មជ្ឈមណ្ឌលឯកសារកម្ពុជា និងមន្ទីរពេទ្យ Inter Care ប្រគល់សម្ភារបរិក្ខារពេទ្យ ជូនដល់មន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ ៣១

នៅព្រឹកថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា និង មន្ទីរពេទ្យ Inter Care បានប្រគល់សម្ភារបរិក្ខារពេទ្យ ជូនដល់មន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១​ ស្ថិតនៅក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន ​​មេបញ្ជាការយោធភូមិភាគទី៣ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊​​ មេបញ្ជាការរងកងព័ទជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងកម្មវិធីប្រគល់សម្ភារបរិក្ខារពេទ្យនេះ ក៏មានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធា និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៩០នាក់។ គោលបំណងក្នុងការប្រគល់សម្ភារបរិក្ខារពេទ្យទៅដល់មន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ គឺដើម្បីចូលរួមចំណែកថែទាំសុខភាពរបស់កងកទ័ពដែលកំពុងប្រចាំការនៅតាមអង្គភាព ប្រជាជនក្នុងសហគមន៍ និងជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យចាស់ជរា ហើយកំពុងប្រឈមនឹងបញ្ហាសុខភាព​ធ្ងន់ធ្ងរ។ នៅក្នុងឱកាសនោះដែរ លោក រស់ សំពៅ តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានចែកអាវយឺត និងថង់យាម ជូនតា យាយ​ អ៊ំ ពូ មីង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ​លោកគ្រូអ្នកគ្រូ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យយោធានៃកងពលតូចថ្មើរជើងលេខ៣១ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។

នៅចុងបញ្ចប់នៃកម្មវិធីឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន ​​មេបញ្ជាការយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ ឡើងសម្តែងការអរគុណ និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់មន្ទីរពេទ្យ​ Inter Care និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានជួយឧបត្ថម្ភនូវសម្ភារបរិក្ខារពេទ្យសម្រាប់មន្ទីរពេទ្យនៃកងពលតូចថ្មើរជើងលេខ៣១។

បន្ទាប់ពីចប់កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊​​ មេបញ្ជាការរងកងទ័ពជើងគោក​ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅទស្សនាអគារសហគមន៍ភូមិ​បាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដែលសាងសង់ឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់ប្រជាជននៅក្នុងសហគមន៍ ពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មកជួបជុំគ្នាដើម្បីប្រជុំពិភាក្សាទាក់ទងនឹងបញ្ហាសុខភាព និងនិយាយរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម។

អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖