នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបណ្ណាល័យកុមារ បានយកសៀវភៅបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា រួមមាន ៖ ១) សៀវភៅការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម, ២) សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ៣) សៀវភៅព័ត៌មានអំពីការថែទាំសុខភាព, ៤) ទស្សនាវដ្ដីស្វែងរកការពិត, សម្ភារសិក្សា និងសៀវភៅរឿងនិទានសម្រាប់កុមារមួយចំនួនទៀត ទៅចែកជូនសិស្សចំនួន១៩០នាក់ ដែលកំពុងរៀននៅសាលាបឋមសិក្សា ហ៊ុន សែន វត្តទឹកហូត ស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បណ្ណាល័យកុមារនេះបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា រស់នៅតាមសហគមន៍ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ដែលធ្វើការងារផ្តោតលើផ្នែកសុខភាព និងផ្នែកប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដើម្បីជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បណ្ណាល័យកុមារនេះ មានការឧបត្ថម្ភគាំទ្រពីព្រះរាជបណ្ណាល័យហ្លួងម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
គោលបំណងនៃបណ្ណាល័យកុមារនេះគឺដើម្បីជំរុញទឹកចិត្ត ឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ ចង់ជួយសហគមន៍ដែលខ្លួនកំពុងរស់នៅ តាមរយៈការបង្កើតជាបណ្ណាល័យសម្រាប់កុមារតូចៗនៅតាមទីជនបទដាច់ស្រយាល។ បណ្ណាល័យកុមារនេះ នឹងជួយជំរុញកុមារឲ្យចង់អានសៀវភៅ ដែលជាប្រភពនៃចំណេះដឹង និងបណ្តុះនូវបញ្ញាញាណកុមារនៅកម្ពុជាឲ្យក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សចាប់យកជំនាញ និងមុខវិជ្ជាផ្សេងៗទៀត ព្រមទាំងពង្រីកនូវចំណេះដឹងឲ្យកាន់តែទូលំទូលាយនៅពេលអនាគត។
តាមរយៈបណ្ណាល័យកុមារ នឹងជួយជំរុញកុមារឲ្យឆាប់ចេះអាន ឆាប់ចេះសរសេរភាសាខ្មែរឲ្យបានត្រឹមត្រូវ ធ្វើឲ្យកុមារគិតពិចារណា និងចងចាំបានល្អ។ បណ្ណាល័យកុមារក៏សូមអំពាវនាវដល់ឪពុកម្តាយកុមារ ជួយជំរុញកូនៗរបស់ខ្លួនឲ្យស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន និងជួយស្វែងរកអំណានផ្សេងៗឲ្យកូនៗអានបន្ថែម ជាពិសេសអំណានជាភាសាខ្មែរ។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ តាត និត/មជ្ឈមណ្ឌលឯកសារកម្ពុជា