ខ្ញុំឈ្មោះ ច្រុន ឆុត ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅភូមិដំណាក់ធ្នង់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នខ្ញុំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ បួយ ច្រុន (ស្លាប់ដោយសារជំងឺចាស់ជរា) និងម្ដាយឈ្មោះ ផាន់ សិប (ស្លាប់ដោយសារជំងឺបូសអន្ទង់)។ ខ្ញុំមានបងប្អូនចំនួន១២នាក់ ក្នុងនោះប្រុស២នាក់ និងស្រីចំនួន១០នាក់។ ខ្ញុំគឺជាកូនទីពីរនៅក្នុងគ្រួសារ។ ខ្ញុំរៀបការនៅឆ្នាំ១៩៦៨ ជាមួយប្រពន្ធឈ្មោះ ភឹម ច្រៃ និងមានកូនចំនួន៦នាក់ គឺប្រុស៣នាក់ និងស្រី៣នាក់។ កូនខ្ញុំ៣នាក់បានស្លាប់ដោយសារជំងឺកញ្ជ្រឹល។
កាលពីកុមារខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី១២ សង្គមចាស់ នៅសាលាបឋមសិក្សាភូមិដំណាក់ធ្នង់។ គ្រូបង្រៀនខ្ញុំមានឈ្មោះ គ្រូលេន។ កាលណោះខ្ញុំមានអាយុ១៥ឆ្នាំហើយទើបបានចូលរៀនថ្នាក់ដំបូង ហើយក្រោយមកក៏ឈប់រៀនវិញ។ មូលហេតុដែលខ្ញុំឈប់រៀនដោយសារគ្រួសារខ្ញុំមានជីវភាពក្រីក្រ និងបងប្អូនតូចៗច្រើន ម្យ៉ាងទៀតគ្មានអ្នកជួយឪពុកម្ដាយធ្វើស្រែចម្ការ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ នៅអំឡុងពេលនោះឪពុកម្ដាយខ្ញុំបានលក់ដីនៅស្រុកកំណើតដើម្បីមកទិញដីនៅភូមិស្វាយយ៉រ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីរស់នៅ និងប្រកបរបរធ្វើស្រែផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ បន្ទាប់ពីរដ្ឋប្រហារ សម្ដេចព្រះនរោត្តម សីហនុ បានអំពាវនាវឲ្យប្រជាជនស្នេហាជាតិចូលព្រៃម៉ាគី ដើម្បីចូលរួមកម្លាំងជាមួយកងទ័ពរំដោះ វាយផ្ដួលរលំរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់។
នៅក្នុងឆ្នាំ១៩៧៣ កងទ័ពអាមេរិកកាំងបានទម្លាក់គ្រាប់បែកមកលើភូមិខ្ញុំកំពុងរស់នៅបណ្តាលឲ្យប្រជាជនជាច្រើនស្លាប់ ហើយផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ។ ប្រជាជនដែលស្លាប់ដោយសារការទម្លាក់គ្រាប់ភាគច្រើនគឺរស់នៅចំណុចមន្ទីរពេទ្យតាពួច។ បន្ទាប់ពីមានការទម្លាក់គ្រាប់បែក ប្រជាជនបាននាំគ្នាជីកលេណដ្ឋានទុកសម្រាប់លាក់ខ្លួន។ ការទម្លាក់គ្រាប់បានធ្វើឲ្យប្រជាជនជួបការលំបាក បែកបាក់គ្រួសារ បន្សល់ទុកស្រ្តីមេម៉ាយ ក្មេងកំព្រា និងជនពិការ។
ចូលដល់ឆ្នាំ១៩៧៤ ភូមិរបស់ខ្ញុំចាប់ផ្ដើមមានវត្តមានកងទ័ពរំដោះជាតិ (ខ្មែរក្រហម) ចូលមកឃោសនា។ ខ្ញុំចាំបានថាអ្នកដែលចូលមកឃោសនាដំបូងឈ្មោះ តាវ៉ាញ ដែលជាអ្នកគ្រប់គ្រងនៅតំបន់២ ភូមិភាគពាយ័ព្យ។ តាវ៉ាញ បានឃោសនាឲ្យប្រជាជនចូលរួមជាមួយកងទ័ពរំដោះជាតិ ដើម្បីវាយផ្ដួលរបប លន់ នល់ និង បានបង្រៀនប្រជាជនពីរបៀបធ្វើការងារទាក់ទងនឹងចលនាបដិវត្តន៍។ បន្ទាប់ពីឃោសនាហើយប្រជាជនជាច្រើនបានសម្រេចចិត្តចូលរួមជាមួយកងទ័ពរំដោះជាតិ ក្នុងនោះក៏មានរូបខ្ញុំម្នាក់ដែរ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញ និងទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ។ នៅក្នុងអំឡុងពេលនោះក្រុម តាវ៉ាញ មិនបានចូលរួមក្នុងការរំដោះទីក្រុងភ្នំពេញទេ ព្រោះត្រូវមើលការខុសត្រូវក្នុងខេត្តបាត់ដំបង។ បន្ទាប់ពីទទួលបានជ័យជម្នះ តាវ៉ាញ បានផ្លាស់ក្រុមខ្ញុំចេញពីស្រុកមោងឫស្សី ឲ្យមកប្រចាំការនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលគ្រប់គ្រងដោយ តានៅ មានតួនាទីជាអនុប្រធានតំបន់២។ ក្រុមខ្ញុំមានគ្នាប្រហែល៣០០នាក់ ប្រចាំការនិងយាមនៅស្រុកបាកាន។
នៅពាក់កណ្ដាលឆ្នាំ១៩៧៥ តាវ៉ាញ បានបញ្ជាឲ្យ តានៅ រៀបចំកម្លាំងដើម្បីទៅប្រយុទ្ធជាមួយកងទ័ពលោកសេនាប្រមុខ លន់ នល់ ដែលរត់គេចខ្លួនមកបោះទីតាំងនៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ពេលកំពុងប្រយុទ្ធតតាំងគ្នា ខ្ញុំត្រូវបានកងទ័ពលោកសេនាប្រមុខ លន់ នល់ បាញ់បណ្តាលឲ្យរបួសដៃខាងឆ្វេង និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតាលោ។ ខ្ញុំសម្រាកព្យាបាលរយៈពេលបីខែទើបជាសះស្បើយ។ នៅពេលដែលខ្ញុំរស់នៅតាលោ ការហូបចុករបស់ខ្ញុំគឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតឡើយ។
លុះដល់ឆ្នាំ១៩៧៦ តានៅ អនុប្រធានកងតំបន់២ បានផ្លាស់ខ្ញុំឲ្យមកប្រចាំការនៅឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ គ្រប់គ្រងដោយ តាកាន ។ ពេលមកដល់ តាកាន បានប្រើខ្ញុំឲ្យដាំបាយឲ្យកងទ័ពហូប និងដើរយាមនៅពេលយប់ខ្លាចមានខ្មាំងលួចចូលក្នុងភូមិ។ ខ្ញុំរស់នៅបឹងខ្នាបានរយៈពេល៣ខែ ក៏ផ្លាស់មកសោមសាន្ត ស្ថិតនៅក្នុងភូមិតាគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីមកជួយធ្វើការនៅក្នុងកងចល័ត។ ការងារដែលខ្ញុំត្រូវធ្វើមានដូចជា ធ្វើស្រែ រែកដី ជីកប្រឡាយ១៧ និងយប់ឡើងមានតួនាទីដើរយាមការនៅក្នុងភូមិព្រោះខ្ញុំគឺជាកងទ័ពស្រុក។
នៅក្នុងខែកក្កដា ឆ្នាំ១៩៧៦ តាកាន បានដកខ្ញុំនិងសមាជិកចំនួន៣៥នាក់ដែលធ្វើការនៅក្នុងកងចល័តស្រុកបាកាន ឲ្យទៅជួយលើកទំនប់នៅភូមិដំណាក់អំពិល ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលគ្រប់គ្រងដោយ យាយរ៉េម។ ពេលធ្វើដំណើរមកដល់ស្រុកភ្នំក្រវាញ ខ្ញុំបានឃើញប្រជាជនជាច្រើនកំពុងធ្វើការងារនៅការដ្ឋានលើកទំនប់។ ថ្ងៃបន្ទាប់ខ្ញុំត្រូវមកជួយលើកទំនប់ដូចប្រជាជនធម្មតាដែរ។ ក្នុងមួយថ្ងៃខ្ញុំធ្វើការប្រាំពីរម៉ោង គឺម៉ោង៧ព្រឹកខ្ញុំចូលធ្វើការ ហើយម៉ោង១១ថ្ងៃត្រង់សម្រាក ចំណែកនៅពេលរសៀល ខ្ញុំចូលធ្វើការនៅម៉ោង២ ហើយសម្រាកនៅម៉ោង៥ល្ងាច។ នៅក្នុងឆ្នាំ១៩៧៦ ដដែល បងប្អូនខ្ញុំបានស្លាប់អស់ចំនួន១០នាក់ ដោយសារជំងឺគ្រុនចាញ់ និងអត់អាហារបរិភោគ។
នៅឆ្នាំ១៩៧៧ ខ្ញុំបានឈប់ពីកងទ័ព ហើយបានផ្លាស់មករស់នៅសហករណ៍ពេជ្រចង្វារវិញ ព្រោះប្រពន្ធខ្ញុំរស់នៅទីនោះ។ ពេលមកដល់ តាហៀល គឺជាប្រធានសហករណ៍ពេជ្រចង្វារបានឲ្យខ្ញុំ និងសមាជិក១០នាក់ទៀតជួយសាងសង់ផ្ទះទុកសម្រាប់ឲ្យប្រជាជនជម្លៀសមកពីខេត្តស្វាយរៀងស្នាក់នៅ។ បន្ទាប់ពីសាងសង់ផ្ទះហើយ តាហៀល បានប្រើឲ្យខ្ញុំទៅលើកភ្លឺស្រែ និងបិទទំនប់ដើម្បីទប់ទឹកដាក់ស្រែ។ នៅចុងឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានចូលមករំដោះ ហើយពេលនោះប្រជាជនជាច្រើនបាននាំគ្នារត់ចូលព្រៃ និងសំដៅមកវត្តតាប៉ាង។ ប្រជាជនមួយចំនួនបានបន្តដំណើរមកឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានអំពាវនាវឲ្យប្រជាជនទាំងអស់ចូលរួមជាមួយខ្លួនដើម្បីវាយផ្ដួលរំលំរបបខ្មែរក្រហម ហើយពេលនោះខ្ញុំ និងប្រជាជនជាច្រើននាក់បានសម្រេចចិត្តចូលរួមជួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ បន្ទាប់មក ខ្ញុំនិងប្រពន្ធបានផ្លាស់មករស់នៅភូមិចាហ៊ួយ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រកបរបរធ្វើស្រែចិញ្ចឹមជីវិត។
នៅក្នុងឆ្នាំ១៩៨៥ កងទ័ពខ្មែរក្រហមបានវាយបកមកម្ដងទៀត ដូច្នេះខ្ញុំត្រូវចូលរួមវាយទប់ទល់នៅចំណុចដំណាក់អាងពៅអៀង។ ពេលនោះកងទ័ពខ្មែរក្រហមបាញ់ចំភ្លៅរបស់ខ្ញុំចំនួនបីគ្រាប់ ហើយអង្គភាពបានបញ្ជូនខ្ញុំឲ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយដូនកែវ។ ខ្ញុំសម្រាកព្យាបាលបានរយៈពេលកន្លះខែ ទើបបានធូរស្បើយ ហើយចេញមកសម្រាកនៅផ្ទះវិញ។ បន្ទាប់ពីជាសះស្បើយខ្ញុំ និងប្រពន្ធបានសម្រេចចិត្តសង់តូបលក់អ៊ីវ៉ាន់ដើម្បីចិញ្ចឹមជីវិត។
លុះដល់ឆ្នាំ២០០២ ដោយសារតែជីវភាពខ្វះខាត ខ្ញុំនិងប្រពន្ធក៏សម្រេចចិត្តលក់ដីនៅភូមិចាហ៊ួយហើយមកទិញដីនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រស់នៅវិញ។ ពេលមកដល់ ខ្ញុំនិងប្រពន្ធបាននាំគ្នាធ្វើស្រែ ធ្វើចម្ការនិងដាំបន្លែ ដើម្បីចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ន។
ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចុះមកចែកកាសជំនួយត្រចៀកដល់ផ្ទះខ្ញុំ។ កាសជំនួយត្រចៀក ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សដែលត្រចៀកធ្ងន់ដូចជារូបខ្ញុំ។ កាសអាចជួយឲ្យខ្ញុំស្ដាប់ឮខ្លាំងជាងមុន និងមិនសូវពិបាកដល់កូនចៅ។ ចុងក្រោយខ្ញុំសំណូមពរដល់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង សូមបន្តចុះចែកកាសជំនួយត្រចៀកឲ្យបានច្រើនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានបញ្ហាធ្ងន់ត្រចៀកដូចជារូបខ្ញុំ។
អត្ថបទ ៖ ចាន់ ណារិទ្ធ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា