អន ពន ៖ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅឃុំឃាំង និងធ្វើការធ្ងន់នៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយចោទថាខ្ញុំក្បត់

ខ្ញុំឈ្មោះ អន ពន ភេទប្រុស កើតនៅក្នុងឆ្នាំ១៩៥២ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិព្រៃកន្សា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។  ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងចំណោមនោះគឺស្លាប់ម្នាក់។ កាលនៅ កុមារ ខ្ញុំចូលរៀនបានមួយរយៈ ហើយក្រោយមកក៏បានឈប់រៀនត្រឹមថ្នាក់ទី៨ពីសង្គមចាស់ ដោយសារមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីសំណាក់រដ្ឋការ លន់ នល់ នៅឆ្នាំ១៩៧០។ នៅពេលនោះ ផ្ទះអ្នកភូមិត្រូវបានឆេះអស់មួយចំនួន ចំណែកខ្ញុំត្រូវអំបែងគ្រាប់ដែលខ្ទាតមកចំជើងខាងឆ្វេងរបស់ខ្ញុំបណ្តាលឲ្យរងរបួស។

នៅឆ្នាំ១៩៧៣ បន្ទាប់ពីបានស្តាប់ឮសេចក្តីប្រកាសរបស់ សម្តេចព្រះ នរោត្តម សីហនុ ពីទីក្រុងប៉េកាំង ប្រទេសចិន ឲ្យកូនចៅរត់ចូលព្រៃម៉ាគីដើម្បីតស៊ូប្រឆាំងនឹងរបប លន់ នល់ ខ្ញុំក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ពរំដោះតាមការអំពាវនាវរបស់ព្រះអង្គ។ ក្រុមរបស់ខ្ញុំមានគ្នាចំនួន៤នាក់ ត្រូវបានស្នើសុំឲ្យធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រធ្វើសង្គ្រាមជាមួយគ្រូជនជាតិវៀតណាម (វៀតណាមខាងជើង)។ រយៈពេល៣ខែក្រោយមក ខ្ញុំក៏ត្រឡប់មកប្រចាំការនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង រហូតដល់កងទ័ពខ្មែររក្រហមទទួលជ័យជម្នះលើរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

នៅឆ្នាំ១៩៧៦ ខ្ញុំ និងក្រុមរបស់ខ្ញុំ ត្រូវបានមេបញ្ជាការបញ្ជូនឲ្យទៅវាយតទល់ជាមួយកងទ័ពវៀតណាម នៅសមរភូមិក្នុងខេត្តស្វាយរៀង។ ក្រុមរបស់ខ្ញុំបានស្លាប់នៅលើសមរភូមិស្ទើរទាំងអស់ គឺនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ កាលនោះខ្ញុំត្រូវរបួសនៅត្រង់ចង្កេះដែរ។ ខ្ញុំនៅប្រយុទ្ធលើសមរភូមិក្នុងខេត្តស្វាយរៀង រហូតដល់ឆ្នាំ១៩៧៨ ស្រាប់តែកងទ័ពនៅក្នុងតំបន់ និងភូមិភាគបូព៌ាទាំងអស់ ត្រូវបានថ្នាក់ដឹកនាំមជ្ឈិមចោទថា បានចូលដៃចូលជើងជាមួយវៀតណាម។ កងទ័ពភូមិភាគបូព៌ាទាំងអស់ត្រូវបានដកហូតកាំភ្លើង និងត្រូវប្រគល់ខ្លួនឲ្យអង្គការ។ កាលនោះមានរថយន្តប្រមាណ៦០គ្រឿង បានមកដឹកកងទ័ពភូមិភាគបូព៌ាប្រមាណជាង២,០០០នាក់ យកទៅឃុំឃាំង នៅព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។ ក្នុងនោះក៏មានដឹក ចាន់ ចក្រី និងមេបញ្ជាការកងពលភូមិភាគបូព៌ាផ្សេងទៀតចេញទៅស្របពេលជាមួយគ្នាដែរ ប៉ុន្តែមេដឹកនាំធំៗទាំងនោះមិនបានបញ្ជូនទៅដល់ព្រលានយន្តហោះទេ។ ក្រោយមកទើបខ្ញុំដឹងថា មេបញ្ជាការកងទ័ពធំៗមួយចំនួនត្រូវបានដឹកទៅដាក់នៅរ៉ារទេះភ្លើងខ្នាចរមាស និងបានសម្លាប់នៅទីនោះតែម្តង។ ចំណែកឯកូនទាហានផ្សេងទៀត គឺត្រូវបញ្ជូនទៅតាមគោលដៅដែលបានកំណត់។

ទម្រាំតែបានទៅដល់គោលដៅ ត្រូវចំណាយពេលវេលាប្រហែលជា៣ថ្ងៃ ព្រោះអ្នកបើករថយន្តឧស្សាហ៍ឈប់ដើម្បីឲ្យម៉ាស៊ីនឡានត្រជាក់។ ក្នុងរយៈពេល៣ថ្ងៃនោះ ខ្ញុំមិនបានទទួលរបបអាហារហូបចុកពីអ្នកគ្រប់គ្រងខ្មែរក្រហមឡើយ។ រហូតទៅដល់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ទើបខ្មែរក្រហមយកបាយមកចែកឲ្យខ្ញុំហូប និងបញ្ជូនខ្ញុំទៅដាក់ក្នុងគុក។ គុកនោះមានសណ្ឋានជាផ្ទះគំរូ ដោយមានជញ្ជាំង និងដំបូលប្រក់ដែក។ រយៈពេលមួយថ្ងៃក្រោយមក កងទ័ពភូមិភាគនិរតីចំនួន៤នាក់ បានមកសួរអំពីជីវប្រវត្តិរបស់ខ្ញុំ ។ ពេលនោះ ខ្ញុំរកគិតធ្វើយ៉ាងណាឲ្យរួចផុតពីសេចក្តីស្លាប់ ព្រោះអង្គការត្រៀមយកកងទ័ពភូមិភាគបូព៌ាទៅសម្លាប់ហើយ។ ខ្ញុំក៏បានគិតឃើញចំណុចមួយ គឺខ្ញុំមិនឆ្លើយថាខ្ញុំគឺជាអ្នកមកពីភូមិភាគបូព៌ាឡើយ។ ខ្ញុំបានប្រាប់កងទ័ពទាំង៤មកពីភូមិភាគនិរតីនោះថា ខ្ញុំក៏មកពីខាងនិរតីដែរ ដោយខ្ញុំបាននិយាយសំឡេងរដឺនឲ្យដូចទៅនឹងសំឡេងកងទ័ពភូមិភាគនិរតី។

រយៈពេលដំបូង ខ្មែរក្រហមដែលគ្រប់គ្រងនៅទីនោះមិនទាន់ទុកចិត្តខ្ញុំទាំងស្រុងឡើយ គឺចាំឃ្លាំមើលពីសកម្មភាពខ្ញុំជារៀងរាល់ថ្ងៃ។ ចំណែកខ្ញុំ តែងតែខិតខំប្រឹងបំពេញការងារឲ្យបានល្អជាប់ជាប្រចាំ។ បន្ទាប់ពីស្រង់ប្រវត្តិរូបខ្ញុំរួច អ្នកគ្រប់គ្រង់ខ្មែរក្រហម បានបញ្ជូនខ្ញុំទៅដាក់នៅកន្លែងមួយដាច់ដោយឡែកជាមួយកងទ័ពនិរតី និងចាប់ផ្តើមឲ្យខ្ញុំទៅធ្វើការនៅព្រលានយន្តហោះដែលមានជំនាញការចិន ចាំបញ្ជាឲ្យខ្ញុំធ្វើ។ កាលនោះខ្ញុំត្រូវបានជំនាញការចិនបញ្ជាឲ្យរុញរទេះដឹកថ្ម យកទៅចាក់ក្រាលនៅព្រលានយន្តហោះ។ មានពេលមួយ មេការខ្មែរក្រហមបានបញ្ជូនខ្ញុំ និងសមាជិកប្រមាណ៨នាក់ផ្សេងទៀត ឲ្យទៅកាត់ដើមផ្តៅនិងរពាក់នៅក្នុងព្រៃយកមកក្រងធ្វើបង្គីដើម្បីសែងថ្ម។ ពេលចូលទៅក្នុងព្រៃ ស្រាប់តែខ្ញុំឃើញសាកសពមនុស្សស្លាប់ជាច្រើន ដោយមានធំក្លិនស្អុយអសោច និងមានសត្វរុយរោមសាកសពទាំងនោះ។ ខ្ញុំនិងសមាជិកនៅក្នុងក្រុមនិយាយគ្នាថា សាកសពទាំងនេះគឺជាប្រជាជន ហើយក៏មិនហ៊ាននិយាយអ្វីទៀតដែរ ព្រោះនៅក្នុងចំណោមក្រុមរបស់ខ្ញុំ គ្មាននរណាម្នាក់ទុកចិត្តលើនរណាឡើយ។ ចំណែកព្រៃដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់នោះ គឺមានចម្ងាយប្រមាណតែ៥០០ម៉ែត្រប៉ុណ្ណោះពីកន្លែងដែលខ្ញុំស្នាក់នៅ។

ពេលត្រឡប់មកផ្ទះគំរូវិញ ខ្ញុំនិងក្រុមរបស់ខ្ញុំមិនហ៊ាននិយាយអំពីហេតុការណ៍ដែលយើងបានជួបប្រទះនៅក្នុងព្រៃឡើយ គឺយើងនាំគ្នាចូលដេកយ៉ាងស្ងៀមស្ងាត់។ លុះព្រឹកឡើង ស្រាប់តែខ្ញុំឃើញសមាជិកក្រុមខ្លះបានដេកស្លាប់ដោយសារតែឆក់ខ្សែភ្លើង។ ខ្ញុំគិតថា នៅក្នុងយប់នោះ គឺមានអ្នកលួចទម្លាក់ខ្សែភ្លើងចុះមកឲ្យប៉ះនឹងដំបូលដែកដែលខ្ញុំនិងក្រុមកំពុងស្នាក់នៅ ដើម្បីឲ្យខ្ញុំនិងអ្នកទាំងនោះឆក់ស្លាប់។ ពេលខ្ញុំឃើញហេតុការណ៍ដូច្នេះ ខ្ញុំឈប់ដេកនៅលើក្តាក្រាលតទៅទៀត ដោយខ្ញុំប្តូរមកចងអង្រឹងដេកវិញ។ រយៈពេល៣ខែក្រោយមក អ្នកគ្រប់គ្រងនៅព្រលាយន្តហោះកំពង់ឆ្នាំង បានបញ្ជូនខ្ញុំឲ្យទៅធ្វើត្រីនៅកោះស្រឡៃ ស្ថិតនៅខាងត្បូងភ្នំកង្រី។ ខ្ញុំធ្វើត្រីបានរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែមានអ្នកនៅក្នុងក្រុមមករាយការណ៍ថា មានការបំផ្ទុះឃ្លាំងគ្រាប់នៅអ្នកលឿង ហើយទីក្រុងភ្នំពេញត្រូវបានរំដោះហើយ។ នៅវេលាម៉ោង១២យប់ មេការខ្មែរក្រហមបានបញ្ជូនខ្ញុំ និងអ្នកផ្សេងទៀត តាមកាណូតត្រឡប់មកព្រលានយន្តហោះខេត្តកំពង់ឆ្នាំងវិញ។ ខ្ញុំគិតថា ខ្ញុំនឹងអស់ជីវិតហើយ ព្រោះអ្នកបើកកាណូតនឹងពន្លិចកាណូតនៅកណ្តាលទន្លេឲ្យខ្ញុំលង់ស្លាប់តែម្តង ប៉ុន្តែជាសំណាងល្អខ្ញុំបានទៅដល់ព្រលានយន្តហោះកំពង់ឆ្នាំងដោយសុវត្ថិភាព។ ពេលនោះ មានឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានមកដឹកអ្នកដែលចង់ធ្វើដំណើរចេញទៅក្រៅប្រទេសនៅព្រលានយន្តហោះកំពង់ឆ្នាំង។ កាលនោះខ្ញុំបានឡើងជិះឧទ្ធម្ភាគចក្រជាមួយអ្នកផ្សេងទៀតដែរ ប៉ុន្តែខ្ញុំសម្រេចចិត្តចុះមកវិញ ព្រោះខ្ញុំនឹកឃើញឪពុកម្តាយដែលរស់នៅស្រុកកំណើត និងមិនដាច់ចិត្តទៅចោលគាត់។

ខ្ញុំបានធ្វើដំណើររយៈ១យប់១ថ្ងៃត្រឡប់មកភ្នំពេញ។ បន្ទាប់មក ខ្ញុំបានសុំរថយន្តកងទ័ពវៀតណាមជិះត្រឡប់មកស្រុកកំណើតវិញ។ កងទ័ពវៀតណាមបានជូនខ្ញុំ និងមិត្ត កុល ដល់អ្នកលឿង បន្ទាប់មកខ្ញុំក៏ចុះដើរបន្តរហូតដល់ស្រុកកំណើត។ ពេលមកដល់ផ្ទះ ខ្ញុំបានស្រែកហៅម្តាយខ្ញុំ ប៉ុន្តែគាត់មិនឆ្លើយ ថែមទាំងរត់ពួនខ្ញុំទៀតផង។ ខ្ញុំបានហៅម្តាយខ្ញុំជាច្រើនដង រហូតគាត់ចំណាំសំឡេងខ្ញុំបាន ហើយម្តាយខ្ញុំនិងបងប្អូនខ្ញុំក៏នាំគ្នាយំឱបគ្នាពេញផ្ទះ ព្រោះគិតថាខ្ញុំបានស្លាប់ហើយ។ ក្រោយរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ មិត្ត កុល បានមកបបួលខ្ញុំឲ្យចូលធ្វើទាហានក្នុងរបបរដ្ឋកម្ពុជាម្តងទៀត ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាខ្ញុំលែងចង់ធ្វើកងទ័ពទៀតហើយ។ ខ្ញុំមានការស្តាយក្រោយជាខ្លាំង ដែលខ្ញុំបានចូលបម្រើបដិវត្តន៍ខ្មែរក្រហម។ ខ្ញុំខំជួយប្រយុទ្ធខ្មែរក្រហម ហើយចុងក្រោយខ្មែរក្រហមបានចាប់ខ្ញុំដាក់គុក ប្រើខ្ញុំឲ្យធ្វើការងារធ្ងន់ ធ្ងរ ថែមទាំងប្រុងយកខ្ញុំទៅសម្លាប់ចោលទៀត។

រហូតមកដល់សព្វថ្ងៃ ជើងរបស់ខ្ញុំដែលធ្លាប់រងរបួសក៏ធ្វើទុក្ខខ្លះដែរ។ កាលពីឆ្នាំ២០២២ ខ្ញុំបានទៅប្រទេសវៀតណាមដើម្បីឲ្យគ្រូពេទ្យព្យាបាលដែរ ប៉ុន្តែនៅតែមិនបានធូរ។ ខ្ញុំត្រឡប់មកផ្ទះវិញ និងបានទៅក្រុងភ្នំពេញដើម្បីឲ្យគ្រូពេទ្យពិនិត្យម្តងទៀត។ គ្រូពេទ្យបានប្រាប់ខ្ញុំថា ទាល់តែកាត់ជើងខ្ញុំចោលទើបព្យាបាលជា បើមិនដូច្នេះទេគឺមិនជាឡើយ។ មួយវិញទៀត ប្រសិនបើខ្ញុំទុកយូរទៀត ជើងរបស់ខ្ញុំអាចនឹងធ្ងន់ធ្ងរជាងនេះ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តថាកាត់ជើងឆ្វេងខ្ញុំចេញ។ បន្ទាប់ពីកាត់ជើងរួច ខ្ញុំក៏បានធូរស្រាល ហើយលែងមានការឈឺចាប់ខ្លាំងតទៅទៀត។ នៅពេលនេះ ខ្ញុំក៏មានអារម្មណ៍រីករាយខ្លាំងដែរ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចុះមកសួរសុខទុក្ខ និងនាំយករទេះរុញមកជូនខ្ញុំ គឺខ្ញុំពិតជាអរគុណខ្លាំងណាស់។ បន្ទាប់ពីទទួលបានរទេះរុញនេះ ខ្ញុំនឹងជិះទៅលេងបងប្អូនញាតិមិត្តជិតខាងនៅក្នុងភូមិ និងដើម្បីឲ្យខ្ញុំបានធូរស្បើយអារម្មណ៍ដែរ។

អត្ថបទ ៖ ភា​ រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖