជាតិនិយមសម័យទំនើបត្រូវបានចាប់ផ្តើមដោយសារឥទ្ធិពលនៃបដិវត្តន៍នៅអាមេរិក និងបារាំង។ បដិវត្តន៍ទាំងពីរនេះបានបង្កើតឲ្យ​មានពីសញ្ញាណនៃប្រទេស និងគោលការណ៍នៃការគ្រប់គ្រងប្រទេសដោយខ្លួនឯង។ នៅចន្លោះសតវត្សរ៍ទី១៩ ដល់សតវត្សរ៍ទី២០ គឺជាចលនានៃការបង្រួបបង្រួមនៃបណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុប ហើយក្នុងពេលជាមួយគ្នានោះ វាគឺជាពេលដែលប្រទេសនានាក្នុងទ្វីបអឺរ៉ុបបានដាក់អាណានិគមនៅទូទាំងអាស៊ី និងអាហ្រ្វិក ហើយបានឈានទៅដល់ការតស៊ូដោយប្រទេសក្រោមអាណានិគមដើម្បីឯករាជ្យរបស់ខ្លួនពីមហាអំណាចនៅអឺរ៉ុប ដែលជាវេលានៃការកើតឡើងយ៉ាងខ្លាំងនៃជាតិនិយម។ នៅក្នុងពេលនេះ យើងស្ថិតនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម ដែលជាតិនិយមនឹងកើតឡើងក្នុងចំណោមក្រុមផ្ទុយគ្នា អ្នក​នយោបាយ និងការខិតខំប្រឹងប្រែងដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។

ជាតិនិយមនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានកំណត់ថាជាជាតិនិយមខ្មែរ។ ដោយសារជនជាតិខ្មែរ ជាប្រជាជនភាគច្រើន ដូច្នេះស្របតាមនិយមន័យនៃជាតិនិយមមានន័យថា ជាចលនាដែលបម្រើផលប្រយោជន៍ អត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិខ្មែរ។ អត្តសញ្ញាណជាតិខ្មែរ ត្រូវបាន​កត់សម្គាល់ថា បានចាប់​ផ្តើមនៅសម័យអាណាចក្រអង្គរ ដែលជាចំណុចកំពូលនៃអរិយធម៌ខ្មែរ ដោយ​មានវប្បធម៌ និងស្ថាបត្យកម្មដ៏រុងរឿង។ នៅសម័យនោះ ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើង ហើយបានប្រែក្លាយជានិមិត្តរូប និងស្មារតីនៃមោទនភាព និងមរតកជាតិខ្មែរ។ វាច្បាស់ណាស់ថាទម្រង់នៃជាតិនិយមត្រូវ​បាន​កំណត់ឡើងជាពិសេស​ដោយប្រវត្តិសាស្ត្រ ហើយត្រូវបានបន្តពីមួយសម័យកាលមួយទៅមួយសម័យកាលមានដូចជា សម័យអាណានិគម សម័យឯករាជ្យភាព និងបរិបទនយោបាយសម័យទំនើប ដែលការវិវត្តន៍នៃជាតិនិយមខ្មែរមានឥទ្ធិពលជាពិសេសពីឫសគល់នៃប្រវត្តិសាស្ត្រ។

បារាំងបានគ្រប់គ្រងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ក្នុងអំឡុងការគ្រប់គ្រងរយៈពេល៩០ឆ្នាំ និងការកៀបសង្កត់ ដែលជាកត្តាជំរុញឲ្យកើតមានឡើងមនោសញ្ចេតនាស្រលាញ់ជាតិក្នុងចំណោមឥស្សរជន និងបញ្ញវន្តខ្មែរ។ នេះជាកាលៈទេសៈមួយដែលបានត្រួសត្រាយផ្លូវដល់ការបង្កើតចលនារំដោះជាតិ ដែលរួមមាន ចលនាខ្មែរសេរី  ចលនាខ្មែរឥស្សរៈ និងចលនាខ្មែរក្រហម។ ជាតិនិយមខ្មែររបស់ចលនាខ្មែរក្រហម ត្រូវបានគេជឿថា បានរួមចំណែកដល់ការទទួលបានជ័យជម្នះ និងឡើងកាន់អំណោចរបស់ខ្លួន។ ការកើនឡើងនៃចលនាខ្មែរក្រហមក្រោមការដឹកនាំរបស់ ប៉ុល ពត ត្រូវបានមើលឃើញថា ជាជាតិនិយមជ្រុល។ របបនេះបានប្តេជ្ញាក្នុង​ការកសាងប្រទេសកម្ពុជា ដែលពឹងផ្អែកទៅលើកសិកម្មដែលជាគោលនយោបាយចំបង ដោយរំពឹងថាប្រទេសកម្ពុជាមិនទទួលរងឥទ្ធិពលពីបរទេស។ មនោសញ្ចេតនាជាតិ​និយជ្រុល​នេះ បានបណ្ដាលឲ្យមានភាពអន្តរាយ​ដល់សង្គមជាតិ និងសេដ្ឋកិច្ច​ រហូតដល់មានការសម្លាប់ប្រជាជនអស់​រាប់លាននាក់ និង​ការកើត​មានអំពើប្រល័យពូជសាសន៍។​

នួន ជា ដែលជាអតីតា​អនុលេខាបក្សកុម្មុយនិស្តកម្ពុជា និង​ក្រោយ​មកបានក្លាយជា​នាយក​រដ្ឋមន្ត្រីស្តីទី នៃ​របបកម្ពុជាប្រជាធិបតេយ្យ​ បានផ្តល់និយមន័យខ្លីៗរបស់ខ្លួនអំពីជាតិនិយម និងស្នេហាជាតិថា ជាតិនិយម «ជាការស្រលាញ់ប្រទេសជាតិ» ប៉ុន្តែពឹងផ្អែកលើជំនួយបរទេស ចំណែកឯពាក្យស្នេហាជាតិ​គឺ​ «អារម្មណ៍ស្រលាញ់ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រជាជនខ្លួនឯង»

ជាការពិត នួន ជា បាននិយាយក្នុងឱកាសជាច្រើនថា គាត់​មិនមានអារម្មណ៍សោកស្ដាយចំពោះអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមទេ។ គាត់ជឿជាក់ថា អ្វីដែលខ្មែរក្រហមបានធ្វើទៅលើប្រជាជនក្រោមការដឹកនាំរបស់​គាត់ ដែលជាថ្នាក់ដឹកនាំកំពូលលំដាប់ទីពីរ គឺជាជម្រើសដ៏ត្រឹមត្រូវក្នុងការការពារប្រទេសពីការលេបត្របាក់ដោយការឈ្លានពានពីបរទេស។ គាត់បានទទួលស្គាល់ថា គាត់មានឆន្ទៈ និងមោទនភាពក្នុងការសម្លាប់ជនក្បត់ជាតិ ដែលគាត់ចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់ជាតិ ។

នួន ជា ថែមទាំងបានអះអាងក្នុងឱកាសចុងក្រោយរបស់គាត់ថា «ខ្ញុំនៅតែនិយាយថា ខ្ញុំជាអ្នកស្នេហាជាតិ ហើយខ្ញុំត្រឹមត្រូវក្នុងការតស៊ូដើម្បីជាតិ។ អ្នកស្នេហាជាតិដោយមានការចូលរួមក្នុងសមរភូមិ គឺមនសិការក្នុងការស្នេហាជាតិ ព្រោះវាជាការចូលរួមក្នុងចលនាតស៊ូដ៏ពិតប្រាកដ។ ដូច្នេះហើយ ការលះបង់ដើម្បីជាតិ ប្រទេសជាតិ និងប្រជាជន ហើយលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជាតិ ទាមទារការសាកល្បងជាច្រើន ជាពិសេសអ្នកដែលមិនមែនជាកសិករ ដែលត្រូវការកម្លាំងចិត្តផ្ទាល់ខ្លួនជាច្រើនឆ្នាំ ដើម្បីក្លាយជាអ្នកជាតិនិយមពិតប្រាកដ»។

ផ្នែកមួយនៃគំនិតជាតិនិយមជ្រុលរបស់ខ្មែរក្រហម គឺការសន្យាផ្លាស់ប្តូរសង្គមកម្ពុជាដោយការបំបាត់អ្វីដែលជាឧបសគ្គចំពោះការគ្រប់គ្រង​ដោយ​ខ្លួនឯង និងយុត្តិធម៌សង្គម តាម​រយៈអំណាច​ និងថាមពលបដិវត្តន៍។ ដោយ​សារ​តែមេដឹកនាំខ្មែរក្រហមជឿថា ប្រជាជនកម្ពុជាដែលក្រីក្រតែងតែត្រូវបានគាបសង្កត់ និងធ្វើជាទាសករ ខ្មែរក្រហមបានស្វែងរកការរំដោះ និងផ្តល់អំណាចដល់អ្នកទាំងនោះ ដូច្នេះគេនឹងក្លាយជាម្ចាស់ប្រទេស។

នៅពេលដែលខ្មែរក្រហម​បានគ្រប់គ្រងប្រទេស ខ្មែរក្រហមបានផ្តល់សិទ្ធិដល់ប្រជាជនមូលដ្ឋាន (អ្នកដែលរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហមមុនឆ្នាំ ១៩៧៥) ដែលភាគច្រើនជាប្រជាជនក្រីក្រ។ ប្រជាជនថ្មី ឬប្រជាជន១៧ មេសា ត្រូវបានបង្ខំឲ្យធ្វើការកាន់តែខ្លាំង ហើយជារឿយៗត្រូវបានកំណត់ជាគោលដៅក្នុងការសម្លាប់ ។ ខ្មែរក្រហមក៏បានសម្លាប់ទាហាន និងសមាជិកបក្សរបស់ខ្លួនជាច្រើន ដែលត្រូវបានចោទប្រកាន់ថា ជាជនក្បត់ជាតិ ឬប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។

ដូចនិយមន័យនៃជាតិនិយមថា ជាភក្តីភាព និងការលះបង់​ចំពោះជាតិ ជាពិសេសមនសិការជាតិ ដែលលើកតម្កើងជាតិសាសន៍មួយលើសជាតិសាសន៍មួយទៀត ហើយលើកស្ទួយជាសំខាន់​ដល់​វប្បធម៌ និងផលប្រយោជន៍របស់ខ្លួន ខុសពីជាតិសាសន៍ដទៃ ឬ ប្រទេសដទៃ។ ដូច្នេះ វានាំឲ្យមានការបង្កើតឡើង​នូវការខុសគ្នា ដើម្បីមានការបែងចែង​រវាង «យើង» និង «គេ» ។

សម្រាប់ខ្មែរក្រហម ពាក្យថា «យើង» បានសំដៅប្រទេសជាតិ ប្រជាជនក្នុងវណ្ណៈកសិករ បដិវត្តន៍ និងកងទ័ព និងប្រព័ន្ធសមូហភាព។ល។ ចំពោះពាក្យថា «គេ» គឺរាប់បញ្ចូលទាំងអ្នកដែលត្រូវបានវិនិច្ឆ័យថាជាចក្រ​ពត្តិនិយម និងសមាជិកនៃវណ្ណៈសក្តិភូមិ-មូលធននិយម ដូចជា រាជវង្ស អ្នកដែលបម្រើរបប លន់ នល់ អ្នកមាន និងអ្នកដែលរស់នៅក្នុងទីក្រុង ឬទីរួមខេត្តជាដើម។ នៅក្នុងក្រសែភ្នែករបស់ខ្មែរក្រហម ក្រុមទាំងនេះជាក្រុមដែលមានគ្រោះថ្នាក់ ហើយត្រូវតែវិនាស។ ភាពខុសគ្នាបែបនេះក៏បានកើតឡើងនៅប្រទេសអាល្លឺម៉ង់ ដែលជនជាតិអាល្លឺម៉ង់ ត្រូវបានចាត់​ទុកឲ្យ​ខុសពីជនជាតិហ្វី ជនជាតិហ៊ូទូ ខុសពីទូស៊ី ជនជាតិទួគីខុសពីជនជាតិអាមេនី ជនជាតិបូស្នៀស៊ែបខុសពីអ្នកកាន់សាសនាមូស្លីមជាដើម។

ជាតិនិយមពិតជាមនោគមវិជ្ជាដ៏មានអានុភាព និងស្មុគ្រស្មាញជាមួយនឹងទម្រង់ និងផលប៉ះពាល់ផ្សេងៗ។ វាជាតួនាទីដ៏សំខាន់ក្នុងការថែរក្សា និងលើកស្ទួយឋានៈរបស់ប្រទេសជាតិ ប៉ុន្តែវានឹងជាគ្រោះថ្នាក់នៅពេលដែលវាឈានដល់ភាពជ្រុលនិយមខ្លាំង​ដែល​អាចនាំឲ្យមានជម្លោះ សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សូម្បីតែនៅសហរដ្ឋអាមេរិក អ្នកប្រាជ្ញបានព្រមានពីការបន្តកើនឡើងនៃមនោគមវិជ្ជាជ្រុលនិយមរបស់ក្រុមស្បែកស។ ការធ្វើឃាតទៅលើបណ្ឌិត Luther King និងប្រធានាធិបតី John F Kennedy គឺជាមេរៀនមួយក្នុងចំណោមមេរៀនផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ គម្រោងការធ្វើឃាត​មិនបានសម្រេច​ទៅលើបេក្ខជនប្រធានាធិបតីក្នុងពេលថ្មីនេះ គឺជាសញ្ញាមួយ។ អ្នកប្រាជ្ញដែលមានឈ្មោះល្បីអំពីការសិក្សាអំពើប្រល័យពូជសាសន៍ លោកសាស្រ្តា​ចារ្យ​កិត្តិយស អាឡិច ហ៊ីនតុន បានសរសេរអំពីសញ្ញាព្រមាននៃអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលអាចកើត​មាន ដោយការប្រើប្រាស់មនោគមវិជ្ជាដើម្បីបំផុសអណ្តាតភ្លើងនៃសេចក្តីស្អប់ ប្រភពដើមនៃគំនិតស្តាំជ្រុលនិយមនៃអ្វីដែលគេហៅថា ការប្រល័យពូជសាសន៍ដោយអំណាចស្បែកស និងការផ្លាស់ប្តូរ និងវិធីដ៏គួរឲ្យកត់សម្គាល់ដែល «យើង» និង «គេ» ដែលអំពើហិង្សាត្រូវបានគាំទ្រដោយស្ថាប័ន និងគោលនយោបាយ ដែលប្រកាន់ពូជសាសន៍។ ដោយមើលឃើញពីភាពជ្រុលនិយមនៃអំណាចស្បែកសនៅក្នុងសហសម័យ សាស្រ្តាចារ្យ អាឡិច ហ៊ីន​តុន បានព្យាករណ៍ថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងអំពើឃោរឃៅអាចកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ អំពើទាំងនេះអាចទប់ស្កាត់​បាន​កុំឲ្យ​កើតមានឡើង​។

ដើម្បីអនាគតប្រទេសកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ មេដឹកនាំកម្ពុជាបានលើកឡើង​យ៉ាងឈ្លាសវៃក្នុងការទប់ស្កាត់នូវមនោគមវិជ្ជាជ្រុលនិយមមិនឲ្យចាក់ឫសកើត​ឡើង​ជាថ្មីនៅក្នុង​សង្គមកម្ពុជា។ សម្តេច​​នាយករដ្ឋ   មន្ត្រីបានរំឭកឡើងវិញនៅក្នុងសុន្ទរកថានាពេលថ្មីៗនេះថា «ប្រវត្ដិសាស្ដ្រដែល​ល្អយើងត្រូវខិតខំប្រឹងប្រែងដើម្បីជោគ​ជ័យ ប៉ុន្ដែប្រវត្ដិសាស្ដ្រដែលជូរជត់ត្រូវចងចាំ ហើយធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្ដអំពើជ្រុលនិយមការកាប់សម្លាប់ប្រជាពលរដ្ឋ”។

លោកក៏បានផ្តល់អាទិភាពដល់ការអប់រំ ដែលជាយន្តការមួយក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដោយ​លោកមានប្រសាសន៍ថា «ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង ស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពី​អំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្តត្រូវបានដាក់បញ្ចូល​​យ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់​សាលារដ្ឋ និង ឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់​របស់យើង អាចចូលរួមជា​កម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះ​ទេ។ យើងក៏​អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សា​ពី​ភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ​ និង ជំនាន់ផ្សេងគ្នារួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម។» ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីសមាសភាពផ្សេង​នៃ​ជាតិនិយម និងបរិបទប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីសម្រប​ប្រទេសជាមួយនឹងនយោបាយសកលភាវូបនិយកម្មក្នុងពេលបច្ចុប្បន្ន ហើយការអប់រំអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងអំពើឃោរឃៅគួរតែនៅពាក់ព័ន្ធគ្រប់ពេល៕

អត្ថបទ ៖ ព្រំ ផល្លា និពន្ធនាយក ឌឹញូវ (D-News)

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំវេទិកាស្រាវជ្រាវស្តីអំពី «ជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅជំរំជនភៀសខ្លួន»