នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអន្តរជំនាន់ស្ដីពី «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីយុវនារីមកពីស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ សរុបចំនួន៣០នាក់។ នៅក្នុងវេទិកាស្រាវជ្រាវចុងសប្តាហ៍នេះអ៊ំស្រី ជា វណ្ណា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាគ្រូបង្រៀនថ្នាក់ទី១ក្នុងរបបខ្មែរក្រហម ចូលរួមចែករំលែកសាច់រឿងរបស់ខ្លួន។ វេទិកាស្រាវជ្រាវចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ជីវិតមួយថ្ងៃរបស់គ្រូបង្រៀនក្នុងរបបខ្មែរក្រហម» ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសយុវនារីចូលរួមដឹងអំពីសាច់រឿងផ្ទាល់របស់វាគ្មិនដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អំពីបទពិសោធន៍តែមួយថ្ងៃក្នុងការបង្រៀនកុមារក្នុងរបបខ្មែរក្រហម និងការផ្ដល់ចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងបានប្រព្រឹត្តអំពើឃោរឃៅដែលមិនអាចបំភ្លេចបាន ដែលបណ្ដាលឲ្យប្រជាជនកម្ពុជាចន្លោះពី១.៧លាន ទៅ២លាននាក់ បានស្លាប់ដោយសារតែការជម្លៀសដោយបង្ខំ ការបង្ខំធ្វើការជាទម្ងន់ ការធ្វើទារុណកម្ម ការអត់ឃ្លាន និងការកាប់សម្លាប់របស់ខ្មែរក្រហម។
លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចាប់ផ្ដើមបទបង្ហាញរបស់ខ្លួនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម (១៩៧៥-១៩៧៩) ដោយបានផ្ដោតទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដូចជា រដ្ឋប្រហារ លន់ នល់ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម, ការចូលកាន់កាប់ទីក្រុងភ្នំពេញដោយកងទ័ពខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនទៅកាន់ជនបទ, ការបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការកាប់សម្លាប់ទៅលើប្រជាជន។ បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ លោក ស៊ាង ចិន្ដា ដឹកនាំកិច្ចពិភាក្សាបន្ថែមទៅលើការជម្លៀសប្រជាជនដោយបង្ខំទាំង៣ដំណាក់កាលក្នុងរបបខ្មែរក្រហម ដូចជា៖ ដំណាក់កាល ទី១គឺការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ដំណាក់កាលទី២គឺការជម្លៀសប្រជាជនដោយបង្ខំនៅភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម) តាមរថភ្លើងទៅភូមិភាគពាយ័ព្យ (ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ), និងដំណាក់កាលទី៣ គឺការជម្លៀសប្រជាជនដោយបង្ខំពីភូមិភាគបូព៌ាចាប់ពីឆ្នាំ១៩៧៧រហូតដល់ចុងឆ្នាំ១៩៧៨ឆ្ពោះទៅទិសពាយ័ព្យ (ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង)។ ជាចុងបញ្ចប់នៃបទបង្ហាញ លោក ស៊ាង ចិន្ដា បង្ហាញអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម។
កម្មវិធីបន្ទាប់ គឺការចូលរួមនិយាយចែករំលែកបទពិសោធន៍ក្នុងការបង្រៀនកុមាររបស់អ៊ំស្រី ជា វណ្ណា ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាគ្រូបង្រៀនថ្នាក់ទី១ក្នុងរបបខ្មែរក្រហម។ អ៊ំស្រី ជា វណ្ណា បានរំឮកពីពេលវេលាមួយថ្ងៃនៃការបង្រៀនកុមាររបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់យុវនារីចូលរួមដូចខាងក្រោមថា ៖
«ខ្ញុំមានឈ្មោះ ជា វណ្ណា អាយុ៧៧ឆ្នាំ រស់នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបង្រៀនកុមារនៅថ្នាក់ទី១។ ការបង្រៀននៅពេលនោះធ្វើឡើងនៅក្រោមផ្ទះប្រជាជនដែលរៀបចំដោយមេភូមិ។ ខ្ញុំជាប្រធានកង ដែលគ្រប់គ្រងគ្រូបង្រៀនរួមមាន ៖ មិត្ត ប៉េន, មិត្ត នៅ និងមិត្ត ផន ដែលជាគ្រូបង្រៀនចាប់ពីថ្នាក់ទី១ទៅថ្នាក់ទី៥។ នៅឆ្នាំ១៩៧៦ ខ្ញុំធ្លាប់ចូលរួមវគ្គគរុកោសល្យ ដែលមានសមមិត្តគឺជាគ្រូឧទេ្ទសមកពីតំបន់ ឡើងបង្រៀនអំពីវិធីសាស្រ្តបង្រៀន។ តាមខ្ញុំចាំ គឺមិត្ត អ៊ឹង គីមសួន, មិត្ត ណាំ យេង និងមិត្ត ហួរ គឺជាគ្រូឧទ្ទេស។ ខ្ញុំត្រូវបង្រៀនកុមារចំនួនចាប់ពី២០ទៅដល់២៥នាក់។ ការបង្រៀនគឺផ្ដោតទៅលើការចុះអនុវត្តជាងការរៀនទ្រឹស្ដី។ នៅម៉ោង៤ទៀបភ្លឺ ខ្ញុំត្រូវដឹកនាំកុមារដែលជាសិស្ស និងបែងចែកជាក្រុមដើម្បីទៅលើកអាចម៍គោនៅតាមផ្ទះប្រជាជន។ នៅម៉ោង៧ព្រឹក សិស្សទាំងអស់ត្រូវចូលរៀនរហូតដល់ម៉ោង១១ព្រឹក ទើបអាចសម្រាក និងហូបបាយថ្ងៃត្រង់។ នៅពេលរសៀល គឺចាប់ពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច ខ្ញុំដឹកនាំសិស្សធ្វើការងារនិងដើរកាត់ដើមទន្រ្ទានខែត្រ យកមកចិញ្រ្ចាំលាយជាមួយអាចម៍គោធ្វើជីដាក់ស្រែ និងឃ្វាលគោជាដើម។ ចំពោះរបបអាហារវិញ ខ្ញុំហូបគ្រប់គ្រាន់ដោយបានហូបបាយលាយពោត មិនមានអ្វីខ្វះខាតឡើយ។ នៅពេលល្ងាច ខ្ញុំបានត្រឡប់មកស្នាក់នៅផ្ទះជាមួយកូនៗ ចំណែកឯប្ដីរបស់ខ្ញុំដែលជាគ្រូបង្រៀនដែរ ត្រូវបានបញ្ជូនទៅបង្រៀននៅឆ្ងាយពីភូមិ និងមិនសូវបានវិលត្រឡប់មកផ្ទះវិញទេ។ ខ្ញុំបានឃើញប្រជាជនថ្មីជម្លៀសមកពីភ្នំពេញមកដល់ ភូមិខ្ញុំនិងស្នាក់នៅជាមួយអ្នកភូមិ។ មិនយូរប៉ុន្មាន ប្រជាជនថ្មីទាំងនោះត្រូវបានយកទៅសម្លាប់ចោល។ ខ្ញុំដឹងថាទីកន្លែងសម្លាប់មនុស្សនៅស្រុកស្រីសន្ធរមាននៅក្នុងវត្តប្រាសាទវដ្ដី និងវត្តព្រែកជ្រឹង។ នៅចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្ញុំនៅតែបង្រៀនកុមារដដែល ប៉ុន្តែខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្មែរក្រហមយកទៅសម្លាប់ ពីព្រោះកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីបានមកដល់ និងចាប់មនុស្សយកទៅសម្លាប់ជាច្រើន។ ខ្ញុំបង្រៀនកុមារ និងមិននិយាយអ្វីផ្ដេសផ្ដាស់ប៉ះពាល់ដល់អង្គការទេ ពីព្រោះខ្លាចកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចាប់យកទៅសម្លាប់»។
បន្ទាប់ពីនិយាយចែករំលែកអំពី បទពិសោធន៍មួយថ្ងៃជាគ្រូបង្រៀនក្នុងរបបខ្មែរក្រហមរួចមក យុវនារីបានចោទសំណួរជាច្រើនជុំវិញប្រធានបទការអប់រំ និងការបង្រៀនក្នុងរបបខ្មែរក្រហម។ វេទិកាស្រាវជ្រាវចុងសប្តាហ៍នេះ បានបញ្ចប់ដោយការចុះទៅទស្សនកិច្ចសិក្សាទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អត្ថបទ ៖ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា