នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ផ្តល់រទេះរុញចំនួន៤គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព រស់នៅក្នុងខេត្តព្រៃវែង ក្នុងនោះរទេះរុញចំនួន២គ្រឿង ត្រូវបានផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពផ្នែករាងកាយ កំពុងរស់នៅភូមិព្រៃកន្សា និង ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និង២គ្រឿងទៀត ត្រូវបានផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលកំពុងរស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
ការផ្ដល់ជូនរទេះរុញនេះគឺតាមរយៈគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងជួយប្រជាជនកម្ពុជាដែលជួបប្រទះការលំបាកក្រោមរបបខ្មែរក្រហម ហើយដែលយើងគ្មានអ្វីអាចតបស្នងបាន។ ការផ្តល់ជូនរទេះរុញនេះ គឺជាជំហានដ៏ចាំបាច់ឆ្ពោះទៅរកការគាំទ្រ និងការជួយជ្រោមជ្រែងពិតប្រាកដមួយដល់មនុស្សចាស់ និងជនពិការដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការផ្ដល់រទេះរុញជូនដល់ជនពិការនៅពេលនេះ គឺជាឱកាសផ្តល់ឲ្យគាត់មានភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរទៅមកដោយខ្លួនឯង ដោយមិនរំខានដល់សមាជិកក្រុមគ្រួសារគាត់។ រទេះរុញនេះពិតជាបានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់គាត់បានច្រើន ព្រោះគាត់អាចនឹងមានពេលវេលាច្រើនក្នុងការប្រកបរបររកស៊ីចិញ្ចឹមគ្រួសារ។ ក្រុមគ្រួសាររបស់គាត់ក៏មានការត្រេកអរ និងពេញចិត្តចំពោះការផ្ដល់រទេះរុញពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដែរ។
ក្នុងឱកាសនោះ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ឆ្លៀតឱកាសដើម្បីសំណេះសំណាល សួរសុខទុក្ខ និងសាកសួររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំងបួននាក់បន្ថែមពីលើសាច់រឿងជីវិតរបស់គាត់ដែលធ្លាប់បានផ្តល់បទសម្ភាសន៍ ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកន្លងមក។
បន្ទាប់ពីទទួលរទេះរុញរួច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំង៤នាក់ សម្តែងអារម្មណ៍រំភើបរីករាយ និងលើកឡើងថា រទេះរុញទាំងអស់នេះ គឺជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃដ៏សំខាន់បំផុតសម្រាប់គាត់ ហើយក៏ជួយពន្យារអាយុគាត់ឲ្យបានរស់នៅយូរតទៅមុខទៀតដើម្បីបន្តចែករំលែករឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមទៅកាន់ក្មេងៗជំនាន់ក្រោយ។
អត្ថបទ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា